អានតួអត្ថបទ
អ៊ីស្លាម-ស.រ.អា

ពិភពអារ៉ាប់​ឆេះ​សន្ធោ​សន្ធៅ​ដោយហេតុ​មាន​ខ្សែ​ភាពយន្ត​ប្រមាថ​ប្រឆាំង​សាសនា​អ៊ីស្លាម​

បាតុកម្ម​ដ៏​ហិង្សា​ប្រឆាំង​នឹង​ភាពយន្ត​ប្រមាថ​សាសនា​អ៊ីស្លាម​ដែល​ផលិត​ដោយ​ជនជាតិ​អាមេរិក​ បាន​ឆាបឆេះ​សន្ធោ​សន្ធៅ​នៅ​ទួទាំង​ពិភព​អារ៉ាប់។​ នៅថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ បាតុករ​វាយ​ស្ថានទូត​អាមេរិក​នៅ​ប្រទេស​យេម៉ែន​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​បួននាក់។​ នៅ​ទីក្រុង​គែរ​នៃ​ប្រទេស​អេហ្ស៊ីប​ បាតុកម្ម​ដ៏​ហិង្សា​នៅតែ​បន្ត​កើតមាន​ ​ ហើយគេ​បារម្ភ​ខ្លាច​ទង្វើ​ហិង្សា​កើន​កាន់តែ​ខ្លាំងឡើងៗ​ ជា​ពិសេស​នាឱកាស​បាតុកម្ម​នៅ​ថ្ងៃ​សុក្រ​នេះ​នៅ​អាស៊ី។

បាតុករ​ប្រមូល​​ប្រជុំ​គ្នា​​​សម្តែង​​ការ​ប្រឆាំង​​​ទល់នឹង​​ខ្សែ​​ភាពយន្ត​​ប្រមាថ​​សាសនា​​អ៊ីស្លាម​​នៅ​ទីក្រុង​គែរ​​ជិត​​ស្ថានទូត​​អាមេរិក​​នៅ​ថ្ងៃ​ទី​១៣​​កញ្ញា​​ឆ្នាំ២០១២​
បាតុករ​ប្រមូល​​ប្រជុំ​គ្នា​​​សម្តែង​​ការ​ប្រឆាំង​​​ទល់នឹង​​ខ្សែ​​ភាពយន្ត​​ប្រមាថ​​សាសនា​​អ៊ីស្លាម​​នៅ​ទីក្រុង​គែរ​​ជិត​​ស្ថានទូត​​អាមេរិក​​នៅ​ថ្ងៃ​ទី​១៣​​កញ្ញា​​ឆ្នាំ២០១២​ REUTERS/Mohamed Abd El Ghany
ផ្សាយពាណិជ្ជកម្ម

បាតុករ​បាន​ប្រមូល​ប្រជុំ​គ្នា​ដើម្បី​សម្តែង​ការ​ប្រឆាំង​របស់​ពួកគេ​ទល់នឹង​ ខ្សែ​ភាពយន្ត​ប្រមាថ​សាសនា​អ៊ីស្លាម​ដែល​ផលិត​ដោយ​ជនជាតិ​អាមេរិក។​ បាតុកម្ម​ដ៏​ហិង្សា​ទាំងនេះ​ គេឃើញ​កើតមាន​នៅ​ទូទាំង​ពិភព​អារ៉ាប់​ ​ ដូចជា​នៅ​ប្រទេស​អេហ្ស៊ីប​ ​ លីប៊ី​ ​ អ៊ីរ៉ង់​ ​ អ៊ីរ៉ាក់​ ​ទុយនីស៊ី​ ​ យេម៉ែន​ ​អាហ្វហ្កានីស្ថាន​ ​ ឬ​នៅ​តំបន់​ហ្កាហ្សា​ ​ ។ល។​ ​ ចំណែកឯ​ប្រទេស​អាស៊ី​មួយចំនួន​ដែល​កាន់​សាសនា​អ៊ីស្លាម​ក៏​បាន​ខិតខំ​ពង្រឹង​សន្តិសុខ​នៅ​ជុំវិញ​ស្ថានទូត​អាមេរិក​ដើម្បី​ការពារ​ទប់ទល់​នឹង​បាតុកម្ម​នៅ​ថ្ងៃសុក្រ​នេះ​ ​ ដែលជា​ថ្ងៃ​សូត្រធម៌​បន់ស្រន់​ប្រចាំ​សប្តាហ៍​ដ៏​ធំ​សម្រាប់​សាសនា​អ៊ីស្លាម។

 
គួរបញ្ជាក់ថា​ ​ បាតុកម្ម​ប្រឆាំង​នឹង​ខ្សែភាពយន្ត​អាមេរិកាំង​នេះ​នៅ​តែ​បន្ត​មាន​កាន់តែ​ខ្លាំងឡើងៗ​ ​ ក្រោយពី​មាន​បាតុកម្ម​វាយ​ប្រហារ​ទៅលើ​ស្ថាន​កុងស៊ុល​អាមេរិក​នៅ​ទីក្រុង​បេងហ្កាហ្ស៊ី​នៃ​ប្រទេស​លីប៊ី​ដែល​បាន​ផ្តាច់​ជិវិត​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ប្រទេស​លីប៊ី​ លោក​ Christopher Stevens ​ហើយនិង​អតីត​ទាហាន​អាមេរិកាំង​បីនាក់​ទៀត។

នៅឯ​ទីក្រុង​សាណា​នៃ​ប្រទេស​យេម៉ែន​ឯណោះ​ ​ ការវាយ​ប្រហារ​ទៅលើ​ស្ថាទូត​អាមេរិក​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​បួននាក់​ ​ ហើយ​រថយន្ត​ជាច្រើន​គ្រឿង​របស់​ស្ថានទូត​បាន​ត្រូវ​គេ​ដុត​ចោល។​ នៅឯ​ប្រទេស​អ៊ីរ៉ាក់វិញ​ ​ ប្រមុខ​ដឹកនាំ​សាសនា​អ៊ីស្លាម​ ​ Moqtada Sdr ​បាន​ប្រកាស​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​អ៊ីរ៉ាក់​ហាមឃាត់​កុំឲ្យ​ជនជាតិ​អាមេរិក​ជាន់លើ​ទឹកដី​នៃ​ប្រទេស​អ៊ីរ៉ាក់។

ចំណែកឯ​ប្រទេស​ឥណ្ឌូនេស៊ី​ដែល​ជា​ប្រទេស​មាន​ប្រជាជន​កាន់​សាសនា​អ៊ីស្លាម​ច្រើនជាង​គេ​នៅលើលោក​ ​ បាន​ទាមទារ​ឲ្យ​ You Tube ​ធ្វើការ​ខាឃាំង​កុំឲ្យ​មានការ​ផ្សព្វផ្សាយ​ភាពយន្ត​អាមេរិកាំង​ដែល​ប្រមាថ​សាសនា​អ៊ីស្លាម​នេះទៀត។​ រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​ឯណោះវិញ​ ​ បាន​ធ្វើការ​ហាមឃាត់​ទាំងស្រុង​ពុំឲ្យ​មាន​ការ​ចាក់​ផ្សាយ​ភាពយន្ត​នេះឡើយ។​ ក៏​ដូចគ្នា​អ៊ីចឹងដែរ​ ​ សម្រាប់​ប្រទេស​ប៉ាគីស្ថាន។
ប្រទេស​ឥណ្ឌា​បាន​ខិតខំ​ធ្វើការ​ពង្រឹង​សន្តិសុខ​នៅ​ជុំវិញ​ស្ថានទូត​អាមេរិក។

គួររំលឹកថា​ ​ កាលនៅ​ខែ​វិច្ឆិកា​ឆ្នាំ២០០៤​ ​ សមិទ្ធិករ​នៃ​ប្រទេស​ហូឡង់​ម្នាក់​ឈ្មោះ​ Theo Van Gohg ​បាន​ត្រូវ​សម្លាប់​ដោយ​អ្នកកាន់​សាសនា​អ៊ីស្លាម​ជ្រុលនិយម​ម្នាក់​ ​ ដោយ​ហេតុតែ​លោក​ ​ Theo Van Gohg ​បាន​ផលិត​ភាពយន្ត​មួយខ្សែ​ ​ ទិតៀន​ទៅលើ​កង្វះ​សិទ្ធិ​សេរីភាព​របស់​ស្ត្រី​នៅ​ក្នុង​សាសនា​អ៊ីស្លាម។

ហើយនៅ​ខែកុម្ភៈ​ឆ្នាំ២០១២​ថ្មីៗ​កន្លង​ទៅនេះ​ ​ ទាហាន​អាមេរិកាំង​នៅក្នុង​ពន្ធនាគារ​ Bagram ​នៅ​ប្រទេស​អាហ្វហ្កានីស្ថាន​បាន​ដុត​គម្ពីរ​ Coran ​ ​ បាន​បណ្តាល​ឲ្យ​កើតមាន​បាតុកម្ម​ប្រឆាំង​អាមេរិក​ដ៏​ហិង្សា​ ​ ដែល​កាលណោះ​បាន​បណ្តាល​ឲ្យ​ប្រជាជន​អាហ្វហ្កានីស្ថាន​៣០នាក់​និង​ទាហាន​អាមេរិកាំង​៦នាក់​បាត់បង់​ជីវិត។

ដូច្នេះហើយ​បាន​ជា​នៅថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញថា​ ​ សេតវិមាន​បាន​ថ្លែង​ប្រាប់ថា​ ​ ស.រ.អា.​នឹង​តាម​ដាន​ស្ថានការណ៍​យ៉ាង​មធ្យ័ត​បំផុត​ ​ ហើយនិង​ការពារ​ស្ថានទូត​និង​ស្ថាន​កុងស៊ុល​របស់​ខ្លួន​ដែលមាន​នៅ​លើ​ពិភពលោក​ ​ ដោយ​បារម្ភ​ខ្លាច​មាន​បាតុកម្ម​ហិង្សា​កើតមាន​នៅ​ក្នុងពិភព​អារ៉ាប់​នៅ​ថ្ងៃសុក្រ​ទី១៤​កញ្ញា​ឆ្នាំ២០១២​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ