អានតួអត្ថបទ
លីប៊ី

អូតង់​ក្លាយ​ជា​មេបញ្ជាការ​ប្រតិបត្តិការ​យោធា​នៅ​លីប៊ី

ដំណើរ​រុល​​ទៅ​មុខ​របស់​ពួក​បះបោរ​ប្រឆាំង​នឹង​របប​កាដាហ្វ៊ី​ កំពុង​តែ​ជួយ​សម្រួល​ការវាយ​ប្រហារ​របស់​កងទ័ពសម្ព័ន្ធមិត្តអន្តរជាតិ។ កងទ័ព​សម្ព័ន្ធមិត្ត​ដែល​ពេល​នេះ មាន​អង្គការ​អូតង់ ជា​មេបញ្ជាការ​​ដឹក​នាំ​ប្រតិបត្តិការសឹក នៅ​លីប៊ី ស្រប​តាម​សេចក្តី​សម្រេច​ចិត្ត​របស់​អង្គការ​សហប្រជាជាតិ ចាប់​ពី​រសៀល​ថ្ងៃ​ទី​២៧​មីនា ២០១១។

ប្រទេស​បារាំង​ចូល​រួម​ធ្វើ​ប្រតិបត្តិការ​យោធា​នៅ​លីប៊ី​ក្នុង​នាម​ជា​សមាជិក​អង្គការ​អូតង់
ប្រទេស​បារាំង​ចូល​រួម​ធ្វើ​ប្រតិបត្តិការ​យោធា​នៅ​លីប៊ី​ក្នុង​នាម​ជា​សមាជិក​អង្គការ​អូតង់ REUTERS/Benoit Tessier
ផ្សាយពាណិជ្ជកម្ម
01:23

សេចក្តី​រាយការណ៍​របស់ អៀង សុខម៉ិញ

ប្រតិបត្តិការ​យោធា​នៅ​លីប៊ី​ ទាំង​មូល​ត្រូវ​ដឹក​នាំ​ ​ដោយ​អូតង់  ក្នុង​ក្រប​ខ័ណ្ឌ​អង្គការ​សហប្រជាជាតិ។ ការ​ទទួល​ខុស​ត្រូវ​នេះ ចាប់​ផ្តើម​មាន​សុពលភាព​ភ្លាម​​​តែ​ម្តង។ នេះ​បើ​តាម​ការ​អះអាង​របស់​អគ្គលេខាធិការ​អង្គការ​អូតង់។

អូតង់ ដែល​មាន​ភារៈ​ទទួល​បន្ទុក​ធ្វើ​ប្រតិបត្តិការ​​ល្បាត​​លើ​​​តំបន់​ ​ហាមឃាត់​ការ​ហោះ​ហើរ លើ​ដែន​អាកាស​លីប៊ី និង​ដែល​ទទួល​ខុស​ត្រូវ​ត្រួត​ពិនិត្យ​ដែន​សមុទ្ទ​ក្រែង​មាន​ការ​បញ្ជូន​អាវុធ​ឲ្យ​លីប៊ី​មក រួច​ស្រាប់​ទៅ​ហើយនោះ​ នៅ​ពេល​នេះ ​អូតង់ ត្រូវ​គ្រប់​គ្រង​បញ្ជា​លើ​ការ​វាយ​ប្រហារ​​ដែន​គោក​ទាំង​ឡាយ​ ដើម្បី​កាត់​ផ្តាច់ និ​ង​កម្ទេច​កម្លាំង​យោធា​ស្និទ្ធនឹង​របប​ កាដាហ្វ៊ី។

នេះ​គឺ​ជា​អ្វី​ដែល​ឯកអគ្គរដ្ឋទូត​ទាំង​២៨ ប្រទេស​ជា​សមាជិក​អង្គការ​​អូតង់​បាន​យល់​ព្រម​ព្រៀង​គ្នា​នៅ​ល្ងាច​មិញ​ បិទ​បញ្ចប់​រាល់​ភាព​ចម្រូង​ចម្រាស​​នៃ​ការ​ស្វែង​រក​​មេ​បញ្ជាការ​ ដែល​អូសបន្លាយ​អស់​រយៈ​ពេល​​មួយ​សប្តាហ៍។

សូម​បញ្ជាក់​ថា​ពី​ដំបូង​ឡើយ បារាំង​ជាប្រទេស​មួយ​ក្នុង​ចំណោម​បីប្រទេស​​ដែល​ជា​អ្នក​ដឹក​នាំ​ប្រតិបត្តិការ​យោធា​នៅ​លីប៊ី ប្រាថ្នា​ចង់​ឲ្យ​ប្រទេស​សម្ព័ន្ធ​មិត្ត​ បារាំង អាមេរិក និង​អង់គ្លេស​ រក្សា​​​​ការ​ទទួល​ខុស​ត្រូវ​ទម្លាក់​គ្រាប់​បែក ប៉ុន្តែ​ប្រទេស​ទួរគី​ ដែល​មាន​សិទ្ធិ​ប្រឆាំង​វេតូ​ក្នុង​អង្គការ​អូតង់​បាន​ប្រឆាំង។ ហើយ​បន្តិច​ម្តងៗ​សំណើ​របស់​ប្រទេស​ជា​សមាជិក​កាន់​តែ​ខិត​ចូល​គ្នា​រហូត​ដល់​មាន​កិច្ច​ព្រមព្រៀង​ ប្រគល់​ការ​ទទួល​ខុស​ត្រូវ​ការពារ​បណ្តា​ជន​ស៊ីវិល ព្រម​ទាំង​តំបន់​មាន​ប្រជាជន​រស់​នៅ​ ឲ្យ​អូតង់​ ដោយ​មាន​បេសកកម្ម​អាច​ទម្លាក់​គ្រាប់​បែក​បាន​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ