អានតួអត្ថបទ
កម្ពុជា-អាមេរិក

ទំនាក់ទំនង​យោធា​អាមេរិក-កម្ពុជា​កាន់តែ​ស្អិតល្មួត

ប្រតិភូ​មេ​បញ្ជាការ​កងទ័ព​ជើងទឹក​អាមេរិក​កំពុង​ធ្វើ​ទស្សនកិច្ច​២​ថ្ងៃ ​នៅ​កម្ពុជា​ ដើម្បី​ពង្រឹង​សហប្រតិបត្តិការ​យោធា​ទ្វេភាគី និង​បញ្ហា​សន្តិសុខ​តំបន់។ ប្រតិភូ​យោធា​ជើងទឹក​សហរដ្ឋ​អាមេរិក​នឹង​ចុះ​​ពិនិត្យ​មើល​អង្គភាព​កងទ័ព​ជើងទឹក​ ប្រចាំការ​នៅ​សមុទ្រ​រាម ខេត្ត​ព្រះសីហនុ​ផងដែរ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក។

មេបញ្ជាការ​កងនាវា​អាមេរិក​និង​អគ្គបញ្ជាការ​កងទ័ព​ជើង​គោក​កម្ពុជា
មេបញ្ជាការ​កងនាវា​អាមេរិក​និង​អគ្គបញ្ជាការ​កងទ័ព​ជើង​គោក​កម្ពុជា RFI/Delux Leang
ផ្សាយពាណិជ្ជកម្ម

ដំណើរ​ទស្សនកិច្ច​របស់​ឧត្តមនាវី​ឯក ​Scott Van Buskirk មេបញ្ជាការ​នៃ​កង​នាវា​ទី​៧​របស់​សហរដ្ឋ​អាមេរិក​នៅ​កម្ពុជា​នៅពេលនេះ​ គឺ​ជា​សក្ខីភាព​មួយ​ទៀត​ដែល​ប​ញ្ជាក់​អំពី​ទំនាក់ទំនង​ល្អ​​ក្នុង​វិស័យ​យោធា​រវាង​ភ្នំពេញ និង​ទីក្រុង​វ៉ាស៊ីនតោន។

ក្នុង​ដំណើរ​ទស្សនកិច្ច​២​ថ្ងៃ គឺថ្ងៃទី៣ ទី៤ខែសីហា​នេះ ប្រតិភូ​កង​នាវា​ទី​៧​របស់​អាមេរិក​បាន​ជួប​មន្ត្រី​កងទ័ព​ជើងទឹក​ និង​មន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា ដើម្បី​ពិភាក្សា​អំពី​សហប្រតិបត្តិការ​ទ្វេភាគី​ និង​ក្នុង​ក្របខ័ណ្ឌ​តំបន់​ក្នុង​វិស័យ​យោធា។ ការ​ពិភាក្សា​ក៏​នឹង​ផ្តោត​ទៅ​លើ​ការ​ហ្វឹកហ្វឺន​និង​ការ​ត្រៀម​ខ្លួន​ជា​ស្រេច​ សម្រាប់​ប្រតិបត្តិការ​លើ​ផ្ទៃទឹក​ក្នុងឆ្នាំនេះ ការពង្រឹង​ចំណង​ទាក់ទង​នយោបាយ​អោយ​កាន់​តែ​ជិតស្និទ្ធ​ថែមទៀត ដំណើរការ​លំហាត់​ហ្វឹកហ្វឺន​បន្ថែម​ ដែល​ផ្តល់​ផល​ប្រយោជន៍​ទៅវិញទៅមក​ក្នុងផ្នែក​សន្តិសុខ​លំហ​សមុទ្រ ការរុករក និងការ​ជួយ​សង្គ្រោះបន្ទាន់​ក្នុង​គ្រោះធម្មជាតិ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ លោក​ឧត្តមសេនីយឯកឈុំ សុជាតិ​បាន​អត្ថាធិប្បាយ​ថា​លោក​មើលឃើញ​អំពី​កិច្ចសហប្រតិបត្តិការ​កាន់តែ​ល្អ​រវាង​ប្រទេស​ទាំងពីរ។ អ្នក​នាំពាក្យ​រូប​នេះ​បាន​ប្រាប់​អោយ​ដឹងថា ប្រតិភូ​នឹង​ចេញ​ដំណើរ​ទៅ​ទស្សនកិច្ច​កងទ័ព​ជើងទឹក​កម្ពុជា​នៅ​សមុទ្រ​រាម​នៅ​ថ្ងៃ​ស្អែក។

ទីក្រុង​វ៉ាស៊ីនតោន​បាន​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​ក្នុង​ការ​ចាប់​ដៃ​ជាមួយ​ទីក្រុង​ភ្នំពេញ​ក្នុង​វិស័យ​យោធា។ ជា​ញឹកញាប់​នាវា​ចម្បាំង​របស់​អាមេរិក​បាន​ចូលចត​ច្រាំង​កម្ពុជា​ ដើម្បី​ធ្វើសកម្មភាព​មនុស្សធម៌​ជួយ​ព្យាបាល និង​សាងសង់​មជ្ឈមណ្ឌល​សុខភាព​និងសាលារៀន​អោយ​ពលរដ្ឋ​ខ្មែរ​នៅតាម​តំបន់​ឆ្នេរ។ នេះមិនរាប់បញ្ចូលទស្សនកិច្ចជាច្រើននៃប្រតិភូយោធា​អាមេរិកនៅ​កម្ពុជា​ផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ