អានតួអត្ថបទ
ស៊ីរី-កាតា

ស៊ីរី​៖គណបក្ស​ប្រឆាំង​រួម​ប្រជុំ​ដ៏​សំខាន់​នៅ​ដូហា

ចាប់​ពី​​​ថ្ងៃ​​អាទិត្យ​​ទី​៤​វិច្ឆិកា​នេះ​ទៅ សម័យ​ប្រជុំ​ដ៏​សំខាន់​បំផុត​​របស់​ក្រុម​ប្រឹក្សា​ជាតិ ស៊ីរី CNS,​ចាប់​ផ្តើម​ហើយ​​រយៈ​ពេល​៤​ថ្ងៃ​​នៅ​​ទីក្រុង Doha ប្រទេស​ Qatar ។ .គោលដៅ​នៃ​ជំនួប​នៅ​ដូហា​នេះ គឺ​​ការពង្រីក​សមាជិក​ថ្មីៗថែមទៀត​នៃ​​​ក្រុមប្រឹក្សាជាតិ​ស៊ីរី​នេះ ដែល​​សហរដ្ឋអាមេរិក បាន​​បង្ខំ​​ឲ្យ​មាន​ការ​រៀបចំបង្កើត​​​​រដ្ឋាភិបាល​ស៊ីរី​មួយ​នៅ​ក្រៅ​ប្រទេស។

ប្រធានថ្មី​នៃក្រុមប្រឹក្សាជាតិលោក Abdel Baset Sidaនិង​លោក Bourhan Ghalioun​អតីតប្រធានCNS.
ប្រធានថ្មី​នៃក្រុមប្រឹក្សាជាតិលោក Abdel Baset Sidaនិង​លោក Bourhan Ghalioun​អតីតប្រធានCNS. J. Bastion / RFI
ផ្សាយពាណិជ្ជកម្ម

សមាជិក​របស់​ក្រុម​ប្រឹក្សាជាតិ​ស៊ីរី CNS ប្រមាណ​ជា ២៨៦​នាក់ ដែល​ចូល​រួម​ប្រជុំ​ ​នៅ​ទីក្រុង ដូហា ​ប្រទេស​កាតា​នៅ​ថ្ងៃ​អាទិត្យ​នេះ ​ត្រូវ​ធ្វើ​វិសោធនកម្ម​លើ​លក្ខន្តិកៈ​​​ស្ថាប័ណ​នេះ ដើម្បី ពង្រីក​សមាជិក​ថ្មី​ថែម​ទៀត​ នៅ​មុន​ការ​រៀបចំ​​បោះឆ្នោត​ដើម្បី​ជ្រើស​រើស​​អ្នក​ដឹកនាំ​ថ្មី​របស់​ខ្លួន​នៅ​ថ្ងៃ​ពុធ​ខាង​មុខ។ ​សូម​បញ្ជាក់​ថា ក្រុម​ប្រឹក្សាជាតិ​ស៊ីរី CNS ​ដែល​រហូត​មក​ទល់​ពេល​នេះ ​ត្រូវ​បាន​គេ​ចាត់​ទុកថា ជា​គណបក្ស​ប្រឆាំង​បង្រួប​បង្រួម​ជាតិ​ស៊ីរី​​ដ៏​ចំបង មួយ​ដែល​​មាន​គោលដៅ​​ដើម្បី​ធ្វើ​ការ​ទម្លាក់​របប​លោកប្រធានាធិបតីស៊ីរ Bachar Al-Assad។

ជា​កិច្ច​បង្គ្រប់​បន្ថែម​នៃ​ជំនួប​នេះ ​ដែល​បាន​គ្រោង​ទុក​ជា​យូរ​ពេល​មក​ហើយ​នោះ​- ក្រុម​សម្ព័ន្ធ​អារ៉ាប​និង​ប្រទេស​កាតា​ដែល​ជា​ម្ចាស់​ផ្ទះ បាន​អញ្ជើញ​​អ្នក​ចូល​រួម​ទាំង​អស់​ក៏​ព្រមទំាង​ក្រុម​ផ្សេង​ៗ​ទៀត ​និង ​ឥស្សរជន ​នៃ​​គណបក្ស​ប្រឆាំង​ស៊ីរី ​នៅ​ក្នុង​សម័យ​ប្រជុំ​​ពិភាក្សាគ្នា មូយ​ផ្សេង​​ទៀត​នៅ​ថ្ងៃ​ព្រហស្បតិ៍​ខាង​មុខ។

ម្យ៉ាងទៀត​ការ​បង្កើត​រដ្ឋាភិបាល​ស៊ីរី​មួយ​នៅ​ក្រៅ​ប្រទេស ប្រហែល​ជា ​នឹង​ត្រូវ​ដឹកនាំ ដោយ អ្នក​ប្រឆាំង​មួយ​រូប​ដែល​គេ​គោរព​ស្រឡាញ់​ច្រើន​ គឺ​លោក  Riad Seif​ដែល​​ក៏​ជា​អតីត​អ្នក​តំណាងរាស្រ្ត​ស៊ីរី​ម្នាក់​​ធ្លាប់​​ជាប់​ក្នុង​ពន្ធនាគារ​ជា​យូរ​ឆ្នាំ​មក​ហើយ​។ ​ គំនិត​ផ្តួច​ផ្តើម​ថ្មី​នេះ ទំនង​ជា​ត្រូវ​បាន​ទទួល​ការ​លើក​ទឹកចិត្ត​ពី​សំណាក់​សហគមន៍​អន្តរជាតិ ជាពិសេស​អាមេរិក-នេះ​ជា​ការ​បញ្ជាក់​របស់ លោក Burhan Ghalioun អតីត​ប្រធាន​នៃ​ក្រុម​ប្រឹក្សា​ជាតិ​ស៊ីរី CNS។

គួរ​បញ្ជាក់​ថា សម័យ​ប្រជុំ​​នៅ​ថ្ងៃ​ព្រហស្បតិ៍​ខាង​មុខ ត្រូវ​​ប្រព្រឹត្ត​ទៅ ក្រោយ​ពី ក្រុម​ប្រឹក្សាជាតិ​ស៊ីរី CNS ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​យូរ​មក​ហើយ ថា ជា​ដៃ​គូ​សន្ទនា​ស្រប​ច្បាប់​មួយ​របស់​សហគមន៍​អន្តរជាតិ ត្រូវ​បាន​ទីក្រុង​វ៉ាស៊ីតោន​អស់​មាន​ទំនុក​​ទុកចិត្ត ​ដូច​មុន​ទៀត​ឡើយ ដោយហេតុ តែ​អតីត​ប្រធាន CNS មាន​ការ​ទាស់​ខ្វែង​សំដី​គ្នា នៅក្នុងវិបត្តិស៊ីរី។ ហេតុ​ដូច្នេះ​ហើយ ​បាន​​ជា​​សហរដ្ឋអាមេរិក ​ទាមទារ ​ឲ្យ​មាន​ការ​ពង្រីក​សមាជិក​ថ្មី​ច្រើន​ថែម​ទៀត​នៅ​ក្នុង​ក្រុមប្រឹក្សាជាតិ​ស៊ីរី ដោយ​រួម​កម្លាំង​ជា​មួយ​ក្រុម​អ្នកប្រឆាំង​ក្នុង​ប្រទេស​ស៊ីរី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ