អានតួអត្ថបទ
កម្ពុជា

មន្ត្រី​យោធា​អាមេរិក​មួយ​រូប​ទៀត បំពេញ​​ទស្សនកិច្ច​​នៅ​កម្ពុជា​​

មន្ត្រី​​យោធា​​អាមេរិក​​លោក​​ឧត្តម​សេនីយ​ត្រី​ Richard​ Simcock ​​នឹង​បំពេញ​ទស្សនកិច្ច ​​៣​​ថ្ងៃ​​នៅ​​កម្ពុជា​​នាសប្តាហ៍​​ក្រោយ​​នេះ ​ដើម្បី​​រឹត​ចំណង​​ទ្វេភាគី​​បន្ថែម​​ទៀត​​នៅលើ​​វិស័យ​​យោធា។​ លោក ​Richard Simcock ​​នាយក​​ទទួល​​បន្ទុក​​​តំបន់​​អាស៊ី​​ខាងត្បូង​ និង​​អាស៊ី​អាគ្នេយ៍​​នៃ​​ការិយាល័យ​​រដ្ឋមន្ត្រី​​ការពារ​ជាតិ​​អាមេរិក​ នឹង​​គ្រោង​​ជួប​​ជាមួយ​​មន្ត្រី​​យោធា​​កម្ពុជា​​ផង​ និង​​ចូល​រួម​​ក្នុង​​សិក្ខា​សាលា​​របស់​​ក្រសួង​​ការពារ​​ជាតិ​​កម្ពុជា​​ផង។​

លោក​ឧត្តម​​សេនីយត្រី​អាមេរិកាំង  Richard Simcock ​(ឆ្វេង) នៅចាប់ដៃ​ជាមួយ​ប្រជាជន​រដ្ឋ​Kiribati  កោះមួយ​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក
លោក​ឧត្តម​​សេនីយត្រី​អាមេរិកាំង Richard Simcock ​(ឆ្វេង) នៅចាប់ដៃ​ជាមួយ​ប្រជាជន​រដ្ឋ​Kiribati កោះមួយ​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក ©US navy
ផ្សាយពាណិជ្ជកម្ម

មាន​ការងារ​ជា​ច្រើន​ដែល​មន្ត្រី​យោធា​អាមេរិក​លោក​ឧត្តមសេនីយ Richard Simcock គ្រោង​លើក​យក​មក​ពិភាក្សា​នៅក្នុង​ជំនួប​ជាមួយ​មន្ត្រី​យោធា​កម្ពុជា។

 
នៅក្នុង​ដំណើរ​ទស្សនកិច្ច​៣​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី​២៩​ដល់​ថ្ងៃ​ទី​៣១​សីហា លោក​Simcock នាយក​ទទួល​បន្ទុក​តំបន់​អាស៊ី​ខាងត្បូង និង​អាស៊ី​អាគ្នេយ៍​ប្រចាំ​ការិយាល័យ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​នឹង​និយាយ​អំពី​ឱកាស​សហប្រតិបត្តិការ​នាពេលអនាគត​ជាមួយ​កម្ពុជា​ក្នុង​វិស័យ​ថែ​រក្សា​​សន្តិភាព សន្តិសុខ​ដែន​សមុទ្រ ជំនួយ​មនុស្សធម៌ កំណែ​ទម្រង់​ក្នុង​វិស័យ​ការពារ​ប្រទេស និង​ការ​ប្រឆាំង​ភេរវកម្ម។

យោង​តា​សេចក្តី​ថ្លែងការណ៍​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា លោក​ឧត្តមសេនីយ​Simcock បាន​ថ្លែង​ថា ក្រសួង​ការពារ​ជាតិ​អាមេរិក​សង្ឃឹមថា នឹង​ជួយ​កសាង​សមត្ថភាព​ជំនាញ​របស់​យោធា​​ខ្មែរ​ដោយ​លើក​ទឹកចិត្ត​អោយ​យោធា​ខ្មែរ​បន្ត​ដើរ​លើ​គន្លង​ផ្លូវ​នៃ​តម្លាភាព ការគោរព​សិទ្ធិមនុស្ស និង​អភិបាលកិច្ច​បាន​ល្អ​ប្រសើរ​ឡើង។ លោក​បន្ត​ថា អាមេរិក​នឹង​បន្ត​ធ្វើការ​ជា​មួយ​​កងយោធពលខេមរភូមិន្ទ ដើម្បី​អភិវឌ្ឍកងទ័ព​មួយ​ប្រកប​ដោយ​វិជ្ជាជីវៈ និងរួម​ចំណែក​ដល់ស្ថេរភាព និងសន្តិភាព​អន្តរជាតិ និង​តំបន់។

គួរ​បញ្ជាក់​ថា​នៅ​ពេល​មាន​វត្តមាន​នៅ​ប្រទេស​កម្ពុជា​នៅ​សប្តាហ៍​ក្រោយ​នេះ លោក​ឧត្តម​សេនីយ​​ទទួលបន្ទុកអាស៊ីខាងត្បូង និង​អាស៊ីអាគ្នេយ៍របស់​ការិយាល័យ​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក ក៏​នឹង​ចូលរួម​ក្នុង​សិក្ខាសាលា​មួយ​របស់​ក្រសួង​ការពារ​ជាតិ​នៅ​ក្រុងព្រះសីហនុ ដើម្បី​ពិភាក្សា​អំពី​ការរៀបចំ​យុទ្ធសាស្ត្រ​សន្តិសុខ​ដែនសមុទ្រកម្ពុជា​ផងដែរ។

លើសពី នេះ​លោក​នឹង​ទស្សនកិច្ច​ទីតាំង​នានា​ដែល​បាន​ទទួល​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ការពារ​ជាតិ​អាមេរិក​និង​កម្ពុជា  ​ដូចជា​កំលាំង​ពិសេស​ជាតិ​ប្រឆាំង​ភេរវកម្មមជ្ឈមណ្ឌល​ហ្វឹកហ្វឺន ​​ការ​ថែ​រក្សា​សន្តិភាព​ និង​មជ្ឈមណ្ឌល​ប្រតិបត្តិការ​សន្តិសុខ​ដែន​សមុទ្រ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ