អានតួអត្ថបទ
រុស្ស៊ី-បេឡូរុស្ស៊ី

រុស្ស៊ី និង​បេឡូរុស្ស៊ី ដែល​តែង​ជា​សម្ព័ន្ធមិត្ត​នឹង​គ្នា បែរ​ទៅ​ជា​មើល​មុខ​គ្នា​លែង​ចំ

ប្រធានាធិបតី​រុស្ស៊ី លោក Medvedev ថ្ងៃនេះ បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍​ទិតៀន​យ៉ាង​ខ្លាំង លោក​ប្រធានាធិបតី​បេឡូរុស្ស៊ី Loukachenko ដែល​ក្នុង​យុទ្ធនាការ​ឃោសនា សំរាប់​ការបោះឆ្នោត​ប្រធានាធិបតី​ នៅ​បេឡូរុស្ស៊ី ថ្ងៃ​១៩​ធ្នូ​ឆ្នាំ​នេះ ស្រាប់តែ​ប្រើ​គ្មាន​ឈប់​ឈ្មោះ​ប្រទេស​រុស្ស៊ី រហូត​ដល់​ដាក់​បណ្តាសា​ថ្នាក់​ដឹក​នាំ​រុស្ស៊ី ​ធ្វើ​ជា​កម្មវត្ថុ​នៃ​ការ​បរិហារ​អាក្រាត​យក​ពិន្ទុ ដោយ​ចោទ​រុស្ស៊ី​ថា ជា​ខ្មាំង​​ដែល​នាំ​ឲ្យ​ខូច​​​ដល់​ផលប្រយោជន៍​សេដ្ឋកិច្ច​បេឡូរុស្ស៊ី​តែ​ ម្តង។

ប្រធានាធិបតី​រុស្ស៊ី  Dmitri Medvedev
ប្រធានាធិបតី​រុស្ស៊ី Dmitri Medvedev REUTERS
ផ្សាយពាណិជ្ជកម្ម
02:45

សេចក្តីរាយការណ៍​របស់ កែវ ឆាយា ពីទីក្រុង​ម៉ូស្គូ

ប្រមុខ​រដ្ឋ​រុស្ស៊ី លោក Medvedev ធ្វើ​សេចក្តី​ថ្លែងការណ៍​ថ្ងៃ​នេះ គឺ​ជា​ចម្លើយ​​តប​នឹង​ពាក្យ​មិន​គប្បី​បន្លឺ​ឡើង ​ចេញ​ពី​បបូរ​មាត់​លោក​ប្រធានាធិបតី​បេឡូរុស្ស៊ី Loukachenko ដែល​ហៅ​ថ្នាក់​ដឹក​នាំ​រុស្ស៊ី ថា​ជា “អ្នក​នយោបាយ​មួយ​ក្តាប់” ដែល​ប៉ុន​ប៉ង​បង្ខូច​ឈ្មោះ​គាត់ និង​ដែល​កំពុង​ប្រែ​ខ្លួន ទៅ​ជា “Sponsor” របស់​បក្ស​ប្រឆាំង​នៅ​បេឡូរុស្ស៊ី។

លោក Medvedev ចាត់​ទុក​អាកប្បកិរិយា​របស់​សមភាគី​បេឡូរុស្ស៊ី​​ លោក Loukachenko ដែល​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ក្រោម​ពាក្យ​ស្លោក​ប្រឆាំង​រុស្ស៊ី​តាំង​ពី​ដើម​ដល់​ចុង​ថា ជា​អាកប្បកិរិយា​អប្បយស ពីព្រោះ​ក្នុង​ឋានៈ​ជា​ប្រទេស​ដៃ​គូ គេ​មិន​ដែល​ប្រព្រឹត្ត​អំពើ​យ៉ាង​នុ៎ង​ឡើយ។ លោក Medvedev សង្កត់​ធ្ងន់​ថា ទីក្រុង​ម៉ូស្គូ ​ក្នុង​នយោបាយ​ក្រៅ​ប្រទេស​ខ្លួន​នឹង​គន់​គិត​អំពី​អាកប្បកិរិយា​របស់​មេដឹកនាំ​បេឡូរុស្ស៊ី​នោះ។

ប្រធានាធិបតី​រុស្ស៊ី​ទូន្មាន​លោក Loukachenko ដែល​កាន់​អំណាច​តាំងពី​ឆ្នាំ ១៩៩៤ មក ហើយ​ដែល​ឥឡូវ​បញ្ឈរ​ឈ្មោះ​ជា​ថ្មី​ ដើម្បី​អោប​ក្រសោប​តំណែង​កំពូល​នោះ​ នៅ​ជាប់​នឹង​ខ្លួន​ដដែល​ឲ្យ​ជាប់​ដៃ​រវល់​នឹង​បញ្ហា​ផ្ទៃក្នុង​ប្រទេស​ខ្លួន​ទៅ​បូក​ទាំង នៅ​ទីបំផុត ធ្វើការ​ស៊ើប​អង្កេត​ទៅ​ផង​ទៅ​អំពី​សំណុំ​រឿង​ជន​បាត់​ខ្លួន​ច្រើន​ឥត​គណនា មាន​ពួក​អ្នកកាសែត​ និង អ្នក​នយោបាយ​ជាដើម ដែល​ជា​ក្តី​កង្វល់​របស់​រុស្ស៊ី និង​ប្រទេស​ផ្សេងៗ​ទៀត។

លោក Medvedev កត់​សំគាល់​ថា បើ​កាល​មុន រូប​លោក Loukachenko ដែល​ត្រូវ​បស្ចិម​លោក​ប្រសិទ្ធិនាម​ថា​ជា​ អ្នក​កាន់​អំណាច​ផ្តាច់​ការ​ចុង​ក្រោយ​នៅ​ទ្វីប​អឺរ៉ុប រមែង​ចាត់ទុក​សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក ជាខ្មាំង​របស់​ខ្លួន នោះ​ឥឡូវ​ស្ថានភាព​ជា​ខ្មាំង​បែប​នេះ​ គឺ​ត្រូវ​គាត់​បំពាក់​មក​លើ​ប្រទេស​រុស្ស៊ី​ទៅ​វិញ។

ប្រមុខ​រដ្ឋ​រុស្ស៊ី​ក៏​ទិតៀន​លោក Loukachenko ថា​ជា​មនុស្ស​មិន​កាន់​សំដី ពីព្រោះ​រហូត​មក​ទល់​ឥឡូវ កន្លង​ផុត​ជាង​១​ឆ្នាំ​កន្លះ​ហើយ តាំងពី​គាត់​បាន​សន្យា​ក្តែងៗ នៅ​ពីមុខ​ប្រធានាធិបតី​នៃ​៥​ប្រទេស​អតីត​សហភាព​សូវៀត ក្នុង​សម័យ​ប្រជុំ​កំពូល​នៃ “អង្គការ​សន្ធិសញ្ញា​ស្តី​អំពី​សន្តិសុខ​រួម” ថា​គាត់​នឹង​ទទួល​ស្គាល់​ដែនដី​អបគម​២​នៃ​រដ្ឋ​Georgie គឺ Abkhazie និងOssetieខាង​ត្បូង ជា​រដ្ឋ​ឯករាជ្យ ប៉ុន្តែ​ពាក្យ​សន្យា​នោះ​របស់​ប្រធានាធិបតី​បេឡូរុស្ស៊ី​បន្ត​ស្ថិត​នៅ​ជា​សំដី​ប្រហោង​ក្នុង​ដដែល។ តាម​ប្រសាសន៍​លោក Medvedev ​រុស្ស៊ី​ថែម​ទាំង​មាន​ឯកសារ​Video ជា​តឹក​តាង​បញ្ជាក់​ពី​សំដី​សន្យា​នោះ​ទៅ​ផង។

ទាក់ទង​នឹង​ការ​ត​ថ្លៃ​ពី​ខាង​លោក Loukachenko ក្នុង​ឋានៈ​ជា​ល័ក្ខខ័ណ្ឌ​សំរាប់​ទទួល​ស្គាល់​នោះ ​លោក Medvedev ថ្លែង​ថា​រុស្ស៊ី​ផ្ទាល់ មិន​ដែល​បង្ខំ​នរណា​ឲ្យ​ទទួល​ស្គាល់​ឯករាជ្យ​ដែនដី​ទាំង​២​នោះ​ឡើយ ដ្បិត​បញ្ហា​នេះ​ជា​សិទ្ធិ​អធិបតេយ្យ​របស់​រដ្ឋ​នីមួយៗ​ទេ​តើ។ ប៉ុន្តែ​ប្រមុខ​រដ្ឋ​រុស្ស៊ី​រំលឹក​ថា គ្រាន់តែ​ក្នុង​ឆ្នាំ​២០១០​នេះ តាម​រយៈ​ការ​ទិញ​ប្រេងកាត​ឆៅ​ដ៏​ធូរ​ថ្លៃ​ពី​ខាង​រុស្ស៊ី ភាគី​បេឡូរុស្ស៊ី​ចេះ​សំចៃ​បាន​ធនធាន ២.០០០​លាន​ដុល្លារ​អាមេរិក​ទៅ​ហើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ