អានតួអត្ថបទ
បារាំង-ក្រិក

ទស្សនកិច្ច​​របស់​​ប្រធានាធិបតី​​បារាំង​​នៅ​​ប្រទេស​​ក្រិក​​

នៅ​ថ្ងៃ​អង្គារ​នេះ ប្រធានាធិបតី​បារាំង លោក​ ហ្វ្រង់ស៊័រ​​ ហូឡង់ ​​​បាន​​បំពេញ​ទស្សនកិច្ច​របស់​ខ្លួន​ នៅ​​​ប្រទេស​ក្រិក​​ ដើម្បី​​​​បង្ហាញ​​ពី​ទំនុក​​ចិត្ត​របស់​បារាំង​ក្នុង​​​​​ការ​​​ប្រឹងប្រែង​ស្តារ​សេដ្ឋកិច្ច​​ប្រទេស​ក្រិក​​អោយ​ប្រសើរ​ឡើង​វិញ។ ប្រទេស​​​​​ក្រិក​ជា​ប្រទេស​មួយ​ដែល​មាន​កម្រិត​សេដ្ឋកិច្ច​​​ទន់​​ខ្សោយ​ជាង​គេ​ ក្នុង​ចំណោម​​បណ្តា​ប្រទេស​​ក្នុង​សហភាព​អឺរ៉ុប។ ​​គេ​ប្រមើល​មើល​ថា ​កំណើន​សេដ្ឋកិច្ច​ប្រទេស​ក្រិកប្រហែល​ជា​​នឹង​ធ្លាក់​ចុះ​ ៤,៥​ភាគរយ​ សំរាប់​ឆ្នាំ​២០១៣​នេះ។​​

ប្រធានាធិបតី​បារាំង​ François Hollande និង​​នាយក​រដ្ឋមន្ត្រី​ក្រិក​​ Antonis Samara
ប្រធានាធិបតី​បារាំង​ François Hollande និង​​នាយក​រដ្ឋមន្ត្រី​ក្រិក​​ Antonis Samara REUTERS/John Kolesidis
ផ្សាយពាណិជ្ជកម្ម

ទស្សនកិច្ច​របស់​​​ប្រធានា​ធិបតី​បារាំង​ លោក​ ហ្វ្រង់ស៊័រ​​ ហូឡង់ នៅ​​ប្រទេស​ក្រិក​ នៅ​ថ្ងៃ​អង្គារ​នេះ ត្រូវ​បាន​ទទួល​ការ​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​​​​ពី​ប្រជាជន​ក្រិក​​។​ លោក​ ហ្វ្រង់ស៊័រ​​ ហូឡង់ មាន​គំរោង​ជួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​ក្រិក​ លោក​ Antonis Samara និង​ប្រធានាធិបតី​ក្រិក​ លោក Carolos Papoulias ដើម្បី​បង្ហាញ​ពី​ទំនុកចិត្ត​របស់​បារាំង​ ក្នុង​ដំណើរ​ការ​​ស្តារ​សេដ្ឋកិច្ច​របស់​ក្រិក​អោយ​បាន​ប្រសើរ​ឡើង​វិញ។

ប្រជាជន​​ក្រិក​​​មិន​ដែល​បំភ្លេច​សោះ​ឡើយ​ ​នូវ​អំពើ​​ល្អ​របស់​​ប្រធានាធិបតី​បារាំង​​ ដែល​តែង​​តែ​ការ​ពារ​​និង​គាំ​ទ្រអោយ​​​​ប្រទេស​ខ្លួន​ទទួល​​​បាន​ទទួល​​​​ជំនួយ​ហិរញ្ញ​វត្ថុ​​​ពី​សហភាព​អឺរុប។ ជំនួយ​​​ហិរញ្ញ​វត្ថុ​​​នេះ បាន​ធ្វើ​អោយ​ប្រទេស​ក្រិក​​​ ​គេច​ផុត​ពី​វិបត្ត​​​សេដ្ឋកិច្ច​​​ដ៏​ធ្ងន់​ធ្ងរ កាល​ពី​​ចុង​ឆ្នាំ​កន្លង​ទៅ។

ប្រទេស​​​​​ក្រិក​​ជា​ប្រទេស​មួយ​ដែល​មាន​កម្រិត​សេដ្ឋកិច្ច​​​ទន់​​ខ្សោយ​ជាង​គេ​ ក្នុង​ចំណោម​​បណ្តា​ប្រទេស​នានា​​​ក្នុង​សហភាព​អឺរ៉ុប។ ប្រទេស​ក្រិក​​ នៅ​តែបន្ត​​ដើរ​ថយ​ក្រោយ​ ក្នុង​រយៈ​ពេល​៥​​ឆ្នាំ​​កន្លង​មក​នេះ។ ​អត្រា​អ្នក​គ្មាន​ការ​ធ្វើ​ មាន​រហូត​ដល់​​ទៅ​​ ២៧ ភាគរយ ​ក្នុង​ចំណោម​ប្រជាជន​សកម្ម​ក្នុង​ស្រុក។ អ្នក​សេដ្ឋកិច្ច​នានា​ គិតថា​​​​​ប្រទេស​ក្រិក​​នឹង​​បន្ត​ប្រឈម​​មុខ នឹង​ការ​កាត់​បន្ថយ​ការងារ​​​ធ្វើ​​ នៅ​ឆ្នាំ​២០១៣ ត​ទៅ​ទៀត។

គួរ​រំលឹក​ថា កាល​ពី​ឆ្នាំ​​២០១២ កន្លង​ទៅ​ កំណើន​សេដ្ឋកិច្ច​ក្រិក​​បាន​ធ្លាក់​ចុះ ៦,៥​ ភាគរយ​។ ហើយ​គេ​ប្រមើល​មើល​ថា ​​អត្រា​នេះ​នឹង​ធ្លាក់​ចុះ​ ៤,៥​ភាគរយ​​ សំរាប់​ឆ្នាំ​២០១៣​។​

ប្រធានាធិបតី​បារាំង​បាន​បញ្ចេញ​យោបល់ ​កាល​ពី​ម្សិល​មិញ​នេះ​​ថា ជំនួយ​​​ហិរញ្ញ​វត្ថុ​សំរាប់​​ក្រុង​អាថែន​​មិន​ទាន់​គ្រប់​គ្រាន់​​នៅ​​ឡើយ​ទេ ដើម្បី​ស្តារវិស័យ​​សេដ្ឋកិច្ច​​​​​​ក្នុង​ប្រទេស។ ដើម្បី​ចូលរួម​លើក​ស្ទួយ​កំណើន​សេដ្ឋកិច្ច​ក្រិចក​អោយ​បាន​ឆាប់​រហ័ស ក្រុង​ប៉ារីស​​នឹង​​​​ចូលរួម​​សហប្រតិបត្តិ​ការ​ជួយ​ក្រិក​​ តាម​រយៈ​​សហគ្រាស​បារាំង ផ្នែក​រដ្ឋបាល​នានា និងតាម​រយៈ​ការ​​​ស្វែង​​រក​ថវិកា​នៅ​អឺរ៉ុប​​ជួយ​ក្រុង​អាថែន។

ការ​ស្វាគមន៍​របស់​ក្រុង​អាថែន បាន​ផ្តល់​​មោទនភាព​ដល់​ក្រុង​ប៉ារីស ដែល​​ខុស​ពី​ដំណើរ​ទស្សនកិច្ច​របស់​​លោកស្រី អង់ហ្កេឡា មែរ​គេល ដែល​ជា​ប្រមុខ​ដឹក​នាំ​​ប្រទេស​អាល្លឺម៉ង់។​ កាល​ពី​ខែ​កញ្ញា​​ចុង​ឆ្នាំ​ ២០១២ ​ទស្សនកិច្ច​របស់​ប្រមុខ​ដឹក​នាំ​អាល្លឺម៉ង់ នៅ​ក្រុង​អាថែន​​ បាន​ប្រឈម​មុខ​នឹង​បាតុកម្ម​​​​​របស់​ប្រជាជន​ក្រិក​ ដែល​មិន​ពេញ​ចិត្ត​នឹង​ការ​មិន​អនុគ្រោះ​អត់​ឧន​​​របស់​អាល្លឺម៉ង់​​ ចំពោះ​​ដំណើរ​ការ​សេដ្ឋកិច្ច​​ក្រុង​អាថែន។ អាល្លឺម៉ង់​​មិន​​មាន​ទំនុក​ចិត្ត​លើ​ប្រទេស​ក្រិក​​ ក្នុង​​​​កិច្ចការ​​ស្តារ​សេដ្ឋកិច្ច​នោះ​ឡើយ។

នៅ​ពេល​ដែល​បារាំង​បង្ហាញ​នូវ​​​ទឹកចិត្ត​ជួយ​​ក្រិក ​រដ្ឋាភិបាល​​របស់​លោក ហូឡង់​ ត្រូវ​ប្រឈម​មុខ​នឹង​​​​​គណកម្មការ​​​អឺរ៉ុប នៅ​ថ្ងៃ​សុក្រ​នេះ​ ដើម្បី​បកស្រាយ​ថា​ហេតុអ្វី​បាន​ជា នៅ​សប្តាហ៍​មុន ​​​​ក្រុង​ប៉ារីស​​​​​ប្រកាស​ថា​គ្មាន​លទ្ធភាព​នឹង​​​បន្ថយ​​​ឧនភាព​សាធារណៈ​​ ទៅ​លើ​ផលិតផល​សរុប​ក្នុង​ស្រុក​អោយ​បាន​ ៣ ភាគរយ ដូចជា​​ការ​គ្រោង​ទុក។ ​
​​ប្រទេស​បារាំង​ខ្លួន​ឯង​ផ្ទាល់ ក៏​​មាន​គម្រោង​​​​កែ​ទម្រង់​​លើ​​​​​ការ​ចាយវាយ​​​ក្នុង​ស្រុក​ផង​ដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ