លីប៊ី៖ គ្រាប់បែកទម្លាក់ដោយយន្តហោះអូតង់សម្លាប់កូនប្រុសម្នាក់របស់កាដាហ្វ៊ី
កូនប្រុសម្នាក់ និងចៅបីនាក់របស់លោកកាដាហ្វ៊ីបានស្លាប់ នៅក្នុងការទម្លាក់គ្រាប់បែករបស់យន្តហោះអង្គការអូតង់ កាលពីយប់ថ្ងៃសៅរ៍ទី ៣០មេសា ២០១១។ ចំណែកលោកកាដាហ្វ៊ី និងភរិយាដែលស្ថិតនៅក្នុងផ្ទះជាមួយកូនប្រុស ក្នុងពេលទម្លាក់គ្រាប់បែកនោះដែរ ត្រូវអ្នកនាំពាក្យរបស់រដ្ឋាភិបាលលីប៊ីនិយាយថា មិនមានជួបរងគ្រោះថ្នាក់អ្វីទេ។ អ្នកនាំពាក្យរដ្ឋាភិបាលលីប៊ី បាន បញ្ចេញ ព័ត៌មាននេះ ប៉ុន្តែ មិនទាន់មានការបញ្ជាក់ពីអង្គការអាត្លង់ទិកអូតង់។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០៦:៥៣
នៅក្នុងផ្ទះដែលស្ថិតក្នុងបរិវេណភូមិគ្រឹះរបស់លោកកាដាហ្វ៊ី ដែលអ្នកនាំពាក្យរដ្ឋាភិបាលលីប៊ីបាននាំអ្នកកាសែតបរទេសចូលទៅ ក្រោយពេលគេលឺសំឡេងផ្ទុះ ២ម៉ោងនោះ គេឃើញតែអគារផ្ទះរលំបាក់បែកខ្លាំង និងឃើញគ្រាប់មីស្ស៊ីល មួយគ្រាប់ដែលនៅមិនទាន់ផ្ទុះ ក្នុងគំនរថ្មបាក់ តែប៉ុណ្ណោះ ប៉ុន្តែ គេមិនឃើញមានសាកសព ឬអ្នករបួសទេ។ ជារួម អ្នកកាសែតមិនបានឃើញជនរងគ្រោះដោយផ្ទាល់ភ្នែកទេ ប៉ុន្តែ គេគ្រាន់តែ ឃើញមានសៀវភៅ ខ្លះ នៅរាយលើឥដ្ឋ និងឃើញឈាមខ្ទាតទៅជាប់លើជញ្ជាំង។ ហើយបើតាមមើលពីទំហំបាក់បែករបស់អគារ គេពិបាកនឹងជឿថា នឹងអាចមានអ្នករួចរស់ជីវិត ព្រោះអាជ្ញាធរលីប៊ីបាននិយាយថា លោកកាដាហ្វ៊ី និងភរិយាដែលស្ថិតនៅក្នុងផ្ទះក្នុងពេលមានទម្លាក់គ្រាប់បែក មិនមានរងគ្រោះថ្នាក់ និងកំពុងស្ថិតនៅ ក្នុងទីតាំងសុវត្ថិភាពមួយ។
បើតាមលោក Moussa Ibrahim អ្នកនាំពាក្យរបស់លីប៊ី ផ្ទះដែលអង្គការអូតង់ទម្លាក់បំផ្លាញ នៅយប់ថ្ងៃសៅរ៍ម្សិលមិញ ជាផ្ទះរបស់Saif Al Arab ដែលជាកូនប្រុសទីប្រាំមួយរបស់លោកកាដាហ្វ៊ី។ Saif Al Arab អាយុ ២៩ឆ្នាំ ទើបត្រលប់មកពីបញ្ចប់ការសិក្សាក្នុងប្រទេសអាល្លឺម៉ង់ និងមានប្រវត្តិរូបមិនសូវចេញមុខ ចេញមាត់ដូចជាបងៗ ប្រុសរបស់ខ្លួន ដែលសុទ្ធតែមានតួនាទីសំខាន់ក្នុងវិស័យកងទ័ពលីប៊ី។
លីប៊ី បានចោទថា ការវាយប្រហាររបស់យន្តហោះអូតង់ ធ្វើឡើង ដោយខុសចាកស្រឡះពីសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខលេខ ១៩៧៣ ដែលកំណត់ថា ប្រតិបត្តិការទ័ពអាកាសអន្តរជាតិនៅលីប៊ី ធ្វើឡើង ដើម្បីការពារជនស៊ីវិល។ កូនប្រុសរបស់លោកកាដាហ្វ៊ី គឺជាជនស៊ីវិល ជនរងគ្រោះ។
គួររំលឹកថា នៅឆ្នាំ ១៩៨៦ នៅក្នុងការទម្លាក់គ្រាប់បែករបស់យន្តហោះអាមេរិកាំងមកលើផ្ទះរបស់លោកកាដាហ្វ៊ី លោកកាដាហ្វ៊ីបានអះអាងពេលដំបូងថា ក្មេងស្រីដែលស្លាប់ក្នុងផ្ទះរបស់គាត់ជាកូនស្រីរបស់គាត់។ ប៉ុន្តែ ក្រោយមក គាត់និយាយថា ក្មេងស្រីនោះជាកូនស្រីចិញ្ចឹមរបស់គាត់ទៅវិញ។
អូតង់បានទទួលស្គាល់ថា ខ្លួនបានបាញ់ទៅលើភូមិគ្រឹះរបស់លោកកាដាហ្វ៊ី ប៉ុន្តែ អូតង់មិនបានបញ្ជាក់ទេ ថា ការវាយប្រហាររបស់ខ្លួន បានសម្លាប់កូនប្រុស និងចៅៗរបស់លោកកាដាហ្វ៊ី។ ចាប់តាំងពីបើកប្រតិបត្តិការចុងខែមីនា នៅលីប៊ី នេះជាលើកទីពីរដែលអូតង់បាញ់ប្រហារទៅលើអគារ ក្នុងបរិវេណផ្ទះរបស់មេដឹកនាំលីប៊ី នៅក្នុងទីក្រុងទ្រីប៉ូលី។ អូតង់នៅតែបញ្ជាក់ថា យុទ្ធសាស្រ្តរបស់ខ្លួននៅលីប៊ី គឺសំដៅបំផ្លាញផ្នែកយោធារបស់លោកកាដាហ្វ៊ី តែមិនមែនសំដៅបុគ្គល ជនស៊ីវិលទេ។ អូតង់បានសំដែងថា ខ្លួនមានការសោកស្តាយ បើសិនជាការវាយប្រហាររបស់ខ្លួនប៉ះពាល់ដល់អាយុជីវិតរបស់ជនស្លូតត្រង់។
ប៉ុន្តែ នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនចេញផ្សាយ នៅថ្ងៃអាទិត្យនេះ អូតង់ក៏បាននិយាយការពារខ្លួនដែរថា ការវាយប្រហារនៅយប់ថ្ងៃម្សិលមិញ គឺសំដៅទីតាំងអាវុធ និងទីតាំងបញ្ជាកងទ័ពរបស់លោកកាដាហ្វ៊ី។ គេជឿថា លោកកាដាហ្វ៊ីបានលាក់បង្កប់ក្រោមដី នូវទីតាំងយោធាដ៏រឹងមាំ និងមានអាវុធទំនើបៗ សម្រាប់បាញ់យន្តហោះ។
មួយវិញទៀត ការវាយប្រហារនៅយប់មិញ គឺធ្វើឡើងក្នុងក្របខ័ណ្ឌអនុវត្តសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ។ នោះមានន័យថា គេអាចការពារជនស៊ីវិលបាន លុះត្រាតែ អាវុធ និងទីតាំងយោធារបស់កាដាហ្វ៊ីត្រូវបំផ្លាញ។ អង្គការអូតង់បានបញ្ជាក់ថា ខ្លួននឹងបញ្ឈប់វាយប្រហារផ្លូវអាកាស ទៅលើកម្លាំងលោកកាដាហ្វ៊ី ដរាបណា លោកកាដាហ្វ៊ីព្រមបញ្ឈប់ កូនទាហានរបស់ខ្លួន កុំឲ្យវាយប្រហារទៅលើប្រជាជនស៊ីវិល តទៅទៀត ជាពិសេសប្រជាជននៅទីក្រុងមីស្ត្រាតា។
លីប៊ី៖ អូតង់ចង់សម្លាប់លោកកាដាហ្វ៊ី
អ្នកនាំពាក្យរដ្ឋាភិបាលលីប៊ីពិតជាបាននិយាយបរិហារថា ការវាយប្រហាររបស់អង្គការអូតង់ គឺសំដៅ ផ្តាច់ជីវិតលោកកាដាហ្វ៊ី។ គេដឹងហើយថា កាលពី សប្តាហ៍មុន អគារមួយចំនួន ក្នុងបរិវេណភូមិគ្រឹះរបស់លោកកាដាហ្វ៊ី អគាររដ្ឋាភិបាល និងស្ថានីយ៍ទូរទស្សន៍លីប៊ីក៏ធ្លាប់ត្រូវយន្តហោះអូតង់បាញ់បំផ្លាញរួចហើយ។ អ្នកនាំពាក្យលីប៊ីនិយាយថា អូតង់ចង់សម្លាប់លោកកាដាហ្វ៊ី ព្រោះ លោកកាដាហ្វ៊ីឧស្សាហ៍ប្រើស្ថានីយ៍ទូរទស្សន៍ដើម្បីនិយាយទៅកាន់ប្រជាជន។
គេសង្ស័យថា ភ្នាក់ងារសម្ងាត់របស់លីប៊ីអាចលេចធ្លាយព័ត៌មានទៅឲ្យអូតង់ ដែលធ្វើឲ្យអូតង់ដឹងថា តើលោកកាដាហ្វ៊ីនៅកន្លែងណា និងចាំទម្លាក់គ្រាប់បែកទៅលើកន្លែងដែលលោកកាដាហ្វ៊ីមានវត្តមាន។
អង្គការអូតង់បានបដិសេធព័ត៌មាននេះ និងថា គោលដៅរបស់កម្លាំងទ័ពអន្តរជាតិមិនមែនដើម្បីសម្លាប់លោកកាដាហ្វ៊ី។ ការវាយប្រហារនៅយប់ម្សិលមិញ របស់អូតង់ ធ្វើឡើងតែប៉ុន្មានម៉ោងក្រោយ លោកកាដាហ្វ៊ីបានអំពាវនាវ ថា គាត់អាចចរចាសន្តិភាព និងគោរពបទឈប់បាញ់ ប្រសិនបើអូតង់ឈប់បើកការបាញ់ប្រហារពីលើអាកាស នៅលីប៊ី។ នេះបង្ហាញថា អូតង់មិនព្រមទទួលចរចាជាមួយលោកកាដាហ្វ៊ីទៀតទេ ដោយអូតង់យកលេសថា គេចង់ឃើញសកម្មភាពជាក់ស្តែង ជាជាងសំដីតែមាត់។ កន្លងមក ទាហានរបស់លោកកាដាហ្វ៊ីតែងតែឆ្លៀតបើកការប្រយុទ្ធទៅលើពួកបះបោរលីប៊ី នៅក្នុងពេលរដ្ឋាភិបាលរបស់ខ្លួនប្រកាសគោរពបទឈប់បាញ់។
នៅលីប៊ី បាតុកម្មដំបូងឡើយរបស់ប្រជាជនដើម្បីរិះគន់រដ្ឋាភិបាលពីរឿងពុករលួយ និងអយុត្តិធម៌របស់រដ្ឋាភិបាលបានបង្កឲ្យទៅជាការងើបបះបោររបស់អ្នកប្រឆាំង នៅ ភាគខាងកើត។ ការបះបោររបស់ក្រុមប្រឆាំងគាំទ្រដោយសហគមន៍អន្តរជាតិ ពេលនេះ បានពន្លិចលីប៊ីទៅក្នុងសង្រ្គាមស៊ីវិល ដែលមិនងាយនឹងដកខ្លួនរួច៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ