អានតួអត្ថបទ
រុស្ស៊ី

“វេទិកា​សេដ្ឋកិច្ច​ពិភពលោក” បើក​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ នៅ​ក្រុង Davos ប្រទេសស្វ៊ីស

ក្នុងថ្ងៃទី១ នៃការងារ​ខ្លួន កិច្ចប្រជុំ​នេះ ពិភាក្សា​អំពី​អនាគត​នៃ​នយោបាយ​សេដ្ឋកិច្ច​របស់​រុស្ស៊ី ដែល​ឆ្នាំ​២០១៣​នេះ ជា​ម្ចាស់​ផ្ទះ ទទួល​ជំនួប​កំពូល នៃ​២០​ប្រទេស​មាន​សេដ្ឋកិច្ច​ហំហួន​ជាង​គេ​ក្នុង​លោក ហៅថា G-20។ មូលដ្ឋាន​នៃ​ការពិភាក្សា​នេះ គឺ​របាយការណ៍ ក្រោម​ឈ្មោះ​ថា “Scenario ​បី​នៃ​ការអភិវឌ្ឍន៍​ប្រទេស​រុស្ស៊ី” តាក់តែង​ឡើង​ដោយ “ក្រុមប្រឹក្សា​ពួក​អ្នក​ជំនាញការ​អន្តរជាតិ” របស់ “វេទិកា​សេដ្ឋកិច្ច​ពិភពលោក” ហៅ​កាត់ថា WEF។

វេទិកា​សេដ្ឋកិច្ច​ពិភពលោក កំពុង​ប្រព្រឹត្ត​ទៅ​នៅក្រុង​Dqvos ប្រទេស​ស្វីស
វេទិកា​សេដ្ឋកិច្ច​ពិភពលោក កំពុង​ប្រព្រឹត្ត​ទៅ​នៅក្រុង​Dqvos ប្រទេស​ស្វីស © Reuters
ផ្សាយពាណិជ្ជកម្ម

ជាបឋម គួរនិយាយថា ចូលរួម​ក្នុង​កិច្ច​ប្រជុំ​លើក​នេះ គឺ​ប្រតិភូ​ជិត​២.០០០នាក់ ទៅពី​ជាង ១០០​ប្រទេស​ក្នុង​លោក ដែល​ពី​ក្នុង​នោះ ៤៥​ប្រទេស គឺ​តំណាង​ដោយ​ប្រមុខ​រដ្ឋ​ និង​ប្រមុខ​រដ្ឋាភិបាល​តែ​ម្តង។ ប្រទេស​រុស្ស៊ី​ផ្ទាល់ មានមុខ ដោយ​លោក​នាយក​រដ្ឋមន្ត្រី Medvedev ដែល​នឹង​ថ្លែង​សុន្ទរកថា ស្តីអំពី ទិសដៅ​ធំៗ​ជា​គោល នៃ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ជាតិ និង​ស្តី​អំពី ប្រធានបទ​នានា​ជា​អាទិភាព សម្រាប់​ជំនួប​កំពូល G-20 នៅខែ​កញ្ញា​ឆ្នាំ​នេះ ជ្រោង​លើក​ឡើង​ ដោយ​រុស្ស៊ី ក្នុង​ឋានៈ​ជា​ម្ចាស់​ផ្ទះ​ទទួល​ជំនួប។

ប៉ុន្តែ មុន​ដល់​សុន្ទរកថា​របស់​ប្រមុខ​រដ្ឋាភិបាល​រុស្ស៊ី កិច្ចប្រជុំ​ក្រុង Davos ប្រទេសSuisse នឹង​ស្តាប់​របាយការណ៍​ស្តី​អំពី Scenario បី​នៃ​ការអភិវឌ្ឍន៍​ប្រទេស​រុស្ស៊ី ដែល​រៀបចំ​ឡើង​ដោយ “ក្រុមប្រឹក្សា​ពួក​អ្នក​ជំនាញការ​អន្តរជាតិ” របស់“វេទិកា​សេដ្ឋកិច្ច​ពិភពលោក” ហៅ​កាត់​ថា WEF ក្នុងន័យថា ស្ថានការណ៍​សេដ្ឋកិច្ច និង នយោបាយ​នៅ​រុស្ស៊ី អាស្រ័យ​នឹង​មុខ​ព្រួញ​បី ពោល​គឺ ទី១-អាស្រ័យ​នឹង​តម្លៃ​នៃ​វត្ថុធាតុ​ដើម ដែល​រុស្ស៊ី​លក់​បាន នៅ​លើ​ទីផ្សារ​ពិភពលោក ទី២- អាស្រ័យ​នឹង​សមត្ថភាព​រុស្ស៊ី​ធ្វើ​កំណែទម្រង់​បណ្តាញ​ស្ថាប័ន​ខ្លួន ទី៣- អាស្រ័យ​តើ​សង្គម​រុស្ស៊ី ចេះ​រួម​សម្បាច់​គ្នា ​ក្នុង​កម្រិត​ណា។

ស្របនឹង Scenario ទី១ នយោបាយ​របស់​ម៉ូស្គូ គឺ​រំពឹង​លើ​កំណើន​សេដ្ឋកិច្ច​ពិភពលោក ហេតុ​ដែល​ញ៉ាំង​ឲ្យ​តម្រូវការ​នៃ​ប្រេង​ឥន្ធនៈ​កើន​ឡើង ដូច្នេះ ប្រេង​ដែល​រុស្ស៊ី លក់​លើ​ទីផ្សារ មុខ​ជា​ឡើង​ថ្លៃ ហើយ​នាំ​ចំណូល​កាន់​តែ​ក្រាស់ក្រែល​ដល់​ថវិកា​រុស្ស៊ី។ ប៉ុន្តែ បើ​ចំណូល​នោះ​ធ្លាក់​ចុះ ថវិកា​ខេត្ត​ទាំងឡាយ ដែល​ចំណុះ​សហព័ន្ធ​រុស្ស៊ី​មុខ​ជា​លែង​ទទួល​ទាយជ្ជទាន ពី​មជ្ឈឹម គឺ​ពី​ម៉ូស្គូ ហើយ​ខេត្ត​ទាំងនោះ នឹង​បង្ខំ​ចិត្ត​រត់​រក​ជំនួយ​ពី​ឯកជន ខណៈ​នោះ​ច្បាស់​ជា​កើត​មាន​ឡើង​ជា​បរិយាកាស​ប្រជែង ដែល​អាច​ជំរុញ​ដល់​ការអភិវឌ្ឈន៍​ប្រទេស​រុស្ស៊ី​ទៅ​វិញ។

Scenario ទី២ ក្រោម​ឈ្មោះ​ថា “ស្ថិរភាព​ផុយស្រួយ” នឹង​ត្រូវ​ប្រតិបត្តិ ពេល​ដែល​តម្លៃ​ប្រេង​ចេះ​តែ​ធ្លាក់​ចុះ​ជានិច្ច លុះទាល់​តែ​រដ្ឋាភិបាល លែង​មាន​ធនធាន សម្រាប់​ធ្វើ​កំណែ​ទម្រង់ ដែល​ព្យួរ​ទុក​យូរ​មក​ហើយ។ ប៉ុន្តែ ក្នុងនាម​រក្សា​ទុក​សុវត្ថិភាព​សង្គម រដ្ឋាភិបាល​នៅ​តែ​បន្ត​ចំណាយ​យ៉ាង​ច្រើន​ដដែល សម្រាប់​តម្រូវការ​សង្គម។

Scenario ទី៣ ក្រោម​ឈ្មោះថា “ទីអវសាន​នៃ​ភាព​អៀង​អើយ” ចែង​អំពី​ការកើន​ឡើង​នៃ​តម្លៃ​វត្ថុធាតុ​ដើម​របស់​រុស្ស៊ី លើ​ទីផ្សារ​ពិភពលោក និង អំពី​ក្តី​ទោមនស្ស​របស់​សង្គម ចំពោះ ការរិយាធិបតេយ្យ ដែល​ដំណើរការ​ដោយ​គ្មាន​ប្រសិទ្ធិភាព​ទេ។ វិសមភាព​សង្គម​នឹង​កើន​កម្រិត បណ្តាជន​ដូច​មុន​ដដែល បន្ត​ប៉ះ​ទង្គិច​នឹង​អំពើ​ពុករលួយ នឹង​គុណភាព​ទាប​នៃ​សេវា​រដ្ឋ។ល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ