អានតួអត្ថបទ
កម្ពុជា

ឧបការី​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក ចង់​ឃើញ​វត្តមាន​លោក សម រង្ស៊ី ចូលរួម​ការបោះឆ្នោត​ខាងមុខ

ក្នុងដំណើរទស្សនកិច្ចរយៈពេលពេញ​មួយ​ថ្ងៃ នៅ​កម្ពុជាកាលពី​ថ្ងៃ​អង្គារទី១៩​កុម្ភៈ លោក Michael Posner​ ឧបការី​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​ផ្នែក​លទ្ធិ​ប្រជា​ធិបតេយ្យ​ សិទ្ធិមនុស្ស និង​ការងារ​ បាន​ប្រកាស​ថា ការបោះឆ្នោត​ជាតិ​នៅ​ខែ​កក្កដា​ខាង​មុខ គឺ​រដ្ឋាភិបាល​កម្ពុជា ត្រូវ​ធានាឲ្យមាន​ភាព​ស្មើ​គ្នាដើម្បី​ឲ្យ​មាន​អ្នក​នយោបាយចូលរួម​ប្រកួត​ប្រជែង​​ដោយ​​យុត្តិធម៌ដោយ​រួម​ទាំង​លោក​ សម រង្ស៊ី ផង​ដែរ។ ករណី​លោក ម៉ម សូណង់ដូ និង​សកម្មជន​សិទ្ធិមនុស្ស ព្រមទាំង​សកម្មជន​ដីធ្លី​ជាច្រើន​ទៀត ដែល​មហាជន​យល់ថា ត្រូវ​តុលាការ​កាត់ទោស ដោយ​អយុត្តិធម៌ ក៏ត្រូវ​បាន​ឧបការី​រដ្ឋមន្ត្រី​ការបរទេស លើក​បង្ហាញ ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ​ផង​ដែរ។

លោក ឧបការី Michael Posner ធ្វើ​សន្និសីទ​កាសែត​នៅ​ស្ថានទូត​អាមេរិក​ក្រុង​ភ្នំពេញ
លោក ឧបការី Michael Posner ធ្វើ​សន្និសីទ​កាសែត​នៅ​ស្ថានទូត​អាមេរិក​ក្រុង​ភ្នំពេញ
ផ្សាយពាណិជ្ជកម្ម

 

រដ្ឋាភិបាល​ត្រូវប្រកាន់​ជំហរ ធានា​អោយ​មាន​ភាពស្មើគ្នា ដើម្បី​អោយ​គ្រប់​អ្នកចូលរួម​នយោបាយ​​ទាំងអស់  អាច​ប្រកួតប្រជែង​ដោយ​យុត្តិធម៌ នៅក្នុង​ការបោះឆ្នោត​ នៅ​ខែកក្កដា ដោយ​​រួមទាំង​លោក​ សម រង្ស៊ី។ ភាព​អាច​អោយ​គេ​ទុកចិត្ត​បាន ​នៃ​ការបោះ​ឆ្នោត​ទាំង​នេះ​អាស្រ័យ​​លើ​ថា តើ​គណបក្ស​នយោបាយ​ប្រឆាំង ត្រូវបាន​គេ​អនុញ្ញាត អោយ​ចូលរួម ពេញ​លេញ និង​ដោយ​យុត្តិធម៌​ដែរ​ឬ​ទេ?។​ ទាំងនេះ គឺ​ជា​ការលើក​ឡើង​របស់​លោក Michael Posner ឧបការី​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក ​ទទួល​បន្ទុក​ផ្នែក​លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​ការងារ។

លោក​ឧបការី បាន​មក​បំពេញ​ទស្សនកិច្ច​លើក​ទី​៣ រយៈពេល​ពេញ​មួយ​ថ្ងៃ នៅ​កម្ពុជា កាលពី​ថ្ងៃ១៩កុម្ភៈ។ លោក​បាន​ជួប​ជាមួយ​មន្ត្រី​រដ្ឋាភិបាល លោក​ប្រមុខ​ការទូត​កម្ពុជា ហោ ណាំហុង ព្រមទាំង​មេដឹកនាំ នៃ​អង្គការ​សង្គម​ស៊ីវិល តំណាង​គណបក្ស​នយោបាយ និង​តំណាង​ការិយាល័យ នៃ​អគ្គស្នងការ​ជាន់ខ្ពស់ របស់​អង្គការ​សហប្រជាជាតិ​ ទទួល​បន្ទុក​សិទ្ធិមនុស្ស។

ក្នុងសន្និសីទ​កាសែត កាលពី​ព្រលប់​ថ្ងៃ​១៩​កុម្ភៈ នៅ​ស្ថានទូត​អាមេរិក ប្រចាំ​កម្ពុជា ឧបការី​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក ​លោក Michael Posner បាន​លើក​ឡើង​ថា លោក​ក៏​បាន​សុំ​អោយ​មេដឹកនាំ​កម្ពុជា អនុញ្ញាត​អោយ​មាន​ការ​ពិភាក្សា​ដេញដោល​ជា​សាធារណៈ​ ដោយ​សន្តិភាព និង​ផុល​ផុសអំពី​បញ្ហា​នានា​ជាច្រើន ដោយ​គ្មាន​ការគំរាមកំហែង​សងសឹក។ ក្នុងនោះ ការពិភាក្សា​​ដេញដោល​គ្នា​នេះ​ គួរ​ប្រព្រឹត្តទៅ​តាម​វិទ្យុ ទូរទស្សន៍ និង​អ៊ិនធឺរណែត ជាពិសេស​នៅ​ក្នុង​ពេល​ប៉ុន្មាន​ខែ​ មុន​ដល់​ពេល​បោះឆ្នោត​ នៅ​ខែ​កក្កដា។

លោកឧបការី ក៏បានលើកឡើងពី​កង្វល់​យ៉ាង​ខ្លាំង​លើ​ករណី​កាត់ទោស និង​ចាប់​ឃុំ​លោក ម៉ម សូណង់ដូ ដែល​ជា​ឥស្សរជន​នាំមុខ​គេ ផ្នែក​សារព័ត៌មាន។ លោក Posner ​សុំ​អោយ​មាន​ការដោះលែង​លោក លោក ម៉ម សូណង់ដូ ដើម្បី​ជា​សញ្ញា​នៃ​លទ្ធិប្រជាធិបតេយ្យ​ល្អ​មួយ​ដែល​ថា សូម្បី​តែ​អ្នក​ដែល​មិន​យល់​ស្រប​តាម​អ្នក​កាន់​អំណាច ក៏​អាច​បញ្ចេញ​សំលេង រួម​ទាំង​មតិ​​រិះគន់​របស់​គេ ដើម្បី​អោយ​អ្នក​ឯ​ទៀត​បាន​ឮ ដោយ​គ្មាន​ការភ័យខ្លាច ពី​ការបំបិទ​សំលេង។​

ករណីលោក សមរង្ស៊ី និងលោក ម៉ម សូណង់ដូ ក៏ត្រូវបាន​ឧបការី​រដ្ឋមន្ត្រី​ការបរទេស លើក​ឡើង ចំពោះ​មុខ​លោក​ប្រមុខ​ការទូត ហោ ណាំហុង នៅ​ក្នុង​កិច្ចប្រជុំ កាលពី​ល្ងាច​ថ្ងៃ​១៩​កុម្ភៈ ព្រមទាំង​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា លើកលែង​ទោស និង​ដោះលែង​លោក ម៉ម សូណង់ដូ និង​អនុញ្ញាត​ឲ្យ​លោក សមរង្ស៊ី វិល​មក​ចូលរួម​ការបោះឆ្នោត។

ក៏ប៉ុន្តែ​បន្ទាប់ពី​កិច្ចប្រជុំ​ដោយ​បិទទ្វារ​នោះ លោក ​អ៊ុច បូរិទ្ធ រដ្ឋលេខាធិការ​ក្រសួង​ការបរទេស បាន​ប្រាប់​​អ្នកសែត​ថា លោក ​ហោ ណាំហុង បាន​បក​ស្រាយ​បំភ្លឺ​ទៅ​កាន់​ភាគី​អាមេរិក ដែល​យល់ថា ដើម្បី​ឲ្យមាន​លទ្ធិប្រជាធិបតេយ្យ​កាន់តែ​ល្អ ការគោរព​សិទ្ធិមនុស្ស​កាន់​តែ​ប្រសើរ គួរតែ​ឲ្យ​មាន​វត្តមាន នៃ​ការវិល​ត្រឡប់​របស់​លោក​សម រង្ស៊ី និង​លោក​ ម៉ម សូណង់ដូ ក្នុងការ​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​អ្នក​តំណាងរាស្ត្រ​នៅ​ខែ​កក្កដា។

ក៏ប៉ុន្តែ តាមលោកប្រមុខការទូត ហោ ណាំហុង ការកាត់ទោស ​ក៏​ដូចជា​ការដាក់​ទណ្ឌកម្ម​ដោយ​​តុលាការ​ទៅ​លើ​លោក​សម រង្ស៊ី និងលោក ​ម៉ម សូណង់ដូ មិនមែន​កាត់ទោស​លើ​បុគ្គល​ដែល​​បំពេញ​សកម្មភាព​ការងារ​ ក្នុង​ក្របខ័ណ្ឌ​ការងារ​លទ្ធិប្រជាធិបតេយ្យ ឬ​មួយ​ការងារ​ទាមទារ​ ​ដើម្បី​ការគោរព​សិទ្ធិមនុស្ស​ទេ ប៉ុន្តែ​ជា​ការកាត់ទោស​លើ​បុគ្គល​ម្នាក់ ​ដែល​ប្រព្រឹត្ត​ខុស​ច្បាប់។

លោក អ៊ុច បូររិទ្ធ បញ្ជាក់ថា ការទាមទារ​ដោះលែង​លោក សម រង្ស៊ី ដើម្បី​ចូលរួម​ការបោះ​ឆ្នោត បាន​ន័យ​ថា សហរដ្ឋអាមេរិក កំពុងតែ​ទាមទារ​ឲ្យ​កម្ពុជា​ជ្រៀតជ្រែក ​ចូលទៅ​កិច្ចការ​ផ្ទៃក្នុង​​របស់​តុលាការ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ