អានតួអត្ថបទ
វ៉េណេស៊ុយអេឡា

ប្រទេស​វ៉េណេស៊ុយអេឡា​កំពុង​ស្គាល់​ស្ថានភាព​សេដ្ឋកិច្ច​ត្រដរ​ខ្យល់

ការ​ធ្លាក់​តម្លៃ​ប្រេងឆៅ​នៅ​លើ​ទីផ្សារ​អន្តរជាតិ​បាន និង​កំពុង​ធ្វើ​ឲ្យ​វ៉េណេស៊ុយអេឡា​ដែល​ជា​ប្រទេស​ជ្រុកប្រេងឆៅ​ជួប​ការ​លំបាក​យ៉ាង​ខ្លំាង។ ជាមួយ​នឹង​តម្លៃ​ប្រេងឆៅ​ធ្លាក់​ថ្លៃ​​បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី​នីកូឡា ម៉ាឌុយរ៉ូ​បាត់បង់​ចំណូល​ដល់​ទៅ ៥០%។ គឺ​នៅ​ក្នុង​ន័យ​នេះ​ហើយ​បាន​ជា​លោក​នីកូឡា ម៉ាឌុយរ៉ូ​បាន និង​កំពុង​ចាត់​វិធានការ​គ្រប់បែប​យ៉ាង​ដើម្បី​ស្វែង​រក​ថវិកា​ទៅ​បំពេញ​បន្ថែម។ តែ​ក្រុមអ្នក​វិភាគ​បាន​មើល​ឃើញ​ថា វិធានការ​ដែល​លោក​នីកូឡា ម៉ាឌុយរ៉ូ​កំពុង​ធ្វើ​នេះ គឺ​មិន​ចំ​គោលដៅ​ដើម្បី​អាច​ជួយ​ស្រោចស្រង់​សេដ្ឋកិច្ច​ឡើង​វិញ​ទេ។

ពលរដ្ឋ​វ៉េណេស៊ុយអេឡា​កំពុង​ចូល​ដណ្តើម​យក​ទំនិញ​គ្នា​នៅ​ក្នុង​ហាង​ទំនិញ​មួយ​
ពលរដ្ឋ​វ៉េណេស៊ុយអេឡា​កំពុង​ចូល​ដណ្តើម​យក​ទំនិញ​គ្នា​នៅ​ក្នុង​ហាង​ទំនិញ​មួយ​ REUTERS/Wilmer Gonzalez
ផ្សាយពាណិជ្ជកម្ម

វិធានការ​ដែល​លោក​នីកូឡា ម៉ាឌុយរ៉ូ​កំពុង​អនុវត្តន៍​ពេល​នេះ​ត្រូវ​បាន​ក្រុម​អ្នក​ជំនាញ​ហៅ​ថា ជា​ការ​ចង ក សម្លាប់​ខ្លួន​ឯង ពោល​មិន​មែន​ជា​ចំណាត់ការ​ដើម្បី​ជួយ​ស្រោចស្រង់​សេដ្ឋកិច្ច​ដែល​កំពុង​ត្រដរ​ខ្យល់​នោះ​ទេ។ អំណះអំណាង​របស់​ក្រុមអ្នក​ជំនាញ​របៀប​នេះ​ក៏​ដោយសារ​ថា​នា​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ លោក​ម៉ាឌុយរ៉ូ​បាន​យល់ព្រម​កាត់​បន្ថយ​ប្រាក់បំណុល​របស់​ប្រទេស​មួយ​ចំនួន​ដែល​ជំពាក់​វ៉េណេស៊ុយអេឡា​ថ្លៃ​ប្រេង តែ​ត្រូវ​គោរព​លក្ខខណ្ឌ​មួយ គឺ​ប្រទេស​ទំាង​នោះ​ត្រូវ​តែ​សុខចិត្ត​សងប្រាក់​ដែល​នៅ​សល់​ភ្លាមៗ។ វិធានការ​របៀប​នេះ​បាន​ធ្វើ​ឲ្យ​វ៉េណេស៊ុយអេឡា​បាត់បង់​ចំណូល​ចំនួន ២ ០០០លានដុល្លារ​ពី​ប្រទេស​ហ្សាម៉ាអ៊ីក និង ១ ៥០០លានដុល្លារ​ពី​សាធារណរដ្ឋ​ដូមីនីក។

ទន្ទឹម​នឹង​វិធានការ​បន្ធូរបន្ធយ​ប្រាក់​បំណុល​ដែល​អ្នក​ផ្សេង​ជំពាក់ លោក​នីកូឡា ម៉ាឌុយរ៉ូ​ក៏​បាន​សម្រេច​ប្រើ​លុយ​បម្រុង​របស់​រដ្ឋ​ចំនួន ១ ៥០០លានដុល្លារ ព្រម​ទំាង​ចរចា​ខ្ចី​លុយ​ចំនួន ២ ៥០០លានដុល្លារ​ពី​ក្រុមហ៊ុន Citgo ដែល​ជា​សាខា​របស់​ក្រុមហ៊ុន​ចម្រាញ់​ប្រេងកាត​នៅ​សហរដ្ឋអាមេរិក។ គឺ​ក្រុមហ៊ុន Citgo នោះ​ឯង​ដែល​ជា​ប្រភព​ចំណូល​ទី១ របស់​វ៉េណេស៊ុយអេឡា។ តែ​គេ​ត្រូវ​ហ៊ាន​ទទួល​ស្គាល់​ថា តំាង​ពី​តម្លៃ​ប្រេងឆៅ​នៅ​លើ​ទីផ្សារ​អន្តរជាតិ​ធ្លាក់​ថ្លៃ​មក ប្រទេស​ជង្រុកប្រេង​មួយ​នេះ​កំពុង​មាន​ស្ថានភាព​សេដ្ឋកិច្ច​យ៉ាង​ត្រដាបត្រដួស។

វ៉េណាស៊ុយអេឡា​កំពុង​ប្រឈម​មុខ​នឹង​អត្រា​អតិផរណា​ជាង ១០០% ហើយ​ផលិតសរុប​ក្នុង​ស្រុក​នឹង​ធ្លាក់​ចុះ ៧% ក្នុង​ឆ្នំា ២០១៥ នេះ​បើ​យោង​តាម​អង្គការ​មូលនិធិ​​រូបិយវត្ថុ​អន្តរជាតិ។ មួយ​វិញ​ទៀត​នៅ​ចំពោះ​មុខ ប្រជាពលរដ្ឋ​កំពុង​ជួប​ប្រទះ​កង្វះ​ខាត​សម្ភារៈ ថ្នំាសង្កូវ និង​គ្រឿង​ឧបភោគបរិភោគ។ នេះ​ក៏​ដោយសារ​តែ​ការ​នំា​ចូល​បាន​កាត់​បន្ថយ​អស់​ពាក់​កណ្តាល​តំាង​ពី​ឆ្នំា ២០១៣។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី រដ្ឋាភិបាល​នៅ​បន្ត​ចាយវាយ​ហ៊ឺហារ​ដោយ​មិន​បន្ធូរ​ដៃ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ