អានតួអត្ថបទ
រុស្ស៊ី-អ៊ីរ៉ង់

ម៉ូស្គូ​ថ្កោល​ទោស​អ៊ីរ៉ង់ ចំពោះ​ការចម្រើន​ធាតុ Uranium

ការថ្កោលទោសនេះ មាន​ចែង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​យប់​មិញ​របស់​ក្រសួង​ការបរទេស​រុស្ស៊ី ដែល​សំដែង​នូវ​ក្តី​ព្រួយ​បារម្ភ រួម​ជាមួយ​សហគមន៍​អន្តរជាតិ ចំពោះ​ដំណឹង ស្តី​អំពី​ការ​ចាប់​ដំណើរការ​មែន​នៃ​សហគ្រាស​អ៊ីរ៉ង់​ខាង​ចម្រើន​ធាតុ​អ៊ុយរ៉ានីញ៉ូម។ ប៉ុន្តែ ខុសពី​​​បស្ចិម​លោក រុស្ស៊ី​នៅ​តែ​ឥត​បង្ហើប​ឲ្យ​ឃើញ​ឡើយ ពី​គម្រោង​ដាក់​ទណ្ឌកម្ម​ស្អី​ណា លើ​អៀរ៉ង់។

រូបថត​មើល​តាម​ satellite មជ្ឈមណ្ឌល​នុយក្លេអ៊ែរ Qom កាលពី​ឆ្នាំ​២០០៩
រូបថត​មើល​តាម​ satellite មជ្ឈមណ្ឌល​នុយក្លេអ៊ែរ Qom កាលពី​ឆ្នាំ​២០០៩ REUTERS/DigitalGlobe
ផ្សាយពាណិជ្ជកម្ម

ជាបឋម គួរនិយាយថា ទីក្រុង​ម៉ូស្គូ​បញ្ចេញ​ប្រតិកម្ម​អវិជ្ជមាន​នេះ គឺ​បន្ទាប់ពី​ទីក្រុង​វ៉ាស៊ីនតោន បាន​ថ្លែង​ថ្កោល​ទោស​អ៊ីរ៉ង់​ភ្លាមភ្លែត ដោយ​ចាត់​ទុក​សកម្មភាព​អ៊ីរ៉ង់ ខាង​ចាប់​ផ្តើម​ចម្រើន​ធាតុ អ៊ុយរ៉ានីញ៉ូម ថា​ជា​ការ​រំលោភ​ត្រង់ៗ​លើ​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ អ.ស.ប.។  

សេចក្តី​ថ្លែងការណ៍ របស់​ក្រសួង​ការបរទេស​រុស្ស៊ី លើក​ឡើង​ថា៖
- ទីក្រុង​ម៉ូស្គូ បាន​ដឹង​ឮ ដោយ​សោកស្តាយ និង​ដោយ​ក្តី​ព្រួយ​បារម្ភ ដំណឹង​ស្តី​អំពី​ការ​ចាប់​ផ្តើម មែន​ដោយ​អ៊ីរ៉ង់ នូវ​ការ​ចម្រើន​ធាតុ អ៊ុយរ៉ានីញ៉ូម ក្នុង​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ ដែល​ស្ថិត​នៅ ក្រោម​ដី​ជិត​ទីក្រុង Qom ប៉ែក​ខាង​ជើង ប្រទេស​អ៊ីរ៉ង់។

- ម៉ូស្គូ បង្ខំ​ចិត្ត​សង្កេត​ឃើញ​ថា​ ទីក្រុង​តេអេរ៉ង់ ចេះ​តែ​បន្ត​ធ្វើ​ថ្លង់​ធ្វើ​ខ្វាក់ ចំពោះ​ការទាមទារ​របស់​សហគមន៍​អន្តរជាតិ ឲ្យ​អ៊ីរ៉ង់​រំសាយ​ទៅ​នូវ​ក្តី​ថប់​កង្វល់​របស់​គេ ជុំវិញ​កម្មវិធី​នុយក្លេអ៊ែរ អ៊ីរ៉ង់ ដែល​ក្នុង​ចំណោម​ការទាមទារ​នោះ គឺ​ឲ្យ​អ៊ីរ៉ង់​ផ្អាក​ឈប់​ទៅ​នូវ​ការ​សាងសង់​សហគ្រាស ខាង​ចម្រើន​ធាតុ អ៊ុយរ៉ានីញ៉ូម នោះ ដូច​ដែល​តម្រូវ ទី១-ដោយ​សេចក្តី​សម្រេច របស់​”ទីភ្នាក់ងារ​អន្តរជាតិ​ខាង​ថាមពល​បរមាណូ” AIEA និង ទី២-ដោយ​សេចក្តី​សម្រេច របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប. លេខ ១៩២៩។

ប៉ុន្តែ ព្រម​ជាមួយ​នេះ ក្រសួង​ការបរទេស​រុស្ស៊ី ក៏​កត់​សម្គាល់​ជា​រឿង​សំខាន់ ដែល​អ៊ីរ៉ង់ បាន ជូន​ជា​ដំណឹង​ទៅ​ទីភ្នាក់ងារ AIEA ថា​ខ្លួន​ចាប់​ផ្តើម​មែន ការងារ​ខាង​ចម្រើន​ធាតុ អ៊ុយរ៉ានីញ៉ូម នៅ ក្នុង​សហគ្រាស​នេះ សហគ្រាស​ដែលស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់ AIEA តែ​ម្តង។

ក្រសួង​ការបរទេស​រុស្ស៊ី សង្ឃឹម​ថា មជ្ឈដ្ឋាន​កាន់​អំណាច​នៅ​ក្រុង​តេអេរ៉ង់ មុខ​ជា​នឹង​យក ត្រចៀក​ផ្ទៀង​ស្តាប់​មតិ​ម៉ូស្គូ ស្តី​អំពី​ភាព​ចាំបាច់​ត្រូវ​តែ​បន្ត​កិច្ចសហប្រតិបត្តិការ យ៉ាង​ជិត​ស្និទ្ធ ត​ទៅ​ទៀត​ជាមួយ​ទី​ភ្នាក់ងារ AIEA ហើយ​ចាប់​ផ្តើម​ឡើង​វិញ​ឲ្យ​បាន​យ៉ាង​ឆាប់​បំផុត កិច្ចចរចា​ដ៏​មធ្យ័ត ដោយ​គ្មាន​លក្ខខណ្ឌ​អ្វី​ណា​ជា​មុន​ឡើយ ជាមួយ ៦​អន្តការី​អន្តរជាតិ ពោលគឺ ៥​ប្រទេស​សមាជិក​អចិន្ត្រៃយ​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប. មាន​ រុស្ស៊ី ស.រ.អា. ចិន បារាំង អង់គ្លេស និង ប្រទេស​ដែល​នាំមុខ​សហភាព​អឺរ៉ុប គឺ​អាល្លឺម៉ង់។

ទីក្រុង​ម៉ូស្គូ គូស​បញ្ជាក់​ថា បញ្ហា​ទាក់ទង​នឹង​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់ ត្រូវតែ​ដោះស្រាយ ដោយ​សន្តិវិធី តាម​ផ្លូវ​ធ្វើ​សំវាទ ក្នុង​ស្មារតី​គោរព​គ្នា​ទៅ​វិញ​ទៅ​មក និង មួយ​ដំណាក់​ម្តងៗ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ