អានតួអត្ថបទ
ភូមា-សហរដ្ឋអាមេរិក

លោកប្រធានាធិបតី​អាមេរិក​អូបាម៉ា​ប្រកាស​សម្រាល​ទណ្ឌកម្ម​ដាក់លើ​ភូមា​

គណបក្ស​ប្រឆាំង​ភូមា​របស់​លោកស្រី​អ៊ុងសាន​ស៊ូជី​បាន​សម្តែង​ការស្វាគមន៍​ទទួល​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​ នូវ​ការសម្រាល​ទណ្ឌកម្ម​អាមេរិកាំង​ដែលបាន​ដាក់​ទៅលើ​ប្រទេស​ភូមា។​ ក៏​ប៉ុន្តែ​បក្សប្រឆាំង​ភូមា​បាន​ទាមទារ​ឲ្យ​មាន​ការប្រុង​ប្រយ័ត្ន​ហើយនិង​ឲ្យមាន​តម្លាភាព​ពាក់ព័ន្ធ​នឹង​ការ​បោះទុន​ធ្វើ​វិនិយោគ​ ​ ជាពិសេស​នៅក្នុង​វិស័យ​ប្រេងកាត​និង​ឧស្ម័ន។

លោកប្រធានាធិបតី​​អាមេរិក​​អូបាម៉ា​​ប្រកាស​​សម្រាល​​ទណ្ឌកម្ម​​ដាក់លើ​​ភូមា​​
លោកប្រធានាធិបតី​​អាមេរិក​​អូបាម៉ា​​ប្រកាស​​សម្រាល​​ទណ្ឌកម្ម​​ដាក់លើ​​ភូមា​​ Reuters/Kevin Lamarque
ផ្សាយពាណិជ្ជកម្ម

សេចក្តី​សម្រេចចិត្ត​របស់​លោក​ប្រធានាធិបតី​អាមេរិក​អូបាម៉ា​ប្រកាស​សម្រាល​ទណ្ឌកម្ម​ដាក់​ទៅលើ​ភូមា​ ​ ដែលបាន​ថ្លែង​​ឲ្យដឹង​នៅ​ថ្ងៃពុធ​ម្សិលមិញ​ ​ នឹងអាច​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​អាមេរិកាំង​ចូល​ទៅ​បោះទុន​ធ្វើ​វិនិយោគ​នៅ​ក្នុង​ប្រទេស​ភូមា​ ​ ជាពិសេស​នៅ​ក្នុង​វិស័យ​ប្រេងកាត​និង​ឧស្ម័ន​ជាមួយ​ក្រុមហ៊ុន​រដ្ឋភូមា​ឈ្មោះ​ ​ “Myanmar Oil and Gaz Enterprises” ​ឬ​ “សហគ្រាស​ប្រេង​និង​ឧស្ម័ន​មីយ៉ានម៉ា »។

គឺ​​ “Myanmar Oil and Gaz Enterprises” ​ឬ​ “សហគ្រាស​ប្រេង​និង​ឧស្ម័ន​មីយ៉ានម៉ា »​នេះឯង​ដែល​លោកស្រី​អ៊ុងសាន​ស៊ូជី​ធ្លាប់បាន​ព្រមាន​ប្រាប់​ឲ្យ​មាន​ការប្រុង​ប្រយ័ត្ន​ពី​សំណាក់ប្រទេស​បស្ចិមលោក​ ​ នៅ​ខណៈពេល​ដែល​លោក​ស្រី​បាន​ចេញ​មក​បំពេញ​ទស្សនកិច្ច​នៅ​អឺរ៉ុប​កាលពី​ខែមុន។

គួរបញ្ជាក់ថា​ ​ ប្រាក់ចំណូល​បានមកពី​ការលក់​ប្រេងឥន្ធនៈ​និង​ឧស្ម័ន​ភូមា​ដ៏​ច្រើន​មហិមា​នារយៈពេល​៥០ឆ្នាំ​ចុងក្រោយ​នេះ​ឋិត​នៅក្នុង​ដៃ​របស់​អតីត​ក្រុមយោធា​ផ្តាច់ការ​ភូមា។​ បើយោងតាម​ក្រសួង​យកការ​សម្ងាត់​អាមេរិក​ CIA ​ប្រទេស​ភូមា​មាន​ឧស្ម័ន​ប្រមាណ​ ២៨៣​ពាន់លាន​ម៉ែត្រគុប​ ​ ដែល​ក្នុងនោះ​មាន​មួយ​ភាគធំ​ឋិតនៅ​ក្នុង​សមុទ្រ។

ចំណែកឯ​ Ligue Nationale pour la Démocratie (LND) ​ឬ​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​ ដែលជា​គណបក្ស​ប្រឆាំង​ភូមា​របស់​លោកស្រី​អ៊ុងសាន​ស៊ូជី​បាន​ថ្លែង​ប្រាប់ថា​ “ពួកគេ​អបអរ​នឹង​ការសម្រាល​ទណ្ឌកម្ម​អាមេរិកាំង​ដែលបាន​ដាក់​ទៅលើ​ប្រទេស​ភូមា​នេះ”​។​ ក៏​ប៉ុន្តែ​បក្សប្រឆាំង​ភូមា​បាន​ទាមទារ​ឲ្យ​មាន​ការប្រុង​ប្រយ័ត្ន​ហើយនិង​ឲ្យមាន​តម្លាភាព​ពាក់ព័ន្ធ​នឹង​ការ​បោះទុន​ធ្វើ​វិនិយោគ​ ​ ជាពិសេស​នៅក្នុង​វិស័យ​ប្រេងកាត​និង​ឧស្ម័ន។

គួរកត់​សម្គាល់ថា​ ​ បច្ចុប្បន្ននេះ​ ប្រទេស​ភូមា​នៅមាន​កង្វះខាត​ច្រើនណាស់​ ទាំង​ក្របខ័ណ្ឌ​ច្បាប់​ត្រឹមត្រូវ​ ​ ទាំងប្រព័ន្ធ​ធនាគារ​ឲ្យបាន​សមស្រប។​ ទោះបីជា​លោកប្រធានាធិបតី​ភូមា​ ថេន​ សេន​ បាន​ធ្វើ​កំណែ​ទម្រង់​យ៉ាងច្រើន​ ​ ចាប់តាំងពី​របប​គ្រប់គ្រង​ផ្តាច់ការ​យោធា​ភូមា​បានត្រូវ​រំលាយ​នៅខែ​មីនា​ឆ្នាំ២០១១​រួចមក។​ លោក​ ថេន​ សេន​ បាន​ថ្លែង​អះអាង​ឲ្យដឹង​ទៀតថា​ ​ លោកនឹង​ខិតខំ​ធ្វើឲ្យ​មាន​ “តម្លាភាព​អតិបរមា”​ ​ ដើម្បី​បញ្ចៀស​កុំឲ្យ​ប្រាក់​ចំណូល​រដ្ឋ​ធ្លាក់​ទៅក្នុង​ដៃ​របស់​ជន​មួយ​ក្តាប់តូច។

ពាក្យ​សន្យា​របស់​លោក​ ថេន​សេន​ ខាងលើនេះ​ ​ សមស្របនឹង​សេចក្តី​ប្រកាស​សម្រាល​ទណ្ឌកម្ម​របស់​ប្រធានាធិបតី​អាមេរិក​បារ៉ាក់​អូបាម៉ា​ដែល​បាន​ថ្លែង​ប្រកាស​ថា​ ​ “​សហគ្រាស​អាមេរិក​ត្រូវមាន​ស្មារតី​ទទួល​ខុសត្រូវ​ក្នុង​ការ​បោះទុន​ធ្វើ​វិនិយោគ​នៅ​ក្នុង​ប្រទេស​ភូមា”៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ