អានតួអត្ថបទ
វ៉េណេស៊ុយអេឡា

ប្រធានាធិបតី​​​វេណេស៊ុយអេឡា Hugo Chavez ​​ទទួល​​មរណភាព​

លោក​​ Hugo Chavez ដែល​ជា​មេដឹក​នាំ​ដ៏​ល្បី​ឈ្មោះ​​​នៅ​ប្រទេស​វ៉េណេស៊ុយអេឡា បាន​ទទួល​មរណភាព​ នៅ​ថ្ងៃ​អង្គារ​ ម្សិលមិញ ក្នុង​អាយុ​ ៥៨​ ឆ្នាំ ដោយ​រោគមហារីក​ប្រូស្តាត។ ​​Hugo Chavez ​​កាន់​តំណែង​​ជា​ប្រធានាធិបតី​​​វ៉េណេស៊ុយអេឡា តាំង​ពី​ឆ្នាំ ១៩៩៨ មកម្ល៉េះ។ លោក​បាន​លាចាក​លោក ដោយ​​បាន​បន្សល់​ទុក​​នាម​ជា​មេដឹក​នាំ​​​ដែល​ចេះ​ប្រើ​​វោហារ​​ដើម្បី​​ទទួលបាន​ប្រជាប្រិយភាព​ពី​អ្នក​បោះ​ឆ្នោត​​​ ហើយ​ក៏​ជា​មេដឹកនាំ​ដែល​ចេះ​​ឆ្លៀត​យក​ប្រយោជន៍​ពី​ធនធាន​ប្រេង​ក្នុង​ស្រុក ដើម្បី​​ផ្គត់ផ្គង់​ដំណើរ​ការ​នយោបាយ​របស់​ខ្លួន​ផងដែរ។

លោក​​ Hugo Chavez មេដឹកនាំ​សំខាន់​មួយ​រូប​ នៅ​អាមេរិកឡាទីន
លោក​​ Hugo Chavez មេដឹកនាំ​សំខាន់​មួយ​រូប​ នៅ​អាមេរិកឡាទីន REUTERS/Carlos Garcia Rawlins
ផ្សាយពាណិជ្ជកម្ម

នៅ​ប្រទេស​វ៉េណេស៊ុយអេឡា ប្រធានាធិបតី Hugo Chavez ទទួល​មរណភាព​ កាល​ពី​ថ្ងៃ​​អង្គារ​ម្សិលមិញ​នេះ ក្នុង​អាយុ ៥៨ ឆ្នាំ ​ដោយ​សារ​រោគ​មហារីកប្រូស្តាត​ ដែល​បាន​បៀតបៀន​ខ្លួន​លោក តាំង​ពី​​ឆ្នាំ​ ២០១១ មក​។ 

Hugo Chavez ត្រូវ​បាន​គេ​ស្គាល់​​ច្បាស់​នៅ​អាមេរិកឡាទីន ដោយ​សារ​ថា លោក​​​ចង់​យក​គំរូ​តាម​​ Simon Bolivar​ ដែល​ជា​វីរបុរស​​​​​ជួយរំដោះ​​​​​ប្រទេស​​ជា​ច្រើន​ នៅ​អាមេរិក​ឡាទីន​ អោយ​ទទួល​បាន​ឯករាជ្យ​ភាព ពី​អាណានិគម​អេស្ប៉ាញ។

Hugo Chavez មាន​ដើម​កំណើត​​កើត​ជា​ នៅ​ក្នុង​ក្រុង​ Sabaneta ក្នុង​​រដ្ឋ​ Barinas ប៉ែក​ខាង​លិច​ ប្រទេស​វ៉េណេស៊ុយអេឡា​​។ ​មាន​កំណើត​ចេញ​ពី​​​​​ត្រកូល​គ្រួសារ​​គ្រូបង្រៀន​ Hugo Chavez លោក​បាន​ចូល​ធ្វើ​ជា​ទាហាន​ ដែល​នៅ​ទីនោះ​ លោក​ទទួល​បាន​ការ​សិក្សា​ដោយ​ឥតគិតថ្លៃ។ នៅ​ឆ្នាំ​ ១៩៨៣ Hugo Chavez បាន​បង្កើត​​​ចលនា​​​មួយ​ មាន​ឈ្មោះ​ថា ចលនា​បដិវត្តន៍​បូលីវ៉ា ២០០ ដើម្បី​ឧទ្ទិស​ដល់​ខួប​២០០​ឆ្នាំ នៃ​ការ​ស្លាប់​របស់​​ Simon Bolivar​ ដែល​ជា​វីរបុរស​ឯករា​ជ្យ​ភាព​​ នៅ​អាមេរិកឡាទីន។

នៅឆ្នាំ​ ១៩៩២ Hugo Chavez បាន​ដឹកនាំ​រដ្ឋប្រហារ​ទំលាក់​ប្រធានាធិបតី​ Carlos Andres Perez​ ពី​តំណែង​ ប៉ុន្តែ​រដ្ឋប្រហារ​បាន​ទទួល​បរាជ័យ​​ ធ្វើ​អោយ​ Hugo Chavez ជាប់​ពន្ធនាគារ​​ពីរ​ឆ្នាំ។ Hugo Chavez នៅ​តែ​ចចេស​រឹងរូស​មិន​​អស់ចិត្ត​នឹង​​បរាជ័យ​របស់​​ខ្លួន។ នៅ​ក្នុងពន្ធនាគារ​ លោក​បាន​​​​ថតវីដេអូរូបភាព​អំពាវនាវ​​អោយ​​មាន​ការ​បះបោរ​នៅ​ក្នុង​ប្រទេស។ កងទ័ពវ៉េណេស៊ុយអេឡា ដែល​​គាំទ្រ​​​​លោក​ បាន​ព្យាយាម​ធ្វើ​រដ្ឋប្រហារទំលាក់​ប្រធានាធិបតី ​ Perez​​ ម្តង​ទៀត​ ប៉ុន្តែ​នៅ​តែ​មិន​បាន​ជោគជ័យ​។

នៅ​ឆ្នាំ​ ១៩៩៤ Hugo Chavez បាន​ទទួល​សំណាង​ល្អ​ ដោយ​បាន​ទទួល​ការ​លើក​លែង​ទោស​ពី​លោកស្រី Rafael Caldera ​ដែល​ជា​ប្រធានាធិបតី​ជាប់​ឆ្នោត​ថ្មី​ ក្នុង​ប្រទេស។
បន្ទាប់​ពី​នោះ​មក លោក​បាន​បង្កើត​​គណបក្ស​នយោបាយ​​ឆ្វេង​និយម​​មួយ​ ដែល​មាន​ឈ្មោះ​ថា ចលនា​​សាធារណរដ្ឋ​ទី​៥ ​មាន​គោលការណ៍​យោធា​តិច​ជាង​ចលនាបដិវត្តន៍​បូលីវ៉ា ២០០។ នៅ​​ខែ​ធ្នូ​ ១៩៩៨ លោក​បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​ ដោយ​ទទួល​បាន​​សម្លេង​ឆ្នោត​​​រហូត​ដល់ ៥៦ ភាគរយ ដែល​មិន​ធ្លាប់​មាន​ នៅ​​​វ៉េណេស៊ុយអេឡា។
ទន្ទឹម​នេះ​ដែរ Hugo Chavez ចេះ​ប្រើ​វោហារ​​ពាក្យពេចន៍ ទាក់ទាញ​ប្រជាជន​ក្នុង​ប្រទេស​​ ជា​ពិសេស​ប្រជាជន​ក្រីក្រ។

នៅ​ឆ្នាំ ១៩៩៩ លោក​បាន​​រៀបចំ​អោយ​មាន​ការ​បោះ​ឆ្នោត​ប្រជាមតិ​ ដើម្បី​ប្តូរ​​រដ្ឋធម្មនុញ្ញ​ក្នុង​ប្រទេស។ ប្រជាជន​​​វ៉េណេស៊ុយអេឡា ៩២​ ភាគរយ បាន​បោះ​ឆ្នោត​​អោយ​ប្តូរ​រដ្ឋធម្មនុញ្ញ​ ដែល​កាន់​​​តែ​ពង្រឹង​អំណាច​របស់​លោក Chavez។ លោក Chavez បាន​ធ្វើ​កំណែ​ទម្រង់​ក្នុង​ប្រទេស​ ជួយ​ដល់​​ប្រជាជន​​ក្រីក្រ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ពាក្យ​សន្យា​ក្នុង​ការ​ឃោសនា​​​​​​បោះ​ឆ្នោត​របស់​លោក។ បន្តិច​ម្តងៗ​ លោក​ Chavez ចាប់​ផ្តើម​ប្រើ​អំណាច​គ្រប់គ្រង​ផ្នែក​យោធា រដ្ឋបាល​ និង​​សហគ្រាស​ធំៗ​របស់​រដ្ឋ​។ ជា​ញឹកញាប់ លោក​តែង​តែ​​បញ្ជូល​​​ទាហាន​នានា​ ទៅ​ក្នុង​​មុខ​តំណែង​សំខាន់ៗ ក្នុង​ប្រទេស។​​​ 

នៅ​ក្រោម​​​ការ​​គ្រប់​គ្រង​​របស់​ Hugo Chavez បណ្តាញ​សារព័ត៌មាន​ដូច​ជា​ទូរទស្សន៏​អន្តរជាតិ​ RCTV និង​​វិទ្យុ​​ជាង​៦០​ទៀត ត្រូវបាន​បិទ​អោយ​លែង​ដំណើរ​ការ ដោយ​សារ​តែ​​​ប្រឆាំង​នឹង​រដ្ឋាភិបាល​។ ថ្វីដ្បិត​តែ​​មាន​ការ​ចោទ​ប្រកាន់​ថា​​​លោក​ជា​ជន​ផ្តាច់​​ការ Hugo Chavez តែង​តែ​លើកឡើង​​ហេតុផល​នៃ​ជោគជ័យ​​របស់​លោក​ ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី ឆ្នាំ ២០០០ ២០០៦ និង​២០១២ ជា​និច្ច។

ទន្ទឹម​នេះ​ដែរ Hugo Chavez ចេះ​ប្រើ​​ចំណូល​ដែល​បាន​មក​ពី​ធនធាន​ប្រេង​ ក្នុង​ស្រុក​​ដើម្បី​យក​ទៅ​​​បំរើ​សង្គម​​ ដូច​ជា​​​​​លើក​តំកើង​​ផ្នែកបរិដ្ឋាន ​សុខភាព សាលារៀន សិទ្ធិស្ត្រី និង​ជួយ​អោយ​ប្រជាជន​ទទួល​បាន​ទឹកស្អាត​ប្រើប្រាស់​ ជាដើម។ ផលប្រយោជន៍​ដែល​ទទួល​បាន​ធនធាន​ប្រេង បាន​ធ្វើ​អោយ​​​​​វ៉េណេស៊ុយអេឡា ក្លាយ​ជា​​មហាអំណាច​សេដ្ឋកិច្ច​ទី​បួន នៅ​អាមេរិកឡាទីន។

ទាក់​ទង​នឹង​នយោបាយ​ការ​បរទេស​វិញ លោក​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​តួឯក​ប្រឆាំង​នឹង​សហរដ្ឋ​អាមេរិក។ ​​​វ៉េណេស៊ុយអេឡា​របស់​ Hugo Chavez ចូលចិត្ត​ចង​មិត្ត​ជាមួយ​ប្រទេស​​មួយ​​ចំនួន​ដូច​ជា​ លីប៊ី គុយបា ស៊ីរី រឺ​ក៏​អ៊ីរ៉ង់​ ដែល​សុទ្ធសឹង​ជា​ប្រទេស​​​​ដើរ​ផ្ទុយ​ពី​បណ្តា​​​​បស្ចិម​ប្រទេស។ លោក​​ Hugo Chavez ក៏​ខិតខំ​​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ប្រទេស​សំខាន់​ដូច​ជា ​រុស្ស៊ី និង​ចិន​ផងដែរ។

កាល​ពី​​ខែ​ធ្នូ​ ឆ្នាំ​ ២០១២ លោក​បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​សំរាប់​អណត្តិ​ទីបី​ ក្នុង​ប្រទេស។ បន្ទាប់​ពី​ដឹង​ខ្លួន​ថា​​​​មាន​ជំងឺ​មហារីក​មក លោក ​Hugo Chavezធ្លាប់​បាន​ប្រកាស​ថា បើ​ទោះ​ជា​លោក​លែង​​​មាន​​ជីវិត​​​ក៏​ដោយ ឈ្មោះ​របស់​លោក នឹង​​នៅ​តែ​តំណាង​អោយ​ព្រលឹង​ជាតិ​ ដើម្បី​បន្ត​​ការ​​តស៊ូ​ជួយ​​ប្រទេស​​​​​​វ៉េណេស៊ុយអេឡា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ