អានតួអត្ថបទ
អេស្ប៉ាញ-ចិន-ទីបេ

តុលាការអេស្ប៉ាញ​យល់ព្រម​ស៊ើបបណ្តឹង​ប្រឆាំង​​អតីត​ប្រធានាធិបតី​ចិន​ ហ៊ូ ជីនតាវ​

សារព័ត៌មាន​បារាំង​បានចុះ​ផ្សាយ​នៅថ្ងៃ​សុក្រម្សិលមិញ​ថា តុលាការ​​អេស្ប៉ាញ ទទួលបន្ទុក​​​ឧក្រិដ្ឋកម្ម​​​​សំលាប់​រង្គាល បាន​សំរេច​យល់ព្រម​ស៊ើបអង្កេត​​អតីត​ប្រធានាធិបតី​ចិន ហ៊ូ ជីនតាវ​ ពីបទ​ឧក្រិដ្ឋ​នៅទីបេ ក្នុង​ទស្សវត្សរ​ឆ្នាំ​ ១៩៨០-១៩៩០។ ការស៊ើបអង្កេត​នេះ នឹង​ធ្វើឡើង​ស្របតាម​ក្រមខណ្ឌ​នៃ​នីតិវិធី​ ដែលធ្លាប់​​ធ្វើរួច​មកហើយ កាលពី​ឆ្នាំ​២០០៦។ តុលាការ​អេស្ប៉ាញ​យល់ថា លោក ហ៊ូ ជីនតាវ មាន​សមត្ថភាព​និងសិទ្ធិ​អំណាច​​គ្រប់គ្រាន់ ដើម្បី​​សំរេច​អោយ​មាន​យុទ្ធនាការ​​ធ្វើទុក្ខបុកម្នេញ​ជនជាតិ​​ទីបេ។

អតីតប្រធានាធិបតី​ចិន ហ៊ូ ជីនតាវ
អតីតប្រធានាធិបតី​ចិន ហ៊ូ ជីនតាវ REUTERS/Herwig Prammer
ផ្សាយពាណិជ្ជកម្ម

គណៈកម្មាធិការ​គាំទ្រ​ទីបេ ធ្លាប់​បាន​ស្នើ​ទៅ​តុលាការ​អេស្ប៉ាញ​ អោយ​ពង្រីក​ការចោទប្រកាន់​អោយ​មាន​រហូត​ទៅដល់​អតីតប្រធានាធិបតី​ចិន ហ៊ូ ជីនតាវ ចំពោះ​បណ្តឹង​​​ទាក់ទង​ឧក្រិដ្ឋកម្ម​នៅទីបេ ក្នុង​ទស្សវត្សរ​ឆ្នាំ​ ១៩៨០-១៩៩០។ យោងតាម​ការ​សំរេចមួយ​​ចេញផ្សាយ​ជាសាធារណៈ កាលពី​ថ្ងៃ​ព្រហស្បតិ៍ តុលាការ​អេស្ប៉ាញ​ទទួលបន្ទុក​​​ឧក្រិដ្ឋកម្ម​​​សំលាប់​រង្គាល បាន​សំរេច​ទទួល​យក​សំណើនេះ។ ដូច្នេះ តុលាការ​អេស្ប៉ាញ នឹង​ធ្វើការ​ស៊ើបអង្កេត​លើ​អតីប្រធានាធិបតី​ចិន​ ហ៊ូ ជីនតាវ។

លោក ហ៊ូ ជីនតាវ ដែល​បាន​​ចេញ​ពីតំណែង​នៅខែ​វិច្ឆិកា ឆ្នាំ​២០១២ លែងទទួលបាន​​អភ័យឯកសិទ្ធិ​ប្រធានាធិបតី​ចិន​ទៀតហើយ។ ​អតីត​​អ្នកដឹកនាំ​ចិន​៧រូប​ផ្សេងទៀត​​ ដូចជា​​ អតីត​ប្រធានាធិបតី Jiang Zemin និង​អតីត​នាយករដ្ឋមន្ត្រី​ Li Peng ក៏​មាន​ជាប់ឈ្មោះ​ក្នុង​បណ្តឹង​នោះដែរ។ ពួកគេ​ជាប់ចោទពី​បទ​ឧក្រិដ្ឋ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ការ​ធ្វើទារុណកម្ម​ និង​​ភេរវកម្ម ប្រឆាំង​ជនជាតិ​ទីបេ ក្នុង​ទស្សវត្សរ​ឆ្នាំ ១៩៨០-១៩៩០។

កាលពី​ខែ​មិថុនា កន្លងទៅ ចៅក្រម​​​ អ៊ីស្មាអែល ម៉ូរេណូ បាន​បដិសេធ​ពង្រីក​ការ​ចោទប្រកាន់​​អោយ​មាន​រហូត​ដល់​អតីត​ប្រធានាធិបតី ហ៊ូ ជីនតាវ។ ប៉ុន្តែ​ តុលាការ​អេស្ប៉ាញ​ បាន​សំរេច​​​ផ្តល់​ហេតុផល ទៅ​គណៈកម្មាធិការ​​គាំទ្រ​ទីបេវិញ ដើម្បី​ស៊ើបអង្កេត​លោក ហ៊ូ ជីនតាវ។ ដូចជា​បណ្តា​ជន​ជា​ដើមបណ្តឹង​ដែរ តុលាការ​អេស្ប៉ាញ​យល់ថា លោក ហ៊ូ ជីនតាវ មាន​សមត្ថភាព​និងសិទ្ធិ​អំណាច​​គ្រប់គ្រាន់ ដើម្បី​​សំរេច​អោយ​មាន​យុទ្ធនាការ​​ធ្វើទុក្ខបុកម្នេញ​ជនជាតិ​​ទីបេ។ ហើយ​ចន្លោះ​ពី​ឆ្នាំ​១៩៨៨ ទៅ​ឆ្នាំ​១៩៩២ទៀតសោត​ លោក​ហ៊ូ ជីនតាវ​ ជា​លេខា​បក្ស​កុម្មុយនិស្ត​ចិន នៅ​តំបន់​ទីបេ។ 

យោងតាម​តុលាការ​អេស្ប៉ាញ​ អង្គការ​សហប្រជាជាតិ​ក៏មាន​​​សេចក្តីសំរេច​​ជាច្រើន ​ទទួលស្គាល់​​​ថា អាជ្ញាធរ​ចិន​បាន​សំរេច​អោយ​មាន​សកម្មភាព​កំចាត់​​មិន​អោយ​មាន​​ប្រទេស​ទីបេ ដោយ​ដាក់​ច្បាប់សឹក ឈានទៅដល់​ការ​សំអាត ការដាក់ទណ្ឌកម្ម​លើ​បណ្តា​អ្នក​ប្រឆាំង​នៅទីបេ។ ​

​​ដោយ​តុលាការ​ចិន​​នៅ​មិនទាន់​បាន​បើកការ​ស៊ើបអង្កេត​រឿងនេះ​នៅឡើយ ហើយ​ក្នុង​ចំណោម​អ្នកប្តឹង ​ក៏​មាន​ជនជាតិ​ទីបេ​មាន​សញ្ជាតិ​អេស្ប៉ាញ​ម្នាក់ដែរនោះ តុលាការ​អេស្ប៉ាញ​បញ្ជាក់ថា ខ្លួន​​មាន​សត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ស៊ើបអង្កេតរឿងក្តីនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ