អានតួអត្ថបទ

វ៉េណេស៊ុយអេឡា៖ រ្ហ័ន ហ្កាយដូ បន្តអំពាវនាវ​ឲ្យ​រៀបចំ​ការ​បោះឆ្នោត ខណៈ​សហគមន៍​អន្តរជាតិ ​គាំទ្រ​កាន់តែ​ច្រើន

នៅប្រទេសវ៉េណេស៊ុយអេឡា លោករ័្ហន ហ្កាយដូ ប្រធានក្រុមប្រឆាំង បានបន្តអំពាវនាវ និងដាក់សំពាធ ទៅលើរដ្ឋាភិបាល​របស់លោក នីកូឡា ម៉ាឌូរ៉ូ ថាត្រូវតែរៀបចំការបោះឆ្នោត​សាជាថ្មី ឲ្យមានភាពសេរីយុត្តិធម៌។ បើទោះបីជា កិច្ចប្រជុំនៅក្រុមប្រឹក្សាសន្តិសុខ កាលពីថ្ងៃ​សៅរ៍​ទី​២៦​មករា​ បានចេញជាលទ្ធផលអ្វីក៏ដោយ ក៏ប៉ុន្តែ លោក រ័្ហន ហ្កាយដូ បានទទួលការគាំទ្រ កាន់តែច្រើន ពីសំណាក់សហគមន៍​អន្តរជាតិ ដែលបាននាំគ្នា ដាក់ឧស្សានុវាទ ឲ្យ​រដ្ឋាភិបាល​លោកនីកូឡា​ ម៉ាឌូរ៉ូ រៀបចំការបោះឆ្នោតសាជាថ្មី។

លោក រ្ហ័ន ហ្កាយដូ នៅក្នុងពិធី​ជួបជុំ​សកម្មជន​​​ប្រឆាំង​រដ្ឋាភិបាល​​លោក​​ម៉ាឌូរ៉ូ ថ្ងៃទី​២៦ មករា ២០១៩​
លោក រ្ហ័ន ហ្កាយដូ នៅក្នុងពិធី​ជួបជុំ​សកម្មជន​​​ប្រឆាំង​រដ្ឋាភិបាល​​លោក​​ម៉ាឌូរ៉ូ ថ្ងៃទី​២៦ មករា ២០១៩​ REUTERS/Carlos Garcia Rawlins
ផ្សាយពាណិជ្ជកម្ម

យើងនឹងបន្ត ដើរទៅមុខ ដើម្បីស្តារសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ។ ពិភពលោកទាំងមូល បានឮ ពីការប្តេជ្ញាចិត្ត របស់ប្រជាជនវ៉េណេស៊ុយអេឡា”។ នេះគឺជាសារ ដែលលោក រ័្ហន ហ្កាយដូ ប្រធានសភាវ័យ៣៥ឆ្នាំ បានសរសេរនៅលើទំព័រ Twitter។

មួយថ្ងៃក្រោយការប្រជុំនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បើទោះបីជារុស្ស៊ី ព្យាយាមនិយាយរិះគន់ មិនចង់ឲ្យកិច្ចប្រជុំនេះ អាចកើតមានឡើង គឺប្រទេសជាច្រើន បាននាំគ្នា ប្រកាសគាំទ្រ ឲ្យមានការបង្កើតរដ្ឋាភិបាលបណ្តោះអាសន្ន​ និងរៀបចំការបោះឆ្នោតសាជាថ្មី នៅវ៉េណេស៊ុយអេឡា។ ក្រៅពីសហរដ្ឋអាមេរិក និងប្រទេសជាច្រើននៅតំបន់អាមេរិកខាងត្បូង សហភាពអឺរ៉ុប និងប្រទេសសាមជិកខ្លួន មួយចំនួន ក៏បានប្រកាសក្នុងន័យនេះដែរ។

បារាំង អេស្ប៉ាញ អង់គ្លេស អាល្លឺម៉ង់ បែលហ្សិកជាដើម បានប្រកាសជំហរ ដាក់​ឱស្សានុវាទ ទៅរដ្ឋាភិបាល​លោក នីកូឡា ម៉ាឌូរ៉ូ​ ថាត្រូវតែប្រកាសរៀបចំការបោះឆ្នោត ក្នុង​រវាង៨ថ្ងៃទៀត ពុំដូច្នោះទេ ប្រទេសទាំងនេះ នឹងប្រកាសទទួលស្គាល់ រដ្ឋាភិបាល​បណ្តោះ​អាសន្ន របស់លោក រ័្ហន ហ្កាយដូ។

គួរកត់សំគាល់ថា ជាមួយនឹងការគាំទ្រ ពីសហគមន៍អន្តរជាតិ លោករ័្ហន ហ្កាយដូ បានបន្តដាក់សំពាធ និងអំពាវនាវអូសទាញ ឲ្យមនុស្សក្នុងបក្សលោកនីកូឡា ម៉ាឌូរ៉ូ ព្រមទាំងកងទ័ពផង ឲ្យងាកមកគាំទ្រលោក។ លោករ័្ហន ហ្កាយដូ បានបញ្ជាក់ឲ្យដឹងដែរថា លោកបាន​ជួបនិយាយគ្នា ជាមួយនឹង សមាជិករដ្ឋាភិបាល លោកនីកូឡា ម៉ាឌូរ៉ូ មួយចំនួន។ ប្រធាន​ក្រុមប្រឆាំងវ័យក្មេងរូបនេះ ក៏បានប្រកាស សន្យាថា កម្លាំងទាហាន និងកងនគរបាល ដែលស្ម័គ្រចិត្ត ឈប់ការពាររបបលោកនីកូឡា ម៉ាឌូរ៉ូ នឹងអាចចូលរួមក្នុងការ​​កសាងប្រទេស ហើយនឹង​ពុំមានការចាប់ទោសអូសដំណើរអ្វីទេ។

គួររំលឹកថា កាលពីថ្ងៃសុក្រ​ រដ្ឋមន្ត្រីការពារជាតិវ៉េណេស៊ុយអេឡា អមដោយមេទ័ពធំៗ​ បានប្រកាសថាខ្លួននឹងស្មោះស្ម័គ្រ​ នៅពីក្រោយលោកនីកូឡា​ ម៉ាឌុយរ៉ូ ជានិច្ច។ តែដោយឡែក កាលពីល្ងាចថ្ងៃសៅរ៍ ម្សិលមិញនេះ លោកមេបញ្ជាការ José Luis Silva ដែលជាតំណាងបេសកកម្មពិសេស ប្រចាំនៅសហរដ្ឋអាមេរិក បានប្រកាសឈប់ទទួលស្គាល់ភាពស្របច្បាប់ របស់លោកប្រធានាធិបតី ម៉ាឌូរ៉ូ ហើយបានអំពាវនាវ ឲ្យកងទ័ព ងាកទៅជ្រោមជ្រែងលោក រ័្ហន ហ្កាយដូវិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ