អានតួអត្ថបទ
អេហ្ស៊ីប

រដ្ឋធម្មនុញ្ញ​ថ្មី​អេហ្ស៊ីប បាន​​ចូល​​ជា​ផ្លូវការ​

នៅ​ប្រទេស​អេហ្ស៊ីប​ ប្រធានាធិបតី​មរស៊ី​ ផ្តល់​សច្ចាប័ន​​លើ​រដ្ឋ​​​ធម្មនុញ្ញថ្មី​​​ជា​​ផ្លូវ​ការ​​​ កាល​ពី​ ល្ងាច​ថ្ងៃ​អង្គារ​ម្សិល​មិញ​ ជាមួយ​នឹង​ជោគជ័យជិត ៦៤ភាគរយ នៃ​ការ​បោះ​ឆ្នោត​ប្រជាមតិ​​ ​ដណ្តើម​បាន​ដោយ​​​គណបក្ស​កាន់​អំណាច។ ​​រដ្ឋធម្មនុញ្ញ​ថ្មី​នេះ​ ឆ្លើយ​តប​​នឹង​ការ​ប្រកាស ​របស់​គណបក្ស​កាន់​អំណាច កាល​ពី​​ចុង​សប្តាហ៍​កន្លង​ទៅ​ ប៉ុន្តែ​គេ​សង្កេត​​ឃើញ​ថា ក្នុង​ចំណោម​អ្នកចុះ​ឈ្មោះ​​​បោះ​ឆ្នោត​សរុប​ អ្នក​ដែល​មក​បោះឆ្នោតពិត​ប្រាកដ​ មាន​តែ​ ៣៣​ភាគរយ​ប៉ុណ្ណោះ។ លើស​ពីនេះ​ គណកម្មការ​​បោះឆ្នោត​អេហ្ស៊ីប​ បាន​​ច្រាន​ចោលនូវ ​បណ្តឹង​​រាប់​ពាន់​ទាក់ទង​នឹង​ ភាព​​មិន​ប្រក្រតីនៃ​ដំណើរការ​បោះ​ឆ្នោត ដោយ​​ថ្លែង​ថា​ ភាព​មិន​ប្រក្រតី​​មិន​មាន​អ្វី​ជាធំដុំ ហើយ​បណ្តឹង​ទាំង​អស់នេះ​ គ្មាន​​មូលដ្ឋាន​អ្វី​ច្បាស់លាស់​សោះ​ឡើយ។

ប្រធានាធិបតី​​អេហ្ស៊ីប​​ Mohamed Morsi ផ្តល់​សច្ចាប័ន​លើ​រដ្ឋធម្មនុញ្ញ​ថ្មី
ប្រធានាធិបតី​​អេហ្ស៊ីប​​ Mohamed Morsi ផ្តល់​សច្ចាប័ន​លើ​រដ្ឋធម្មនុញ្ញ​ថ្មី Reuters
ផ្សាយពាណិជ្ជកម្ម

រដ្ឋ​​​ធម្មនុញ្ញ​ថ្មីរបស់​អេហ្ស៊ីប​ បាន​ចូល​ជា​ផ្លូវ​ការ​ ​កាល​ពី​​ល្ងាច​ថ្ងៃ​អង្គារ​ម្សិលមិញ​ បាន​បង្ក​អោយ​មាន​ការ​ខឹង​សម្បារខ្លាំង​​ នៅ​​ក្នុង​​ប្រទេស។ យុវជន​អេហ្ស៊ីប​ បាន​​​ដុត​កង់​ឡាន​​ បង្ក​អោយ​ស្ទះ​ចរាចរ​​ប្រហែល​ជា​ កន្លះ​ម៉ោង​​ នៅ​លើស្ពាន​មួយ​ ​ ដែល​ភ្ជាប់​ ភាគ​ខាង​កើត​​​ទីក្រុង​គែរ​ ទៅ​កាន់សង្កាត់​នានា​ផ្សេង​ទៀត​ នៅ​​ភាគ​ខាង​លិច។

ក្រៅ​ពី​គណបក្ស​ប្រឆាំង​ ​អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា​ ដែល​ចូលរួម​សង្កេត​ការ​បោះឆ្នោត​ប្រជាមតិ​កន្លង​មក ​ក៏​​​​មិន​ទទួល​ស្គាល់​​​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ និង​រដ្ឋធម្មនុញ្ញ​ថ្មី​របស់​អេហ្ស៊ីបផង​ដែរ​​ ដោយ​សារ​តែ​ អ្នក​មក​បោះ​ឆ្នោត​ មាន​តែ​ ៣៣​ភាគរយ​ប៉ុណ្ណោះ ក្នុង​ចំណោម​អ្នកចុះ​ឈ្មោះ​​​បោះ​ឆ្នោត​សរុប ៥១​លាន​នាក់។ ​អង្គការ​ក្រៅ​រដ្ឋាភិបាលទាំង​នេះ​ បាន​ចោទ​ថា​ ការ​បោះ​ឆ្នោតកន្លង​មក​ ​ខ្វះ​នូវ​តម្លាភាព​ ហើយ​បាន​ប្រកាស​ថា​ ខ្លួន​នឹង​ស្វែង​រក​គ្រប់​មធ្យោបាយ ​ស្រប​ទៅ​​តាម​ផ្លូវ​ច្បាប់​ ដើម្បី​ធ្វើ​អោយ​រដ្ឋធម្មនុញ្ញ​ថ្មី​នេះ​ ត្រូវ​លុប​ចោល​​ជា​ផ្លូវ​ការ​វិញ។

ផ្ទុយ​ទៅវិញ​ គណកម្មការ​​បោះឆ្នោត​អេហ្ស៊ីប​ ​​​ដែល​បាន​ច្រាន​ចោលនូវ ​បណ្តឹង​​រាប់​ពាន់​ទាក់ទង​នឹង​ ភាព​​មិន​ប្រក្រតីនៃ​ដំណើរការ​បោះ​ឆ្នោត ​បាន​ឆ្លើយ​ពន្យល់វិញ​​ថា ​ខ្លួន​​ក៏​បាន​​ច្រាន​ចោល​ នូវ​លទ្ធផល​បោះ​ឆ្នោត​មួយ​ចំនួន​ ដែល​​មាន​ភាព​ក្លែង​បន្លំ​ផង​ដែរ។

ធម្មនុញ្ញ​ថ្មី​ដែល​ចងក្រង​ដោយ គណបក្ស​កាន់អំណាច​អ៊ីស្លាម​ គឺ​ជា​ធម្មនុញ្ញ​​ដំបូង​ក្នុង​ប្រទេស​ បន្ទាប់​ពី​ការ​ទំលាក់​អតីត​ ប្រធានាធិបតី ​អូស្ន៊ី មូបារ៉ាក់​ ចេញ​ពី​អំណាច​កាល​ពី​ឆ្នាំ​ ២០១១​។ ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​​​​ថ្មី​ អេហ្ស៊ីប​​ ដែល​មាន​សមាជិក​ភាគច្រើន​ ជា​អ៊ីស្លាម​ជ្រុលនិយម​ នឹង​រៀប​ចំ​នូវ​ការ​បោះ​ឆ្នោត​​សភា​ ក្នុង​ពីរ​ខែ​ខាង​មុខ​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ