អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លីប៊ី៖ គ្រាប់បែក​ទម្លាក់​ដោយ​យន្តហោះ​អូតង់​សម្លាប់​កូនប្រុស​ម្នាក់​របស់​កាដាហ្វ៊ី

ចុះផ្សាយ​នៅ​ថ្ងៃ៖

កូនប្រុស​ម្នាក់ និង​ចៅបីនាក់​របស់​លោក​កាដាហ្វ៊ី​បាន​ស្លាប់ នៅក្នុងការទម្លាក់​គ្រាប់បែក​របស់​យន្តហោះ​អង្គការ​អូតង់ កាលពីយប់​ថ្ងៃ​សៅរ៍​ទី ៣០​មេសា ២០១១។ ចំណែក​លោក​កាដាហ្វ៊ី និង​ភរិយា​ដែលស្ថិត​នៅក្នុង​ផ្ទះ​ជាមួយ​កូនប្រុស ក្នុង​ពេល​ទម្លាក់​គ្រាប់បែកនោះ​ដែរ ត្រូវ​អ្នកនាំពាក្យ​របស់​រដ្ឋាភិបាល​លីប៊ី​និយាយ​ថា មិន​មាន​ជួបរងគ្រោះ​ថ្នាក់​អ្វីទេ។ អ្នកនាំពាក្យ​រដ្ឋាភិបាល​លីប៊ី បាន​ បញ្ចេញ ព័ត៌មាន​នេះ ប៉ុន្តែ មិន​ទាន់​មាន​ការបញ្ជាក់​ពី​អង្គការ​អាត្លង់ទិក​អូតង់។

គ្រាប់មីស៊ីល​ដែល​មិន​ទាន់ផ្ទុះ​នៅក្នុង​ផ្ទះ​របស់​កូនប្រុស​លោក​កាដាហ្វ៊ី នៅក្នុង​ការវាយប្រហារ​របស់​អូតង់​នៅថ្ងៃ​សៅរ៍​ទី ៣០ មេសា
គ្រាប់មីស៊ីល​ដែល​មិន​ទាន់ផ្ទុះ​នៅក្នុង​ផ្ទះ​របស់​កូនប្រុស​លោក​កាដាហ្វ៊ី នៅក្នុង​ការវាយប្រហារ​របស់​អូតង់​នៅថ្ងៃ​សៅរ៍​ទី ៣០ មេសា ©Reuters
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​ផ្ទះ​ដែល​ស្ថិតក្នុង​បរិវេណភូមិគ្រឹះ​របស់​លោកកាដាហ្វ៊ី ​ដែល​អ្នកនាំពាក្យ​រដ្ឋាភិបាល​លីប៊ី​បាន​នាំ​អ្នកកាសែត​បរទេស​ចូល​ទៅ ក្រោយ​ពេល​គេ​លឺ​សំឡេង​ផ្ទុះ ២ម៉ោងនោះ គេ​ឃើញ​តែ​អគារ​ផ្ទះ​រលំ​បាក់បែក​ខ្លាំង និង​ឃើញ​គ្រាប់មីស្ស៊ីល មួយ​គ្រាប់​ដែល​នៅមិនទាន់ផ្ទុះ ក្នុង​គំនរ​ថ្មបាក់ តែប៉ុណ្ណោះ ប៉ុន្តែ គេ​មិន​ឃើញ​មាន​សាកសព ឬ​អ្នករបួស​ទេ។ ជារួម អ្នកកាសែត​​មិន​បាន​ឃើញ​ជនរងគ្រោះ​ដោយ​ផ្ទាល់ភ្នែកទេ ប៉ុន្តែ គេគ្រាន់តែ ឃើញ​មាន​សៀវភៅ ខ្លះ នៅរាយ​លើ​ឥដ្ឋ និង​ឃើញ​ឈាម​ខ្ទាត​ទៅ​ជាប់​លើ​ជញ្ជាំង។ ហើយ​បើតាម​មើល​ពី​ទំហំ​បាក់បែក​របស់អគារ គេ​ពិបាក​នឹង​ជឿថា នឹង​អាច​មាន​អ្នករួចរស់​ជីវិត ព្រោះអាជ្ញាធរ​លីប៊ី​បាន​និយាយ​ថា លោក​កាដាហ្វ៊ី និង​ភរិយា​ដែល​ស្ថិតនៅ​ក្នុង​ផ្ទះ​ក្នុង​ពេលមាន​ទម្លាក់​គ្រាប់បែក មិន​មាន​រងគ្រោះថ្នាក់ និង​កំពុង​ស្ថិតនៅ ក្នុង​ទីតាំង​សុវត្ថិភាព​មួយ។

បើតាម​លោក​ Moussa Ibrahim អ្នកនាំពាក្យ​របស់​លីប៊ី ផ្ទះ​ដែល​អង្គការ​អូតង់​ទម្លាក់​បំផ្លាញ នៅយប់​ថ្ងៃ​សៅរ៍​ម្សិលមិញ ជា​ផ្ទះ​របស់​Saif Al Arab ដែល​ជា​កូនប្រុស​ទីប្រាំមួយ​របស់​លោក​កាដាហ្វ៊ី។ Saif Al Arab អាយុ ២៩​ឆ្នាំ ទើប​ត្រលប់​មក​ពី​បញ្ចប់​ការសិក្សា​ក្នុង​ប្រទេស​អាល្លឺម៉ង់ និង​មាន​ប្រវត្តិរូប​មិនសូវចេញមុខ ចេញមាត់​ដូចជា​បងៗ ប្រុស​របស់ខ្លួន ដែល​សុទ្ធ​តែ​មាន​តួនាទីសំខាន់​ក្នុង​វិស័យ​កងទ័ព​លីប៊ី។

លីប៊ី​ បាន​ចោទ​ថា ការវាយប្រហារ​របស់​យន្តហោះ​អូតង់ ធ្វើ​ឡើង ដោយ​ខុសចាក​ស្រឡះ​ពី​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​លេខ ១៩៧៣ ដែល​កំណត់​ថា ប្រតិបត្តិការ​ទ័ពអាកាស​អន្តរជាតិ​នៅលីប៊ី ធ្វើឡើង ដើម្បី​ការពារ​ជនស៊ីវិល។ កូនប្រុស​របស់​លោក​កាដាហ្វ៊ី គឺជា​ជន​ស៊ីវិល ជនរងគ្រោះ។

គួររំលឹកថា នៅឆ្នាំ ១៩៨៦ នៅក្នុង​ការទម្លាក់គ្រាប់បែក​របស់​យន្តហោះ​អាមេរិកាំង​មកលើ​ផ្ទះ​របស់​លោក​ កាដាហ្វ៊ី លោក​កាដាហ្វ៊ី​បានអះអាងពេល​ដំបូង​ថា ក្មេងស្រី​ដែល​ស្លាប់​ក្នុង​ផ្ទះ​របស់គាត់​ជា​កូនស្រីរបស់​គាត់។ ប៉ុន្តែ ក្រោយមក គាត់និយាយ​ថា ក្មេងស្រី​នោះ​ជា​កូនស្រី​ចិញ្ចឹម​របស់គាត់ទៅវិញ។

អូតង់​បាន​ទទួលស្គាល់​ថា ខ្លួន​បាន​បាញ់​ទៅ​លើ​ភូមិគ្រឹះ​របស់​លោកកាដាហ្វ៊ី ប៉ុន្តែ អូតង់​មិន​បាន​បញ្ជាក់ទេ ថា ការវាយប្រហារ​របស់ខ្លួន បាន​សម្លាប់​កូនប្រុស និង​ចៅៗ​របស់​លោកកាដាហ្វ៊ី។ ចាប់តាំង​ពី​បើកប្រតិបត្តិការ​ចុងខែ​មីនា នៅលីប៊ី នេះ​ជា​លើកទីពីរ​ដែល​អូតង់​បាញ់ប្រហារ​ទៅលើ​អគារ ក្នុង​បរិវេណ​ផ្ទះ​របស់​មេដឹកនាំ​លីប៊ី នៅក្នុង​ទីក្រុង​ទ្រីប៉ូលី។ អូតង់​នៅតែ​បញ្ជាក់​ថា យុទ្ធសាស្រ្ត​របស់ខ្លួន​នៅលីប៊ី គឺ​សំដៅបំផ្លាញ​ផ្នែកយោធា​របស់​លោក​កាដាហ្វ៊ី តែ​មិនមែន​សំដៅបុគ្គល ជនស៊ីវិលទេ។ អូតង់​បាន​សំដែងថា ខ្លួន​មាន​ការសោកស្តាយ បើសិនជា​ការវាយប្រហារ​របស់ខ្លួន​ប៉ះពាល់​ដល់​អាយុ​ជីវិត​របស់​ជន​ ស្លូតត្រង់។

ប៉ុន្តែ នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មានរបស់ខ្លួន​ចេញផ្សាយ នៅថ្ងៃ​អាទិត្យនេះ អូតង់​ក៏​បាន​និយាយ​ការពារ​ខ្លួនដែរថា ​ការវាយប្រហារ​នៅ​យប់​ថ្ងៃ​ម្សិលមិញ គឺ​សំដៅ​ទីតាំង​អាវុធ និង​ទីតាំង​បញ្ជា​កងទ័ព​របស់​លោក​កាដាហ្វ៊ី។ ​គេ​ជឿថា លោក​កាដាហ្វ៊ី​បាន​លាក់​បង្កប់​ក្រោមដី នូវទីតាំង​យោធា​ដ៏រឹងមាំ និង​មាន​អាវុធ​ទំនើបៗ សម្រាប់​បាញ់​យន្តហោះ។

មួយវិញទៀត ការវាយប្រហារ​នៅយប់​មិញ គឺ​ធ្វើឡើង​ក្នុង​ក្របខ័ណ្ឌ​អនុវត្ត​សេចក្តីសម្រេច​របស់​អង្គការ​ សហប្រជាជាតិ។ នោះ​មាន​ន័យថា គេ​អាច​ការពារ​ជនស៊ីវិល​បាន លុះត្រា​តែ អាវុធ និង​ទីតាំង​យោធា​របស់​កាដាហ្វ៊ី​ត្រូវ​បំផ្លាញ។ អង្គការ​អូតង់​បាន​បញ្ជាក់​ថា ខ្លួន​នឹង​បញ្ឈប់​វាយប្រហារ​ផ្លូវអាកាស ​ទៅ​លើ​កម្លាំង​លោកកាដាហ្វ៊ី ដរាប​ណា លោក​កាដាហ្វ៊ី​ព្រម​បញ្ឈប់ កូន​ទាហាន​របស់ខ្លួន កុំឲ្យ​វាយប្រហារ​ទៅ​លើ​ប្រជាជន​ស៊ីវិល តទៅទៀត ជាពិសេស​ប្រជាជន​នៅ​ទីក្រុង​មីស្ត្រាតា។
 

លោក​កាដាហ្វ៊ី​ចេញមុខ​និយាយ​នៅ​តាម​ទូរទស្សន៍​នៅ​ថ្ងៃ​សៅរ៍​ទី ៣០​មេសា ២០១១
លោក​កាដាហ្វ៊ី​ចេញមុខ​និយាយ​នៅ​តាម​ទូរទស្សន៍​នៅ​ថ្ងៃ​សៅរ៍​ទី ៣០​មេសា ២០១១ REUTERS/Libya TV

លីប៊ី៖ អូតង់​ចង់​ផ្តាច់ជីវិត​លោកកាដាហ្វ៊ី
អ្នកនាំពាក្យ​រដ្ឋាភិបាល​លីប៊ី​ពិត​ជា​បាន​និយាយ​បរិហារ​ថា ការវាយប្រហារ​របស់​អង្គការ​អូតង់ គឺ​សំដៅ​ ផ្តាច់​ជីវិត​លោក​កាដាហ្វ៊ី។ គេ​ដឹងហើយថា កាលពី​ ​សប្តាហ៍​មុន អគារ​មួយចំនួន ក្នុង​បរិវេណ​ភូមិគ្រឹះ​របស់​លោក​កាដាហ្វ៊ី អគារ​រដ្ឋាភិបាល និង​ស្ថានីយ៍​ទូរទស្សន៍​លីប៊ី​ក៏​ធ្លាប់​ត្រូវ​យន្តហោះ​អូតង់​បាញ់​បំផ្លាញ​ រួចហើយ។ អ្នកនាំពាក្យ​លីប៊ី​និយាយ​ថា អូតង់​ចង់​សម្លាប់​​លោក​កាដាហ្វ៊ី ​ព្រោះ លោក​កាដាហ្វ៊ី​ឧស្សាហ៍​ប្រើស្ថានីយ៍​ទូរទស្សន៍​ដើម្បី​និយាយ​ទៅ​ កាន់ប្រជាជន។

គេ​សង្ស័យថា ភ្នាក់ងារ​សម្ងាត់​របស់​លីប៊ី​អាចលេច​ធ្លាយ​ព័ត៌មាន​ទៅ​ឲ្យ​អូតង់ ដែល​ធ្វើ​ឲ្យ​អូតង់​ដឹងថា តើ​លោក​កាដាហ្វ៊ី​នៅកន្លែងណា និង​ចាំ​ទម្លាក់​គ្រាប់បែក​ទៅ​លើ​កន្លែង​ដែល​លោក​កាដាហ្វ៊ី​មាន​វត្តមាន។

អង្គការ​អូតង់​បាន​បដិសេធ​ព័ត៌មាន​នេះ និង​ថា ​គោលដៅ​របស់​​កម្លាំង​ទ័ព​អន្តរជាតិ​មិនមែន​​ដើម្បី​​សម្លាប់​លោកកាដាហ្វ៊ី។ ការវាយប្រហារ​នៅយប់​ម្សិលមិញ របស់​អូតង់ ធ្វើឡើង​តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​ លោក​កាដាហ្វ៊ី​បាន​អំពាវនាវ ថា គាត់​អាច​ចរចា​សន្តិភាព និងគោរព​បទឈប់បាញ់ ប្រសិន​បើ​អូតង់​ឈប់បើក​ការបាញ់ប្រហារ​ពីលើ​អាកាស នៅលីប៊ី។ នេះ​បង្ហាញ​ថា អូតង់មិន​ព្រម​ទទួល​ចរចា​ជាមួយ​លោក​កាដាហ្វ៊ី​ទៀតទេ ដោយ​អូតង់​យកលេសថា ​គេ​ចង់​ឃើញ​សកម្មភាព​ជាក់ស្តែង ជាជាង​សំដី​តែ​មាត់។ កន្លងមក ទាហាន​របស់​លោក​កាដាហ្វ៊ី​តែងតែ​ឆ្លៀត​បើកការប្រយុទ្ធ​ទៅ​លើ​ពួកបះបោរ​លីប៊ី នៅក្នុង​ពេល​រដ្ឋាភិបាល​របស់ខ្លួន​ប្រកាស​គោរពបទ​ឈប់បាញ់។

នៅលីប៊ី បាតុកម្ម​ដំបូង​ឡើយ​របស់​ប្រជាជន​ដើម្បី​រិះគន់​រដ្ឋាភិបាល​ពីរឿង​ពុករលួយ និង​អយុត្តិធម៌​របស់​រដ្ឋាភិបាល​បាន​បង្ក​ឲ្យទៅ​ជា​ការងើប​បះបោរ​របស់​ អ្នកប្រឆាំង នៅ ភាគខាងកើត។ ការបះបោរ​របស់​ក្រុមប្រឆាំង​គាំទ្រ​ដោយ​សហគមន៍​អន្តរជាតិ ពេលនេះ បាន​ពន្លិច​លីប៊ី​ទៅ​ក្នុង​សង្រ្គាម​ស៊ីវិល ដែល​មិន​ងាយ​នឹង​ដកខ្លួន​រួច៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ