អានតួអត្ថបទ
ហ្វីលីពីន

ចំណាប់ខ្មាំង​ហ្វីលីពីន​ទាំងអស់​ត្រូវបាន​ដោះលែង​គ្រប់គ្នា​ហើយ​

អាជ្ញាធរ​ហ្វីលីពីន​​ បានរំពឹង​ទុក​​នៅថ្ងៃ​សៅរ៍​នេះថា ​​ ​ចំណាប់ខ្មាំងទាំងអស់​​​ដែល​ក្រុមឧទ្ទាម​​អ៊ីស្លាម​ ឈ្មោះថា ក្រុម​រណសិរ្ស​ម៉ូ​រ៉ូ​រំដោះជាតិ​ហ្វីលីពីន បាន​ចាប់​យកទៅ ជិតបីសប្តាហ៍​មកនេះ នៅទីក្រុង​កំពង់ផែ Zamboanga ត្រូវបាន​ដោះលែង​​គ្រប់គ្នាហើយ។ ​​បើគិត​ទៅ ចំណាប់ខ្មាំង​សរុប​១៩៥នាក់ បាន​ត្រូវជួយសង្គ្រោះ រឺ​ក៏​​ត្រូវបាន​ក្រុមឧទ្ទាម​ដោះលែង។ យោងតាម​កងទ័ព​ហ្វីលីពីន ការ​ប្រយុទ្ធ​កន្លងមក​ រវាង​កងទ័ព​​ និង​ក្រុមឧទ្ទាមអ៊ីស្លាម​ បាន​ធ្វើអោយ​​​ស្លាប់​ក្រុមឧទ្ទាម​​ ១៦៦នាក់ ស្លាប់​ទាហាន​ហ្វីលីពីន​២៣នាក់ និង​ជន​ស៊ីវិល​១២នាក់។

កងទ័ព​ហ្វីលីពីន​ទទូច​ចង់​បន្ត​ប្រតិបត្តិការ​​ប្រឆាំង​ក្រុមឧទ្ទាម​ដែល​នៅសេសសល់។ កងទ័ព​គិតថា ពួកគេ​មានគ្នា​មិនច្រើន​នោះទេ។
កងទ័ព​ហ្វីលីពីន​ទទូច​ចង់​បន្ត​ប្រតិបត្តិការ​​ប្រឆាំង​ក្រុមឧទ្ទាម​ដែល​នៅសេសសល់។ កងទ័ព​គិតថា ពួកគេ​មានគ្នា​មិនច្រើន​នោះទេ។ REUTERS/Erik De Castro
ផ្សាយពាណិជ្ជកម្ម

លោកស្រី អាប៊ីហ្កែល វ៉ាល់តេ ជា​អ្នកនាំពាក្យ​​ប្រធានាធិបតី​ហ្វីលីពីន​ បាន​បញ្ជាក់​ប្រាប់​ថា រាល់​បណ្តា​ជន​ដែល​គេគិតថា ត្រូវ​បាន​​​ក្រុម​ឧទ្ទាម​រណសិរ្ស​ម៉ូ​រ៉ូ​រំដោះជាតិ​ហ្វីលីពីន ​ចាប់​យកធ្វើជា​ចំណាប់ខ្មាំង នៅ​ទីក្រុង Zamboanga ​ជិត​បីសប្តាហ៍​មកនេះ ត្រូវ​បាន​គេ​រកឃើញអស់​ហើយ។ នៅក្រុងកំពង់ផែ​​ Zamboanga ​​ ស្ថិត​លើ​​​កោះ​មីនដាណាវ ចំណាប់​ខ្មាំង​ដែល​​​​មាន​គ្នា​សរុប ១៩៥នាក់​ ត្រូវ​បាន​ជួយសង្គ្រោះ​ ឬ​ក៏​ត្រូវ​​បាន​​ក្រុមឧទ្ទាម​ដោះលែង។​

ទោះយ៉ាងនេះ​ក្តី កងទ័ពហ្វីលីពីន បានទទូច​អោយ​បន្ត​ប្រតិបត្តិការ​យោធា​ប្រឆាំង​ក្រុមឧទ្ទាម​​​ជាបន្ត​ទៀត​​ ​​ចាប់​​​​ខ្លួន​ក្រុមឧទ្ទាម​អោយបាន​គ្រប់គ្នា ដើម្បី​ធានាបាន​សន្តិសុខ​ជាក់លាក់។ នៅពេល​នេះ ក្រុមឧទ្ទាម​មួយចំនួន​នៅ​លាក់ខ្លួន​ នៅក្នុង​ក្រុង​នៅឡើយ។ ក្នុង​ប្រតិបត្តិការ​ប្រឈមមុខ​ជាមួយ​ក្រុមឧទ្ទាម​អ៊ីស្លាម​ កន្លងមក កងទ័ព​បាន​ចាប់ខ្លួន​ក្រុមឧទ្ទាម​បាន​២៣៨នាក់។ តុលាការ​ហ្វីលីពីន​នឹង​​កាត់ទោស​ជនទាំងអស់នេះ នៅពេល​ខាងមុខ។

កងទ័ព​​ហ្វីលីពីន​នៅមិនទាន់​ដឹងថា តើ​​​ហាប៊ីយេ ម៉ាលិក ដែលគេគិតថា ជា​មេដឹកនាំ​​នៃ​ការ​​​វាយប្រហារ​​ជិត​២០ថ្ងៃ​មកនេះ និងនួរ មីស៊ូយ៉ារី ​ស្ថាបនិក​ក្រុមឧទ្ទាម​​រណសិរ្ស​ម៉ូរ៉ូរំដោះជាតិ​ នេះ កំពុង​ស្ថិតនៅ​ទីណា​នោះទេ។ កងទ័ព​ហ្វីលីពីន​គិតថា ​មីស៊ូយ៉ារី ជា​អ្នក​បញ្ជូន​​ម៉ាលិក និង​សកម្ម​ជន​រាប់រយនាក់​ទៅ​ក្រុង Zamboanga ដើម្បី​ធ្វើ​អោយបរាជ័យ​​កិច្ចចរចាសន្តិភាព​​​រវាង​រដ្ឋាភិបាល​ និង​ក្រុមឧទ្ទាម​អ៊ីស្លាម​មួយក្រុមទៀត ដែល​មាន​ឈ្មោះ​ថា រណសិរ្ស​​ម៉ូរ៉ូរំដោះ​អ៊ីស្លាម​​ ​ដែល​ជា​ក្រុម​ប្រណាំងប្រជែង​នឹង​ចលនា​រណសិរ្ស​ម៉ូរ៉ូរំដោះ​ជាតិហ្វីលីពីន។

សំរាប់​ក្រុមឧទ្ទាម​រណសិរ្ស​ម៉ូរ៉ូរំដោះ​ជាតិ​ ​​ការចរចា​រវាង​​រដ្ឋាភិបាល​ចរចា​ជាមួយ​ក្រុមប្រជែង​នេះ គឺ​ជា​​ការរំលោភ​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ឆ្នាំ​១៩៩៦ ដែល​រដ្ឋាភិបាល​បានចុះ​ហត្ថលេខា​​​​ជាមួយ​ក្រុម​ខ្លួន។ កន្លងមក រដ្ឋាភិបាល និង​ក្រុម​ឧទ្ទាម​បាន​ជួប​ចរចា​គ្នា​ដើម្បី​ព្យាយាម​ដាក់​តំបន់​ប៉ែកខាងត្បូង​​ ជា​តំបន់​ស្វ័យត គឺ​មិនមែន​ជា​តំបន់​ឯករាជ្យ​នោះ​ទេ។ គិត​​ពី​ទសវត្ស​រ​ឆ្នំា ១៩៧០​មក ការ​ប្រឈមមុខ​រវាង​រដ្ឋាភិបាល​ ​និង​​ក្រុម​​រណសិរ្យ​​ម៉ូរ៉ូ​រំដោះ​ជាតិ​របស់​​​​នួរ មីស៊ូយ៉ារី ​បាន​សម្លាប់​​មនុស្ស​​ ១៥ម៉ឺន​នាក់ និងធ្វើអោយ​មាន​ប្រជាជន​​​ភៀសខ្លួន​រាប់សិបពាន់​​នាក់​​ផ្សេងទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ