អានតួអត្ថបទ
អាមេរិក-ចិន-រុស្ស៊ី

អាមេរិក​ដាក់​ទណ្ឌកម្ម​អង្គភាព​យោធា​ចិនដែល​​​​ទិញ​យន្តហោះ​ចម្បាំង​និង​មីស៊ីល​ពី​រុស្ស៊ី

សហរដ្ឋ​អាមេរិក នៅ​ថ្ងៃព្រហស្បតិ៍​ទី​២០​កញ្ញា​ម្សិលមិញ បាន​ប្រកាស​ពង្រីក​ការ​ដាក់​ទណ្ឌកម្ម​របស់​ខ្លួន​ប្រឆាំង​រុស្ស៊ី ទៅ​កាន់​ប្រទេស​ចិន​។ ចិន ដែល​បាន​ទិញយន្តហោះ​ចម្បាំង​និង​មីស៊ីល​ពី​រុស្ស៊ី​ កាល​ពី​ពេល​ថ្មី​ៗ​នេះ​។

ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង និង​សមភាគី​អាមេរិក លោក ដូណាល់ ត្រាំ
ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង និង​សមភាគី​អាមេរិក លោក ដូណាល់ ត្រាំ NICOLAS ASFOURI / AFP
ផ្សាយពាណិជ្ជកម្ម

ការ​ដាក់​ទណ្ឌកម្មហិរញ្ញវត្ថុ​របស់​អាមេរិក ធ្វើ​ឡើង​ចំពោះ​​នាយកដ្ឋាន​អភិវឌ្ឍ​ឧបករណ៍​នៃ​ក្រសួង​ការពារ​ជាតិ​ចិន និង​ថ្នាក់​ដឹក​នាំ​នៃ​ស្ថាប័ន​នេះ។ ក្រសួង​ការ​បរទេស​អាមេរិក​បាន​ឲ្យ​ដឹង​ថា ការ​សម្រេ​ច​ដូច្នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ស្ថាប័ន​យោធា​នៃ​ប្រទេស​ចិន បាន​ទិញ​យុទ្ធោបករណ៍​ពី​ប្រទេស​រុស្ស៊ី មាន​ជា​អាថិ៍៖ យន្តហោះ​ចម្បាំងប្រភេទ Sukhoi Su-35 និង​មីស៊ីល​បាញ់​ពី​ដី​ទៅ​លើ​អាកាស​ប្រភេទ S-400។

ដ្បិត​តែ​ទណ្ឌកម្ម​ដាក់​ទៅ​លើ​ប្រទេស​ចិន ប៉ុន្តែ​មន្ដ្រី​ជាន់​ខ្ពស់​នៃក្រសួង​ការ​បរទេស​អាមេរិក​ពន្យល់​ថា គោលដៅ​ពិត​ប្រាកដ​នៃ​ទណ្ឌកម្ម គឺ​រុស្ស៊ី​ឯ​ណោះ​ទេ​។ អាមេរិក​ចង់​ដាក់​សម្ពាធ​ទៅ​លើ​រុស្ស៊ី ជា​ការ​ឆ្លើយ​តប​នឹង​សកម្មភាព​គគ្លើន​របស់​រុស្ស៊ី​នា​ពេល​កន្លង​មក រាប់​ចាប់តាំង​ពី​ការ​ឈ្លាន​ពាន​យក​គ្រីមៀ​ពី​អ៊ុយក្រែន ការ​វាយ​ប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធឺណែត ការ​លូក​ដៃ​ចូល​កកូរ​កកាយ​ក្នុង​ការ​បោះ​ឆ្នោត​នៅ​អាមេរិក​ក្នុង​ឆ្នាំ​២០១៦ និង​សកម្មភាព​ផ្សេង​ៗ​ទៀត​។ នេះ​បើ​តាម​មន្ដ្រី​នៃ​ក្រសួង​ការ​បរទេស​អាមេរិក​។

សូម​ជម្រាប​ថា នេះ​គឺ​ជា​លើក​ទី​មួយ​ហើយ ដែល​អាមេរិក​សម្រេច​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​ទី​បី ដើម្បី​ប្រឆាំង​នឹង​រុស្ស៊ី​។ ក្រសួង​ការ​បរទេស​អាមេរិក បាន​ជំរុញ​ឲ្យ​ប្រទេស​ដទៃ​ទៀត កាត់​បន្ថយ​ទំនាក់​ទំនង​ក្នុង​វិស័យ​យោធា​ជាមួយ​ប្រទេសរុស្ស៊ី បើ​មិន​ចង់​រង​ទណ្ឌកម្ម​ផ្នែក​ហិរញ្ញវត្ថុ​ដូច​ប្រទេស​ចិន​។ ទំនាក់ទំនង​ផ្នែក​យោធា​ជាមួយ​រុស្ស៊ី ត្រូវ​បាន​អាមេរិក​ចាត់​ទុក​ថា ជា​ការ​ចូលដៃ​ចូល​ជើង​​ជាមួយ​រុស្សី បង្ក​សកម្មភាព​ទុច្ចរិត​នៅ​លើ​សាកល​លោក​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ