អានតួអត្ថបទ
រុស្ស៊ី-អ៊ីស្រាអែល-ស៊ីរី

ម៉ូស្គូ​ខ្វល់​នឹង​ដំណឹង​ស្តី​អំពី​ការ​វាយប្រហារ​ពី​ខាង​អ៊ីស្រាអែល​ទៅ​លើ​ដែនដី​ស៊ីរី​

ក្តី​ព្រួយ​កង្វល់​នេះ​ មាន​លើក​ឡើង​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ពិសេស ចេញ ព្រឹក​មិញ ដោយ​ក្រសួង​ការ​បរទេស​រុស្ស៊ី ដែល​ក៏​ចង្អុល​ឲ្យ​ឃើញ​ផង​ដែរ​ថា ទីក្រុង​ម៉ូស្គូ​នឹង​ផ្តន្ទា​ទោស​ខាន​មិន​បាន​ បើ​ព័ត៌មាន​ស្តី​អំពី​ការ​វាយប្រហារ​ដោយ​យន្តហោះ​ចម្បាំង​អ៊ីស្រាអែល​ទៅ​លើ​ទីដៅ​នៅ​ក្បែរ​ទីក្រុង​ដាម៉ាស​ប្រទេស​ស៊ីរី ជា​ដំណឹង​ពិត​មែន។

ប្រទេស​ស៊ីរី​បាន​ប្រកាស ម្សិលមិញ​ថា​យន្តហោះ​អ៊ីស្រាអែល​បាន​ទំលាក់​គ្រាប់បែក​​លើ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​យោធា​​​ នៅ​ក្បែរ​ក្រុង​ដាម៉ាស​
ប្រទេស​ស៊ីរី​បាន​ប្រកាស ម្សិលមិញ​ថា​យន្តហោះ​អ៊ីស្រាអែល​បាន​ទំលាក់​គ្រាប់បែក​​លើ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​យោធា​​​ នៅ​ក្បែរ​ក្រុង​ដាម៉ាស​ AFP/JACK GUEZ
ផ្សាយពាណិជ្ជកម្ម

ក្នុង​សេចក្តី​ថ្លែងការណ៍​នោះ ក្រសួង​ការ​បរទេស​រុស្ស៊ី​គូស​បញ្ជាក់​ថា បើ​ដំណឹង​នោះ ជា​ដំណឹង​ពិត​មែន គឺ​មាន​ន័យ​ថា​អ៊ីស្រាអែល​ធ្វើការ​វាយ​ប្រហារ​ដោយ​គ្មាន​អ្វី​ជា​ដើមហេតុ​សោះ​ ទៅ​លើ​ដែនដី​នៃ​រដ្ឋ​អធិបតេយ្យ​ទាំង​បំពាន​យ៉ាង​កម្រោល លើ​ធម្មនុញ្ញ​អង្គការ​សហ​ប្រជាជាតិ ​ដែល​ជា​ការ​មិន​អាច​ទទួល​យក​បាន​ឡើយ ទោះ​អ៊ីស្រាអែល​សំអាង​លើ​លេស​ណា​ក៏​ដោយ។

ទីក្រុង​ម៉ូស្គូ​ចង្អុល​ឲ្យ​ឃើញ​ថា ខ្លួន​កំពុង​ចាត់​វិធានការ​យ៉ាង​រួសរាន់ ដើម្បី​វែកញែក​បំភ្លឺ​អំពី​ឧប្បត្តិហេតុ​នោះ​ឲ្យ​បាន​ល្អិតល្អន់។

ក្រសួង​ការ​បរទេស​រុស្ស៊ី តាម​រយៈ​សេចក្តី​ថ្លែងការណ៍​នោះ ​អំពាវនាវឲ្យ​បញ្ឈប់​រាល់​អំពើ​ហិង្សា​ក្នុង​ប្រទេស​ស៊ីរី កុំ​បណ្តោយ​ឲ្យ​មាន​ការ​លូកដៃ​ជ្រៀតជ្រែក​អ្វី​ណា​ពី​ក្រៅ​ទៅ​ក្នុង​កិច្ចការ​ប្រទេស​នោះ ដែល​ជា​រឿង​មិន​អាច​ទទួល​យក​បាន និង​ឲ្យ​មាន​ការ​ចាប់ផ្តើម​ឡើង​នៃ​សំវាទ​រវាង​ភាគី​បដិបក្ខ​ស៊ីរី ដោយ​ឈរ​លើ​កិច្ចព្រមព្រៀង​ទាក់ទង​នឹង​វិបត្តិ​នៅ​ស៊ីរី​ ដែល​មាន​ចុះ​នៅ​ក្រុង​ Genève ​កាលពី​ថ្ងៃ​ទី​៣០ មិថុនា ឆ្នាំ​២០១២។

រី​ឯ​ទីក្រុង​ដាម៉ាស​បាន​ប្រកាស ​ល្ងាច​ថ្ងៃ​ពុធ​ម្សិលមិញ​ថា មាន​យន្តហោះ​អ៊ីស្រាអែល​បាន ហោះ​ទៅ “ទំលាក់​គ្រាប់បែក​ត្រង់​ផ្ទាល់” លើ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​យោធា ដែល​ស្ថិត​នៅ​ត្រង់​ចន្លោះ ​រវាង​រដ្ឋធានី​ស៊ីរី និង​ព្រំដែន​លីបង់ ហើយ​ការ​វាយ​ប្រហារ​នេះ​ត្រូវ អ៊ីស្រាអែល​ធ្វើ​ជា​លើក​ទី​១ តាំងពី​មាន​​អធិករណ៍​ឆាបឆេះ​នៅ​ស៊ីរី អស់​ជិត​២​ឆ្នាំ​ហើយ។

តាម​ការ​អះអាង​នៃ​កងទ័ព​ស៊ីរី ដែល​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​ស៊ីរី SANA ៖ គឺ​តាំងពី​ព្រឹក​ព្រលឹម​តែ​ម្តង ដែល​យន្តហោះ​ចម្បាំង​របស់​អ៊ីស្រាអែល​បាន​ទំលាក់​គ្រាប់បែក ទៅ​លើ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​នោះ ហេតុ​ដែល​បាន​បណ្តាល​ឲ្យ​បុគ្គលិក​មជ្ឈមណ្ឌល​នោះ​ ធ្លាក់​ខ្លួន​ស្លាប់​អស់​២​នាក់ និង​របួស​៥​នាក់ ព្រម​ទាំង​បាន​បំផ្លាញ​អគារ​នោះ​អស់​មួយ​ភាគ ដោយ​ហែរ​ហម​ ជា​ការ​ខូចខាត​យ៉ាង​បង្គួរ។ ចំណែក​អ្នក​នាំពាក្យ​ផ្លូវការ​របស់​កងទ័ព​អ៊ីស្រាអែល ប្រកែក​ពុំ​ព្រម​ធ្វើ​អត្ថាធិប្បាយ​អ្វី​ណា​ទេ។ ​

រុស្ស៊ី​ជា​បង្អែក​មួយ​ចុង​ក្រោយ នៃ​របប​លោក​ប្រធានាធិបតី​ស៊ីរី អាសាដ ដោយ​រមែង​លក់​អាវុធ​ទៅ​ឲ្យ​របប​នេះ ហើយ​ប្រឆាំង​ជានិច្ច​នឹង​អន្តរាគមន៍​ពី​ក្រៅ​ទៅ​ក្នុង​​ទំនាស់​នៅ​ប្រទេស​នេះ ទំនាស់​ដែល​តាម​តួលេខ​អ.ស.ប. បាន​ផ្តាច់​ជីវិត​អ្នកស្រុក​អស់​ជាង​៦​ម៉ឺន​នាក់​ហើយ។

គួរ​និយាយ​ថា លោក​នាយក​រដ្ឋមន្ត្រី​រុស្ស៊ី​ មេដវេដេវ ក្នុង​បទ​សម្ភាសន៍​ថ្ងៃ​អាទិត្យ​កន្លង​ទៅ បាន​បញ្ចេញ​យោបល់​ថា ភ័ព្វ​សំណាង​លោក​ អាសាដ នៅ​អាច​កាន់​អំណាច ចេះ​តែ​រួញ​ខើច​ទៅ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ មក​ពី​គាត់​បាន​ថ្លោះធ្លោយ​ជា “កំហុស​ដែល​ប្រហែល​នាំ​ឲ្យ​វិនាស​ដល់​វាសនា​គាត់​ទៅ​ផង ដ្បិត​គាត់​បាន​យឺត​ពេល​ធ្វើ​កំណែ​ទម្រង់”៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ