អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អេហ្ស៊ីប៖សេដ្ឋកិច្ច និង​សន្តិសុខ ជា​សំណុំរឿង​អាទិភាព​របស់​លោក​ប្រធានាធិបតី​ថ្មី

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​អាទិត្យ ទី៨ មិថុនា​នេះ លោក​អាប់ដែល ហ្វាតា អាល់ស៊ីស៊ី​បាន​ធ្វើ​សច្ចាប្រណិធាន​ចូល​កាន់​តំណែង​ប្រធានាធិបតី​អេហ្ស៊ីប​ជា​ផ្លូវការ។ តំណែង​ប្រធានាធិបតី​ដែល​លោក​អាល់ស៊ីស៊ី​បាន​មក​ពី​ការ​បោះឆ្នោត​នា​ពេល​ថ្មីៗ​កន្លង​ទៅ ដោយ​ទទួល​បាន​សម្លេង​គំាទ្រ​ជិត ៩៧%។ អ្វី​ជា​ការ​កត់សម្គាល់​គឺ​ថា ការ​ចូល​កាន់​តំណែង​ជា​ផ្លូវការ​របស់​លោក​អាល់ស៊ីស៊ី​ពេល​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​ប្រទេស​អេហ្ស៊ីប​កំពុង​ពើប​ប្រទះ​នឹង​វិបត្តិ​សេដ្ឋកិច្ច និង​សនិ្តសុខ​យ៉ាង​ធ្ងន់ធ្ងរ។

លោក​ប្រធានាធិបតី​អេហ្ស៊ីប អាប់ដែល ហ្វាតា អាល់ស៊ីស៊ី
លោក​ប្រធានាធិបតី​អេហ្ស៊ីប អាប់ដែល ហ្វាតា អាល់ស៊ីស៊ី Reuters
ផ្សាយពាណិជ្ជកម្ម

ពិធី​ផ្ទេរតំណែង​រវាង​លោក​ប្រធានាធិបតី​ស្តីទី​អាដ៏លី មែនស៊ូ និង​លោក​ប្រធានាធិបតី​ទើប​ជាប់​ឆ្នោត​អាប់ដែល ហ្វាតា អាល់ស៊ីស៊ី​ថ្ងៃ​នេះ គឺ​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្រ្ត​លើកទី១ នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប។ ជាទូទៅ ការ​ផ្ទេរ​អំណាច​រវាង​ប្រធានាធិបតី​ផុតអណត្តិ និង​ប្រធានាធិបតី​ជាប់ឆ្នោត​ថ្មី ឬ​មួយ​ក៏​ជាមួយ​នឹង​ប្រធានាធិបតី​ស្តីទី គឺ​ជា​ព្រឹត្តិការណ៍​មួយ​ដែល​ពុំ​ធ្លាប់​មាន​ទាល់​តែ​សោះ​នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប។ កន្លង​មក ប្រធានាធិបតី​ថ្មី​ច្រើន​ឡើង​កាន់​អំណាច​ជា​ស្វ័យប្រវត្តិ ជំនួស​កន្លែង​ប្រធានាធិបតី​ដែល​បាន​ទទួល​មរណៈភាព​ក្នុង​ពេល​កាន់អំណាច ឬ​មួយ​ក៏​ត្រូវ​បាន​គេ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់។ ជាក់ស្តែង​ថ្មីៗ​នេះ លោក​ម័រស៊ី​ដែល​បាន​ជាប់​ឆ្នោត​បាន​ឡើង​ជំនួស​កន្លែង​លោក​មូបារ៉ាក់​ក្នុង​ឆ្នំា ២០១២ ក៏​ដោយសារ​តែ​លោក​មូបារ៉ាក់​ត្រូវ​បាន​គេ​ធ្វើ​បដិវត្តន៍​ទម្លាក់​ក្នុង​ឆ្នំា ២០១១។ បន្ទាប់​មក​ក្នុង​ខែ​កក្កដា ឆ្នំា ២០១៣ លោក​ម័រស៊ី​ក៏​ត្រូវ​បាន​ឧត្តមសេនីយ​អាប់ដែល ហ្វាតា អាល់ស៊ីស៊ី​ទម្លាក់​ពី​អំណាច ដោយ​ដាក់​លោក​អាដ៏លី មែនស៊ូ​ឲ្យ​ធ្វើ​ជា​ប្រធានាធិបតី​ស្តីទី។

ឃើញ​ថា រវាង​លោក​ម៉ូបារ៉ាក់ និង​លោក​ម័រស៊ី ក៏​ដូច​ជា​រវាង​លោក​ម័រស៊ី និង​លោក​អាដ៏លី មែនស៊ូ គឺ​មិន​មាន​ការ​រៀបចំ​ពិធី​ផ្ទេរ​តំណែង​អ្វី​ទំាង​អស់។ គឺ​ទើប​តែ​នៅ​ពេល​នេះ​ទេ​ដែល​គេ​ឃើញ​មាន​ការ​រៀបចំ​ពិធី​ផ្ទេរតំណែង​ជា​ផ្លូវការ និង​លើកទី១​រវាង​លោក​អាដ៏លី មែនស៊ូ និង​លោក​ប្រធានាធិបតី​ថ្មី​អាប់ដែល ហ្វាតា អាល់ស៊ីស៊ី។ មាន​អាយុ ៥៩ឆ្នំា ប្រធានាធិបតី​ថ្មី​អេហ្ស៊ីប​រូប​នេះ គឺ​ជា​អតីត​ឧត្តមសេនីយ និង​ជា​អតីត​សេនាប្រមុខ​ដ៏​មាន​ឥទ្ធិពល​ជាង​គេ​នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប។

អាទិភាព​ចម្បង​របស់​លោក​អាល់ស៊ីស៊ី គឺ​សេដ្ឋកិច្ច និង​សន្តិសុខ

វិបត្តិ​សេដ្ឋកិច្ច​ដែល​អេហ្ស៊ីប​កំពុង​ជួប​ប្រទះ​សព្វថ្ងៃ គឺ​ជា​បញ្ហា​ប្រឈម​ខ្លំាង​ដែល​លោក​អាល់ស៊ីស៊ី​ត្រូវ​ដោះស្រាយ​ជា​បន្ទាន់។ តំាង​ពី​ក្រោយ​បដិវត្តន៍​ផ្តួល​រំលំ​របប​របស់​ប្រធានាធិបតី​មូបារ៉ាក់​ក្នុង​ឆ្នំា ២០១១ មក កំណើន​សេដ្ឋកិច្ច​អេហ្ស៊ីប​មាន​ប្រមាណ​តែ ២% ប៉ុណ្ណោះ ពោល​គឺ​មាន​អត្រា​សឹង​តែ​ស្មើ​នឹង​កំណើន​ចំនួន​ប្រជាពលរដ្ឋ​ទៅ​ហើយ។ វិនិយោគ​បរទេស និង​វិស័យ​ទេសចរណ៍​ដែល​ជា​ប្រភព​ដង្ហើម​សេដ្ឋកិច្ចជាតិ​បាន​ស្លាប់​ស្តូក​មួយ​កន្លែង។ ចំណូល​បាន​មក​ពី​វិស័យ​ទំាង​ពីរ​នេះ​បាន​ធ្លាក់​ចុះ​ចំនួន​ពាក់​កណ្តាល​តំាង​ពី​ថ្ងៃ​ផ្តើម​ផ្ទុះ​វិបត្តិ។

ទន្ទឹម​គ្នា​នេះ លោក​ប្រធានាធិបតី​ថ្មី​ក៏​ត្រូវ​ចាត់​វិធានការ​ប្រឆំាង​នឹង​ភាព​ក្រីក្រ ព្រម​ទំាង​ទប់​ស្កាត់​ការ​ឡើង​ថ្លៃ​ទំនិញ​គ្រប់​សារពើ។ ទំាង​នេះ​មិន​ភ្លេច​និយាយ​ទេ ពី​ការ​កាត់​បន្ថយ​អត្រា​អតិផរណា​ដែល​មាន​រហូត​ដល់​ទៅ ១២% និង​ចំនួន​អ្នកអត់ការងារ​ធ្វើ​ដ៏​ច្រើន​សម្បើម ពិសេស​ក្រុម​យុវវ័យ។ សព្វថ្ងៃ​នេះ តួលេខ​ផ្លូវការ​ឲ្យ​ដឹង​ថា មាន​យុវវ័យ ៤នាក់​ក្នុង​ចំណោម​យុវវ័យ ១០នាក់​ដែល​មាន​អាយុ​ពី ២០ ទៅ ២៥ឆ្នំា​កំពុង​ដើរ​ទាត់​ខ្យល់។ តែ​បើ​ផ្អែក​តាម​តួលេខ​របស់​ក្រុមអ្នកឯកទេស​ឯករាជ្យ​វិញ គឺ​មាន ២ដង​ច្រើន​ជាង​នេះ។ ដោយឡែក មាន​ប្រជាជន​អេហ្ស៊ីប​ចំនួន ៣៤លាននាក់​កំពុង​រស់នៅ​ជាមួយ​នឹង​ចំណូល​ប្រមាណ​ជា ២ដុល្លារ​ក្នុង​មួយ​ថ្ងៃ។

ក្រៅ​ពី​នោះ លោក​អាល់ស៊ីស៊ី​ក៏​ត្រូវ​ដោះស្រាយ​បញ្ហា​បំណុល​ក្រៅប្រទេស និង​ក្នុង​ប្រទេស​ដែល​អេហ្ស៊ីប​កំពុង​ជំពាក់​គេ​វ័ន ក។ តែ​ដើម្បី​អាច​ឲ្យ​ប្រទេស​មាន​ដំណើរការ​ទៅ​មុខ​បាន លោក​អាល់ស៊ីស៊ី​អាច​ពឹង​លើ​ជំនួយ​របស់​ប្រទេស​អារ៉ាប៊ីសាអូឌីត​ចំនួន ៥ ០០០លានដុល្លារ និង​របស់​ប្រទេស​គូវ៉ែត និង​អេមីរ៉ា អារ៉ាប់រួម​ដែល​មាន​ទឹកប្រាក់​សរុប ៧ ០០០លានដុល្លារ។ ទន្ទឹម​គ្នា​នេះ អង្គការ​មូលនិធិរូបិយវត្ថុ​អន្តរជាតិ​ក៏​ត្រៀម​ខ្លួន​នឹង​បើក​កិច្ចចរចា​ជា​ថ្មី​ជាមួយ​រដ្ឋាភិបាល​ទីក្រុង​គែរ​ដើម្បី​បន្ត​និយាយ​ពី​ទឹកប្រាក់​ជំនួយ​ជិត ៥ ០០០លានដុល្លារ​ដែល​បាន​ផ្អាក​មួយ​រយៈ នៅ​ក្រោយ​ព្រឹត្តិការណ៍​ទម្លាក់​លោក​ម័រស៊ី។

មួយ​វិញ​ទៀត និង​ក្រៅ​ពី​បញ្ហា​សេដ្ឋកិច្ច ក៏​នៅ​មាន​បញ្ហា​សន្តិសុខ​ដែល​លោក​អាល់ស៊ីស៊ី​ត្រូវ​ដោះស្រាយ​ជា​បន្ទាន់​ដែរ។ សូម​ជម្រាប​ជូន​ថា តំាង​ពី​ក្រោយ​ទម្លាក់​លោក​ម័រស៊ី​ក្នុង​ខែ​កក្កដា ឆ្នំា ២០១៣ មក អេហ្ស៊ីប​បាន​ទទួល​រង​រលក​ភេរវកម្ម​សឹង​តែ​រាល់ថ្ងៃ ពិសេស​ការ​បន្ត​ប្រឆំាង​ពី​ក្រុម​ភាតរអ៊ីស្លាម អ្នក​គំាទ្រ​លោក​ម័រស៊ី។

ជាមួយ​លោក​អាល់ស៊ីស៊ី អេហ្ស៊ីប​នឹង​រក​ឃើញ​វិញ​នូវ​ស្ថានភាព​ប្រក្រតី !

បើ​គេ​មើល​ពី​សំបក​ក្រៅ​ទៅ អេហ្ស៊ីប​ជាមួយ​នឹង​លោក​ប្រធានាធិបតី​អាល់ស៊ីស៊ី​ហាក់​ដូច​ជា​កំពុង​ដើរ​លើ​គន្លង​ផ្លូវ​មួយ​ដែល​ត្រួសត្រាយ​ដោយ​បដិវត្តន៍​ផ្តួលរំលំ​របប​យោធា​ផ្តាច់ការ​របស់​លោក​ហូស្ន៊ី មូបារ៉ាក់​កាល​ពី ៣ឆ្នំា​មុន។ តែ​បើ​គេ​ពិនិត្យ​ឲ្យ​បាន​ស៊ីជម្រៅ​បន្តិច​ទៅ​ឃើញ​ថា អេហ្ស៊ីប​សម័យ​លោក​អាល់ស៊ីស៊ី​ក៏​ប្រហែល​ជា​មិន​ខុស​អ្វី​ពី​អេហ្ស៊ីប​មុន​បដិវត្តន៍​ទេ ព្រោះ​ចូរ​កុំ​ភ្លេច​ថា មុន​នឹង​ក្លាយ​ជា​ប្រធានាធិបតី​ថ្ងៃ​នេះ លោក​អាល់ស៊ីស៊ី គឺ​ជា​ឧត្តមសេនីយ និង​ជា​សេនាប្រមុខ​ដ៏​មាន​ឥទ្ធិពល​ជាង​គេ​នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប។ សួរ​ថា តើ​លោក​អាល់ស៊ីស៊ី​នឹង​អនុវត្តន៍​នយោបាយ​ផ្តាច់ការ​តាម​បែប​យោធា ដូច​លោក​មូបារ៉ាក់ ឬ​យ៉ាង​ណា​នោះ ជា​រឿង​មួយ​ដែល​គេ​ត្រូវ​រង់ចំា​មើល​នៅ​ថ្ងៃ​ខាង​មុខ។

តែ​គេ​ក៏​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា មាន​ចរន្ត​នយោបាយ​ធំៗ​ពីរ​នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប គឺ​ចរន្ត​នយោបាយ​អ៊ីស្លាម និង​ចរន្ត​នយោបាយ​កងទ័ព។ តែ​ជា​ទូទៅ និង​អាច​ថា​ជា​ទម្លាប់​មួយ​របស់​ប្រទេស​អេហ្ស៊ីប​ក៏​ថា​បាន ចរន្ត​នយោបាយ​កងទ័ព​កំពុង​បន្ត​មាន​ឥទ្ធិពល​ខ្លំាង ព្រោះ​កងទ័ព​ជា​អ្នក​ដែល​មាន​អំណាច​ពិតប្រាដ​ក្នុង​ដៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ