អានតួអត្ថបទ

អាហ្វ្រិក​កណ្តាល​រង​​ភាព​វឹកវ​រហិង្សា ប្រធានាធិបតី​ចាកចេញ​ពី​អ.ស.ប.​ជាបន្ទាន់

ភាព​តានតឹង​បន្ត​គ្រប​ដណ្តប់​ក្រុង​បង់ហ្គី​ប្រទេស​អាហ្វ្រិក​កណ្តាល​​ដដែល​ ! មាន​ស្លាប់​យ៉ាង​ហោច​ណាស់ ៣៦​នាក់ នៅ​ក្នុង​ប៉ះទង្គិច​ហិង្សា​ចុងក្រោយ។ អាហ្វ្រិក​កណ្តាល​ធ្លាក់​ក្នុង​ភាព​ហិង្សា​ជា​ថ្មី តាំង​ពី​​ចុង​សប្តាហ៍​មុន​មក។ នៅ​​ថ្ងៃ​ចន្ទ​ទី ២៨​កញ្ញា​ម្សិលមិញ បាតុករ​បី​នាក់​បាន​ស្លាប់ ក្នុង​​​បង្ក្រាប​​បំបែក​ហ្វូង​ នៅ​ក្បែរ​វិមាន​ប្រធានាធិបតី។ តែ​ក្រុម​មួក​ខៀវអ.ស.ប.​​នៅអាហ្វ្រិក​ខាង​កណ្តាល ដែល​ទទួល​បន្ទុក​រក្សា​សន្តិសុខ​ ​​បាន​បដិសេធ។ ​មិន​តែ​ប៉ុណ្ណោះ​​ អ្នក​ទោស​ជា​ច្រើន​បាន​រត់​​ចេញពី​គុក ហើយ​នៅ​យប់មិញ​ក៏​ដូច​ជា​យប់​មុន គ្មាន​នរណា​គោរព​បម្រាម​គោចរ​ឡើយ។ លោកស្រី​ប្រធានាធិបតី​អាហ្រ្វិក​កណ្តាល បាន​ថ្កោល​ទោស​អំពើ​ហិង្សា​ពី​វេទិកា​អង្គការសហប្រជាជាតិ និង​បាន​រួស​រាន់​ត្រលប់​ចូល​ស្រុក​មុន​កាល​កំណត់។

ជន​រង​របួស​ក្នុង​អំពើ​ហិង្សា​ពេញ​មួយ​ចុង​សប្តាហ៍​នៅ​ក្រុង​បង់ហ្គី​ ប្រទេស​អាហ្វ្រិក​កណ្តាល
ជន​រង​របួស​ក្នុង​អំពើ​ហិង្សា​ពេញ​មួយ​ចុង​សប្តាហ៍​នៅ​ក្រុង​បង់ហ្គី​ ប្រទេស​អាហ្វ្រិក​កណ្តាល AFP PHOTO / EDOUARD DROPSY
ផ្សាយពាណិជ្ជកម្ម

 

រដ្ឋធានី​បង់ហ្គី ត្រូវ​គាំង​ស្តូក​ស្តឹង ក្នុង​បរិយាកាស​ដ៏​តានតឹង​បំផុត មាន​ទាំង​អំពើ​ហិង្សា​ និង​ការ​ចូល​លួច​ប្លន់​។ គ្រាន់​តែ​ព្រះ​អាទិត្យ​មិន​ទាន់​លិច​បាត់​ស្រួល​បួល​ផង​ ក្រុម​ចោរ​លួច​បាន​សម្រុក​ចូល​តាម​អាគារ​ ស្ថាប័ន​របស់​អង្គការ​មនុស្សធម៌។ ពេល​ថ្ងៃ ជា​អំពើ​ហិង្សា ! បើ​តាម​ប្រភព​ព័ត៌មាន​ផ្តល់​ដោយ​អ្នក​យក​ការណ៍​វិទ្យុ​បារាំងអន្តរជាតិ បាតុករ​នៅក្រុង​បង់ហ្គី ហាក់​មាន​សន្ទុះ​កាន់​តែ​ខ្លាំង​នៅ​ពេល​ឃើញ​មាន​កម្លាំង​យុទ្ធជន​ anti-balaka បាន​ចូល​មក​ដល់​រដ្ឋធានី។

នៅ​រសៀល​ថ្ងៃ​ចន្ទ​ម្សិលមិញនេះដដែល អ្នក​យាម​ពន្ធនាគារ​ក្រុង​បាន​រត់​បាត់​អស់ បណ្តាល​ឱ្យ​អ្នក​ទោស​ប្រមាណ​ជាង​៦០០​នាក់ ភាគ​ច្រើន​ជា​ពួក​អង់ទីបាឡាកា អាច​ចេញ​ពី​គុក​បាន​ដោយ​សេរី និង​បង្ក​ឱ្យ​មាន​ការ​ផ្ទុះ​អាវុធ បាញ់​រះ​ឡើង រវាង​អ្នក​ទោស​និង​ទាហាន​មួកខៀវ។ យ៉ាង​ច្របូក​ច្របល់​ ​ខាងក្រុម​បាតុករ​ បាន​នាំ​គ្នា​សម្រុក​ទៅ​កាន់​វិមាន​ប្រធានាធិបតី ដើម្បី​ស្រែក​ទាមទារ​ឱ្យ​ប្រធានាធិបតី​អន្តរកាល​ចុះ​ចេញ​ពី​តំណែង រាលដាល​ជា​អំពើ​ហិង្សា ស្លាប់​បាតុករ​បី​នាក់ និង​របួស​៧​នាក់។

​ប៉ុន្តែ​អ្នក​ទទួល​ខុស​ត្រូវ​ទាហាន​មួក​ខៀវ​អង្គការ​សហប្រជាជាតិ(Minusca)ទទួល​បន្ទុក​ការពារ​ប្រធានាធិបតី​អាហ្វិ្រកកណ្តាល​បាន​បដិសេធ និង​អះអាង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍ ថាក្រុម​មួក​ខៀវ​បាន​បំបែក​ហ្វូង​បាតុកម្ម​មែន តែ​​មិន​បាន​ធ្វើ​​ការ​បាញ់រះ​ទៅ​លើ​បាតុករ​ទេ ហើយ​និង​ធ្វើ​ការ​ស្រាវជ្រាវ​ផ្ទៀង​ផ្ទាត់​ការចោទ​ប្រកាន់​នេះ។

ប្រឈម​នឹង​ស្ថានការណ៍​បែប​នេះ សាធារណរដ្ឋ​កុងហ្គោ​ជិត​ខាង​បាន​សម្រេច​បិទ​ព្រំប្រទល់​នៅ​យប់​មិញ។ ឯ​ចំណែក​ប្រធានាធិបតី​ លោកស្រី​ កាទ្រីន សំបា ប៉ង់ហ្សា ដែល​កំពុង​ចូល​រួម​ក្នុង​មហាសន្និបាត​អង្គការ​សហប្រជាជាតិ ​នៅ​ទីក្រុង​ញូវយ៉ក បន្ទាប់​ពី​បាន​ថ្កោល​ទោស​អំពើ​ហិង្សា និង​អំពាវនាវ​ឱ្យពលរដ្ឋ​អត់​ធ្មត់​និង​ចេះ​យោគយល់រួម​រស់​ជាមួយ​គ្នា​មក ក៏​បាន​ធ្វើ​ដំណើរ​ត្រលប់​ចូល​មាតុវិញ​ជា​បន្ទាន់។

ជា​រដ្ឋាភិបាល​​អន្តរកាល បង្កើត​ឡើង​ដោយ​មាន​ការគាំទ្រ​ពី​អង្គការ​សហប្រជាជាតិ​ កាលពី​ឆ្នាំ​២០១៤ លោកស្រី​កាទ្រីន​ សំបា ប៉ង់ហ្សា ជា​ប្រធានាធិបតី​ដែល​លែង​សូវ​ផ្តល់​ជំនឿ​ដល់​ពលរដ្ឋ​ តែ​អវត្តមាន​របស់​លោកស្រី​ និង​មេ​ដឹកនាំ​ជាន់​ខ្ពស់​មួកខៀវ ក៏​ជា​ចំណែក​មួយ​​ជំរុញ​ឱ្យ​មាន​អំពើ​ហិង្សា​ផ្ទុះ​ឡើង​យ៉ាង​ទាន់​ហន់​លើក​នេះ។ សម្រាប់​រដ្ឋាភិបាល​ស្តីទី អ្នក​ទទួល​ខុស​ត្រូវ​ដឹកនាំ​បង្ក​ភាព​ហិង្សា​នេះ កំពុង​សាក​ល្បង​ធ្វើ​ជា​ឧបសគ្គ​រាំង​ស្ទះ​ដំណើរ​ការ​បោះឆ្នោត​​នៅ​ខែ​ក្រោយ ក្នុង​ក្របខ័ណ្ឌ​ឆ្លង​អន្តរកាល៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ