អានតួអត្ថបទ
រុស្ស៊ី​-អាមេរិក

ពង្រាងច្បាប់​ហាម​មិន​ឲ្យ​ផ្ទេរ​កុមារ​រុស្ស៊ី​ ទៅ​ជា​កូន​ចិញ្ចឹម​របស់​ពលរដ្ឋ​អាមេរិកាំង​

ពង្រាងច្បាប់​នេះ​ ជា​ចម្លើយ​ទល់​នឹង​ "ច្បាប់​​ Magnitsky" អនុម័ត​ដោយ​ ព្រឹទ្ធ​សភា​ អាមេរិក​​ និង​ ចុះ​ហត្ថលេខា​ដោយ​លោក​ប្រធានាធិបតី​ Barack Obama​ ទៅ​ហើយ​ ដាក់​ទណ្ឌកម្ម​​ ពួក​មន្ត្រី​រុស្ស៊ី​ណា​ដែល​រំលោភ​បំពាន​លើ​សិទ្ធិមនុស្ស​នៅ​រុស្ស៊ី។ ប៉ុន្តែ តាំងពី​វា​មិនទាន់ អនុម័ត ដាច់ស្រេច ដោយ​សភា​ឌូម៉ា​នៅឡើយ វា ញ៉ាំង​ឲ្យ​មាន​ការ​ទិតៀន​ទៅហើយ​ ពី​ខាង​រដ្ឋមន្ត្រី​រុស្ស៊ី មួយ​ចំនួន។

ទារក​នៅ​រុស្ស៊ី​
ទារក​នៅ​រុស្ស៊ី​ Getty Images/ Cliff Volpe
ផ្សាយពាណិជ្ជកម្ម

ពង្រាងច្បាប់រុស្ស៊ីជាសាច់រឿង មានឈ្មោះថា "ច្បាប់ Dima Yakovkev" គឺក្នុងន័យ សងសឹកអាមេរិក ពីខាងរុស្ស៊ី ចំពោះការធ្លាក់ខ្លួនស្លាប់យ៉ាងអាណោចអាធម្មនៃកុមាររុស្ស៊ី ឈ្មោះ Dima Yakovkev ដែលត្រូវឪពុកចិញ្ចឹមជាតិអាមេរិក ចាក់សោឡានទុកចោល ក្រោមកំដៅថ្ងៃ លុះទាល់តែវាថប់ខ្យល់ ដាច់ដង្ហើមទៅ។

ខ្លឹមសារពង្រាងច្បាប់ គឺភាគីរុស្ស៊ី ហាមមិនឲ្យពលរដ្ឋអាមេរិកាំង សុំកុមាររុស្ស៊ី យកទៅ ធ្វើជា កូនចិញ្ចឹមទៀតឡើយ។ ថ្ងៃទី១៩ធ្នូនេះ ពួកអ្នកតំណាងរាស្ត្រសភាឌូម៉ា ដែលសុទ្ធតែគាំទ្រដល់ ច្បាប់ប្រឆាំងអាមេរិកនេះ
ក្នុងសម័យប្រជុំពិភាក្សាជាលើកទី២ គ្រោងសាយភាយ បម្រាមហាមមិន ឲ្យសុំកុមាររុស្ស៊ី យកទៅ ធ្វើ ជាកូនចិញ្ចឹម ទាំងទៅលើរាល់ប្រទេសណា ដែលជា”មិត្ត” របស់អាមេរិក។

ប៉ុន្តែ តាំងពីវាមិនទាន់ អនុម័តដាច់ស្រេច ដោយសភាឌូម៉ានៅឡើយ ពង្រាងច្បាប់រុស្ស៊ីនេះ ត្រូវ លោករដ្ឋមន្ត្រីការបរទេសរុស្ស៊ី Serguei Lavrov ចាត់ទុកថាជា “ការសម្រេចចិត្តដែលខុស”ហើយ” ព្រមជាមួយនេះ គាត់សង្ឃឹមថា នៅទីបំផុត សភាឌូម៉ាមុខជានឹងចេះអនុម័តយក “ច្បាប់ដែល ថ្លឹងមុខថ្លឹងក្រោយ”ពុំខាន។ តាមលោក ប្រមុខការទូតរុស្ស៊ី របបសុំកុមារប្រទេសមួយ យកទៅ ធ្វើជាកូនចិញ្ចឹមក្នុងគ្រួសារប្រទេសមួយផ្សេង គឺជាការអនុវត្តន៍មានលក្ខណៈអន្តរជាតិ វាជា ស្ថាប័នដែលមានសិទ្ធិដំណើរការពេញទី សំខាន់ ឲ្យតែវាប្រព្រឹត្តទៅតាមរបៀបស៊ីវីល័យ។

ចំណែករដ្ឋមន្ត្រីក្រសួងអប់រំ យល់ថា ច្បាប់រុស្ស៊ីថ្មីនេះ នឹងនាំឲ្យរងគ្រោះជាបឋម ដល់ កុមារពិការរុស្ស៊ីទេតើ ដ្បិតកុមារប្រភេទនេះ ឥតត្រូវការ សុំដោយគ្រួសាររុស្ស៊ីឡើយ។

មន្ត្រីខ្លះទៀតធ្វើការប្រៀបធៀបថា គួរឲ្យអស់សំណើច ដូចតទៅ៖ ក្នុងចំណោមកុមាររុស្ស៊ី ជាង ២.០០០នាក់ ដែលមានសុំ ក្នុង១០ឆ្នាំចុងក្រោយ យកទៅធ្វើជាកូនចិញ្ចឹមក្នុងគ្រួសារអាមេរិកាំង គឺមានស្លាប់អស់តែ១៩នាក់ប៉ុណ្ណោះ។ រីឯក្នុងគ្រួសាររុស្ស៊ីវិញ កុមារបែបនេះ ស្លាប់ក្នុង១ឆ្នាំៗ ជាមធ្យម គឺ ៨នាក់។

ស្របនឹងស្ថិតិផ្លូវការ ក្នុងឆ្នាំ២០១២នេះ មានពលរដ្ឋបរទេស បានសុំកុមាររុស្ស៊ី ចំនួន ៣.៤០០នាក់ យកទៅធ្វើជាកូនចិញ្ចឹម ពីក្នុងនោះ ៨៩នាក់ ដែលពិការ ត្រូវបានទទួលយក ដោយ គ្រួសារអាមេរិកាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ