អានតួអត្ថបទ
ឥណ្ឌូណេស៊ី

ទំនាស់​និកាយ​សាសនា​រីករាល​ដាល​កាន់​តែ​ធ្ងន់ធ្ងរ​នៅ​ឥណ្ឌូណេស៊ី

៧​នាក់​ត្រូវ​ចាប់​ខ្លួន​នៅ​កោះ​Java ព្រោះ​ជាប់​សង្ស័យ​ថា​បាន​ចូល​រួម​ប្រព្រឹត្ត​អំពើ​ហិង្សា​កាលពី​ថ្ងៃអាទិត្យ​ទី ២៦​សីហា រហូត​បង្ក​ឱ្យ​ស្លាប់​មនុស្ស​ពីរ​នាក់។ ជនរង​គ្រោះ​ទាំងពីរ​នាក់​ ដែល​មាន​និកាយ​សាសនា​អ៊ីស្លាម Chiite បាន​បាត់​បង់​ជីវិត​ក្រោម​កណ្តាប់​ដៃ​ពួក​អ្នក​កាន់​និកាយ​ស៊ូនីត (Sunnite)។ ព័ត៌មាន​នេះ​ទើប​ត្រូវ​បង្ហើប​ឱ្យ​ដឹង​ដោយ​ អង្គការ​ការពារ​សិទ្ធិមនុស្ស​ នៅ​ល្ងាចថ្ងៃ​ចន្ទ​ម្សិលមិញ។ អំពើ​ហិង្សា​សាសនា​នេះ​បញ្ជាក់​ឱ្យ​ឃើញ​ពី​សម្ពាធ​តាន​តឹង​ឡើង​ខ្លាំង​ នា​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ នៅ​ក្នុង​ប្រទេស​អ៊ីស្លាម​ដ៏​ធំ​ជាង​គេ​នៅ​លើ​ពិភពលោក។

ផ្ទះ​ត្រូវ​ដុត​បំផ្លាញ​នៅ​កោះJava ថ្ងៃទី២៦​ សីហា ២០១២ ក្នុង​អំពើ​ហិង្សា​សាសនា​និកាយស៊ីអីត និង​ស៊ុយនីត
ផ្ទះ​ត្រូវ​ដុត​បំផ្លាញ​នៅ​កោះJava ថ្ងៃទី២៦​ សីហា ២០១២ ក្នុង​អំពើ​ហិង្សា​សាសនា​និកាយស៊ីអីត និង​ស៊ុយនីត
ផ្សាយពាណិជ្ជកម្ម

 

និកាយ​Chiite តំណាង​ឱ្យ​តែ​ប្រមាណ​មិន​ដល់​​១​លាន​នាក់​ទេ នៅ​ឥណ្ឌូនេស៊ី ពោល​គឺ​ជា​បរិមាណ​ដ៏​តិច​តួច​បំផុត​សម្រាប់​ប្រទេស​មួយ​ដែល​មាន​ប្រជាជន​១២០​លាន​នាក់​កាន់ សាសនា​អ៊ីស្លាម​​និកាយ​ស៊ុយនីត(Sunnite)។ ប៉ុន្តែ​តាំង​ពី​ចុង​ឆ្នាំ​២០១១​មក និកាយ​ស៊ីអ៊ីត​ (Chiite) រង​ការ​​វាយ​ប្រហារ​ ដុត​បំផ្លាញ​ផ្ទះ​សម្បែង​ វិហារ​ អ្នក​ដឹកនាំសាសនា​ក្នុង​តំបន់​ត្រូវ​ចាប់ខ្លួន និង​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ពីរ​ឆ្នាំទៀត។

ក្រៅ​ពី​អំពើ​ហិង្សា នៅ​តាម​ភូមិស្រុក នៅ​មានចលនា​អ៊ីស្លាម​និកាយ​ស៊ុយនីត​អភិរក្ស​​និយម​ជ្រុល​ ដែល​ចង់​កម្ចាត់​និកាយ​​ Chiite ឱ្យ​អស់​ពី​សង្គម​សាសនា​នៅ​ឥណ្ឌូនេស៊ី ទោះ​បី​ជា​​និកាយ​នេះ​ធ្លាប់​ជា​មាន​វប្បធម៌​សន្តោសប្រណី​ក៏​ដោយ។

រហូត​មក​ទល់​នឹង​ម៉ោង​នេះ រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ ស្ទើរ​តែ​គ្មាន​បញ្ចេញ​​សកម្មភាព​អ្វី​សោះ​ ​ក្នុង​ការ​ដោះស្រាយ​​វិបត្តិ​តានតឹង​សាសនារវាង​អ្នក​កាន់​និកាយ​ខុស​គ្នា​នេះ។ បើ​តាម​អ្នក​វិភាគ​ រដ្ឋាភិបាល​មិន​ចង់​បង្ហាញ​រូបភាព​ដែល​គេ​អាច​វាយ​តម្លៃ​ថា​ ជា​ការ​ប្រឆាំង​នឹងអ៊ីស្លាម​ និង​ដែល​នាំឱ្យ​ខាត​បង់​ប្រយោជន៍​ពេល​បោះឆ្នោត។

ប៉ុន្តែ​សាក្សី និង​ភស្តុតាង​ នៃ​ការ​ជេរ​ប្រមាថ បៀតបៀន​ បំផ្លិចបំផ្លាញ មាន​កាន់​តែ​ច្រើនឡើងៗ​ នា​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ប្រឆាំង​នឹង​សហគមន៍​សាសនាភាគ​តិច​ តួយ៉ាង ​អ៊ីស្លាម​និកាយ​Chiite អ្នក​កាន់​គ្រិស្តសាសនា​ និងសាសនា​តូចៗ​ផ្សេងទៀត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ