អានតួអត្ថបទ
អាមេរិក-កូរ៉េខាងជើង

លោក​អូបាម៉ា​ចុះ​ហត្ថលេខា​លើ​ក្រឹត្យ​​ដាក់​ទ័ណ្ឌកម្ម​ថ្មី​លើ​កូរ៉េខាងជើង

នៅ​សហរដ្ឋអាមេរិក លោក​ប្រធានាធិបតី​អូបាម៉ា​បាន​ចុះ​ហត្ថលេខា​​នៅ​ថ្ងៃ​ពុធ ទី១៦ មីនា​លើ​ក្រឹត្យ​មួយ​អនុញ្ញាត​ឲ្យ​មាន​ការ​ដាក់ទ័ណ្ឌកម្ម​ថ្មី​លើ​កូរ៉េខាងជើង។ គម្រោង​ដាក់ទ័ណ្ឌកម្ម​ថ្មី​របស់​អាមេរិក​បាន​ធ្វើ​ឡើង ចុះ​ពេល​ដែល​ក្រុង​ព្យុងយ៉ាង​បន្ត​យក​នុយក្លេអ៊ែរ​ទៅ​គំរាម​សហគមន៍​អន្តរជាតិ និង​ចំ​ពេល​ដែល​មាន​ពលរដ្ឋ​អាមរិក​ម្នាក់​កំពុង​ជាប់​ឃុំ​ក្នុង​ទឹកដី​កូរ៉េខាងជើង។

លោក​ប្រធានាធិបតី​អាមេរិក ​បារ៉ាក់ អូបាម៉ា
លោក​ប្រធានាធិបតី​អាមេរិក ​បារ៉ាក់ អូបាម៉ា Reuters/路透社
ផ្សាយពាណិជ្ជកម្ម

ទ័ណ្ឌកម្ម​ថ្មី​របស់​អាមេរិក​ដាក់​លើ​កូរ៉េខាងជើង និង​ដែល​មាន​ការ​យល់ព្រម​ពី​អង្គការ​សហប្រជាជាតិ​បាន​សំដៅ​លើ​វិស័យ​ថាមពល ហិរញ្ញវត្ថុ និង​ការ​ដឹកជញ្ជូន​ផ្លូវសមុទ្រ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​សេតវិមាន។ តែ​ក្រឹត្យ​ដែល​ទើប​ចុះ​ហត្ថលេខា​ដោយ​លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់ អូបាម៉ា​បាន​បញ្ជាក់​ច្បាស់ៗ​ថា ទ័ណ្ឌកម្ម​ថ្មី​ទាំង​អស់​នេះ​មិនមែន​ដាក់​សំដៅ​លើ​ពលរដ្ឋ​កូរ៉េខាងជើង​ទេ តែ​សំដៅ​រដ្ឋាភិបាល។

នា​ខែ​មីនា​កន្លង​ទៅ ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​ដាក់​ទ័ណ្ឌកម្ម​ថ្មី​មួយ​ចំនួន​លើ​កូរ៉េខាងជើង បន្ទាប់​ពី​ក្រុង​ព្យុងយ៉ាង​បាន​ធ្វើ​ការ​សាកល្បង​នុយក្លេអ៊ែរ និង​បាញ់​គ្រាប់មីស៊ីល​អន្តរទ្វីប។ ចាប់​ពី​ពេល​នេះ​ត​ទៅ ប្រទេស​សមាជិក​អង្គការ​សហប្រជាជាតិ​ទាំង​អស់​មាន​តួនាទី​ត្រួតពិនិត្យ​លើ​គ្រប់​ទំនិញ​ដែល​ដឹក​ចេញ និង​ដឹក​ចូល​ពី​កូរ៉េខាងជើង។ នៅ​ពាក់កណ្តាល​ខែ​កុម្ភៈ​កន្លង​ទៅ ទីក្រុង​វ៉ាស៊ីតោន​ក៏​ធ្លាប់​បាន​ចាត់​វិធានការ​ដាច់​ដោយឡែក​របស់​ខ្លួន​មួយ​ចំនួន។

នៅ​ក្នុង​វិធានការ​ដាក់​ទ័ណ្ឌកម្ម​ថ្មី​លើ​កូរ៉េខាងជើង​របស់​អាមេរិក​ពេល​នេះ សេតវិមាន​បាន​សំដៅ​ជា​ពិសេស​លើ​ស្ថាប័ន​ឃោសនា​របស់​គណបក្ស​ពលករ​កូរ៉េខាងជើង និង​ក្រុមហ៊ុន​រ៉ែ​នានា​ដែល​ជា​ប្រភព​ចំណូល​លុយកាក់​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង។ យោង​តាម​ក្រសួង​សេដ្ឋកិច្ច​អាមេរិក ចំណូល​បាន​មក​ពី​ក្រុមហ៊ុន​រ៉ែ​មាន​ទឹកប្រាក់​ដល់​ទៅ ១ ០០០លានដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។

ស្រប​នឹង​ការ​ដាក់​ទ័ណ្ឌកម្ម​ថ្មី​លើ​កូរ៉េខាងជើង សេតវិមាន​ក៏​បាន​អំពាវនាវ​ឲ្យ​ក្រុង​ព្យុងយ៉ាង​លើលែង​ទោស និង​ដោះលែង​និស្សិត​ជនជាតិ​អាមេរិកាំង​ម្នាក់​ដែល​ត្រូវ​បាន​តុលាការ​កូរ៉េខាងជើង​កាត់​ទោស​ដាក់​គុក​ចំនួន ១៥ឆ្នាំ និង​បង្ខំ​ឲ្យ​ធ្វើ​ការ​ជា​ទម្ងន់​នា​ថ្ងៃ​ពុធ ទី១៦ មីនា។ អ្នក​នាំពាក្យ​រដ្ឋបាល​អាមរិកាំង​បាន​​ចាត់​ទុក​ទង្វើ​ផ្តន្ទាទោស​ជនជាតិ​អាមេរិក​ថា​មាន​លក្ខណៈ​នយោបាយ​សុទ្ធសាធ និង​បាន​អំពាវនាវ​កុំ​ឲ្យ​ពលរដ្ឋ​អាមរិក​ធ្វើ​ដំណើរ​ទៅ​កាន់​ទឹកដី​កូរ៉េខាងជើង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ