អសប៖ ចំនួនប្រទេសក្រីក្រខ្លាំងកើនឡើងទ្វេដង ក្នុងពេល៤០ឆ្នាំចុងក្រោយ
គម្រោងរបស់សហគមន៍អន្តរជាតិដែលថា នឹងជួយប្រទេសដែលមានសេដ្ឋកិច្ចអន់ថយ ឲ្យចាកផុតពីភាពក្រីក្របានទទួលបរាជ័យហើយ។ ចំនួនប្រទេសក្រីក្របានកើនឡើងទ្វេដង ក្នុងរយៈពេល ៤០ឆ្នាំចុងក្រោយនេះ រីឯ ជីវភាពរបស់ប្រជាជនរបស់ប្រទេសទាំងនេះ ក៏កាន់តែឈានទៅរកភាពខ្សត់ខ្សោយខ្លាំងឡើងៗ។ នេះបើតាមរបាយការណ៍ស្ថាប័នរបស់អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែក ពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ ហៅថា Cnuced។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
សេចក្តីរាយការណ៍របស់ឈាង បុប្ផា
គេមិនចាំបាច់ត្រូវបន្តយន្តការអន្តរជាតិបច្ចុប្បន្នសម្រាប់ជួយប្រទេសដែលមានការអភិវឌ្ឍន៍តិចតួចឡើយ ពីព្រោះថា យន្តការនោះ វាគ្មានប្រសិទ្ធិភាពអ្វីទេ។ របាយការណ៍របស់ស្ថាប័នអង្គការសហប្រជាជាតិផ្នែកពាណិជ្ជកម្ម ដែលបានសិក្សាទៅលើប្រទេសដែលមានការអភិវឌ្ឍន៍តិចតួច ចំនួន ៤៩ បានបង្ហាញថា ជំនួយពីអន្តរជាតិ ពីប្រទេសអ្នកមាន ជាពិសេស ការផ្តល់ប្រាក់កម្ចី ទៅឲ្យប្រទេសក្រីក្រមិនបានជួយជម្រុញឲ្យសេដ្ឋកិច្ចរបស់ប្រទេសទាំងនេះបានរីកចំរើនប្រសើរឡើងឡើយ។ ផ្ទុយទៅវិញ វារឹតតែជួយបន្ថែមបំណុល សម្រាប់ប្រទេសក្រីក្រ។ ប្រទេសក្រីក្រដែលមិនទាន់មានរចនាសម្ព័ន្ធ និងសមត្ថភាពគ្រប់គ្រាន់ សម្រាប់គ្រប់គ្រង ប្រើប្រាស់ប្រាក់កម្ចី។
បើតាមរបាយការណ៍របស់Cnuced ទោះបីជាប្រទេសក្រីក្រអាចស៊ូនឹងវិបត្តិសេដ្ឋកិច្ចសកល ប៉ុន្តែវិបត្តិសេដ្ឋកិច្ច នៅប្រទេសអ្នកមាននេះក៏នៅតែអាចជះឥទ្ធិពល ប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងស្រុករបស់ប្រទេសក្រីក្រ។ ក្នុងរបាយការណ៍ គេបានលើកយកឧទាហរណ៍ប្រទេសពីរមកនិយាយ ក្នុងនោះមានប្រទេសកម្ពុជា។ ដោយសារវិបត្តិសេដ្ឋកិច្ចសកលឆ្នាំ ២០០៨ នេះ កម្ពុជាបាត់បង់ការងារជាង ៦ម៉ឺន ក្នុងវិស័យកាត់ដេរ និងចំនួន ៣០ភាគរយក្នុងផ្នែកសាងសង់។ ការបាត់បង់ការងាររឹតតែជម្រុញឲ្យប្រជាជនមានជីវភាពដុនដាប។ ជាក់ស្តែង ក្នុងមួយឆ្នាំៗ មានប្រជាជន៣លាននាក់ ក្នុងពិភពលោក បានធ្លាក់ខ្លួនក្រ។
សេដ្ឋកិច្ចរបស់ប្រទេសមានការអភិវឌ្ឍន៍តិចតិច មានលក្ខណៈផុយស្រួយខ្លាំងណាស់។ នោះ គឺដោយសារវាបានពឹងផ្អែកសឹងតែ ទាំងស្រុងលើការនាំចូល ជាពិសេស ការនាំចូលគ្រឿងបរិភោគ។ ម្យ៉ាងវិញទៀត ប្រទេសក្រីក្រទាំងនោះ ក៏កំពុងប្រឈមមុខនឹងការថយចុះនៃប្រភពធនធានធម្មជាតិរបស់ខ្លួន ដែលបណ្តាលមកពីការវិនិយោគមិនស្មើភាពជាមួយដៃគូ ដែលជាប្រទេសអ្នកមាន។
ជាការសនិ្នដ្ឋាន អ្នកសរសេររបាយការណ៍របស់ អង្គការសហប្រជាជាតិ វាយតម្លៃថា ដើម្បីអាចជួយស្រោចស្រង់ប្រទេសដែលមានការអភិវឌ្ឍន៍តិចចេញពីភាពក្រីក្រ ប្រទេសសហគមន៍ អន្តរជាតិត្រូវជួយជម្រុញសេដ្ឋកិច្ចក្នុងស្រុករបស់ប្រទេសទាំងនោះ។ ទន្ទឹមគ្នានោះ រដ្ឋាភិបាល ម្ចាស់ស្រុកក៏ត្រូវជួយសម្រួលឲ្យមានការវិនិយោគ ការផលិត និងការអភិវឌ្ឍន៍ផ្នែកបចេ្ចកវិទ្យាក្នុងប្រទេសរបស់ខ្លួនដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ