អានតួអត្ថបទ
កាណាដា

ជំនួប​កំពូល G៨៖ ៥ពាន់​លាន​ដុល្លារ ដើម្បី​ទ្រទ្រង់​វិស័យ​គំាពារ​មាតា និង​ទារក​ក្នុង​ប្រទេស​ក្រីក្រ

ចាប់​ពី​ថ្ងៃ​សៅរ៍ ទី២៦ មិថុនា ដល់​ថ្ងៃ​អាទិត្យ ទី២៧ មិថុនា ឆ្នំា ២០១០ ក្រុម​ប្រទេស G២០ បើក​​ជំនួប​កំពូល​នៅ​ក្នុង​ទីក្រុង​តូរ៉ុងតូ (Toronto) ប្រទេស​កាណាដា។ នៅ​ក្នុង​ជំនួប​កំពូល​របស់​ក្រុម​ប្រទេស G៨​កាល​ពី​ម្សិលមិញ មាន​ទឹកប្រាក់​ចំនួន ៥ពាន់​លាន​ដុល្លារ ដែល G៨​បាន​ប្រកាស​ដើម្បី​ជួយ​ ទ្រទ្រង់​វិស័យ​គំាពារ​មាតា និង​ទារក​នៅ​ក្នុង​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​លើ​ពិភពលោក។

លោក​ Stephen Harper នាយករដ្ឋមន្រ្តីនៃ​ប្រទេស​កាណាដា
លោក​ Stephen Harper នាយករដ្ឋមន្រ្តីនៃ​ប្រទេស​កាណាដា ©Reuters /Jim Young
ផ្សាយពាណិជ្ជកម្ម

06:03

បទអន្តរាគមន៍​របស់ គួច គន្ធារ៉ា

គួច គន្ធារ៉ា

G៨ គឺ​ជា​ក្រុម​ប្រទេស​ដែល​មាន​ឧស្សាហកម្ម​ជឿនលឿន​ជាង​គេ​លើ​ពិភពលោក ក្នុង​នោះ​មាន សហរដ្ឋអាមេរិក ជប៉ុន អាឡឺម៉ង់អង់គ្លេស បារាំង អ៊ីតាលីកាណាដានិង​ប្រទេស​រុស្ស៊ី​ដែល​ទើប​បញ្ចូល​បន្ថែម​នៅ​​ក្នុង​សម័យ​លោកប្រធានាធិបតី​អាមេរិកប៊ីលគ្លីនតុន។ ចំណែក​ឯ​ក្រុម​ប្រទេស G២០ គឺ​មាន​ក្រុម​ប្រទេស G៨ បូក​នឹង ១២​ប្រទេស​ផ្សេង​ទៀត​ក្នុង​នោះ ៥​ប្រទេស​មក​ពី​អាស៊ី-ប៉ាស៊ីហ្វិក មានចិន ឥណ្ឌា កូរ៉េខាងត្បូងឥណ្ឌូនេស៊ី និង​អូស្រ្តាលី។ 

៣ប្រទេស​មក​ពី​អាមេរិក​ឡាទីន មានប្រេស៊ីល ម៉ិចស៊ិក និង​អារហ្សង់ទីន។ 
២ប្រទេស​មក​ពី​មជ្ឈិមបូព៌ាមានទួរគី និង​អារ៉ាប៊ី សាអ៊ូឌីត។ ប្រទេស​មួយ​មក​ពី​ទ្វីប​​អាហ្រ្វិក គឺ​អាហ្រ្វិក​​ខាង​​ត្បូង និង​សមាជិក​ទី១២​គឺ​សហភាពអឺរ៉ុប។

មុន​នឹង​បើក​ជំនួប​កំពូល​ក្រុម​ប្រទេស G២០ នា​ពេល​រាត្រី ជំនួប​កំពូល​ក្រុម​ប្រទេស​G៨ បាន​បន្ត​ការងារ​របស់​ខ្លួន​នៅ​ថ្ងៃ​នេះ ដោយ​លើក​យក​បញ្ហា​អន្តរជាតិ​មួយ​ចំនួន​ទៀត​ទៅ​និយាយ ពិសេស អំពី​បញ្ហា​សន្តិសុខ​សង្គម និង​សន្តិភាព​លើ​ពិភពលោក។ កាល​ពី​ម្សិល​មិញ ថ្នាក់​ដឹក​នំា​ក្រុម​ប្រទេស G៨ បាន​ប្រកាស​នូវ​មូលនិធិ​មួយ​ដែល​មាន​ទឹក​ប្រាក់​ចំនួន ៥​ពាន់​លាន​ដុល្លារ ទុក​សម្រាប់​ជួយ​ទ្រទ្រង់​វិស័យ​គំាពារ​មាតា និង​ទារក​នៅ​ក្នុង​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍។

កាណាដា​ជា​ប្រទេស​ម្ចាស់​ផ្ទះ​ដែល​មាន​គំនិត​បង្កើត​ឲ្យ​មាន​មូលនិធិ​សម្រាប់​ទ្រទ្រង់​វិស័យ​គំាពារ​មាតា និង​ទារក​នៅ​ក្នុង​បណ្តា​ប្រទេស​ក្រីក្រ។ មូលនិធិ​នេះ​ត្រូវ​បាន​គេ​ហៅ​ថា «  មូលនិធិ Muskoka »។  Muskoka គឺ​ជា​ឈ្មោះ​តំបន់​មួយ​របស់​ប្រទេស​កាណាដា និង​ជា​កន្លែង​ប្រជុំ​របស់​ក្រុម​ប្រទេស G៨​ក្នុង​ឆ្នំា ២០១០​នេះ។ ចំនួន​ទឹក​ប្រាក់​ទំាង ៥ពាន់​លានដុល្លារ​ដើម្បី​ជួយ​ទ្រទ្រង់​វិស័យ​គំាពារ​មាតា និង​ទារក​នៅ​ក្នុង​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍ គឺ​សម្រាប់​ប្រើ​ប្រាស់​រយៈពេល ៥​ឆ្នំា។ មួយ​វិញ​ទៀត ក្រៅ​ពី​ការ​ចូល​រួម​ចំណែក​របស់​ក្រុម​ប្រទេស G៨ ក៏​មាន​ការ​ចូល​រួម​វិភាគ​ទាន​ពី​ប្រទេស​មួយ​ចំនួន​ទៀត​ដែល​មិន​មែន​ជា​សមាជិក G៨ ក្នុង​នោះ​មាន​ប្រទេស​ហូឡង់ នូវែលហ្សេឡង់ កូរ៉េខាងត្បូង អេស្ប៉ាញ ស្វីស មូលនិធិ​​របស់​មហាសេដ្ឋី Bill Gates និង​មូលនិធិ​របស់​អង្គការ​សហប្រជាជាតិ។ បើ​និយាយ​តែ​នៅ​ក្នុង​ចំណោម​ក្រុម​ប្រទេស G៨ គេ​នៅ​មិន​ទាន់​បាន​កំណត់​ថា តើ​ប្រទេស​ណា​ត្រូវ​ចេញ​ប៉ុន្មាន​នោះ​ទេ។ តែ​មាន​ប្រទេស​មួយ​ចំនួន​បាន​សន្យា​រួច​ហើយ ដូច​យ៉ាង​សហរដ្ឋអាមេរិក​បាន​សន្យា​ផ្តល់​ជាង ១ពាន់ ៣រយលានដុលា្លរ​សម្រាប់​រយៈពេល ២ឆ្នំា។ ប្រទេស​កាណាដា​សន្យា​ផ្តល់ ២ពាន់ ៧រយ ៥០​លាន​ដុល្លារ​សម្រាប់​រយៈពេល ៥ឆ្នំា។ ប្រទេស​រុស្ស៊ី​សន្យា​ផ្តល់ ៧៥​លាន​ដុលា្លរ​សម្រាប់​រយៈពេល ៣ឆ្នំា និង​មូលនិធិ​របស់​មហាសេដ្ឋី Bill Gates សន្យា​ជួយ​ចំនួន​១ពាន់ ៥រយ​លាន​ដុល្លារ។ ចំណែក​ឯ​ប្រទេស​មួយ​ចំនួន​ទៀត សន្យា​នឹង​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​ខាង​មុខ។ លោក​នាយករដ្ឋមន្រ្តី​កាណាដា Stephen Harper បាន​ចាត់​ទុក​ការ​សម្រេច​ឲ្យ​មាន​វិធានការ​គំាពារ​មាតា និង​ទារក​នៅ​ក្នុង​បណ្តា​ប្រទេស​ក្រីក្រ​ពេល​នេះ ថា​ជា​រឿង​ប្រវត្តិសាស្រ្ត​មនុស្ស​លោក។

កាត់​បន្ថយ​អត្រា​មរណៈមាតា និង​ទារក នៅ​ក្នុង​ប្រទេស​ក្រីក្រ

សំខាន់ គឺ​ជួយ​កាត់​បន្ថយ​អត្រា​មរណៈមាតា និង​ទារក នៅ​ពេល​មាតា​មាន​ផ្ទៃពោះ​ក្តី ឬ​មួយ​ក៏​នៅ​ពេល​ឆ្លង​ទន្លេ​ក្តី។ សូម​ជម្រាប​ជូន​ថា វិធានការ​​ដែល​ប្រកាស​ដោយ​ក្រុម​ប្រទេស G៨​ស្តីពី​ការ​ជួយ​គំាពារ​មាតា និង​ទារក​ពេល​នេះ គឺ​ជា​ការ​រួម​ចំណែក​ជួយ​ពន្លឿន​ផែនការ​របស់​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​ហៅកាត់​ថា PNUD ក្នុង​ការ​សម្រេច​ឲ្យ​បាន​កម្មវត្ថុ​សហស្សវត្ស​​ស្តីពី​ការ​អភិវឌ្ឍន៍​របស់​ខ្លួន​ចាប់​ពី​ពេល​នេះ ទៅ​ទល់​នឹង​ឆ្នំា ២០១៥។ ទាក់​ទង​នឹង​ការ​កាត់​បន្ថយ​អត្រា​មរណៈ​មាតា និង​ទារក អង្គការ PNUD បាន​កត់​សម្គាល់​ឃើញ​ថា នៅ​មាន​ការ​យឺតយ៉ាវ​យ៉ាង​ច្រើន។ ឧទាហរណ៍​ជាក់​ស្តែង ក្នុង​ចន្លោះ​ឆ្នំា ១៩៩០ និង ២០០៨ អត្រា​មរណៈ​ទារក​បាន​ថយ​ចុះ​​តែ ២៨ % ប៉ុណ្ណោះ ពោល​គឺ​នៅ​មាន​ទារក​ស្លាប់​ចំនួន ៧២​នាក់​ក្នុង​ចំណោម​ទារក​កើត ១០០០​នាក់។ ជា​អត្រា​មួយ​ដែល​ស្ថិត​នៅ​ឆ្ងាយ​ពី​កម្មវត្ថុ​ចង់​បាន​របស់​​អង្គការ PNUD ដែល​ចង់​ឲ្យ​​អត្រា​មរណៈ​ទារក​មាន​ការ​ថយ​ចុះ​រហូត​ដល់​ទៅ ៦៦% ក្នុង​ចន្លោះ​ឆ្នំា ១៩៩០ និង​២០១៥។

នៅ​មាន​កម្មវត្ថុ​សហស្សវត្ស​​របស់​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​មួយ​ទៀត នោះ​គឺ​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ឲ្យ​បាន​ពាក់​កណ្តាល​ក្នុង​ចន្លោះ​ឆ្នំា ១៩៩០ និង​២០១៥ ពិសេស កាត់​បន្ថយ​ឲ្យ​បាន​ពាក់​កណ្តាល​ចំនួន​មនុស្ស​ដែល​ទទួល​បាន​ប្រាក់​ចំណូល​តែ​១ដុល្លារ​ក្នុង​មួយ​ថ្ងៃ។ នៅ​ត្រង់​ចំណុច​នេះ អង្គការ PNUD ក៏​បាន​ទទួល​ស្គាល់​ថា នៅ​មាន​ភាព​យឺតយ៉ាវ​គួរ​ឲ្យ​កត់​សម្គាល់​ដែរ។

តែ​​យ៉ាង​ណា​ក៏​ដោយ អ្វី​ដែល​ក្រុម​ប្រទេស G៨ បាន​ប្រកាស​នា​ពេល​នេះ គ្រាន់​តែ​ជា​ពាក្យ​សន្យា​នៅ​ឡើយ។ ការ​ពិត​ជាក់​ស្តែង​យ៉ាង​ណា​នោះ ជា​រឿង​មួយ​ផ្សេង​ទៅ​វិញ ព្រោះ​ថា​កន្លង​មក ពាក្យ​សន្យា​របៀប​ហ្នឹង​មាន​ច្រើន​រាប់​មិន​អស់ តែ​ការ​អនុវត្តន៍​​មិន​សូវ​មាន​ទេ។ ខណៈ​នេះ​ទៀត សំណួរ​ដែល​ចោទ​នៅ​ត្រង់​ថា ចំ​ពេល​ប្រទេស​មួយ​ចំនួន​កំពុង​ត្រដរ​ខ្យល់​ដោយ​សារ​វិបត្តិ​សេដ្ឋកិច្ច​ទៀត តើ​នឹង​បាន​លុយ​រាប់​ពាន់​លាន​ដុលា្លរ​ពី​ណា មក​ជួយ។

នៅ​មាន​សំណុំរឿង​អន្តរជាតិ​មួយ​ចំនួន​ទៀត​ដែល​ក្រុម​ប្រទេស G៨​ត្រូវ​លើក​យក​ទៅ​និយាយ​នៅ​ថ្ងៃ​នេះ មុន​នឹង​ជំនួប​កំពូល​ក្រុម​ប្រទេស G២០ នា​ពេល​រាត្រី។ មាន​ជា​អាទិ៍ វិបត្តិ​នុយក្លេអ៊ែរ​របស់​ប្រទេស​អៀរ៉ង់ និង​កូរ៉េខាងជើង ស្ថានការណ៍​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្តង់ និង​ប៉ាគីស្តង់។ ទំាង​នេះ​មិន​ភ្លេច​ទេ អំពី​ស្ថានភាព​របស់​ប្រទេស​មួយ​ចំនួន​ដែល​ផុយស្រួយ និង​ងាយ​នឹង​ទទួល​គ្រោះថ្នាក់។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ