អានតួអត្ថបទ
កម្ពុជា

រលក​នៃ​ការ​រិះគន់​ទៅ​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សមាគម​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​មិន​ទាន់​ស្ងប់​ស្ងាត់

សង្គម​ស៊ីវិល​កម្ពុជា ត្រូវ​បាន​ផាត់​ចេញ​ពី​ដំណើរ​ការ​ព្រាង​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋា​ភិបាល។ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​លោក ម៉ៃ​ណា គី​អៃ (Maina Kiai) កាល​ពី​ថ្ងៃ​ទី​២២​ឧសភា​ម្សិល​ម៉ិញ។ ការ​ចេញ​សេចក្តី​ថ្លែងការណ៍​របស់​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហ​ប្រជាជាតិ​បាន​ធ្វើ​ឡើង​១​ថ្ងៃ​ក្រោយ​ពី​ក្រសួង​ការ​បរទេស​កម្ពុជា​បាន​ព្រមាន​តំណាង​ទីភ្នាក់ងារ​អង្គការ​សហ​ប្រជាជាតិ​ចំនួន​៤ ដែល​កំពុង​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​កម្ពុជា ចំពោះ​ការ​រិះគន់​របស់​ពួក​គេ​មក​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​នេះ។

អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហ​ប្រជា​ជាតិ​លោក ​ម៉ៃណា ​គីអៃ ​(Maina Kiai)​
អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហ​ប្រជា​ជាតិ​លោក ​ម៉ៃណា ​គីអៃ ​(Maina Kiai)​ @ Facebook
ផ្សាយពាណិជ្ជកម្ម

 

ពី​ទី​ក្រុង​សឺណែវ​ប្រទេស​ស្វីស លោក ម៉ៃ​ណា គី​អៃ (Maina Kiai) អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ បាន​សរសេរ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​លោក​កាល​ពី​ថ្ងៃ​ទី​២២​ឧសភា​ថា «វា​ជា​រឿង​ចម្លែក​ដែល​ថា ការ​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​មួយ ដែល​មាន​គោល​ដៅ​ធ្វើ​និយតកម្ម​សង្គម​ស៊ីវិល​នៅ​កម្ពុជា បែរ​ជា​ផាត់​សង្គម​ស៊ីវិល​ចេញពី​ដំណើរ​ការ​នេះ​ទៅ​វិញ»​។

អ្នក​រាយការណ៍​ពិសេស​អង្គការ​សហ​ប្រជាជាតិ ស្តីពី​សិទ្ធិ​សេរីភាព​ក្នុងការ​ជួប​ប្រជុំ​ដោយ​សន្តិវិធី និង​សិទ្ធិ​សេរីភាព​ក្នុង​ការ​បង្កើត​សមាគម​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​នៅលើ​គេហទំព័រ​របស់​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ខាង​សិទ្ធិ​មនុស្ស​ថា «ជា​កង្វល់​ដ៍​ធ្ងន់ធ្ងរ អំពី​ដំណើរការ​មួយ​ដែល​នាំ​ឱ្យ​មាន​ការ​អនុម័ត​ច្បាប់​ស្តីពី សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដោយ​គ្មាន​ការ​ចូល​រួម​ជា​សាធារណៈ​ប្រកប​ដោយ​អត្ថន័យ​នេះ»។ លោក ម៉ៃ​ណា គី​អៃ បាន​កត់​សម្គាល់​ថា ការ​បង្កើត​ច្បាប់​ដើម្បី​គ្រប់គ្រង​សមាគម​សង្គម​ស៊ីវិល​នៅក្នុង​ប្រទេស​នេះ ដែល​មាន​តាំង​ពី​ឆ្នាំ​២០០៨​មក​នោះ ត្រូវ​បាន​គេ​រាយការណ៍​ថា មាន​ការ​លាក់​កំបាំង​ជា​សម្ងាត់​។

សេចក្តី​ថ្លែងការណ៍​របស់​អ្នក​ជំនាញ​សិទ្ធិមនុស្ស​អង្គការ​សហ​ប្រជាជាតិ​ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​នេះ ក៍​បាន​បញ្ជាក់​ឡើង​វិញ​នូវ​ការ​អំពាវនាវ​របស់លោក​ដល់​រដ្ឋាភិបាល​កម្ពុជា សូម​ឱ្យ​ធានាថា សង្គម​ស៊ីវិល​អាច​រួម​ចំណែក​ប្រកប​ដោយ​អត្ថន័យ នៅ​ក្នុង​ការ​រៀប​ចំ​តាក់​តែង​សេចក្តី​ព្រាង​ច្បាប់​ស្តីពី សមាគម និង​អង្ក​ការមិន​មែនរដ្ឋា​ភិបាល ដែល​គេ​រំពឹង​ថា នឹង​ត្រូវ​អនុម័ត​ដោយ​រដ្ឋសភា​នៅ​ក្នុង​ខែ​ឧសភា​នេះ។

អ្វី​ជា​ការ​កត់​សម្គាល់ ការ​ចេញ​សេចក្តី​ថ្លែង​ការណ៍​របស់​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​នៅ​ពេល​នេះ បាន​ធ្វើ​ឡើង​១​ថ្ងៃ ក្រោយ​ពី​ក្រសួង​ការបរទេស​កម្ពុជា​បាន​កោះ​ហៅ​និង​ព្រមាន​ទៅ​លើ​តំណាង​ទីភ្នាក់ងារ​អង្គការ​សហ​ប្រជាជាតិ​ចំនួន​៤ ដែល​កំពុង​ធ្វើការ​នៅ​ក្នុង​ប្រទេស​កម្ពុជា ចំពោះ​ការ​រិះគន់​របស់​ពួកគេ​ទៅ​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​នេះ និង​២​ថ្ងៃ​ក្រោយ​នៃ​កំណត់​ទូត​របស់​ក្រសួង​ការបរទេស​កម្ពុជា​ទៅកាន់​ឯកអគ្គ​រដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា លោក វីល្លៀម ថត (William E. Todd) ដែល​ក៍បាន​រិះគន់​ទៅ​លើ​សេចក្តី​ព្រាង​ច្បាប់​នេះ​ដែរ ហើយ​នៅ​ក្នុង​សន្និសីទ​កាសែត​ពេល​បញ្ចប់​បេសកម្ម​រយៈ​ពេល​៤​ថ្ងៃ​នៅ​កម្ពុជា កាល​ពី​ថ្ងៃទី​២២​ឧសភា លោក Silvio Gonzato នាយក​សហភាព​អឺរ៉ុប​ទទួល​បន្ទុក​ប្រជាធិប​តេយ្យ និង​សិទ្ធិ​មនុស្ស ក៍​បាន​រិះគន់​ទៅ​លើ​សេចក្តី​ព្រាង​ច្បាប់​ទាំងពីរ​និង​បាន​ជំ​រុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បើក​ចំហ​ឱ្យ​មាន​កិច្ច​ពិភាក្សា​ទូលំ​ទូលាយ​មួយ មុនពេល​សេចក្តី​ព្រាង​ច្បាប់​ទាំងពីរ ត្រូវ​បាន​អនុម័ត​ដោយ​រដ្ឋាភិបាល​និង​រដ្ឋ​សភា​នៅ​ពេល​ខាង​មុខនេះ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ