អានតួអត្ថបទ
លីប៊ី

តំណាងរាស្រ្ត​បារាំង​ចង់ឲ្យ​អូតង់​បញ្ជូន​កុម្ម៉ង់ដូ​ទៅ​លីប៊ី

នៅនេះ គេ​សង្កេត​ឃើញ​ថា ​ប្រតិបត្តិការ​ទ័ព​អាកាស​​នៅលីប៊ី ហាក់ដូចជា​គ្មាន​ប្រសិទ្ធភាព​​គ្រប់គ្រាន់ ដើម្បី​​បង្រ្កាប​កងទ័ព​របស់​លោក​កាដាហ្វ៊ី​បាន​ទេ។ កាល​ពី​ថ្ងៃ​ចន្ទ ម្សិលមិញ​នេះ ប្រធានគណៈកម្មការ​សភា​មួយរូប​របស់​បារាំង​ បាន​ជំរុញ​ឲ្យ​អូតង់​បញ្ជូន​កងកុម្ម៉ង់ដូ​ចូល​ទៅ​ក្នុង​ប្រទេស​លីប៊ី ដើម្បី​​ជា​ជំនួយ​ដល់​ទ័ព​អាកាស។ ការ​លើកឡើង​អំពី​បេសកកម្ម​កុម្ម៉ង់ដូ​ គឺ​ជា​ជំហាន​មួយ​ថ្មីទៀត របស់​លោកខាងលិច ក្នុង​គោលដៅ​ទម្លាក់​លោក​កាដាហ្វ៊ី​ពី​អំណាច។

យន្តហោះ​ចម្បាំង​​ Rafale របស់​បារាំង កំពុង​ចាក់សាំង​លើ​អាកាស
យន្តហោះ​ចម្បាំង​​ Rafale របស់​បារាំង កំពុង​ចាក់សាំង​លើ​អាកាស ©Reuters
ផ្សាយពាណិជ្ជកម្ម

01:49

សេចក្តីរាយការណ៍​របស់ សេង ឌីណា

​កងទ័ព​សម្ព័ន្ធមិត្ត​បាន​បើក​ការ​វាយប្រហារ​តាម​ផ្លូវ​អាកាស​ ទៅលើ​កងកម្លាំង​របស់​លោក​កាដាហ្វ៊ី នៅលីប៊ី កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មីនា ២០១១។ មួយខែ​ក្រោយមក គេ​មើល​ឃើញ​កាន់តែ​ច្បាស់​ថា ពឹងលើ​​តែកងទ័ព​អាកាស គឺ​មិន​អាច​​បំបាក់​កងកម្លាំង​របស់​លោក​កាដាហ្វ៊ី​បាន​នោះទេ។

កាល​ពី​សប្តាហ៍មុន ប្រមុខដឹកនាំ​អាមេរិក បារាំង និង​អង់គ្លេស បាន​បញ្ជាក់​យ៉ាង​ច្បាស់ៗ​ថា ពួកគេ​នឹង​មិន​បញ្ឈប់​ប្រតិបត្តិការ​យោធា​នៅលីប៊ី​ទេ ដរាបណា​កាដាហ្វ៊ី នៅ​តែ​​បន្ត​កាន់​អំណាច។ កងកម្លាំង​សម្ព័ន្ធមិត្ត កំពុង​តែ​ពិចារណា​ទៅលើ​ជម្រើស​ផ្សេងទៀត ក្រៅ​ពី​ការ​វាយប្រហារ​តាមផ្លូវអាកាស៖ ការ​ផ្តល់​​លុយ​ អាវុធ គ្រឿង​បរិក្ខា​យោធា និង​ការហ្វឹកហ្វឺន​ដល់​ក្រុមប្រឆាំង។ នៅពេលនេះ ជម្រើសថ្មីមួយទៀត​ត្រូវបាន​គេ​លើក​ឡើង គឺ​ការ​បញ្ជូន​កងកុម្ម៉ង់ដូ​ ទៅ​លីប៊ី។

កាល​ពី​ថ្ងៃ​ចន្ទ ម្សិលមិញ​នេះ លោក​អាក់ស៊ែល ប៉ូនីញ៉ា​តូវស្គី (Axel Poniatowski) ប្រធាន​គណៈកម្មការ​កិច្ចការបរទេស នៃ​រដ្ឋសភា​បារាំង បាន​​លើកឡើង​ថា អូតង់​គួរ​តែ​បញ្ជូន​កងកុម្ម៉ង់ដូ ទៅ​កាន់​ប្រទេស​លីប៊ី ដើម្បី​​ជា​ជំនួយ​ដល់​កងទ័ព​អាកាស។ លោក​ប៉ូនីញ៉ា​តូវស្គី បាន​បញ្ជាក់ថា កងកុម្ម៉ង់ដូ ២០០ ទៅ ៣០០​នាក់ មិនមែន​ជា​កងថ្មើរជើង ដែល​ចូល​ឈ្លានពាន​កាន់កាប់​ប្រទេស​លីប៊ី​នោះទេ។ ​ពួកគេ​មាន​បេសកកម្ម​ត្រឹមតែ​ជួយឲ្យ​កងទ័ព​អាកាស​ទម្លាក់​គ្រាប់បែក​ចំ​ទីដៅ​តែប៉ុណ្ណោះ។ ដូច្នេះ វាមិនមែន​ជា​ការ​រំលោភ​ទៅ​លើ​សេចក្តី​សម្រេច​របស់​​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.​នោះទេ។

ទោះជាយ៉ាងណា នេះ​គ្រាន់តែ​ជា​សំណើ​របស់​ប្រធានគណៈកម្មការ​សភា​មួយរូប​ប៉ុណ្ណោះ។ គេ​នៅមិនទាន់​ដឹង​នៅឡើយទេ​ថា តើ​រដ្ឋាភិបាល​បារាំង​មាន​ជំហរ​យ៉ាងណា អំពី​បេសកកម្ម​កុម្ម៉ង់ដូ​នេះ។ ក៏ប៉ុន្តែ ជាទូទៅ គេ​សង្កេត​ឃើញ​ថា បេសកកម្ម​កុម្ម៉ង់ដូ​ គឺ​ជា​បេសកកម្ម​សម្ងាត់។ ដូច្នេះ បើ​ទោះជា​បារាំង ឬ​​អូតង់​​ព្រម​បញ្ជូន​កងកុម្ម៉ង់ដូ​ ទៅ​លីប៊ី​មែន ក៏​គេ​ទំនង​ជា​​មិន​ប្រកាស​ជា​សាធារណៈ​នោះដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ