អានតួអត្ថបទ
ប្រេង

ប្រទេស​ផលិតប្រេង​ប្រជុំគ្នា​ដើម្បី​ជជែក​ពី​បញ្ហា​តម្លៃប្រេងទាបជ្រុល

បណ្តា​ប្រទេស​នាំចេញ​ប្រេងឆៅ​ជួប​ប្រជុំគ្នា នៅថ្ងៃ​អាទិត្យ​នេះ នៅ​ក្នុង​ទីក្រុង​ដូហា ប្រទេស​កាតា ដើម្បី​ជជែក​គ្នា អំពី​បញ្ហា​តម្លៃ​ប្រេងឆៅ ដែល​មាន​តម្លៃ​ទាប​ខ្លាំង​ ហើយ​បង្ក​ជា​បញ្ហា​ដល់​សេដ្ឋកិច្ច​ជាតិ​របស់​ពួកគេ ដែល​សុទ្ធសឹង​ជា​ប្រទេស​ពឹងផ្អែក​លើ​ចំណូល​ពី​កា​រលក់​ប្រេង។ ប្រធានបទ​ចម្បង​នៃ​កិច្ចប្រជុំ​ថ្ងៃ​អាទិត្យ​នេះ គឺ​បរិមាណប្រេង ដែល​គេ​ត្រូវ​បូម​យក​ទៅលក់​ក្នុង​ទីផ្សារ​អន្តរជាតិ។

ការកំណត់​បរិមាណ​បូមប្រេង​គឺ​ជា​ចំណុច​ដ៏​ចម្រូងចម្រាសមួយ រវាង​ប្រទេស​នាំចេញ​ប្រេង នៅ​ក្នុងពេល​ដែល​តម្លៃ​ប្រេង​មាន​កម្រិត​ទាប​ធ្វើ​ឲ្យ​បាត់បង់​ប្រាក់​ចំណូល​របស់​ពួកគេ
ការកំណត់​បរិមាណ​បូមប្រេង​គឺ​ជា​ចំណុច​ដ៏​ចម្រូងចម្រាសមួយ រវាង​ប្រទេស​នាំចេញ​ប្រេង នៅ​ក្នុងពេល​ដែល​តម្លៃ​ប្រេង​មាន​កម្រិត​ទាប​ធ្វើ​ឲ្យ​បាត់បង់​ប្រាក់​ចំណូល​របស់​ពួកគេ REUTERS/Sergei Karpukhin/Files
ផ្សាយពាណិជ្ជកម្ម

កិច្ចប្រជុំ​នៅ​ទីក្រុង​ដូហា​នៅថ្ងៃ​អាទិត្យ​នេះ គឺ​ជា​កិច្ចប្រជុំ​ពិសេស ដោយ​មាន​ការ​ចូល​រួម​ពី​សំណាក់​ប្រទេស​សមាជិក​អង្គការ​ OPEC ផង និង​ប្រទេស​ក្រៅ​ OPEC ផង ជាពិសេស គឺ​រុស្ស៊ី ដែល​ជា​ប្រទេស​នាំប្រេងចេញ​ច្រើន​ជាងគេ​លំដាប់ទី២ លើ​ពិភពលោក​បន្ទាប់​ពី​អារ៉ាប៊ីសាអ៊ូឌីត។ ការបើក​កិច្ចប្រជុំ​ពិសេស​ស្ទើរតែ​គ្រប់​ប្រទេស​នាំចេញ​ប្រេង​បែបនេះ គឺ​ជា​ការ​បញ្ជាក់​ឲ្យ​ឃើញ​ពី​ក្តីបារម្ភ​ អំពី​តម្លៃ​ប្រេង ដែល​ធ្លាក់​ចុះ​ទាប​ខ្លាំង ហួស​ពី​អ្វី​ដែល​គេ​រំពឹង​ចង់បាន។

គួរបញ្ជាក់ថា តម្លៃប្រេងឆៅ​នៅលើ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់ ចាប់តាំង​ពី​ខែ​មិថុនា​ឆ្នាំ​២០១៤ គឺ​ធ្លាក់​ចុះ​ពី ១១៥ដុល្លារ​ក្នុងមួយ​បារីល រហូត​មក​ដល់​កម្រិត​ទាបបំផុត​ត្រឹម ២៧ដុល្លារ នៅដើម​ឆ្នាំ​២០១៦ មុននឹង​កើនឡើង​មកវិញ​ត្រឹមប្រមាណ​ជា ៤០ដុល្លារ​ក្នុងមួយ​បារីល។

ការធ្លាក់ចុះ​នៃ​តម្លៃ​ប្រេងនេះ​បាន​ធ្វើ​ឲ្យ​ប្រទេស​នាំចេញ​ប្រេង​ត្រូវ​បាត់បង់​ប្រាក់​ចំណូល​រាប់ពាន់លាន​ដុល្លារ ហើយ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ទើប​នឹង​បាន​ធ្វើការ​វាយតម្លៃ​កាល​ពី​ដើមសប្តាហ៍​មុន​ថា វា​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ស្ថិរភាព​ហិរញ្ញវត្ថុ​នៃ​បណ្តា​ប្រទេសអស់ទាំងនេះ។

គ្រប់គ្នា​សុទ្ធតែ​ដឹង​ថា ការធ្លាក់ចុះ​នៃ​តម្លៃប្រេងឆៅ​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ គឺ​ដោយសារ​តែ​បរិមាណ​ប្រេង​ដែល​គេ​បូមយក​មកលក់ មាន​ចំនួន​ច្រើន​ជាង​តម្រូវការ​នៃ​ទីផ្សារ។ ដូច្នេះ វិធានការ​សមស្រប ដើម្បី​ជំរុញ​ឲ្យ​តម្លៃ​ប្រេង​កើនឡើង​មកវិញ គឺ​ការ​​កាត់បន្ថយ​ការ​បូមប្រេង។ ក៏ប៉ុន្តែ ប្រទេស​ខ្លះ ជាពិសេស អារ៉ាប៊ីសាអ៊ូឌីត មិនព្រម​កាត់បន្ថយ​ការ​បូមប្រេង ដោយសារ​តែ​ខ្លាច​បាត់បង់​ចំណែក​ទីផ្សារ ទៅក្នុងដៃ​ក្រុមហ៊ុន​អាមេរិក។

ហេតុដូច្នេះហើយ​បាន​ជា​គេ​មិនរំពឹង​ថា នៅ​ក្នុង​ការប្រជុំ​នៅ​ក្នុង​ទីក្រុង​ដូហា​នៅថ្ងៃនេះ គេ​នឹង​ជជែក​គ្នា​តែ​ទៅលើ​ការ​បង្កក​បរិមាណ​ផលិត​ប៉ុណ្ណោះ ពោលគឺ រក្សា​បរិមាណ​បូមប្រេង​ឲ្យ​នៅ​ត្រឹម​កម្រិត​បច្ចុប្បន្ន ដោយ​គ្មាន​ការ​បង្កើន ប៉ុន្តែ ក៏​គ្មាន​កា​រកាត់បន្ថយ​នោះដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ