អានតួអត្ថបទ
ហ្វីលីពីន

អាល្លឺម៉ង់​អរគុណ​ហ្វីលីពីន​ដែល​បាន​ប្រឹងប្រែង​ជួយ​ដោះលែង​ចំណាប់ខ្មំាង​ពី​ដៃ Abu Sayyaf

ចំណាប់ខ្មំាង​ជនជាតិ​អាល្លឺម៉ង់​ចំនួន ២នាក់​ដែល​ចលនា Abu Sayyaf បាន​ចាប់​តំាង​ពី ៦ខែ​មុន និង​ដែល​ទើប​បាន​ដោះលែង​ឲ្យ​រួច​ខ្លួន​វិញ​នោះ ត្រូវ​បាន​រដ្ឋអំណាច​ប្រទេស​ហ្វីលីពីន​ប្រគល់​ទៅ​ឲ្យ​ស្ថានទូត​អាល្លឺម៉ង់​ប្រចំា​ទីក្រុង​ម៉ានីល​នៅ​រសៀល​ថ្ងៃ​សៅរ៍ ទី១៨ តុលា​ម្សិលមិញ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នកទទួលខុសត្រូវ​យោធា​ហ្វីលីពីន​ម្នាក់។ រហូត​មក​ដល់​ពេល​នេះ ពួក​ឧទ្ទាម​បាន​ប្រកាស​ពី​ការ​ទទួល​លុយ ជា​ថ្នូរ​នឹង​ការ​ដោះលែង តែ​នៅ​មិន​ទាន់​មាន​ប្រភព​ណា​មួយ​ហ៊ាន​បញ្ជាក់​នៅ​ឡើយ​ទេ។ យ៉ាង​ណា​ក៏​ដោយ រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​អរគុណ​រដ្ឋាភិបាល​ហ្វីលីពីន​ដែល​បាន​ប្រឹងប្រែង​ជួយ​ដោះលែង​​ចំណាប់ខ្មំាង​ពី​កណ្តាប់ដៃ Abu Sayyaf។

ពួក​ Abu Sayyaf
ពួក​ Abu Sayyaf
ផ្សាយពាណិជ្ជកម្ម

អ្វី​ដែល​កំពុង​បន្ត​ស្រពិចស្រពិល​នៅ​ក្នុង​ការ​ដោះលែង​ចំណាប់ខ្មំាង​ជនជាតិ​អាល្លឺម៉ង់​ពី​ពួក Abu sayyaf នោះ​នៅ​ត្រង់​ថា តើ​ចលនា​ឧទ្ទាម​មួយ​នេះ​មាន​បាន​ទទួល​លុយ​គ្រប់​ចំនួន​ដូច​ដែល​ពួក​គេ​បាន​ទាមទារ​ឬ​អត់។ គួរ​រម្លឹក​ជូន​ថា គូ ស្រករ​ជនជាតិ​អាល្លឺម៉ង់​ទំាង​ពីរ​នាក់​ដែល​បុរស​មាន​អាយុ ៧៤ឆ្នំា ជា​គ្រូពេទ្យ និង​ស្រ្តី​មាន​អាយុ ៥៥ឆ្នំា​ត្រូវ​បាន​ពួក Abu Sayyaf ចាប់​កាល​ពី​ថ្ងៃទី២៥ មេសា​កន្លង​ទៅ​នៅ​ពេល​ដែល​អ្នក​ទំាង​ពីរ​កំពុង​ជិះកាណូត​ដើរលេង​ក្បែរ​កោះ​ប៉ាឡាកាន​ស្ថិត​ប៉ែក​ខាង​លិច​ប្រទេស​ហ្វីលីពីន។ បន្ទាប់​ពី​ចាប់​រួច​ហើយ ចលនា​ឧទ្ទាម​ដែល​បាន​ប្រដូច​ខ្លួន​ទៅ​នឹង​ក្រុម​រដ្ឋអ៊ីស្លាម​មួយ​នេះ​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​អាល្លឺម៉ង់​បញ្ឈប់​ការ​ចូលរួម​ជាមួយ​បស្ចិមលោក​ដើម្បី​វាយប្រហារ​ពួក​ជីហាត​នៅ​ក្នុង​ប្រទេស​ស៊ីរី និង​អ៊ីរ៉ាក់ ព្រម​ទំាង​ទារ​លុយ​ចំនួន ៥លាន ៦សែន​ដុល្លារ​ជា​ថ្នូរ​នឹង​ការ​ដោះលែង​ចំណាប់ខ្មំាង​ទំាង​ពីរ​នាក់។ ពួក Abu Sayyaf បាន​ទុក​ពេល​រហូត​ដល់​ថ្ងៃ​សុក្រ ទី១៧ តុលា​ដោយ​គំរាម​សម្លាប់​ចំណាប់ថ្នូរ​ម្នាក់ បើ​ទីក្រុង​ប៊ែរឡំាង​មិន​ធ្វើ​តាម​សំណូមពរ​របស់​គេ​ទេ​នោះ។

គឺ​នៅ​ថ្ងៃ​សុក្រ​ដដែល​នោះ​ដែល​អ្នកនំាពាក្យ​របស់​ចលនា Abu Sayyaf បាន​ប្រកាស​បញ្ជាក់​ពី​ដោះលែង​ចំណាប់ខ្មំាង​អាល្លឺម៉ង់​ទំាង​ពីរ​នាក់ និង​ថា ពួក​គេ​បាន​ទទួល​អ្វី​ដូច​ដែល​បាន​ទាមទារ​រួច​ហើយ។ តែ​លោក​ប្រមុខ​កងទ័ព​ហ្វីលីពីន​បាន​បញ្ជាក់​ផ្ទុយ​វិញ​ថា រដ្ឋាភិបាល​មិន​ដែល​ចរចា​ជាមួយ​ពួក​ភេរវជន និង​ថា លោក​គ្មាន​ព័ត៌មាន​ណា​មួយ​ទាក់ទង​នឹង​ការ​បង់លុយ​ជា​ថ្នូរ​នឹង​ការ​ដោះលែង​នោះ​ទេ។ ដោយឡែក មន្រ្តីក្រសួង​ស៊ើបការសម្ងាត់​ហ្វីលីពីន​ម្នាក់​ចូលនិវត្តន៍​បាន​អះអាង​ច្បាស់ៗ​ថា ពួក Abu Sayyaf មិន​ដែល​ដោះលែង​ចំណាប់ខ្មំាង​ដោយ​ទទេៗ មិន​បាន​លុយ​នោះ​ឡើយ និង​ថា លោក​មាន​ការ​សោកស្តាយ ព្រោះ​វា​ជា​ទង្វើ​ដែល​បន្ត​លើក​ទឹកចិត្ត​ពួក​នេះ​ឲ្យ​ចាប់​មនុស្ស​ទារលុយ​ដើម្បី​យក​ទៅ​ទិញ​អាវុធ​ក្នុង​គោលដៅ​ពង្រឹង​កម្លំាង​របស់​ពួក​គេ។

គួរ​រម្លឹក​ជូន​ថា ចលនា Abu Sayyaf នៅ​ហ្វីលីពីន​មាន​ជំនាញ​ខាង​ចាប់​មនុស្ស​ទារ​លុយ ព្រម​ទំាង​ជា​ចលនា​ដែល​អាមេរិក និង​ហ្វីលីពីន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​ខ្មៅ​ក្នុង​ក្រុមភេរវនិយម​ដែរ។ សព្វថ្ងៃ និង​បើ​យោង​តាម​កងទ័ព​ហ្វីលីពីន Abu sayyaf កំពុង​ឃុំ​ខ្លួន​ចំណាប់ថ្នូរ ១៣នាក់​ទៀត ក្នុង​នោះ​មាន ៥នាក់​ជា​ជនបរទេស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ