អានតួអត្ថបទ
អ៊ីស្រាអែល-ដែនដីប៉ាឡេស្ទីន

អ៊ីស្រាអែល​ត្រៀម​ខ្លួន​ដើម្បី​ប្រឈម​មុខ​ទល់​នឹង​គ្រប់​សមភូមិ​

អ៊ីស្រាអែល​​នៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ បាន​បាញ់​កាំភ្លើង​ធំ​​ជាសញ្ញា​ព្រមាន​ប្រទេស​ស៊ីរី ​ជា​លើក​ទី​មួយ​ចាប់តាំង​ពី​សង្គ្រាម Kippour រវាង​អ៊ីស្រាអែល​និង​ប្រទេស​អារ៉ាប់​នៅ​ឆ្នាំ​១៩៧៣​មក។ នៅ​​​ប៉ែក​ខាង​ត្បូង​​​អ៊ីស្រាអែល ​គ្រាប់បែក​​ផ្លោង​របស់​​ប៉ាលេស្ទីន​ជាង​១០​គ្រាប់​ដែល​បាញ់​ចេញ​​ពី​តំបន់​ហ្កាហ្សា បាន​បណ្តាល​ឲ្យ​មាន​អ្នក​រង​របួស​និង​ការ​ខូតខាត។​ ចំណែក​​ប្រតិបត្តិការ​វាយប្រហារ​​របស់​កងទ័ព​អ៊ីស្រាអែល បាន​បណ្តាល​ឲ្យ​ស្លាប់​ក្រុម​ប្រដាប់​អាវុធ​ប៉ាឡេស្ទីន​​៦​នាក់។

កងទ័ពអ៊ីស្រាអែលប្រតិបត្តិការយាមល្បាតនៅតាមតំបន់ព្រំដែនជាប់តំបន់ ហ្កាហ្សាថ្ងៃ១១វិច្ឆិកា២០១២
កងទ័ពអ៊ីស្រាអែលប្រតិបត្តិការយាមល្បាតនៅតាមតំបន់ព្រំដែនជាប់តំបន់ ហ្កាហ្សាថ្ងៃ១១វិច្ឆិកា២០១២ REUTERS/Amir Cohen
ផ្សាយពាណិជ្ជកម្ម

នៅ​ព្រឹក​ថ្ងៃ​ចន្ទ​១២វិច្ឆិកានេះ គេ​អាច​និយាយ​បានពី​បទ​ឈប់​បាញ់​គ្នា​មួយ​​ក្រោយពី​មាន​អំពើ​ហិង្សា​អស់​រយៈ​ពេល​ពីរ​ថ្ងៃកន្លងមក​។ ប៉ុន្តែ​​​ប្រតិបត្តិការណ៍​របស់​​អ៊ីស្រាអែល​នៅ​តំបន់​ហ្កាហ្សា​​នៅតែមាននៅឡើយ​កាលពីយប់មិញ​តែ​ពុំបណ្តាលឲ្យ​មានជនរងគ្រោះឡើយ។ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ គ្រាប់​ផ្លោងរបស់​ប៉ាលេស្ទីន​មួយគ្រាប់ ​បាន​ធ្លាក់​ទៅ​ក្នុង​សួនច្បារ​នៃ​លំនៅ​​ឋាន​មួយ​របស់​​​​​អ៊ីស្រាអែល​​នៅក្រុង​Netivot​ តែ​ពុំ​​បណ្តាល​ឲ្យ​មានអ្នករងរបួសដែរ។

ស្ថានការណ៍​នៅ​តំបន់ក្នុងតំបន់ដើមបូព៌ា​នៅតែ​អស្ថិរភាព​នៅឡើយ ប៉ុន្តែ​ជា​ការពិត​ប្រទេស​អេហ្ស៊ីប​ កំពុង​ធ្វើ​អន្តរាគមន៍យ៉ាងសកម្ម​​ដើម្បី​ប៉ុនប៉ង​រកការ​បទ​ឈប់បាញ់​គ្នា​មួយ។​ ​ក្រុម​ប៉ាឡេស្ទីន​ជា​​ច្រើន​ក្រុម ដូចជា​ក្រុម​ហាម៉ាស​​ដែល​ត្រូតត្រា​នៅ​តំបន់​ហ្កាហ្សា​និង​ក្រុម Jihad Islamique ​ប្រហែល​ជា​សុខចិត្ត​ទទួល​យល់ព្រម​លើ​គោលការណ៍​នៃ​បទ​ឈប់​បាញ់​គ្នា។ ដូច្នេះនៅតែ​ប៉ុន្មានម៉ោងទៀតប៉ុណ្ណោះ ពេលវេលាដ៏សំខាន់នឹងត្រូវមកដល់ហើយ។

នៅ​អ៊ីស្រាអែល លោក​នាយក​រដ្ឋមន្ត្រី Benyamin Netanyahu បាន​ប្រកាស​នៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា ​លោក​ត្រៀម​ខ្លួន​ជាស្រេច​ ប្រឈម​ទល់​នឹង​ឧប្បត្តិហេតុហិង្សា​នានា​ដែល​អាច​នឹង​កើតមាន​​ឡើង។ ក្រុម​អ្នក​វិភាគអ៊ីស្រាអែល​នៅ​ថ្ងៃ​ចន្ទ​១២​វិច្ឆិកា​នេះមាន​យោបល់​ផ្សេង​ៗ​​​គ្នា។

 អ្នកខ្លះ ​យល់​​ឃើញ​ថា រដ្ឋាភិបាល​អ៊ីស្រាអែលពុំ​ចង់​ឲ្យ​មាន​ប្រតិបត្តិការ​វាយលុក​ដ៏​ធំធេង​​​ដូច​​កាល​ពី​ជំនាន់​រដូវ​ត្រជាក់​ឆ្នាំ​២០០៨-២០០៩ ជា​ថ្មី​ទៀត​ឡើយពីព្រោះ​ប្រតិបត្តិការណ៍​​នេះ​បានបណ្តាល​ឲ្យ​មនុស្ស​ស្លាប់រហូត​ដល់​១៤០០​នាក់។ ផ្ទុយ​ទៅ​វិញ អ្នកវិភាគ​ខ្លះ​ទៀត គិត​ឃើញ​​ថា ដើម្បី​​ប៉ុនប៉ង​រៀបចំ​ឲ្យ​មាន​បទ​ឈប់បាញ់​គ្នា​មួយ​សំរាប់​រយៈពេល​ដ៏​យូរនោះ​ ប្រតិបត្តិការ​មួយ​​​​របស់​អ៊ីស្រាអែល​ ​ត្រូវតែធ្វើ​ដោយ​មិន​អាច​ចៀសបាន​ឡើយ។

ភាព​តានតឹង​ផ្សេងទៀតក៏មានកើតមាន​ដែរ​​នៅ​ភាគ​ខាង​ត្បូង​ជុំវិញ​តំបន់​ហ្កាហ្សា ។ អ៊ីស្រាអែល បាន​បាញ់​ផ្លោង​គ្រាប់​មីស៊ីល​មួយ​គ្រាប់​នៅថ្ងៃអាទិត្យម្សិលមិញ​ជាការ​ព្រមាន​​ប្រទេស​ស៊ីរី​ ក្រោយ​ពី​មាន​ឧប្បត្តិហេតុ​មួយចំនួន​កើតឡើង។ បន្ទាប់ពីមានការ​វាយ​ប្រយុទ្ធ​គ្នា​​ជា​​ច្រើន​​​នៅ​​ស៊ីរី ​គ្រាប់ផ្លោង​ជាច្រើន​​គ្រាប់​ បានធ្លាក់ទៅលើ ​តំបន់​ខ្ពង់​រាប Golan​ក្នុង​ប៉ុន្មាន​ថ្ងៃចុងក្រោយនេះ តំបន់ Golan ដែល​អ៊ីស្រាអែល បានដាក់​ក្រោម​ការ​ត្រួតត្រា​របស់​ខ្លួន ក្រោយពី​វាយ​ដណ្តើម​​​​បាន​នៅ​ឆ្នាំ​១៩៦៧។

លោក​រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Ehud Barad  ទើប​​បាន​គំរាមថា ប្រសិនបើ​មាន​​​​​​​​​​​​​​ការ​​វាយប្រហារ​​ពីប្រទេស​​​ស៊ីរី ​ទៅលើ​ តំបន់ខ្ពង់រាប Golan ប្រទេសអ៊ីស្រាអែល​នឹង​វាយ​បក​​តបត​ភ្លាម​។គួររំលឹកថា ​ចាប់តាំងពីដើម​ដំបូង​នៃ​ការ​ងើប​បះបោរ​នៅ​ក្នុង​ប្រទេស​ស៊ីរីមក​ អ៊ីស្រាអែល ​បាន​​ពង្រឹង​ខ្លាំងថែមទៀតប្រព័ន្ធការពាររជំវិញ​តំបន់ព្រំដែន​របស់​ខ្លួន ដោយបាន​ដាក់​រាយ​​​លួស​​បន្លា​និងការ​ជីកលេន្ឋានជាច្រើនកន្លែង៕​ ​  

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ