អានតួអត្ថបទ
លីទុយអានី

លីទុយអានី ប្រារព្ធ​ខួប​២០​ឆ្នាំ​នៃ​​អន្តរាគមន៍ទ័ព​សូវៀត បង្ក្រាប​ពន្លក​ឯករាជ្យ​របស់​ខ្លួន

គឺ​២០​ឆ្នាំ​មុន​គត់ នា​ថ្ងៃ​១៣​មករា​ឆ្នាំ​១៩៩១ ដែល​កងទ័ព​សូវៀត​បាន​បោះ​ពួយ​ចូល​ទៅ​វាយ​សម្រុក​ ចាប់​យក​វិញ​ទីដៅ​នានា​ ដែល​មាន​ន័យ​ជា​យុទ្ធសាស្ត្រ​ការពារ​ដោយ​ពួក​អ្នក​ឯករាជ្យនិយម​លីទុយអានី នៅ​ក្នុង​រដ្ឋធានី​ Vilnius បណ្តាល​ឲ្យ​ពួកគេ​ធ្លាក់​ខ្លួន​ស្លាប់​អស់​១៤​នាក់ និង​របួស​៧០០​នាក់។

ពិធី​បុណ្យ​ឯករាជ្យ​ជាតិ​លីទុយអានី ថ្ងៃទី ១៣ មករា ២០១១
ពិធី​បុណ្យ​ឯករាជ្យ​ជាតិ​លីទុយអានី ថ្ងៃទី ១៣ មករា ២០១១ © Reuters
ផ្សាយពាណិជ្ជកម្ម

03:01

សេចក្តី​រាយការណ៍​របស់ កែវ ឆាយា ពីទីក្រុង​ម៉ូស្គូ

ដើមហេតុ​ព្រឹត្តិការណ៍ គឺថា​លីទុយអានី​ ដែល​ក្នុង​ឆ្នាំ​១៩៤០ ជំនាន់​សង្គ្រាម​លោក​លើក​ទី២ បាន​ធ្លាក់​ទៅ​នៅ​ក្រោម​អំណាច​សូវៀត នា​ថ្ងៃ​៧​មករា​ឆ្នាំ​១៩៩១ បាន​ញ៉ាំង​​ប្រជាជន​ឲ្យ​ក្រោក​ឡើង​បះបោរ ក្រោយពី​រដ្ឋាភិបាល​បាន​ប្រកាស​ដំឡើង​ជា​មធ្យម ​គឺ​៣,២​ដង ​ថ្លៃ​លក់​រាយ​នៃ​គ្រឿង​បរិភោគ។

នៅ​ថ្ងៃ​បន្ទាប់​មក អង្គការ​ស៊ីវិល​ក្រុង Vilnius និង​អង្គការ​កុម្មុយនិស្ត​ឈ្មោះ “ឯកភាព” បាន​ចាត់ចែង​ជា​អង្គមីទ្ទិញ​នៅពី​មុខ​អគារ​រដ្ឋសភា​លីទុយអានី​ ទាមទារ​ឲ្យ​លុប​ទៅ​វិញ​ទៅ​ការ​ដំឡើង​ថ្លៃ​គ្រឿង​បរិភោគ​នោះ​ទាមទារ​ពី​រដ្ឋាភិបាល​ឲ្យ​លា​ចេញ​ពី​មុខ​តំណែង​ទៅ និង​ថែម​ទាំង​បាន​​សាកល្បង​ចាប់​យក​អគារ​រដ្ឋសភា​ទៅ​ផង។ ក្នុង​បទអន្តរាគមន៍​ខ្លួន​តាម​វិទ្យុ​និង​ទូរទស្សន៍ លោក Landsbergis ដែល​កាលណោះ​ជា​ប្រធាន​រដ្ឋសភា រួច​បន្ទាប់​មក​ក្លាយជា​ប្រធានាធិបតី​ទី​១​នៃ​រដ្ឋ​លីទុយអានី​ឯករាជ្យ ហើយ​សព្វ​ថ្ងៃ​ជា​សមាជិក​សភា​អឺរ៉ុប​ទៅ​ហើយ បាន​អំពាវនាវ​បក្ស​ពួក​នៃ​ឯករាជ្យ​លីទុយអានី កុំ​បណ្តោយ​ឲ្យ​មាន​ការ​ចាប់​យក​ឡើយ ទោះ​អគារ​រដ្ឋ​សភា​ក្តី ទោះ​អគារ​រដ្ឋាភិបាល​ក្តី ទោះ​សំណង់​ដ៏​សំខាន់ៗ​ណា​ក៏ដោយ​នៃ​​ហេដ្ឋារចនា​សម្ព័ន្ធ​រដ្ឋ។

ថ្ងៃ៨-៩មករា​ កង​កុំម៉ងដូ​ពិសេស​របស់​ទ័ព​សូវៀត ឈ្មោះ Alpha ​និង​ទ័ព​ឆ័ត្រយោង បាន​ត្រូវ​បញ្ជូន​ឲ្យ​លុក​ចូល​ទៅ​ស្តារ​សណ្តាប់​ធ្នាប់​ឡើង​វិញ​នៅ​លីទុយអានី។ លុះ​ថ្ងៃ​១០​មករា​ឆ្នាំ​១៩៩១​នោះ ប្រធានាធិបតី​សហភាព​សូវៀត លោក Gorbatchev បាន​ទាមទារ​ពី​រដ្ឋសភា​លីទុយអានី ​ដែល​មាន​រូប​លោក Landsbergis ជា​ប្រធាន​ឲ្យ​លុប​ទៅ​វិញ​ទៅ​សេចក្តី​ប្រកាស​ឯករាជ្យ ដែល​មាន​អនុម័ត​ថ្ងៃ​១១​មីនា​ឆ្នាំ​១៩៩០ ដ្បិត​ការ​ប្រកាស​នេះ គឺ​វា​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​សូវៀត ហើយ​ដាក់​ឲ្យ​ដំណើរការ ​លើ​ដែនដី​លីទុយអានី​វិញ គឺ​រដ្ឋធម្មនុញ្ញ​សូវៀត។

បន្ទាប់​មក ថ្ងៃ​១១​មករា អង្គភាព​ទ័ព​សូវៀត បាន​វាត​ប្រតិបត្តិការ ដាក់​ទិស​ទៅ​កាន់​កាប់​សំណង់​សំខាន់ៗ​មិន​គ្រាន់​តែ​ក្នុង​រដ្ឋធានី Vilnius ប៉ុណ្ណោះ​ទេ តែ​ក៏​នៅ​តាម​ក្រុង​ឯ​ទៀត​​នៅ​លីទុយអានី។

ក្នុង​យប់​ពី​ថ្ងៃ​១២ ឆ្លង​មក ១៣​មករា រថក្រោះ​២ក្បួន​នៃ​កងទ័ព​សូវៀត​បាន​យាត្រា​ចេញ​ពី​បន្ទាយ​ខ្លួន​តម្រង់​ទៅ​កណ្តាល​ក្រុង Vilnius ៖ មួយ​ក្បួន ទៅ​ចាប់​យក​អគារ​រដ្ឋសភា​ដែល​ព័ទ្ធ​ទៅ​ដោយ​បាតុករ​ជាច្រើន​ពាន់​នាក់។ មួយ​ក្បួន​ទៀត ទៅ​ចាប់​យក​ប៉ម​ទូរទស្សន៍ ដែល​ក៏​ឡោមព័ទ្ធ​ជាប់​ដោយ​ហ្វូង​មនុស្ស​យ៉ាង​ក្រាស់​ក្រែល​ដែរ។

រួចពិតជា នៅ​យប់​ថ្ងៃ​១៣​មករា​ឆ្នាំ​១៩៩១ ដែល​ក្នុង​យុទ្ធនាការ​សម្រុក​ទៅ​ចាប់​យក​ប៉ម​ទូរទស្សន៍​នោះ​ដោយ​កងទ័ព​សូវៀត ដែល​មាន​ការ​បង្ហូរឈាម​ដាប បណ្តាល​​ឲ្យ​ពួក​អ្នក​ឯករាជ្យនិយម ធ្លាក់​ខ្លួន​ស្លាប់​អស់ ១៤​នាក់ និង​របួស ៧០០​នាក់។ គឺ​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​ អ្នក​ដែល​អភ័ព្វ​បាត់បង់​ជីវិត​ទៅ ដែល​នៅ​ក្បែរ​ទីស្តី​ការ​ទូរទស្សន៍​ផ្ទាល់ មាន​ដោត​យ៉ាង​ជ្រងោ​ឈើ​ឆ្កាង​ចំនួន​១៤​ដើម។

ឯករាជ្យ​លីទុយអានី បាន​ត្រូវ​សហភាព​សូវៀត ទទួល​ស្គាល់​រំលង​៨​ខែ​ក្រោយ​មក គឺ​នៅ​ថ្ងៃ ៦​កញ្ញា​ឆ្នាំ ១៩៩១ បាន​ន័យថា ​៤​ខែ​មុន​ការ​រលំ​រលាយ​ទៅ​នៃ​សហភាព​សូវៀត​ផ្ទាល់។

បច្ចុប្បន្ន ​លីទុយអានី​ឯករាជ្យ ស្ថិត​នៅ​យ៉ាង​ស៊ុប​ក្នុង​គ្រួសារ​បស្ចិមលោក​ទៅ​ហើយ ក្រោយ​ពី​ក្នុង​ឆ្នាំ ២០០៤ បាន​ត្រូវ​ទទួល​ចូល​ក្នុង​សហភាព​អឺរ៉ុប និង​បក្ស​សម្ព័ន្ធ OTAN៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ