អានតួអត្ថបទ
Opep

អង្គការ Opep បាន​បង្កើន​ផលិតកម្ម​ប្រេង​ក្នុង​ខែ​មេសា ទោះបី​តម្លៃ​នៅ​ទាប​ខ្លាំង

នៅ​ថ្ងៃ​សុក្រ ទី១៣ ឧសភា អង្គការ​នៃ​ក្រុមប្រទេស​នាំ​ប្រេង​ចេញ​ហៅ​កាត់​ថា Opep បាន​ផ្សព្វផ្សាយ​របាយការណ៍​ប្រចាំ​ខែ​មេសា​កន្លង​ទៅ។ នៅ​ក្នុង​របាយការណ៍​នោះ Opep បាន​ប្រាប់​ឲ្យ​ដឹង​ពី​កំណើន​បរិមាណ​ផលិតកម្ម​ប្រេង​ក្នុង​ខែ​មេសា​ធៀប​នឹង​ខែ​មីនា។ របាយការណ៍​ថ្មី​របស់ Opep បាន​ធ្លាក់​មក ជិត ១ខែ​ក្រោយ​ពី​ក្រុម​ប្រទេស​សមាជិក Opep និង​ក្រុមប្រទេស​មិន​សមាជិក Opep និយាយ​មិន​ចុះ​សម្រុង​គ្នា​ក្នុង​ការ​មិន​បង្កើន​ផលិតកម្ម​ប្រេង​ដើម្បី​ទប់​ការ​ធ្លាក់​ថ្លៃ​យ៉ាង​គំហុក​តាំង​ពី​ពាក់​កណ្តាល​ឆ្នាំ ២០១៤។

លោក Abdullah al-Badri អគ្គលេខាធិការ​អង្គការ Opep
លោក Abdullah al-Badri អគ្គលេខាធិការ​អង្គការ Opep REUTERS/Heinz-Peter Bader
ផ្សាយពាណិជ្ជកម្ម

នៅ​ទីបំផុត និង​ខុស​ពី​ការ​គិត​ទុក អង្គការ Opep មិន​បាន​កាត់​បន្ថយ ឬ​ក៏​រក្សា​កម្រិត​ផលិតកម្ម​ប្រេង​ឲ្យ​នៅ​ឋេរ​ទេ តែ​បែរ​ជា​បាន​ដំឡើង​បន្ថែម​ទៅ​វិញ។ នៅ​ក្នុង​របាយការណ៍​ប្រចាំ​ខែ​ចេញ​ផ្សាយ​ក្នុង​ថ្ងៃ​សុក្រ ទី១៣ ឧសភា Opep បាន​ប្រាប់​ឲ្យ​ដឹង​ពី​ការ​បូមប្រេង​ក្នុង​១ថ្ងៃៗ​ចំនួន​ជាង ៣២លានបារីល​នា​ខែ​មេសា​កន្លង​ទៅ ពោល​មាន​ការ​កើន​ឡើង​ក្នុង​១ថ្ងៃៗ​ចំនួន ១៨៨ ០០០បារីល​ធៀប​នឹង​ខែ​មីនា។ គឺ​ជា​កំណើន​មួយ​ដ៏​សំខាន់​ដែល Opep មិន​ធ្លាប់​បាន​ធ្វើ​ទេ បើ​គិត​តាំង​ពី​ឆ្នាំ ២០០៨។ ប្រសិន​បើ Opep នៅ​បន្ត​ប្រកាន់​យក​វិធានការ​ដូច​ក្នុង​ខែ​មេសា នោះ​កំណើន​បរិមាណ​ប្រេង​ជា​មធ្យម​ក្នុង​១ថ្ងៃ​នៅ​ឆ្នាំ ២០១៦ នេះ​នឹង​មាន​ប្រមាណ ៩៥០ ០០០បារីល។

សូម​ជម្រាប​ជូន​ថា តម្លៃប្រេង​នៅ​លើ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់​ថ្លៃ​យ៉ាង​គំហុក​តាំង​ពី​ពាក់កណ្តាល​ឆ្នាំ ២០១៤ ពី​តម្លៃ ១០០ដុល្លារ​ក្នុង​១បារីល​នា​ដើម​ឆ្នាំ ២០១៤ មក​នៅ​ប្រមាណ​តែ​ជាង ៤០ដុល្លារ​ក្នុង​១បារីល​នា​ពេល​បច្ចុប្បន្ន។ កាល​ពី​ជិត ១ខែ​កន្លង​ទៅ Opep បាន​រួម​ប្រជុំ​ប្រទេស​សមាជិក និង​ប្រទេស​មិន​សមាជិក​ដូច​យ៉ាង​រុស្ស៊ី​ដើម្បី​ស្វែង​រក​វិធានការ​ទប់ស្កាត់​ការ​ធ្លាក់​ថ្លៃ​តម្លៃ​ប្រេង តែ​ទទួល​បរាជ័យ​ដោយ​និយាយ​មិន​ចុះ​សម្រុង​គ្នា។ ក្រៅ​ពី​កិច្ចប្រជុំ​រវាង​ប្រទេស​សមាជិក និង​មិន​សមាជិក Opep ក៏​ធ្លាប់​បាន​រួម​ប្រជុំ​គ្នា​ឯង​ដែរ តែ​នៅ​និយាយ​មិន​ត្រូវ​គ្នា​ដដែល។

តាម​គម្រោង អង្គការ Opep ត្រៀម​នឹង​បើក​កិច្ចប្រជុំ​ថ្មី​រវាង​ប្រទេស​សមាជិក និង​មិន​សមាជិក​នៅ​ថ្ងៃទី២ មិថុនា​ខាង​មុខ តែ​ប្រទេស​រុស្ស៊ី​តាម​រយៈ​រដ្ឋមន្រ្តី​ក្រសួង​ថាមពល​លោក​អាឡិចសង់ ណូវ៉ាក់​បាន​ទម្លាយ​ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ ទី១៣ ឧសភា​ថា ភាគី​រុស្ស៊ី​អាច​នឹង​អវត្តមាន​នៅ​ក្នុង​កិច្ចប្រជុំ​នោះ។ ទន្ទឹម​គ្នា​នេះ លោក​អាឡិចសង់ ណូវ៉ាក់​បាន​បន្ថែម​ថា រុស្ស៊ី​ក្នុងនាម​ជា​ប្រទេស​ផលិតប្រេង​ទី១ ក្នុង​លោក​​បាន​ត្រៀម​ខ្លួន​ជានិច្ច​ដើម្បី​ចូលរួម​ប្រជុំ​ជាមួយ​អង្គការ Opep ប្រសិន​បើ​មាន​សំណើ​អញ្ជើញ​ឲ្យ​ចូលរួម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ