អានតួអត្ថបទ
អេហ្ស៊ីប

លោកស៊ីសស៊ី ប្រធានាធិបតី​អេហ្ស៊ីប​ថ្មី​ដែល​បាន​ទទួល​សំឡេង​ឆ្នោត​ដ៏​ច្រើន​លើស​លុប​មិន​ធ្លាប់​មាន

ជា​ផ្លូវការ​ហើយ ! លោក អាប់ឌែល ហ្វាតា អាល-ស៊ីសស៊ី (Abdel Fattah al-Sissi) អតីត​មេទ័ព​អេហ្ស៊ីប ជា​អ្នក​ជាប់​ឆ្នោត​ ប្រធានាធិបតីថ្មីក្នុង​សំឡេង ៩៧%។ ពលរដ្ឋ​អេហ្ស៊ីប​រាប់​លាន​​នាក់​បាន​ផ្ទុះ​អំណរ រីករាយ​ ក្រោយ​ពី​បាន​ឮ​ការ​ប្រកាស​លទ្ធផល​របស់​​​គណៈកម្មការ​បោះឆ្នោត និង​បាននាំ​គ្នា​ចុះ​ដង្ហែ​ក្បួន​អបអរ​​​​ជ័យជំនះ ស្វាគមប្រធានាធិបតី​ថ្មី តាម​គ្រប់​ដង​វិថី​​និង​ទី​លាន​សំខាន់ៗ​របស់​ប្រទេស។ មិន​តែ​ប៉ុណ្ណោះ​សហគមន៍​អន្តរជាតិ បណ្តា​ប្រទេស​ក្នុង​ពិភព​អារ៉ាប សុទ្ធ​តែ​អបអរ​គ្រប់គ្នា។ ឯ​សហរដ្ឋ​អាមេរិក​បាន​អះអាង​ថា​រង់ចាំ​យ៉ាងអន្ទះសា​ចង់​ធ្វើការ​ប្រធានាធិបតី​ថ្មី។

ការ​អបអរ​ស្វាគមន៍​ជ័យជំនះ​របស់​លោក Abdel Fattah al-Sissi ជា​ប្រធានាធិបតី​ថ្មី​អេហ្ស៊ីប នៅ​ទីក្រុង​គែរ
ការ​អបអរ​ស្វាគមន៍​ជ័យជំនះ​របស់​លោក Abdel Fattah al-Sissi ជា​ប្រធានាធិបតី​ថ្មី​អេហ្ស៊ីប នៅ​ទីក្រុង​គែរ REUTERS/Amr Abdallah Dalsh
ផ្សាយពាណិជ្ជកម្ម

លោក Abdel Fattah al-Sissi បាន​ឡើង​ថ្លែង​សុន្ទរកថា​ ​ខ្លី តែ​ខ្លឹម ! អរគុណ​បណ្តា​ជន​អេហ្ស៊ីប​ និង​អរគុណ​គូប្រជែង ដែល​បាន​ផ្តល់​ទំនុក​ចិត្ត​លើ​លោក ដោយ​បាន​ចូល​រួម​បោះឆ្នោត។ ជា​ការ​បើក​ទំព័រ​ ថ្មី ដែល​ទាមទារ​ការ​ងារ​ច្រើន ការ​រួម​រួប​គញនា​ខ្លាំង​ដើម្បី​អនាគត​ភ្លឺស្វាង​សម្រាប់​អេហ្ស៊ីប ! នេះ​ជា​សារ​របស់​លោកស៊ីសស៊ី។

 
ក្រៅ​ពី​មាន​អត្រា​គាំទ្រ​ដ៏​លើស​លុប​ ដាច់​ឆ្ងាយ​ស្រឡះ​ពី​គូប្រជែង ដល់​ទៅជិត​៩៧% សកម្មជន​របស់​លោកស៊ីសស៊ី​កាន់តែ​មាន​មោទនភាព​ខ្លាំង​ថែម​ទៀត ដោយ​ចំនួន​សន្លឹក​​ឆ្នោត​បាន​ការ បោះ​ជូន​លោក​ស៊ីស៊ី មាន​កំរិត​ខ្ពស់​បំផុត (២៣​ ៧៨០ ០០០ លើ​សន្លឹក​ឆ្នោត​បានការ​សរុប ២៤ ៥៧៨​ ០០០)។ ស្ទើរ​តែ​ទ្វេ​មួយ​ជា​ពីរ បើ​ប្រៀប​ទៅ​នឹង​សំឡេង​ឆ្នោត​ឆ្នាំ​២០១២ ដែល​បាន​នាំ​​លោក​ មហាមេដ​ ម័រស៊ី​​ ​នៃ​​បក្ស​ភាតរអ៊ីស្លាមឱ្យជាប់​ជា​ប្រធានាធិបតី មុន​នឹង​ត្រូវ​ទម្លាក់​ចេញ​ពី​អំណាច​ដោយ​លោក​សេនាប្រមុខ​ស៊ីសស៊ី។ ថ្វី​ដ្បិត​តែ​អត្រា​អ្នក​ចូល​រួម​បោះឆ្នោត ឆ្នាំ​២០១៤​នេះ តិច​ជាង ៤៧% ទល់​នឹង​៥២% កាលពី​​​ឆ្នាំ២០១២​មែន ប៉ុន្តែសំឡេង​ឆ្នោត​មាន​ទំហំ​ប្រដំ​ប្រសង​គ្នា ២៦លាន​បី​សែន នៅ​ឆ្នាំ​២០១២ និង​២៥​លាន​កន្លះ​នៅ​ឆ្នាំ​២០១៤នេះ។

អត្រា​អ្នក​ចូលរួម​បោះឆ្នោត​ធ្លាក់ចុះ​បន្តិច​នេះ ដោយ​សារ​មូលហេតុ​បី​សំខាន់ៗ ៖ ទីមួយ​ គេ​បាន​ដឹង​ជា​មុន​អំពី​ប្រជាប្រិយភាព​របស់​លោក​មេទ័ព​ស៊ីស៊ី។ បន្ទាប់​មក​ បណ្តា​ជន​អេហ្ស៊ី​ប​ប្រមាណ​៥​លាននាក់​ធ្វើការ​ឆ្ងាយ​ពី​ទី​ស្នាក់​នៅ​មិន​អាច​បោះឆ្នោត​បាន​ មិន​ដូច​សម័យ​ឆ្នាំ​២០១២ ដែល​អាច​បោះឆ្នោត​នៅ​កន្លែង​ធ្វើការ។ ហេតុផល​ទីបី​និង​ចុង​ក្រោយ គឺ​ការ​អំពាវនាវឱ្យ​ធ្វើ​ពហិការ​មិន​ចូល​រួម​បោះឆ្នោត​ពី​សំណាក់​ក្រុម​ Freres musulmans និង​កម្លាំង​បដិវត្តន៍។ ក្រុម​នេះ​បើ​ទៅ​ក៏​បញ្ចេញ​សំឡេង​​​តាម​សន្លឹក​ឆ្នោត​មិន​បាន​ការ ពោល​គឺ​ប្រមាណ​ជាង​មួយ​លាន​សន្លឹក។

ប៉ុន្តែ​ជា​ទូទៅ ការ​បោះឆ្នោត​នេះ​បាន​ទទួលការ​​ស្វាគមន៍ ! ព្រះចៅ​ Abdallah នៃ​អារ៉ាប៊ីសាអ៊ូឌីត អេមៀរ៉ា និង​គុយវេត បាន​ថ្លែង​សារ​កោត​សរសើរ​ភ្លាម​ ប្រធានាធិបតី​ទី​៧​នៃ​សាធារណរដ្ឋ​អេហ្ស៊ីប។ បង​ប្អូន​ពិភព​អ៊ីស្លាម​នេះ ប្រកាស​បើក​សន្និសីទ​មិត្តអេហ្ស៊ីប ដើម្បី​ជួយ​ប្រទេស​នេះ​បាន​ចេញ​ផុត​ពី​វិបត្តិ​សេដ្ឋកិច្ច។ លើស​ពី​នេះ​ទៅ​ទៀត សហរដ្ឋ​អាមេរិក បាន​សម្តែង​ភាព​អន្ទះសា​ចង់​ធ្វើ​ការ​ជាមួយ​អេហ្ស៊ីប​ដែល​ទើប​មាន​ប្រធានាធិបតី​ថ្មី។​ លោក​បារ៉ាក់អូបាម៉ា នឹង​ជួប​សន្ទនា​ជាមួយ​​លោក​អតីត​មេទ័ព ក្លាយ​ជា​ប្រមុខ​រដ្ឋ​អេហ្ស៊ីប ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃទៀត​ខាង​មុខ។ នេះ​បើតាម​សេតវិមាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ