អានតួអត្ថបទ
អ៊ីស្រាអ៊ែល

នាវា​ផ្ទុក​ជំនួយ​មនុស្សធម៌​មួយ​ត្រូវ​បាន​ស្ទាក់​ស្កាត់​បាន នៅ​ជិត​តំបន់​ហ្កាហ្សា

នាវា​ផ្ទុក​ជំនួយ​មនុស្ស​ធម៌​ឈ្មោះ​ Rachel​ Corrie​ ជួល​ដោយ​អង្គការ​អៀឡង់​មួយ​ត្រូវ​បាន​កង​នាវា​ម៉ារីន​អ៊ីស្រាអែល​ស្ទាក់​ ស្កាត់​ ដោយ​គ្មាន​អំពើ​ហិង្សា​ នៅ​ព្រឹក​ថ្ងៃ​សៅរ៍​៥មិថុនា​នេះ​ នៅ​កណ្តាល​សមុទ្រ​នៃ​តំបន់​ហ្កាហ្សា

នាវា​ Rachel​ Corrie​
នាវា​ Rachel​ Corrie​ © freegaza.org/ Reuters
ផ្សាយពាណិជ្ជកម្ម

 

02:17

សេចក្តីរាយការណ៍​របស់ វីន​ស្តុន រតនា

ស្រប​តាម​វិទ្យុ​អ៊ីស្រាអែល​ ​ ​ យ៉ាង​តិច​មាន​កាណូត​ចម្បាំង​អ៊ីស្រាអែល​បី​គ្រឿង​បាន​អម​ដំណើរ​នាវា​ Rachel​ Corrie​ នៅ​ក្នុង​មណ្ឌល​ចម្ងាយ​ប្រមាណ​ជា​៣៥​មីល​គឺ​៦៥គីឡូម៉ែត្រ​ ពី​តំបន់​ហ្កាហ្សា​ នៅ​ក្នុង​ដែន​ទឹក​អន្តរជាតិ​ ​ ប៉ុន្តែ​គ្មាន​ទាហាន​អ៊ីស្រាអែល​ណា​ម្នាក់​បាន​ឡើង​ទៅ​លើ​នាវា​នេះ​ទេ។

ក្នុង​ចំណោម​អ្នក​ជិះ​ក្នុង​នាវា​១៥​នាក់​ដែល​ផ្ទុក​ជំនួយ​មនុស្ស​ធម៌​មួយ​ពាន់​តោន​ ​ មាន​សញ្ជាតិ​អៀឡង់​និង​ម៉ាលេស៊ី​ ​ ​ មាន​ស្ត្រី​អៀឡង់​ Mairead​ Maguire​ អាយុ​៦៦​ឆ្នាំ​ជា​ជ័យ​លាភី​រង្វាន់​ណូបែល​ផ្នែក​សន្តិភាព​និង​អតីត​អ្នក​ទទួល​ខុស​ត្រូវ​ជាន់​ខ្ពស់​អ.ស.ប.​ លោក ​Denis Halliday។

ចាប់​តាំង​ពី​មាន​សោកនាដកម្ម​នៃ​នាវា​ទួរគី​ Marmara​ កាល​ពី​ថ្ងៃ​៣១​ឩសភា​មក​ ​ ​ ភាគី​ទាំង​ពីរ​នៅ​តែ​មាន​ក្តី​ប្តេជ្ញា​ចិត្ត​ដដែល​គឺ​ពួក​សកម្មជន​ជិះ​នៅ​ក្នុង​នាវា​ចង់​កាច់​បំបាក់​ការបិទ​ខ្ទប់​តំបន់​ហ្កាហ្សា​និង​បដិសេធ​សំណើ​អ៊ីស្រាអែល​ឱ្យ​ទៅ​កាន់​កំពង់​ផែ​អ៊ីស្រាអែល​ Ashdod​ ជា​ទី​ដែល​ជំនួយ​មនុស្ស​ធម៌​របស់​គេ​ ជា​បន្ទាប់​មក​អាច​នឹង​ត្រូវ​ដឹក​តាម​ផ្លូវ​គោក​ទៅ​តំបន់​ហ្កាហ្សា។

ដំណាល​ពេល​គ្នា​នេះ​ ​ សំរាប់​អាជ្ញាធរ​អ៊ីស្រាអែល​ ​ ដាច់​ខាត​ពុំ​ត្រូវ​បង្ហើប​ឱ្យ​មាន​ច្រក​តូច​មួយ​ នៅ​ក្នុង​ការបិទ​ខ្ទប់​តាម​ជើង​ទឹក​ ចាប់​ពី​ចលនា​Hamas​ បាន​កាន់​ក្តាប់​អំណាច​មក​ ​ ​ ដ្បិត​សំរាប់​រដ្ឋ​អ៊ីស្រាអែល​គឺ​ជា​បញ្ហា​សន្តិសុខ​ពុំ​អាច​ឱ្យ​ចរចា​បាន​ឡើយ។

ក្តី​ប្តេជ្ញា​ចិត្ត​ដូច​គ្នា​មែន​ហើយ​ ​ ​ ប៉ុន្តែ​មាន​ភាព​ខុស​គ្នា​ខ្លាំង​ណាស់​រវាង​នាវា​Marmara​ដែល​ផ្ទុក​មនុស្ស​ជាង​៦០០​នាក់​និង​នាវា​Rachel​ Corrie​ ដែល​មាន​តែ​ជន​ជាតិ​អៀឡង់​និង​ម៉ាលេស៊ី​ ដោយ​សរុប​តែ​១៥​នាក់​ប៉ុណ្ណោះ។

សូម​រំលឹក​ថា​ មាន​ការប៉ះ​ទង្គិច​គ្នា​យ៉ាង​ខ្លាំង​ នៅ​ថ្ងៃ​ចន្ទ​៣១​ឩសភា​ នៅ​លើ​នាវា​ទួរគី​ Mavi​ Marmara​ ដែល​ផ្ទុក​មនុស្ស​ជាង​៦០០​នាក់​ ​ បាន​បណ្តាល​ឱ្យ​ស្លាប់​ជន​ស៊ីវិល​ទួរគី​៩​នាក់​ ដោយ​ហេតុ​ការវាយ​លុក​របស់​កង​commando​អ៊ីស្រាអែល។

ឩប្បត្តិហេតុ​នេះ​បាន​បណ្តាល​ឱ្យ​សហគមន៍​អន្តរជាតិ​ទាំង​មូល​ថ្កោល​ទោស​អ៊ីស្រាអែល​និង​ធ្វើ​ឱ្យ​អ៊ីស្រាអែល​ផុង​លុង​ខ្លួន​ក្នុង​វិបត្តិ​ការទូត​ដ៏​ធ្ងន់​ធ្ងរ​បំផុត​មួយ​និង​បាន​បណ្តាល​ឱ្យ​ប្រទេស​ទួរគី​ខឹង​ក្រេវ​ក្រោធ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ