អានតួអត្ថបទ
កម្ពុជា

ក្រសួង​ការពារជាតិ​កម្ពុជា​បង្កើន​ការ​ហ្វឹកហាត់​និង​ធ្វើ​ទំនើបកម្ម​យោធា

ប្រឈម​នឹង​ការ​ឈ្លានពាន​ទឹកដី​ពីសំណាក់​ប្រទេស​ថៃ​ ក្រសួង​ការពារ​ជាតិ​កម្ពុជា​បាន​បង្ហាញ​មហិច្ឆតា​ធ្វើ​ទំនើបកម្ម​ខាង​វិស័យ​យោធា​ឲ្យ​បាន​ខ្លាំង​ជាង​នេះ​ ដើម្បី​ទប់ទល់​ការ​គំរាម​កំហែង។ ការ​អះអាង​បែប​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ជា​សាធារណៈ​ដោយ​លោក​ទៀ បាញ់ ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា ​នៅ​ចំពោះ​មុខ​នាយទាហាន ​និង​ពលទាហាន ​នៅ​ក្នុង​ពិធី​លំហាត់​បាញ់​គ្រាប់​ពិត​កាំភ្លើង​ត្បាល់​គាំទ្រ ​ដែល​ត្រូវ​បាន​រៀបចំ​ឡើង​កាល​ពី​ថ្ងៃទី​១៦​មិថុនា។ ​ប្រមុខ​យោធា​កម្ពុជា​ក៏បាន​បញ្ជាក់​ថា​ កម្ពុជា​សុំ​រក្សា​សិទ្ធិ​ពិចារណា​ក្នុង​ការ​ចូល​ជា​សមាជិក​អនុសញ្ញា​ហាមប្រាម​ការ​ប្រើប្រាស់​គ្រាប់បែក​ចង្កោម​ផង​ដែរ ​ខណៈ​ដែល​ប្រទេស​ជិតខាង​មិន​ទាន់​បាន​ចូល​ជា​សមា​ជិក​អនុសញ្ញា​នេះ។

លោក​​ទៀ បាញ់​ រដ្ឋមន្រ្តី​ការពារជាតិ​កម្ពុជា
លោក​​ទៀ បាញ់​ រដ្ឋមន្រ្តី​ការពារជាតិ​កម្ពុជា RFI/Bonna Pen
ផ្សាយពាណិជ្ជកម្ម

សង្គ្រាម​ឈ្លានពាន​ទឹកដី​ពីសំណាក់​ប្រទេស​ថៃ​រយៈពេល​ចុងក្រោយ​នេះ​បាន​បង្ហាញ​ច្បាស់​ពី​សារៈសំខាន់​នៃ​ការ​ពង្រឹង​វិស័យ​យោធា​កម្ពុជា។ ​លោក ​ទៀ បាញ់ ​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​មិន​បាន​លាក់លៀម​ពី​មហិច្ឆតា​ចង់​ធ្វើ​ទំនើបកម្ម​យោធា​ តាម​រយៈ​ការ​បំពាក់​គ្រឿង​សព្វាវុធ​ទំនើបៗ​ថែមទៀត​នោះ​ឡើយ។ ​លោក​អះអាង​ថា​ កម្ពុជា​ត្រូវ​ការ​បំពាក់​សព្វាវុធ​ទំនើប​ជាង​នេះ​នៅ​ចំពោះ​មុខ​ស្ថានការណ៍​បច្ចុប្បន្ន ​ដែល​ត្រូវ​គំរាមកំហែង​ដោយ​ការ​ឈ្លានពាន​ពី​ប្រទេស​ជិត​ខាង។

សេចក្តី​ថ្លែងការណ៍​របស់​ប្រមុខ​យោធា​កម្ពុជា​បាន​ធ្វើ​ឡើង ​កាលពី​ថ្ងៃ​ទី​១៦​មិថុនា ​ខណៈ​ពេល​ដែល​ក្រសួង​ការពារ​ជាតិ​បាន​រៀបចំ​ហ្វឹកហាត់​បាញ់​គ្រាប់​ពិត​កាំភ្លើង​ត្បាល់​ធុន​៨២ ​និង​ ១០០​ មីល្លីម៉ែត្រ​ នៅ​ក្នុង​បន្ទាយ​ខេត្ត​កំពង់​ស្ពឺ។ ​លំហាត់​បាញ់​គ្រាប់​កាំភ្លើង​ត្បាល់​គាំទ្រ​ទ័ព​ថ្មើរជើង​នេះ​បាន​ទទួល​លទ្ធផល​ល្អ​ប្រសើរ​ ដោយ​បាញ់​ចំ​គោលដៅ​យ៉ាង​ល្អ។

គួរ​កត់​សម្គាល់​ថា ​ទោះ​បី​ជា​កម្ពុជា​ចាញ់​ប្រៀប​ថៃ​យ៉ាង​ខ្លាំង​ខាង​ផ្នែក​សព្វាវុធ ​និង​ចំនួន​កងទ័ព​ប៉ុន្តែ ​តាមរយៈ​ការ​ផ្ទុះ​សង្គ្រាម​ជាយដែន​ជាមួយ​ថៃ​រយៈពេល​ចុងក្រោយ​នេះ ​កងទ័ព​កម្ពុជា​មិនត្រឹម​តែ​ការពារ​បាន​យ៉ាង​រឹងមាំ​ទីតាំង​ឈរជើង​របស់​ខ្លួន​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ ​ក៏​បាន​បង្ហាញ​ប្រៀប​ខ្លាំង​ខាង​ផ្នែក​យុទ្ធសាស្ត្រ​យោធា​លើភាគី​ថៃ​ដែរ។ ​ការ​ប្រើប្រាស់​កាំភ្លើង​គាំទ្រ​តិចតួច​តែ​ចំ​គោលដៅ​ជា​ចំណុច​ខ្លាំង​មួយ​ធ្វើឲ្យ​បច្ចាមិត្ត​កោត​ខ្លាច។

ទោះជា​យ៉ាង​នេះ​ក្តី ​ការ​ហ្វឹកហាត់​បន្ថែម ​និង​ការ​បំពាក់​សព្វាវុធ​ធុន​ទំនើប​ត្រូវ​បាន​ក្រសួង​ការពារ​ជាតិ​ចាត់ទុក​ជា​អាទិភាព​ចំពោះ​មុខ។ ​ក្នុង​គោលដៅ​រក្សា​សិទ្ធិ​តទល់​ជាមួយ​អ្នក​ឈ្លានពាន ​លោក​ទៀ បាញ់ ​ក៏​បាន​អះអាង​ដែរ​ថា ​កម្ពុជា​នឹង​មិន​ប្រញាប់​ប្រញាល់​ចូល​ជា​សមាជិក​អនុសញ្ញា​ហាម​ប្រាម​ការ​ប្រើប្រាស់​គ្រាប់​បែក​ចង្កោម​ទេ ​ខណៈ​ដែល​ប្រទេស​ជិត​ខាង​ជា​ពិសេស​ថៃ​មិន​ទាន់​បាន​ចូល​ជា​សមាជិក​អនុសញ្ញា​នេះ​នៅ​ឡើយ។ ​គួរ​បញ្ជាក់​ថា ​ក្នុង​អំឡុងពេល​ផ្ទុះ​សង្គ្រាម​នៅ​ព្រះវិហារ​កាលពី​ខែ​កុម្ភៈ​ ថៃ​បាន​បាញ់​គ្រាប់​បែក​ចង្កោម​រាប់​រយ​គ្រាប់​ចូល​តំបន់​ព្រះវិហារ។

គួរ​កត់​សម្គាល់​ដែរ​ថា​ ស្រប​ពេល​ដែល​លោក​ទៀ បាញ់​បង្ហាញ​ពី​គោលដៅ​នៃ​ការ​ធ្វើ​ទំនើបកម្ម​យោធា​ រដ្ឋាភិបាល​ទើប​តែ​សម្រេច​ឲ្យ​ក្រសួង​ការពារ​ជាតិ​ជ្រើសរើស​កងទ័ព​ចំនួន​ ៥០០០​​នាក់​ ដើម្បី​បំពេញ​បន្ថែម​ ខណៈ​ដែល​មន្ត្រី​យោធា​ជា​ច្រើន​បាន​ចូល​និវត្តន៍។​ ទោះ​បី​ជា​ក្រសួង​ការពារ​ជាតិ​អះអាង​ថា ​ការ​ជ្រើស​រើស​ទ័ព​បន្ថែម​នេះ​មិន​ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​ជាមួយ​ថៃ​ក៏ដោយ ក៏ប៉ុន្តែ ​ការ​ជ្រើសរើស​កងទ័ព​ក៏​ជា​ចំណែក​មួយ​នៃ​ការ​ពង្រឹង​វិស័យ​យោធា​កម្ពុជា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ