អានតួអត្ថបទ
កម្ពុជា

ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​សារ​ទឹក​ជំនន់ ​ប្រាប់ថា ឆ្នាំ​នេះ​ទឹក​ធំ​ជាង​ឆ្នាំ​មុន​ៗ

ប្រជាពលរដ្ឋ​នៅ​តាម​បណ្ដា​ខេត្ត​រង​គ្រោះ​ដោយ​សារ​ទឹក​ជំនន់ ពិសេស​នៅ​ខេត្ត​សៀមរាប បាត់​ដំបង និង​បន្ទាយ​មាន​ជ័យ បាន​ត្អូញ​ត្អែរ​ពី​ជំនន់​ទឹក​ភ្លៀង ដែល​កំពុង​ជន់​លិច​តំបន់​មួយ​ចំនួន​ក្នុង​ខេត្ត ថា​បាន​ប៉ះពាល់​ដល់​ការងារ និង​ការ​ប្រកប​អាជីវកម្ម​របស់​ពួក​គាត់។ ប្រជាពលរដ្ឋ​បាន​បង្ហាញ​ពី​ភាព​ភ័យ​ព្រួយ​កង្វល់​ពី​ជំនន់​ទឹក​ភ្លៀង ដែល​ពួក​គាត់​អះអាង​ថា មាន​សភាព​ធ្ងន់ធ្ងរ​ជាង​ឆ្នាំ​មុន​ៗ។

កុមារ​នានា​​លេង​ក្នុង​​​ទឹកជំនន់ ក្នុង​ពេល​កន្លង​មក
កុមារ​នានា​​លេង​ក្នុង​​​ទឹកជំនន់ ក្នុង​ពេល​កន្លង​មក RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

ជំនន់​ទឹក​ភ្លៀង​កំពុង​បន្ត​វាយ​លុក​បណ្ដា​ខេត្ត​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​កម្ពុជា។ នៅ​ខេត្ត​សៀមរាប ភ្លៀង​ធ្លាក់​ជាប់​ៗ​គ្នា ​ពី​ថ្ងៃ​ទី​២​ ដល់​ថ្ងៃ​ទី​៥​តុលា បាន​ធ្វើ​ឲ្យ​ទឹកភ្លៀង​ជន់​លិច​ផ្លូវ​មួយ​ចំនួន​ក្នុង​ខេត្ត។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​កញ្ញា ហ្វុង មគ្គុទេស​ទេសចរណ៍​ ​នៅ​ខេត្ត​សៀមរាប។ កញ្ញា​ឲ្យ​ដឹង​បន្ថែម​ថា ការ​បាក់​ទំនប់​តាកៅ ​នៅ​តំបន់​អង្គរ​ធំ បាន​ធ្វើ​ឲ្យ​ទឹក​ហូរ​ចូល​មក​តំបន់​ឧទ្យាន​អង្គរ ក្នុង​នោះ​រួម​មាន​វង់​ធំ និង​ផ្លូវ​ពី​ប្រាសាទ​អង្គរ​ធំ មក​កាន់​ប្រាសាទ​អង្គរ​វត្ត។

ដោយ​ឡែក ​នៅ​ប្រាសាទ​អង្គរ​វត្ត​វិញ ទឹក​បាន​ជន់​លិច​ស្រះ​ទឹក​​ទាំង​ពីរ នៅ​សង​ខាង​ប្រាសាទ។ ក្រៅ​ពី​នេះ ប្រាសាទ​មួយ​ចំនួន​ទៀត​នៅ​ខេត្ត​សៀមរាប រួម​មាន​ប្រាសាទ​បន្ទាយ​ស្រី ប្រាសាទ​ព្រះខ័ន្ធ និង​ប្រាសាទ​នាគព័ន្ធ​ជា​ដើម សុទ្ធ​តែ​ត្រូវ​បាន​ទឹក​លិច​ត្រឹម​ៗ​ក​ជើង។ ដោយ​ឡែក នៅ​ក្នុង​ក្រុង​សៀមរាប​ថ្ងៃ​នេះ ដោយ​សារ​តែ​មិន​មាន​ភ្លៀង ទឹក​បាន​ស្រក​ទៅ​វិញ ​ស្ទើរ​តែ​ទាំង​អស់​ហើយ។ 

ចំណែក​នៅ​ខេត្ត​បន្ទាយ​មានជ័យ​ឯណោះ​វិញ ក្រុងប៉ោយប៉ែត​ទាំង​មូល បាន​គ្រប​ដណ្ដប់​ទៅ​ដោយ​ជំនន់​ទឹក​ភ្លៀង។ អ្នក​ស្រី​ វ៉ាន់នី ជា​អាជីវករ​នៅ​ផ្សារ​រ៉ុងក្លឿ ក្រុង​ប៉ោយប៉ែត ឲ្យ​ដឹង​ថា តូប​របស់​គាត់​នៅ​ឯ​ផ្សារ​ ត្រូវ​ទឹក​លិច​អស់​ហើយ មិនអាច​ឲ្យ​គាត់​បើក​លក់​ដូរ​ដូច​ធម្មតា​បាន​ទេ។ អ្នក​ស្រី​ឲ្យ​ដឹង​ថា ក្រុង​ប៉ោយប៉ែត​លិច​លង់​ដោយ​ទឹក​ជំនន់​អស់​រយៈពេល​៥​ថ្ងៃ​​ នេះ​បើ​រាប់​ទាំង​ថ្ងៃ​ទី​៧​តុលា​នេះ​ទៀត។ អាជីវករ​ផ្សារ​រ៉ុងក្លឿ ដែល​ខក​ខាន​មិន​បាន​លក់​ដូរ​រូប​នេះ មិន​សង្ឃឹម​ថា​ទឹក​នឹង​ស្រក​ទៅ​វិញ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ទេ បើ​ទោះ​បី​ជា​ថ្ងៃ​នេះ មិន​ទាន់​មាន​ភ្លៀង​​ក៏​ដោយ។ មិន​មាន​ភ្លៀង តែ​​ផ្ទៃ​មេឃ​នៅ​តែ​ស្រទុំ​ជាប់​ជានិច្ច។

ដោយ​ឡែក​ ​​ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយ​មាន​ជ័យ ក៏​កំពុង​ទទួល​រង​ការ​គម្រាម​កំហែង​ពី​ជំនន់​ទឹក​ភ្លៀង​ដែរ។ កញ្ញា​យ៉ាង រស្មី ប្រជាពលរដ្ឋ​នៅ​ក្រុង​សិរីសោភ័ណ បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ពី​ផ្ទះ​របស់​កញ្ញា ដែល​ទើប​តែ​ត្រូវ​ទឹក​លិច បន្ទាប់​ពី​​​ភ្លៀង​មួយ​មេ​យ៉ាង​ធំ ​កាលពី​យប់​មិញ។ ទឹក​លិច​ផ្ទះ​ពិត​មែន ប៉ុន្តែ ​នៅ​ក្នុង​ក្រុង​មិន​ទាន់​លិច​នៅ​ឡើយ​ទេ។​

អាជីវករ​លក់​គ្រឿង​សំណង់ ​នៅ​ផ្សារ​បឹង​​ឈូក ក្រុង​បាត់ដំបង លោក ស្បោង ចាន់ថុល ឲ្យ​ដឹង​ថា ទឹក​លិច​ក្រុង​បាត់ដំបង​៣​ថ្ងៃ​មក​ហើយ មិនទាន់​ស្រក​នៅ​ឡើយ​ទេ។ ទឹក​ស្ទឹង​សង្កែ បាន​ឡើង​ប្រប​មាត់​ស្ទឹង​ហើយ។ ហើយ​ក៏​បានច្រាល​​ចេញ​តាម​លូ ចូល​ក្រុង។ ​ផ្សារ​បឹង​ឈូក នៅ​ក្រុង​បាត់ដំបង ត្រូវ​ទឹក​លិច​លើ​ជង្គង់។ មាន​ភ្លៀង​មួយ​មេ​កាល​ពី​យប់​មិញ ប៉ុន្តែ ​រហូត​មក​ទល់​ព្រឹក​នេះ មេឃ​នៅ​តែ​ខ្មៅ​ស្រអាប់ មិន​ស្រឡះ។ ហើយ​លោក​ចាន់ថុល នៅ​តែ​បារម្ភ​ខ្លាច​មាន​ភ្លៀង ដែល​អាច​នឹង​ធ្វើ​ឲ្យ​ទឹក​ជន់​លិច​ផ្ទះ​របស់​គាត់​ នៅ​ផ្សារ​បឹង​ឈូក។

នៅ​ខេត្ត​ក្រចេះ ដែល​ជា​ខេត្ត​នៅ​ជាប់​ដង​ទន្លេ​មេគង្គ ទឹក​ជំនន់​បាន​ស្រក​ទៅ​វិញ​ហើយ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក អ៊ុច ចាន់ស៊ីណែត មន្ដ្រី​ពន្ធដារ​ខេត្ត​ក្រចេះ។ លោក​បន្ត​ឲ្យ​ដឹង​ថា ទឹក​ជំនន់​បាន​លិច​ផ្សារ​ក្រុង​​ក្រចេះ អស់​ពេល​ប្រាំ​ថ្ងៃ មុន​នឹង​ស្រក​ទៅ​វិញ​កាល​ពី​បី​ថ្ងៃ​មុន។ ហើយ​ស្ថានភាព​ទឹក​ជំនន់​នៅ​ក្នុង​ក្រុង​ពេល​នេះ ហាក់​មិន​មាន​អ្វី​គួរ​បារម្ភ​ឡើយ។

ទឹក​ស្រក​នៅ​ក្រុង​ក្រចេះ ប៉ុន្តែ​​ ស្រុក​សំបូរ ខេត្ត​ក្រចេះ​ឯ​ណោះ​វិញ​កំពុង​រង​គ្រោះ​ដោយ​សារ​ទឹក​ជំនន់។ លោក​ជំនិត វិជិត​ភក្ដី មន្ដ្រី​សុរិយោដី​នៅ​ស្រុក​សំបូរ ឲ្យ​ដឹង​ពី​ស្ថានភាព​ទឹក​ជំនន់​នៅ​ស្រុក​សំបូរ​ថា ឃុំ​មួយ​ចំនួន​ដែល​នៅ​ជាប់​ទន្លេ ដូច​ជា​​ឃុំ​កំពង់ចាម និង​ឃុំ​ស្រែ​ជិះ ​សុទ្ធ​តែ​ត្រូវ​ទឹក​លិច​ទាំង​អស់។ ហើយ​ផ្លូវ​ចម្ងាយ​ប្រមាណ​១​គីឡូម៉ែត្រ ពី​សំបូរ ទៅ​ក្រចេះ ក៏​ត្រូវ​ទឹក​ហូរ​កាត់​ផង​ដែរ។ លោក​ភក្ដី​បញ្ជាក់​ថា ក្នុង​អំឡុង​រដូវ​ទឹក​ឡើង​ដូច្នេះ ទឹក​លិច​ឃុំ​មួយ​ចំនួន​នៅ​ជាប់​ទន្លេ វា​ជា​រឿង​ធម្មតា​ទេ។ ប៉ុន្តែ​ លោក​បាន​កត់​សម្គាល់​ដែរ​ថា ទឹក​ឆ្នាំ​នេះ ធំ​ជាង​ឆ្នាំ​មុន​ៗ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ