អានតួអត្ថបទ
រុស្ស៊ី-លីទុយអានី

លីទុយអានី​គ្រោង​ទារ​សំណង​ពី​រុស្ស៊ី​ជា​រដ្ឋ​បន្ត​កេរ្តិ៍​ពី​សហភាពសូវៀត​

ថ្ងៃ​ពុធ​​២៣​​ឧសភា​​នេះ​​រដ្ឋាភិបាល​​លីទុយអានី​​លើក​បញ្ហា​ដែល​មាន​ទៅ​ពិភាក្សា។ ​សាច់រឿង​គឺ​ អំពី​ទឹក​ប្រាក់​ប្រមាណ​ ៣១.០០០​លាន​ដុល្លារ​​អាមេរិក​​ដែល​​តាម​​ការ​​បូក​​គុណ​​ឃើញ​​នៃ​​”គណៈកម្មការ​​រដ្ឋាភិបាល​”​លីទុយអានី​​ជា​​ទំហំ​​នៃ​​ការ​​ខូចខាត​​របស់​​ប្រទេស​​នេះ​​បណ្តាល​​មក​​​ពី​​ ការ​​កាន់​កាប់​​អស់​​កន្លះ​​សតវត្ស​​​ដោយ​​អំណាច​​សូវៀត។​​

សញ្ញា​ជាតិ​​លី​ទុយអានី​​នៅសម័យ​ក្រោម​ការកាន់កាប់​សហភាពសូវៀត​ពី​ឆ្នាំ​១៩៤០-១៩៩០​
សញ្ញា​ជាតិ​​លី​ទុយអានី​​នៅសម័យ​ក្រោម​ការកាន់កាប់​សហភាពសូវៀត​ពី​ឆ្នាំ​១៩៤០-១៩៩០​ RFI/Keo Chhaya
ផ្សាយពាណិជ្ជកម្ម

 

តាំងពី​ម្សិលមិញម៉្លេះ ដោយថ្លែងតាមវិទ្យុជាតិ លោកនាយករដ្ឋមន្ត្រីលីទុយអានី Andrius Kubilius សំដែងសេចក្តីសង្ឃឹមថា ម៉ូស្គូ នឹង ចេះ ទទួលខុសត្រូវ ចំពោះការខូចខាត នៅ​លីទុយអានី​ បណ្តាលមកពីការកាន់កាប់ប្រទេសនេះ ដោយសហភាពសូវៀត ពីឆ្នាំ១៩៤០ ដល់ឆ្នាំ១៩៩០។ តាមប្រសាសន៍គាត់ ៖​

-“តាំងពីពេលនោះមក កន្លងផុត ជាង២០ឆ្នាំហើយ រួចក្នុងប្រទេសរុស្ស៊ីផ្ទាល់ ក៏​មាន​ការ​ប្រែ​ប្រួល យ៉ាងច្រើនបានកើតឡើង ហេតុដែលញ៉ាំង លីទុយអានី ឲ្យរំពឹងថា ឥឡូវប្រទេសរុស្ស៊ី​សម័យ​ថ្មី ខិត ដល់ចំណុចមួយ ចេះបែរមុខទៅពិចារណា លើប្រវត្តិសាស្ត្រខ្លួនទាំងមូល ហើយ​ទាញ​យក សេចក្តីសន្និដ្ឋាន អំពីផលប៉ះពាល់ដ៏សែនធ្ងន់ធ្ងរ ដែលរបបផ្តាច់ការសូវៀត បានពាំ​នាំ​ដល់ ប្រទេស បែបយ៉ាង លីទុយអានី។

-ការហ៊ាននិយាយ ដោយឥតលាក់បាំង អំពីប្រវត្តិខ្លួន ការហ៊ានបើកភ្នែកសម្លឹងត្រង់ៗ ទៅលើ ប្រវត្តិនេះ ជាទ្រនិច ចង្អុលឲ្យឃើញពី វឌ្ឍនភាពនៃលទ្ធិប្រជាធិបតេយ្យ ក្នុងប្រទេសនោះឯង។

តាមលោក Andrius Kubilius បញ្ហាទារសំណងពីក្រុងម៉ូស្គូ ចំពោះការខូចខាតនេះ គឺតែងស្ថិត នៅជានិច្ច ក្នុងរបៀបវារៈរបស់រដ្ឋាភិបាលលីទុយអានី នាកិច្ចចរចាជាមួយពួក​អ្នកតំណាង​រុស្ស៊ី។​តួលេខនៃការខូចខាតនេះ តាមការបូកគុណឃើញនៃ ”គណៈកម្មការរដ្ឋាភិបាល”​លីទុយអានី​ គឺ ប្រមាណ ៣១.០០០លានដុល្លារអាមេរិក។

លីទុយអានី បានប្រកាសឯករាជ្យពីសហភាពសូវៀត ក្នុងឆ្នាំ ១៩៩០ ហើយចាប់ពីឆ្នាំ២០០៤​មកក្លាយជាសមាជិក សហភាពអឺរ៉ុបផង បក្សសម្ព័ន្ធ អូតង់ផង។

ថ្លែង​​ក្នុងជំនួបកំពូលអូតង់នៅក្រុង Chicago ថ្ងៃ២០ ២១ ឧសភាកន្លងទៅប្រធានាធិបតី​លីទុយអានី​ លោកស្រី Dalia Gribauskaiteជឿជាក់ថា ក្រោយពីលោកពូទីនឡើងកាន់​អំណាច​កំពូលនៅរុស្ស៊ីវិញ ទំនាក់ទំនងរវាង លីទុយអានី និង រុស្ស៊ី នឹងកាន់តែតានតឹង ជាបឋម មក ពី បញ្ហាជនជាតិភាគតិចរុស្ស៊ីដែលនៅសេសសល់លើទឹកដីលីទុយអានី។ ពីព្រោះអំណាច លោក ពូទីន ច្បាស់ជានឹងភ្ជង់ស្មារតីទៅលើចំណុចដែលថា លីទុយអានី ជាពួកជាតិនិយម ជាពួកមិន ចេះចុះញ៉ម ពួកដែលស្អប់ជាតិរុស្ស៊ី។ល។

ថ្ងៃ២២ឧសភាម្សិលមិញ រដ្ឋសភាលីទុយអានីបានអនុម័តសេចក្តីសម្រេចប្រកាសឆ្នាំ​២០១៣ ថាជាឆ្នាំខួបផ្លូវការទី១៥០នៃកុប្បកម្មប្រជាជនទល់នឹងចក្រភពរុស្ស៊ី។ ជាការរំលឹកក្នុង​សតវត្ស ទី១៨-១៩ លីទុយអានី ដោយរួមជាមួយប៉ូឡូញនិងបេឡារុសបានស្ថិតក្នុង អាណាចក្រដែល មាន​ឈ្មោះថា “ អាណាចក្រប៉ូឡូញ”។ ហើយក្នុងឆ្នាំ១៨៦៣ ក្នុងអាណាចក្រនេះ មានផ្ទុះឡើង ជា “កុប្បកម្មរំដោះជាតិ” ចេញពីនឹមកាន់កាប់ របស់ស្តេច Tsar រុស្ស៊ី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ