អានតួអត្ថបទ
ស៊ីរី

សម្ព័ន្ធប្រឆាំង​ស៊ីរី​បើក​ស្ថានទូត​ទីមួយ​របស់​ខ្លួន​នៅ​ប្រទេស​កាតារ​

បន្ទាប់​ពី​បាន​ទទួល​អាសនៈ​តំណាង​ប្រទេស​ស៊ីរី​​ពី​សំណាក់​សម្ព័ន្ធ​អារ៉ាប់​រួច​មក សម្ព័ន្ធ​ប្រឆាំង​ស៊ីរីបាន​​បើកស្ថាន​ទូត​ទីមួយ​​របស់​ខ្លួន​ កាល​ពី​​​ថ្ងៃ​ពុធ​ម្សិលមិញ នៅ​​ក្រុងដូហា​ប្រទេស​កាតារ។ ស្របពេល​នេះ​ដែរ ឆ្លើយ​តប​ទៅ​នឹង​ការបដិសេធ​របស់​អាមេរិក ដែល​មិនព្រម​​​ពង្រីក​ខែលការពារ​មីស៊ីល​តាម​សំណូម​ពរ​របស់​ខ្លួន សម្ព័ន្ធ​ប្រឆាំង​ស៊ីរី​​​​បាន​ចោទ​​អាមេរិក​ថា មិន​ចង់​អោយ​ចលនាបដិវត្តន៍​​ប្រឆាំង​របប​ផ្តាច់​ការ​របស់​លោក​អាសាដ ទទួល​បាន​ជោគជ័យ។

មេដឹកនាំ​សម្ព័ន្ធប្រឆាំង​ស៊ីរី​​លោក Al-Khatib​ ក្នុងពិធី​សម្ពោធ​​ស្ថានទូត​បក្សប្រឆាំង​​​​​នៅ​កាតារ
មេដឹកនាំ​សម្ព័ន្ធប្រឆាំង​ស៊ីរី​​លោក Al-Khatib​ ក្នុងពិធី​សម្ពោធ​​ស្ថានទូត​បក្សប្រឆាំង​​​​​នៅ​កាតារ REUTERS/Mohammed Dabbous
ផ្សាយពាណិជ្ជកម្ម

កាល​ពី​ថ្ងៃពុធ​ម្សិលមិញ​នេះ សម្ព័ន្ធ​ប្រឆាំង​ស៊ីរីបាន​​បើកសម្ពោធ​ស្ថាន​ទូត​ទីមួយ​​របស់​ខ្លួន នៅ​ប្រទេស​កាតារ ដោយ​មាន​​វត្តមាន​​របស់​មេដឹកនាំ​ដែល​ទើប​លាលែង​ពី​តំណែង​ គឺ​លោក Al-Khatib​ និង​រដ្ឋមន្ត្រី​ការបរទេសប្រទេស​កាតារ​​ ​លោក ​Al-Attiya។ ​​

ស្ថានទូត​របស់​​សម្ព័ន្ធ​ប្រឆាំង​ស៊ីរី មាន​ទីតាំង​​នៅ​ក្នុង​សង្កាត់​ការទូត​មួយ ​ក្នុង​ក្រុង​ដូហា ហើយ​ក្រុងដូហា​​ជា​អ្នក​ដែល​បាន​ផ្តល់​ទីកន្លែង​ស្ថានទូត​នេះ​​ដល់​សម្ព័ន្ធ​ប្រឆាំង​ស៊ីរី។
​​ស្ថានទូត​នេះ​ ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​លោក Nizar Haraki ​ឯកអគ្គរដ្ឋទូត​របស់​សម្ព័ន្ធប្រឆាំង​​​ស៊ីរី ​​​​​នៅ​កាតារ។

បក្ស​ប្រឆាំង​ស៊ីរី​ក៏​បាន​​​ប្រាប់​ផង​ដែរ​ថា​ ខ្លួន​មាន​​ឯកអគ្គរដ្ឋទូត​ជា​ច្រើន​រូប​ទៀត​ នៅ​​តាម​បណ្តា​ប្រទេស​នានា​ដូច​ជា​ ​បារាំង​ ទួរគី លីប៊ី សហរដ្ឋអាមេរិក រឺ​ក៏​​អង់គ្លេស​ជា​ដើម។ ប៉ុន្តែ​អ្នកទាំង​អស់​នេះ​ ​ពុំ​មាន​​បេសកកម្ម​ផ្នែក​ការទូត​អ្វី​នោះ​ទេ។​
ពិធី​បើក​សម្ពោធ​ស្ថានទូត​នេះ ​ បាន​ធ្វើ​ឡើង​​​បន្ទាប់​ពីសម្ព័ន្ធប្រឆាំង​​​ស៊ីរី​បានទទួល​អាសនៈ​តំណាង​ប្រទេស​ស៊ីរី​ពី​សំណាក់​សម្ព័ន្ធ​អារ៉ាប់​​​​ កាល​ពី​ថ្ងៃ​អង្គារ​កន្លង​មក។

នៅ​ក្នុង​ថ្ងៃ​បើក​សម្ពោធ​នេះ​ដែរ​ សម្ព័ន្ធ​ប្រឆាំង​ស៊ីរី​​​​បាន​ឆ្លៀត​​ឧកាស​​​​ចោទ​​សហរដ្ឋ​អាមេរិក​ថា​មិន​ចង់​អោយ​ចលនាបដិវត្តន៍​​​​ប្រឆាំង​របប​ផ្តាច់​ការ​​​លោក​អាសាដ ទទួល​បាន​ជោគជ័យ។
ការ​ចោទ​ប្រកាន់​នេះ​ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការបដិសេធ​របស់​អាមេរិក ដែល​មិនព្រម​​​ពង្រីក​ខែលការពារ​មីស៊ីល​​នៅ​ប្រទេស​ទួរគី​ ទៅ​តាម​សំណូម​ពរ​​របស់​ខ្លួន។
គួរ​​រំលឹក​ឡើងវិញ​​ថា កាល​ពី​ថ្ងៃអង្គារ​​​ សេតវិមាន​អាមេរិក​​​​បាន​​ប្រាប់​​ទៅ​លោក​ Al-Khatib ដែល​ជា​មេដឹកនាំ​សម្ព័ន្ធប្រឆាំង​ស៊ីរី​ថា អង្គការ​អូតង់​មិន​អាច​​​ផ្គត់ផ្គង់​ខែលការពារ​មីស៊ីល​ដើម្បី​ការពារ​តំបន់​ដែល​ក្រុមឧទ្ទាម​ស៊ីរី​កាន់​កាប់​​​នោះ​ទេ។ នៅ​ប្រទេស​ទួរគី នៅ​តាម​បណ្តោយ​ព្រំដែន​ជាប់​ជាមួយ​ស៊ីរី​ មានដាក់​​ខែល​ការពារ​មីស៊ីល​នេះ​រួច​ទៅហើយ​ គឺ​ប្រើ​ក្នុង​ករណី​​មាន​ការ​បាញ់មីស៊ីល​​ពី​សំណាក់​​​ស៊ីរី​។

សហរដ្ឋ​អាមេរិក​បាន​លើកឡើង​​​ថា ក្នុង​​ពេល​នេះ អង្គការ​អូតង់​មិន​​មាន​​គោល​បំណង​​​ធ្វើ​អន្តរាគមន៍​យោធា​នៅ​ស៊ីរី​នោះ​ទេ ហើយ​​រដ្ឋាភិបាល​អាមេរិក​ក៏​​តែងតែ​ពិនិត្យ​និង​ដាក់​គោលជំហរ​របស់​ខ្លួន​អោយ​សមស្រប​ទៅ​នឹង​ស្ថានការ​ជម្លោះ​នៅ​ស៊ីរី​​​ផង​ដែរ។
គួរ​បញ្ជាក់​ថា អាមេរិក​ធ្លាប់​បាន​ចំណាយ​ថវិកា​រាប់​រយ​លាន​ដុល្លារ​ ដើម្បី​ជួយ​ផ្នែក​មនុស្ស​ធម៌​ នៅ​ស៊ីរី។ ប៉ុន្តែ​អាមេរិក​​បដិសេធ​មិន​ធ្វើជំនួយ​យោធា​ដល់​ក្រុម​ឧទ្ទាម​​សោះ​ឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ