អានតួអត្ថបទ
អាល្លឺម៉ង់

ភ្នំភ្លើង​អ៊ីស្លង់ ៖ អាល្លឺម៉ង់​បិទ​ចរាចរណ៍​ផ្លូវ​អាកាស

អាកាសយានដ្ឋានបីធំៗ​ របស់​ប្រទេស​អាល្លឺម៉ង់ ដែល​ស្ថិត​នៅ​ភាគ​ខាង​ជើង​ប្រទេស​ ត្រូវ​បិទ​ទ្វារ​នៅ​ថ្ងៃ​ពុធ​ទី ២៥ ឧសភា នេះ ដោយ​ហេតុ​តែ​ពពក​ផេះ​នៃ​ភ្នំភ្លើង Grimsvötn ប្រទេស​អ៊ីស្លង់។ ពពក​ផេះ​ដែល​ពេល​នេះ​រសាត់​នៅ​កម្ពស់​តែ​ពី​ ២គីឡូម៉ែត្រ​ពី​ដី លើ​ផ្ទៃ​អាកាស​អឺរ៉ុប​ខាង​ជើង។ ម្សិលមិញ​ ការ​ហោះហើរ​ប្រមាណ​៥០០​ជើង នៅ​អង់គ្លេស​ និង​អេកូស ត្រូវ​បាន​លុប​ចោល​។

យន្ត​ហោះ​ហោះ​លើ​ពពក​ផេះ​ភ្នំភ្លើងអ៊ីស្លង់ Grimsvötn
យន្ត​ហោះ​ហោះ​លើ​ពពក​ផេះ​ភ្នំភ្លើងអ៊ីស្លង់ Grimsvötn REUTERS/Olafur Sigurjonsson
ផ្សាយពាណិជ្ជកម្ម

 

បន្ទាប់​ពី​ប្រទេស​អង់គ្លេស និង​អេកូស គឺ​ដល់​វេន​ប្រទេស​អាល្លឺម៉ង់​ម្តង ដែល​ត្រូវ​ទទួល​រង​ផល​ប៉ះពាល់​ពី​​ពពកផេះ​នៃ​ភ្នំភ្លើងអ៊ីស្លង់។ មានយ៉ាង​ហោច​ណាស់​អាកាស​យានដ្ឋាន​បី​របស់​អាល្លឺម៉ង់​ រួម​ទាំង​អាកាសយានដ្ឋាន​ក្រុង​ប៊ែរឡាំង​ផង បាន​ប្រកាស​បិទ​ទ្វារ​នៅ​ក្នុង​ថ្ងៃ​ពុធ​ទី ២៥​ឧសភា​នេះ។

មួយ​ឆ្នាំ​គត់​បាន​កន្លង​ផុត អាកាសយានដ្ឋាន​មួយ​ភាគ​ នៃ​បណ្តា​ប្រទេស​​អឺរ៉ុបខាងជើង ត្រូវ​បិទ​ទ្វារទៀត​ ដូច​ឆ្នាំ​ទៅ​មិញ​ដែរ ដោយហេតុ​​តែ​​ភ្នំភ្លើង​អ៊ីស្លង់​ ផ្ទុះ ​​ជះ​ផេះ រសាត់​តាម​ខ្សល់​ លើ​​ផ្ទៃ​អាកាស។ កម្ទេច​ពពក​ផេះ​ដែល​​ រំខាន​យ៉ាង​ខ្លាំង​ដល់​ចរាចរណ៍​ផ្លូវអាកាស។ ម្សិលមិញ​​ ក្រុម​អាកាសចរណ៍​អង់គ្លេស​បាន​លុប​ចោល​ការ​ហោះហើរ​ ទៅ​កាន់ និង​មក​ពី​ អេកូស (ភាគ​ខាង​ជើង​ប្រទេស​អង់គ្លេស) ប្រមាណ​៥០០​ជើង ក្នុង​ចំណោម​​ការ​ហោះហើរ​សរុប២៩០០០​ជើង​។

គណៈកម្មការ​អឺរ៉ុប​ទទួល​បន្ទុក​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​អាកាស​ មាន​សុទិដ្ឋិនិយម បាន​សម្តែង​ការ​ធានា​អះអាង​ថា​ នឹង​គ្មាន​ការ​បិទ​អាកាសយានដ្ឋាន​ យ៉ាង​សន្ធឹក​សន្ធាប់​ ដូចឆ្នាំ​២០១០ទេ។ ប៉ុន្តែ​ដោយ​ចៀស​មិន​រួច ការ​ហោះហើរ​នឹង​មាន​ការ​រអាក់​រអួល​ខ្លាំង​នៅ​ក្នុង​សប្តាហ៍​នេះ។

បើ​តាម​អាជ្ញាធរ​អ៊ីស្លង់ នៅ​ល្ងាច​ថ្ងៃ​អង្គារ​ម្សិលមិញ ភ្នំភ្លើង​​ហ្គ្រីមស្វូត (Grimsvötn) ដ៏​សកម្ម​បំផុត​មួយ​នេះ បាន​ចុះ​ថយ​កម្លាំង​​​​បន្តិច​ ដោយ​ព្រួស​ភ្លើង​និង​ជះ​ផេះ ក្នុង​កម្ពស់​តែ​ពីរ​គីឡូម៉ែត្រ ប៉ុណ្ណោះ។ ​ប៉ុន្តែ​ផ្សែង​ពពក​ផេះ ដែល​ភ្នំភ្លើង​បាន​ខ្ជាក់​កាលពី​ថ្ងៃ​សៅរ៍​ ក្នុង​កម្ពស់​២០​គីឡូម៉ែត្រ​ កំពុង​បន្ត​រសាត់​ នៅ​លើ​ផ្ទៃ​អាកាស​អឺរ៉ុប។ គេ​ត្រូវ​រង់​ចាំ​​ពីរបី​ថ្ងៃទៀត ទើប​មេឃ​អាច​ស្រឡះ​ ពពក​ផេះ​រសាត់​អស់​។ ដូច្នេះ​ទំហំ​នៃ​ការ​ប៉ះពាល់​ពិត​ជា​មិន​អាច​ប្រៀប​ធៀប​នឹង​មហន្តរាយ​ភ្នំភ្លើង​កាលពី​ឆ្នាំ​មុន​បាន​ទេ លើក​លែង​តែ​ភ្នំភ្លើង​ហ្គ្រីមស្វូត​នេះ​កម្រើក​ ធ្វើ​សកម្មភាព​ឡើង​វិញ ...

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ