អានតួអត្ថបទ
ស៊ីរី-អ.ស.ប.

ដាម៉ាស​​បដិសេធ​​ពុំផ្តល់​​ទិដ្ឋាការ​​ឲ្យ​អ្នក​សង្កេតការណ៍​​

អង្គការ​សហប្រជាជាតិ​បាន​ប្រកាស​ប្រាប់ពី​ការ​បដិសេធ​ដោយ​ប្រទេស​ស៊ីរី​ពុំព្រម​ផ្តល់​ទិដ្ឋាការ​ឲ្យ​អ្នក​សង្កេតការណ៍​អន្តរជាតិ​បីនាក់​ ​ ហើយនិង​បាន​ចោទ​របប​គ្រប់គ្រង​ស៊ីរី​និង​ក្រុមអ្នក​ប្រឆាំង​ថា​ ​ បាន​រំលោភ​លើ​កិច្ចព្រមព្រៀង​ឈប់​បាញ់គ្នា​ដែលបាន​សម្រេចបាន​កាលពី​បី​សប្តាហ៍មុន​។ ​ ចំណែកឯ​​អំពើ​ហិង្សា​នៅតែ​កើតមាន​នៅក្នុង​ប្រទេស​ ​ ដែលបាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​៣៤នាក់​នៅ​ថ្ងៃអង្គារ​ម្សិលមិញ។

ប្រធាន​​បេសកកម្ម​​រក្សា​​សន្តិភាព​​របស់​​អ.ស.ប.​​ ​ លោក​​ Hervé ​Ladsous​
ប្រធាន​​បេសកកម្ម​​រក្សា​​សន្តិភាព​​របស់​​អ.ស.ប.​​ ​ លោក​​ Hervé ​Ladsous​ Arès Siradag / RFI
ផ្សាយពាណិជ្ជកម្ម

“​មកទល់​ពេលនេះ​ ទីក្រុង​ដាម៉ាស​បាន​បដិសេធ​ពុំផ្តល់​ទិដ្ឋាការ​ឲ្យ​អ្នក​សង្កេតការណ៍​បីលើកហើយ”​ ​ នេះ​ជាការ​ប្រកាស​នៅ​ទីក្រុង​ញូវ​យ៉ក​ ដោយ​ប្រធាន​បេសកកម្ម​រក្សា​សន្តិភាព​របស់​អ.ស.ប.​ ​ លោក​ Hervé Ladsous ​ដោយពុំ​បាន​បញ្ជាក់​ប្រាប់​ពី​សញ្ជាតិ​របស់​អ្នក​សង្កេតការណ៍​នោះ​ឡើយ។

 
បើយោងតាម​អ្នកការទូត​ ​ រដ្ឋាភិបាល​ស៊ីរី​ពុំចង់ឲ្យ​អ្នក​សង្កេតការណ៍​ដែល​ចេញពី​ប្រទេស​លោក​ខាងលិច​ដូចជា​ ​ សហរដ្ឋ​អាមេរិក​ ​ បារាំង​ ​ អង់គ្លេស​ ​ ឬ​អាល្លឺម៉ង់​ដែល​ប្រឆាំង​នឹង​របប​គ្រប់គ្រង​ផ្តាច់ការ​បាស្ហារ​អាល-អាស្សាដ​ ចូល​ប្រទេស​ស៊ីរី​ឡើយ។​ ក៏ដូច​គ្នា​អ៊ីចឹងដែរ​សម្រាប់​អ្នក​សង្កេតការណ៍​ដែល​ចេញពី​ប្រទេស​អារ៉ាប់​មួយ​ចំនួន​ដូចជា​ប្រទេស​អារ៉ាប៊ី​សាអ៊ូឌីត​ ​ ឬ​ប្រទេស​កាតារ​ដែល​គាំទ្រ​ពួក​អ្នក​​ប្រឆាំង​ស៊ីរី។

ចំណែកឯ​អ្នកនាំពាក្យ​នៃ​ក្រសួង​ការបរទេស​ស៊ីរី​ ​ លោក​ Jihad Makdessi ​បាន​បញ្ជាក់​ប្រាប់​ AFP ​ពី​ការពុំ​ចុះ​សម្រុង​គ្នា​ពាក់ព័ន្ធ​នឹង​បញ្ហា​សញ្ជាតិ​របស់​អ្នក​សង្កេតការណ៍​ ​ ប៉ុន្តែ​ប្រកែក​ពុំព្រម​និយាយ​ពី​ការ​បដិសេធ​ពុំផ្តល់​ទិដ្ឋាការ​ឲ្យ​អ្នក​សង្កេតការណ៍​អន្តរជាតិ​ឡើយ។

រីឯ​អ្នក​សង្កេតការណ៍​អន្តរជាតិ​២៤នាក់​ដែលមាន​វត្តមាន​នៅ​ក្នុង​ប្រទេស​ស៊ីរី​ជាច្រើន​សប្តាហ៍​មក​ហើយនោះ​ ​ បាន​ធ្វើការ​កត់​សម្គាល់​ថា​ ​ “សព្វាវុធ​ធុន​ធ្ងន់ៗ”​នៅតែ​មាន​នៅ​ក្នុង​ទីក្រុង​ ​ ដែលជា​ការរំលោភ​មួយ​ទៅលើ​ផែនការ​របស់​បេសកជន​ពិសេស​របស់​ អ.ស.ប.​ លោក​កូហ្វី​អាណាន។

សូមបញ្ជាក់ថា​ ​ អនុលោម​តាម​ផែនការ​របស់​លោក​កូហ្វី​អាណាន​ដែល​បាន​ចូល​ជាធរមាន​តាំងពី​ថ្ងៃទី​១២មេសា​ឆ្នាំ២០១២​ ​ គេគ្រោង​បញ្ជូន​អ្នក​សង្កេតការណ៍​អន្តរជាតិ​៣០០នាក់​ទៅ​ប្រទេស​ស៊ីរី​ ​ ឲ្យបាស្ហារ​អាល-អាស្សាដ​​ដោះលែង​អ្នក​ជាប់​ឃុំឃាំង​នយោបាយ​ ​ ឲ្យមាន​សិទ្ធិ​ធ្វើ​បាតុកម្ម​ដោយ​សន្តិភាព​ ​ ហើយនិង​ឲ្យ​មាន​សិទ្ធិ​សេរីភាព​ធ្វើ​ដំណើរ​សម្រាប់​អ្នកកាសែត​ក៏​ដូចជា​សម្រាប់​អង្គការ​មនុស្សធម៌៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ