អានតួអត្ថបទ
ស៊ីរី

សម្ព័ន្ធ​ប្រឆាំង​ស៊ីរី​ប្រកាស​បង្កើត​រដ្ឋាភិបាល​ តែ​មិន​ចូលរួម​​កិច្ចប្រជុំ​ជាមួយ​បណ្តា​ប្រទេស​ជា​មិត្ត​ស៊ីរី​

សម្ព័ន្ធ​ប្រឆាំង​ស៊ីរី បាន​ប្រកាស​​​កាល​ពី​ថ្ងៃ​សុក្រ​ម្សិល​មិញ​នេះ​ថា នឹង​បង្កើត​នូវ​រដ្ឋាភិបាល​​​​ក្នុង​ប្រទេស​​​​​នាពេល​ឆាប់ៗ​នេះ​ ហើយ​​​​នឹង​ប្រកាស​ឈ្មោះ​​របស់​នាយករដ្ឋមន្ត្រី​ នៅ​ខែ​​មិនា​ខាង​មុខ​នេះ។ រដ្ឋាភិបាល​​នេះ​​ មាន​បំណង​គ្រប់​គ្រង​ តំបន់​ដែល​​​ក្រុម​ឧទ្ទាម​​​កាន់​កាប់។ ផ្ទុយ​ទៅវិញ​ ​​សម្ព័ន្ធ​ប្រឆាំង​​នឹង​មិន​ចូលរួម​កិច្ច​ប្រជុំ​​របស់​​បណ្តា​ប្រទេស​ជាមិត្ត​​​​របស់​​ប្រជាជន​ស៊ីរី​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​​ចុង​ខែ​កុម្ភៈ​នេះ​​ទេ ដោយ​​​​ចោទ​​សហគមន៍​អន្តរជាតិ​​​​​​បិទ​ភ្នែក​ ធ្វើ​មិន​ដឹង​មិន​លឺ​ ចំពោះ​កា​រ​កាប់​សំលាប់​ប្រជាជន​​​ក្នុង​​ប្រទេស ដែល​តែង​តែ​កើត​មាន​ជា​ប្រចាំ។ កាល​ពី​ថ្ងៃ​សុក្រ ការ​វាយ​ប្រហារ​ដោយ​មីស៊ីល​ នៅ​ក្រុង​អាឡិប ​បាន​សំលាប់​មនុស្ស​​២៩​នាក់ និង​ធ្វើ​អោយ​របួស​មនុស្ស​ជាង​​១០​នាក់។ ​

ប្រជាជន​កំពុង​តែ​​រុក​រក​​​អ្នក​ដែល​អាច​​​​នៅ​មាន​ជីវិត​​ពី​​ការ​វាយ​ប្រហារ​មីស៊ីល​ នៅ​ក្រុង​អាឡិប កាល​ពី​ថ្ងៃ​សុក្រ​
ប្រជាជន​កំពុង​តែ​​រុក​រក​​​អ្នក​ដែល​អាច​​​​នៅ​មាន​ជីវិត​​ពី​​ការ​វាយ​ប្រហារ​មីស៊ីល​ នៅ​ក្រុង​អាឡិប កាល​ពី​ថ្ងៃ​សុក្រ​ REUTERS/Muzaffar Salman
ផ្សាយពាណិជ្ជកម្ម

នៅ​ប្រទេស​ស៊ីរី ​​​កាល​ពី​ថ្ងៃ​សុក្រ​ម្សិល​មិញ​នេះ មេដឹកនាំ​នានា​​​នៃ​សម្ព័ន្ធ​ប្រឆាំង​ស៊ីរី​ដែល​បាន​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស បាន​ប្រកាសថា​​នឹង​បង្កើត​រដ្ឋាភិបាល​​​​ស៊ីរី​ ​​​​​នាពេល​ឆាប់ៗ​នេះ​ហើយ​ ហើយ​​​​នឹង​ប្រកាស​ឈ្មោះ​​របស់​នាយករដ្ឋមន្ត្រី​ នៅ​ខែ​​មិនា​ខាង​មុខ​នេះ។
ដោយ​ឡែក​ នាយក​រដ្ឋមន្ត្រី​នេះ​មិន​មែន​ជា​សមាជិក​របស់​សម្ព័ន្ធ​ប្រឆាំង​នោះ​ទេ។

រដ្ឋាភិបាល​​​របស់​សម្ព័ន្ធ​ប្រឆាំង​​​​មាន​គំរោង​​គ្រប់​គ្រង​ ដែនដី​​ដែលកាន់កាប់​ដោយ​​​​​ក្រុម​ឧទ្ទាម​​។
យោង​តាម​​​សម្ព័ន្ធ​ប្រឆាំង ដែនដី​ស៊ីរី​​ជាង​ពាក់​កណ្តាល​​ត្រូវ​​ក្រុម​ឧទ្ទាម​រំដោះ​បាន។
ក្រុម​ឧទ្ទាម​​បាន​កាន់​កាប់​តំបន់​សំខាន់ៗ នៅ​ភាគ​ខាង​ជើង​ និង​ភាគ​ខាង​កើត​ប្រទេស។

“យើង​ចង់​អោយ​រដ្ឋាភិបាល​​​មាន​ទីតាំង​​នៅ​លើ​​ទឹកដី​ស៊ីរី។ រដ្ឋាភិបាល​​​នឹង​​​យកចិត្ត​ទុកដាក់​ជួយ​​ប្រជាជន​ដែល​រស់​​នៅ​ក្នុង​តំបន់​ដែល​រំដោះ​បាន​នេះ។ ប្រជាជន​ត្រូវ​ការ​ទឹក​ ភ្លើង​ ថ្នាំ​ពេទ្យ​ និងរាល់​​​ឧបករណ៍​ប្រើប្រាស់​​​​​ផ្សេងៗទៀត” នេះ​ជា​​​ការ​​លើកឡើង​របស់​​លោក Walid al-Bunni អ្នក​នាំពាក្យ​របស់​សម្ព័ន្ធប្រឆាំង។

ផ្ទុយ​ទៅវិញ​ ​​សម្ព័ន្ធ​ប្រឆាំង​​​ប្រកាស​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា ​​នឹង​មិន​ចូលរួម​កិច្ច​ប្រជុំ​​​នៃ​​​បណ្តា​ប្រទេស​ជាមិត្ត​​​​របស់​​ប្រជាជន​ស៊ីរី​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​​​ថ្ងៃ​ទី​ ២៨ ខែ​កុម្ភៈ​ ខាង​មុខ​នេះ​​ទេ ដោយ​​​​ចោទ​​សហគមន៍​អន្តរជាតិ​​​​​​បិទ​ភ្នែក​ ធ្វើ​មិន​ដឹង​មិន​លឺ​ ចំពោះ​កា​រ​កាប់​សំលាប់​ប្រជាជន​​​ក្នុង​​ប្រទេស ដែល​តែង​តែ​កើត​មាន​ជា​ប្រចាំ។

កិច្ច​ប្រជុំ​​របស់​​បណ្តា​ប្រទេស​ជាមិត្ត​​​​របស់​​ប្រជាជន​ស៊ីរី​​ នឹង​ធ្វើ​ឡើង​ដោយ​​មាន​វត្តមាន​របស់​ប្រទេស​ជាង​​១០០ ក្នុង​នោះ​មាន​បណ្តា​​បស្ចិម​ប្រទេស និង​ប្រទេស​អារ៉ាប់​ អង្គការ​​អន្តរជាតិ​​ផ្សេងៗ​ ព្រមទាំង​អ្នក​តំណាង​នានា​​មក​ពី​​គណបក្ស​ប្រឆាំង​​ស៊ីរី​ផង​ដែរ។

ការ​ប្រកាស​មិន​ចូលរួម​កិច្ច​ប្រជុំ​នេះ គឺ​ធ្វើ​ឡើង​​​បន្ទាប់​ពី​មាន​ការ​វាយ​ប្រហារ​ដោ​យ​មីស៊ីល​ នៅ​ក្រុង​អាឡិប​ កាល​ពី​ថ្ងៃ​សុក្រ​ម្សិល​មិញ ដែល​បាន​សំលាប់​​មនុស្ស​ ២៩​នាក់ ក្នុង​នោះ​ក៏​​មាន​កុមារ​​ជា​ច្រើន​នាក់​ផង​ដែរ។ ហើយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​​​មុន​នេះ​មួយ​ថ្ងៃ​ អំពើ​ភេរវកម្ម​​​នានា​​ បាន​កើត​ឡើង​នៅ​ក្រុង​ដាម៉ាស ​បង្ក​អោយ​មនុស្ស​​ជាង​មួយរយ​នាក់​បាត់បង់​ជីវិត។
ក្នុង​រយៈ​ពេល​​​​​​ប៉ុន្មាន​ខែ​​ចុង​ក្រោយ​នេះ ក្រុម​ចលនា​ជីហាដ​​នៃ​រណសិរ្ស Al-Nosra បាន​ប្រកាស​ថា ខ្លួន​ជា​​​​​​មេខ្លោង​នៃ​អំពើ​ភេរវកម្ម​នានា​ ដែល​កើត​មាន​​ ​នៅ​​ក្រុង​ដាម៉ាស។​

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ បេសកជន​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ លោក​ឡាក់ដារ ប្រាហ៊ីមី បាន​សុំ​អោយ​​រុស្ស៊ី និង​អ៊ីរ៉ង់​ដាក់​សម្ពាធ​ទៅ​លើ​​​​​​​​រដ្ឋាភិបាល​កាន់​អំណាច​នៅ​ស៊ីរី​​ ​ដែល​ជា​សម្ព័ន្ធ​មិត្ត​របស់​​​ខ្លួន​ នៅ​ក្នុងកិច្ច​​ការ​ចរចា​​​​​ ​ប៉ុន្តែ​សំណូម​ពរ​នេះ​ត្រូវ​បាន​​​ក្រុង​ដាម៉ាស​បាន​ទាត់​ចោល​ ដោយ​​​​​​​អះអាង​មក​វិញ​ថា ស៊ីរី​ជា​​ប្រទេស​មួយ​​ដែល​មាន​ស្វ័យភាព​​​ខ្ពស់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ