អានតួអត្ថបទ
សុខភាព

ពិភពលោក​ជួបជុំ​គ្នា​នៅ​ម៉ុងត៍រ៉េអាល់ ​ដើម្បី​រក​ថវិកា​ប្រយុទ្ធ​នឹង​ជំងឺ​ស៊ីដា ​របេង​និង​ គ្រុន​ចាញ់

មូលនិធិ​ពិភពលោក ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ស៊ីដា ​ជំងឺ​របេង ​និង​ជំងឺ​គ្រុនចាញ់ ​បាន​បើក​ការ​ប្រជុំ​៣ឆ្នាំ​ម្តង​របស់​ខ្លួន ​នៅ​ក្រុង​ម៉ុងត៍រ៉េអាល់​ ប្រទេស​កាណាដា ​ក្រោម​វត្តមាន​របស់​លោក ​Justin Trudeau ​នាយក​រដ្ឋមន្ត្រី​កាណាដា។ កម្មវត្ថុ​នៃ​អង្គ​សន្និសីទ​នេះ ​គឺ​ដើម្បី​ប្រមូល​ថវិកា​ ឲ្យបាន​យ៉ាង​ហោចណាស់​ ១៣​ពាន់លាន​ដុល្លារ​ ទុក​ប្រើប្រាស់​រយៈពេល​៣ឆ្នាំ ​ក្នុង​ដំណើរការ​យុទ្ធនាការ​ កម្ចាត់​ការ​ឆ្លង​មេរោគ​អេដស៍ ​ជំងឺរបេង​ និង​ជំងឺ​គ្រុនចាញ់ ​នៅ​ទូទាំង​សកល​លោក។

លោក Justin Trudeau នាយករដ្ឋមន្ត្រី​កាណាដា ក្នុង​​ឱកាស​បើក​សន្និសីទ​នៃ​មូលនិធិ​ពិភព​លោក​ ប្រយុទ្ធនឹងជំងឺស៊ីដា របេង និងគ្រុនចាញ់ ថ្ងៃទី​១៦ កញ្ញា ២០១៦ នៅ​ក្រុង​ម៉ុងត៍រ៉េអាល់
លោក Justin Trudeau នាយករដ្ឋមន្ត្រី​កាណាដា ក្នុង​​ឱកាស​បើក​សន្និសីទ​នៃ​មូលនិធិ​ពិភព​លោក​ ប្រយុទ្ធនឹងជំងឺស៊ីដា របេង និងគ្រុនចាញ់ ថ្ងៃទី​១៦ កញ្ញា ២០១៦ នៅ​ក្រុង​ម៉ុងត៍រ៉េអាល់ REUTERS/Christinne Muschi
ផ្សាយពាណិជ្ជកម្ម

“ការតស៊ូ​ប្រយុទ្ធ​ នៅ​មិន​ទាន់​ចប់​ទេ”។ នេះ​គឺ​ជា​សំដី​របស់​លោក ​Justin Trudeau ​នាយករដ្ឋ​មន្ត្រី​កាណាដា ​កាល​ពី​ថ្ងៃ​សុក្រ ​ទី​១៦​កញ្ញា ​ក្នុង​ឱកាស​បើក​សន្និសីទ​ស្វែងរក​មូលនិធិ​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​ស៊ីដា ​ជំងឺរបេង ​និង​ជំងឺ​គ្រុន​ចាញ់។ លោកបន្ត​ថា ​ការ​ជឿនលឿន​ទៅមុខ ​ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​ទាំងនេះ ​បាន​ឈាន​ឡើង​ច្រើន​ណាស់ ​តែ​នៅ​មាន​ដំណាក់កាល​ច្រើន​ថែម​ទៀត ​ដែល​គ្រប់គ្នា​ត្រូវ​ប្រឹងប្រែង​ ដើម្បី​ឈាន​ទៅ​កម្ចាត់​ជំងឺ​ឆ្លង​ទាំង​នេះ​ ឲ្យ​សាប​វិនាស។

 
លោក​នាយករដ្ឋមន្ត្រី​កាណាដា ​បាន​ឆ្លៀត​សង្កត់​ធ្ងន់​ថា ​“នេះ​គឺ​ជា​ឱកាស​របស់​យើង​គ្រប់គ្នា ​ដែល​ជា​អ្នក​ដឹកនាំ​ប្រទេស​ និង​ជា​អ្នក​ទទួល​បន្ទុក​វាសនា​របស់​ប្រជាជន​យើង។ ដើម្បី​កុំឲ្យ​មាន​វិប្បដិសារី ​ហើយ​ចៀសវៀង​កូនចៅ​ជំនាន់​ក្រោយ​ស្តី​បន្ទោស​យើង ​គឺ​ពេល​នេះ​ហើយ ​ដែល​ក្នុង​នាម​ជា​ថ្នាក់ដឹក​នាំ ​យើង​ត្រូវ​ធ្វើអ្វី​មួយ​ឲ្យ​ត្រឹមត្រូវ ​ដើម្បី​មនុស្ស​ជាតិ”។ លោកJustin Trudeauមិន​បាន​ភ្លេច​បញ្ជាក់​ទេថា​ មួយ​ថ្ងៃៗ ​មាន​មនុស្ស​ប្រមាណ​៨ពាន់​នាក់ ​ដែល​ស្លាប់​ដោយ​ជំងឺ​ឆ្លង​ទាំងនេះ។

សូមរំលឹក​ថា ​មូល​និធិ​ពិភព​លោក​ប្រយុទ្ធ​នឹង​ជំងឺ​ស៊ីដា ​ជំងឺ​របេង ​និង​ជំងឺ​គ្រុនចាញ់​នេះ ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០០២​ ក្នុង​គោល​បំណង​ប្រមូល​ថវិកា​ ពី​សំណាក់​ ប្រទេស​ផ្តល់ជំនួយ​និង​សប្បុរសជន​ទាំងអស់ ​ដើម្បី​បំរើ​ដល់​យុទ្ធនាការ​កម្ចាត់​ជំងឺ​ទាំង​នេះ។ កម្មវត្ថុ​នៃ​សន្និសីទ​លើក​នេះ ​ ​គឺ​ដើម្បី​ប្រមូល​ថវិកា​ចំនួន​ ១៣​ពាន់​លាន​ដុល្លារ ​សម្រាប់​ការ​ចំណាយ​រវាង​ពី​ឆ្នាំ​២០១៧-២០១៩ ​ដែល​សំដៅ​កម្ចាត់​ជំងឺ​ឆ្លង​ទាំង​បី​ខាង​លើ ​ឲ្យអស់​ ក្នុង​ឆ្នាំ​២០៣០។ ប្រទេស​តំបន់​ទ្វីប​អាហ្វ្រិក ​គឺ​ជា​ប្រទេស​ដែល​ប្រឈមមុខ​ខ្លាំង​ជាង​គេ ​ហើយ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​ទាំងនេះ ​គឺជា​ប្រភព​នៃ​ភាព​ក្រីក្រ ​ជា​ពិសេស​សម្រាប់​ស្ត្រី​និង​កុមារ។

តាម​ការ​ប៉ាន់ស្មាន ​ថវិកា​សរុប​ អាច​នឹង​ត្រូវ​ប្រមូល​បាន​តាម​ការ​រំពឹង​ទុក។ ក្នុង​ចំណោម​ប្រទេស​ផ្តល់​ថវិកា​ សហរដ្ឋ​អាមេរិក​ជា​ប្រទេស​នាំមុខ​គេ ​ដោយ​បាន​ផ្តល់​ចំនួន​ ៤៣០០​លាន​ដុល្លារ ​បន្ទាប់​មក​មាន​បារាំង​ ដែល​បាន​ផ្តល់ ​១១០០​លាន​អឺរ៉ូ​ អាល្លឺម៉ង់ ​៨០០​លាន​អឺរ៉ូ ​ជប៉ុន​៨០០​លាន​ដុល្លារ ​និង​កាណាដា ​៦០០​លាន​ដុល្លារ។ ដោយឡែក​មូលនិធិ​លោក​Bill Gates ​បាន​ផ្តល់​ថវិកា​ចំនួន​១៦០០​លាន​ដុល្លារ ​ចាប់​តាំង​ពី​មូលនិធិ​លោក​ ត្រូវ​បាន​បង្កើត​ឡើង។

គួរបញ្ជាក់​ផងដែរ​ថា ​​យោង​តាម​តួលេខ​របស់​មូលនិធិ​ពិភពលោក ​ប្រយុទ្ធ​នឹង​ជំងឺ​ស៊ីដា ​ជំងឺ​របេង ​និង​ជំងឺ​គ្រុនចាញ់​នេះ ​ចាប់​តាំង​ពី​ឆ្នាំ​២០០៥​មក​  ​ ​ជីវិត​មនុស្ស​ប្រមាណ​ជា​២២​លាន​នាក់ ​ត្រូវបាន​ជួយ​សង្គ្រោះ ​ហើយ​ការ​ឆ្លង​ចំនួន​ប្រមាណ​ជា​៣០០​លាន​ករណី​ ត្រូវ​បាន​បញ្ចៀស។ ទាំងអស់​នេះ ​គឺ​ដោយ​មាន​ថវិកា​ចំណាយ ​ចំនួន​ប្រមាណ​ជា​៣០​ពាន់​លាន​ដុល្លារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ