បេសកកម្មដ៏ធំធេងរង់ចាំលោកប្រធានាធិបតីវ៉ាត់តារ៉ានៅកូតឌីវ័រ
ក្រោយពីបានចាប់ឃុំខ្លួនអតីតប្រធានាធិបតីឡូរ៉ង់បាក់បូ លោកប្រធានាធិបតីថ្មីអាឡាសាន់វ៉ាត់តារ៉ាបានក្តោបកាន់កាប់ប្រទេសកូតឌីវ័រទាំងមូល។ ក៏ប៉ុន្តែ បេសកកម្មដ៏ធំមហិមានៅរង់ចាំលោកប្រធានាធិបតីវ៉ាត់តារ៉ានៅប្រទេសកូតឌីវ័រ។ប្រទេសបារាំងឯណេះវិញ គេបានយល់ព្រមផ្តល់ជាជំនួយប្រមាណ៤០០លានអឺរ៉ូសម្រាប់ជួយស្ថាបនាសាងសង់ប្រទេសកូតឌីវ័រឡើងវិញ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
បទវិភាគរបស់ សៀក សារិន
លោកអាឡាសាន់វ៉ាត់តារ៉ាបានឡើងមកកាន់កាប់តំណែងប្រធានាធិបតីនៅក្នុងប្រទេសកូតឌីវ័រមួយដែលបានធ្លាក់ចុះដុនដាបយ៉ាងខ្លាំង ដោយហេតុតែប្រទេសនេះបានស្គាល់វិបត្តិនយោបាយនិងសង្គ្រាមស៊ីវិលជាច្រើនឆ្នាំ។ បេសកកម្មជាច្រើននិងដ៏ធំមហិមានៅរង់ចាំលោកប្រធានាធិបតីវ៉ាត់តារ៉ានៅប្រទេសកូតឌីវ័រមាន៖
ទី១-ការផ្សះផ្សារបង្រួបបង្រួមជាតិនៅក្នុងប្រទេសមួយដែលបានស្គាល់ការឈ្លោះបាក់បែកគ្នាហើយនិងសង្គ្រាមស៊ីវិលអស់រយៈពេលជាច្រើនឆ្នាំ។
ទី២-រៀបចំឲ្យមានសន្តិភាពនិងសន្តិសុខនៅក្នុងប្រទេស។
ទី៣-ស្ថាបនាសាងសង់ប្រទេសឡើងវិញនៅក្នុងវិស័យសេដ្ឋកិច្ចក៏ដូចជានៅក្នុងវិស័យអប់រំ សង្គមកិច្ច និងសុខាភិបាល។
សូមបញ្ជាក់ថា អតីតប្រធានាធិបតីកូតឌីវ័រឡូរ៉ង់បាក់បូបានត្រូវកងកម្លាំងយោធាសាធារណរដ្ឋកូតឌីវ័រចាប់ឃុំខ្លួន ហើយត្រូវរង់ចាំការអង្កេតរបស់តុលាការពាក់ព័ន្ធនឹងទង្វើឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តទៅលើប្រជាជនកូតឌីវ័រ។
ចំណែកឯលោកPascal Affi N’Guessan ប្រធានបក្សរណសិរ្សប្រជាជនកូតឌីវ័រFPIរបស់អតីតប្រធានាធិបតីឡូរ៉ង់បាក់បូបានបរិហារថា កងកម្លាំងយោធាបារាំងបានធ្វើរដ្ឋប្រហារទម្លាក់ប្រធានាធិបតីឡូរ៉ង់បាក់បូ ហើយ ប្រធានបក្សរណសិរ្សប្រជាជនកូតឌីវ័របានទាមទារឲ្យ លោកប្រធានាធិបតីវ៉ាត់តារ៉ាដោះលែងអតីតប្រធានាធិបតីឡូរ៉ង់បាក់បូក្នុងនាមនៃការផ្សះផ្សារបង្រួបបង្រួមជាតិ។
លោកប្រធានាធិបតីកូតឌីវ័រថ្មីអាឡាសាន់វ៉ាត់តារ៉ាប្រហែលជាពុំអាចដោះលែង អតីតប្រធានាធិបតីឡូរ៉ង់បាក់បូក្នុងនាមនៃការផ្សះផ្សារបង្រួបបង្រួមជាតិដូចការទាមទាររបស់ប្រធានបក្សរណសិរ្សប្រជាជនកូតឌីវ័រឡើយ។ ដោយហេតុថា អតីតប្រធានាធិបតីឡូរ៉ង់បាក់បូនិងបក្សពួកបានប្រព្រឹត្តអំពើឧក្រិដ្ឋកម្មជាច្រើនទៅលើប្រជាជននៅកូតឌីវ័រ។
នៅចំពោះមុខស្ថានការណ៍នយោបាយនៅប្រទេសកូតឌីវ័របែបនេះ លោកប្រធានាធិបតីអាមេរិកបារ៉ាក់អូបាម៉ាបានទូរស័ព្ទទៅសរសើរលោកប្រធានាធិបតីកូតឌីវ័រថ្មីអាឡាសាន់វ៉ាត់តារ៉ាដែលបានឈ្នះឆ្នោតដោយវិធីប្រកួតប្រជែងប្រជាធិបតេយ្យ។ ហើយសេតវិមានគាំទ្រទាំងស្រុងលោកប្រធានាធិបតីកូតឌីវ័រថ្មីអាឡាសាន់វ៉ាត់តារ៉ា។
នាឱកាសសន្ទនាគ្នានេះ លោកប្រធានាធិបតីអាមេរិកបារ៉ាក់អូបាម៉ានិងលោកប្រធានាធិបតីកូតឌីវ័រថ្មីអាឡាសាន់វ៉ាត់តាបានព្រមព្រៀងគ្នាពីការចាំបាច់ឲ្យមាន “ការអង្កេត”ទៅលើអំពើ “ឧក្រិដ្ឋកម្ម”ដែលបានប្រព្រឹត្តនៅប្រទេសកូតឌីវ័រនារយៈពេលប៉ុន្មានខែចុងក្រោយនេះ។
លោកអូបាម៉ានិងលោកអាឡាសាន់វ៉ាត់តារ៉ាក៏បានសន្យាផងទៀតថា នឹងធ្វើការគាំទ្រតួនាទីរបស់គណៈកម្មាការអង្កេតនៃអង្គការសហប្រជាជាតិហើយនិង គណៈកម្មាការអង្កេតនៃតុលាការព្រហ្មទណ្ឌអន្តរជាតិទៅលើទង្វើ “ឧក្រិដ្ឋកម្ម”ដែលបានប្រព្រឹត្តនៅប្រទេសកូតឌីវ័រ។
រីឯប្រទេសបារាំងឯណេះវិញ គេបានយល់ព្រមផ្តល់ជាជំនួយប្រមាណ៤០០លានអឺរ៉ូសម្រាប់ជួយស្ថាបនាសាងសង់ប្រទេសកូតឌីវ័រឡើងវិញ។ សហភាពអឺរ៉ុបបានយល់ព្រមផ្តល់ជាជំនួយប្រមាណ១៨០លានអឺរ៉ូ។ ហើយប្រធាននៃធនាគារពិភពលោកលោកRobert Zoellick ក៏បានប្រកាសអំពាវនាវឲ្យសហគមន៍អន្តរជាតិផ្តល់ជំនួយឲ្យកូតឌីវ័រឡើងវិញសម្រាប់ជួយស្ថាបនាសាងសង់ប្រទេស៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ