អានតួអត្ថបទ
អាមេរិក

អាមេរិក៖លោក​អូបាម៉ា​ប្រកាស​ផែនការ​ប្រយុទ្ធប្រឆំាង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ

នៅ​ថ្ងៃ​ចន្ទ ទី៣ សីហា​នេះ លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់ អូបាម៉ា​នឹង​ប្រកាស​ចេញ​នូវ​ផែនការ​ប្រយុទ្ធប្រឆំាង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ។ នៅ​ក្នុង​ផែនការ​នោះ អាមេរិក​គ្រោង​នឹង​កាត់​បន្ថយ​ការ​ចាក់ចោល​ឧស្ម័ន​ពុល​កាបូនិច​ទៅ​ក្នុង​បរិយាកាស​ឲ្យ​បាន ៣២% ចាប់​ពី​ពេល​នេះ​ទៅ​ដល់​ឆ្នំា ២០៣០។ ផែនការ​ប្រយុទ្ធប្រឆំាង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​របស់​លោក​អូបាម៉ា​ពេល​នេះ​បាន​ធ្វើ​ឡើង ប៉ុន្មាន​ខែ​មុន​នឹង​សន្និសីទ​អន្តរជាតិ​ស្តីពី​បញ្ហា​អាកាសធាតុ​ដែល​គ្រោង​រៀបចំ​ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារំាង​នៅ​ចុង​ឆ្នំា ២០១៥។

អាមេរិក៖លោក​អូបាម៉ា​ប្រកាស​ផែនការ​ប្រយុទ្ធប្រឆំាង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ
អាមេរិក៖លោក​អូបាម៉ា​ប្រកាស​ផែនការ​ប្រយុទ្ធប្រឆំាង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ REUTERS/Jonathan Ernst
ផ្សាយពាណិជ្ជកម្ម

ផែនការ​ប្រយុទ្ធប្រឆំាង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ដែល​លោក​ប្រធានាធិបតី​អាមេរិក​អូបាម៉ា​ត្រៀម​ប្រកាស​ក្នុង​ថ្ងៃ​នេះ គឺ​ជា​ផែនការ​មួយ​ប្រកប​ដោយ​មហិច្ឆតា និង​លំអិត​សម្រាប់​រដ្ឋ​របស់​អាមេរិក​នីមួយៗ។ រូប​លោក​អូបាម៉ា​ផ្ទាល់​ខ្លួន​បាន​ទទួល​ស្គាល់​ថា ផែនការ​ស្តីពី​ការ​ទប់ទល់​នឹង​ការ​ឡើង​កំដៅ​នៅ​ក្នុង​បរិយាកាស​ដែល​អាមេរិក​ត្រៀម​អនុម័ត​ពេល​នេះ គឺ​ជា​មហា​ផែនការ​មួយ​ដែល​អាមេរិក​មិន​ធ្លាប់​បាន​ធ្វើ​ទេ​នា​ពេល​កន្លង​មក។ តាម​គម្រោង គ្រប់​មជ្ឈមណ្ឌល​ផលិត​អគ្គិសនី​ទំាង​អស់​នៅ​អាមេរិក​នឹង​ត្រូវ​កាត់​បន្ថយ​ការ​បញ្ចេញ​ផ្សែង​ឧស្ម័ន​ពុល​កាបូនិក​ចំនួន ៣២% ពី​ពេល​នេះ​ដល់​ឆ្នំា ២០៣០ ដោយ​យក​អត្រា​ក្នុង​ឆ្នំា ២០០៥ ធ្វើ​ជា​មូលដ្ឋាន។

ជា​ការ​ដាក់​ជំនួស​វិញ មជ្ឈមណ្ឌល​អគ្គិសនី​ទំាង​អស់​នឹង​ត្រូវ​ប្រើ​ថាមពល​មិន​ចេះ​សាបសូន្យ​ជំនួស​នឹង​ការ​ប្រើប្រាស់​ធ្យូងថ្ម ឬ​ប្រេងឥន្ធនៈ​ដើម្បី​ផលិត​ភ្លើង​អគ្គិសនី។ ថាមពល​ស្អាតស្អំ​មាន​ដូច​ជា ពន្លឺព្រះអាទិត្យ​ជា​ដើម។ នៅ​ក្នុង​ខ្សែអាត់វីដេអូ​មួយ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​អាទិត្យ ទី២ សីហា លោក​អូបាម៉ា​បាន​បញ្ជាក់​ថា ការ​ប្រែប្រួស​អាកាសធាតុ​មិនមែន​ជា​បញ្ហា​សម្រាប់​មនុស្ស​តែ​មួយ​ជំនាន់​ទេ តែ​សម្រាប់​មនុស្ស​គ្រប់​ជំនាន់​ទំាង​អស់ និង​ថា វា​ជា​ការ​គំរាមកំហែង​ដល់​សេដ្ឋកិច្ច សុខភាព និង​សន្តិសុខ​របស់​អាមេរិក។ លោក​អូបាម៉ា​បាន​បន្ថែម​ថា ផែនការ​ប្រយុទ្ធប្រឆំាង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​នឹង​ចូលរួម​កាត់បន្ថយ​តម្លៃ​ប្រើប្រាស់​ថាមពល​របស់​ពលរដ្ឋ​អាមេរិកំាង និង​ចូលរួម​បង្កើត​ការងារ​នៅ​ក្នុង​វិស័យ​ថាមពល​មិន​ចេះ​សាបសូន្យ។

គួរ​ជម្រាប​ជូន​ថា បន្ទាប់​ពី​ប្រទេស​ចិន អាមេរិក​ជា​ប្រទេស​ទី២ ខាង​បំពុល​បរិយាកាស​ក្នុង​លោក ព្រោះ​ភ្លើង​អគ្គិសនី ៤០% នៅ​អាមេរិក​បាន​មក​ពី​មជ្ឈមណ្ឌល​ដើរ​ដោយ​ធ្យូងថ្ម​ដែល​ជា​វត្ថុធាតុ​ដើម​បំពុល​បរិយាកាស​ខ្លំាង​ជាង​គេ។ តែ​នៅ​មុន​ការ​ប្រកាស​របស់​លោក​អូបាម៉ា ប្រតិកម្ម​បាន​ធ្លាក់​ជា​បន្តបន្ទាប់ មាន​ទំាង​អ្នក​គំាទ្រ និង​អ្នក​ប្រឆំាង។ លោកស្រី​ហ៊ីឡារី គ្លីនតុន​បាន​ចាត់​ទុក​ផែនការ​របស់​លោក​អូបាម៉ា​ថា ជា​ការ​បោះ​មួយ​ជំហាន​ទៅ​មុខ​នៅ​ក្នុង​ផ្នែក​បរិស្ថាន។ តែ​ក្រុម​អ្នកសាធារណរដ្ឋ​ដែល​ជា​ក្រុម​ប្រឆំាង និង​មាន​សម្លេង​ភាគច្រើ​នៅ​សភា​បាន​ជំទាស់​ដោយ​ពួក​គេ​ចាត់​ទុក​​ផែនការ​របស់​លោក​អូបាម៉ា​ថា ជា​មហន្តរាយ​បំផ្លាញ​ការងារ និង​ធ្វើ​ឲ្យ​តម្លៃ​ភ្លើង​អគ្គិសនី​ឡើង​ថ្លៃ​ដែល​ជា​ផលវិបាក​សម្រាប់​ពលរដ្ឋ​ក្រីក្រ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ