អានតួអត្ថបទ
សហរដ្ឋអាមេរិក-UN

រដ្ឋាភិបាលថ្មី​របស់​​ដូណាល់ ត្រាំ​ ចង់​កាត់​បន្ថយ​វិភាគទាន ​ទៅឲ្យ​អង្គការ​សហ​ប្រជាជាតិ

ផែនការ​ថ្មី​មួយទៀត​របស់​លោក​ដូណាល់ ត្រាំ ​ ប្រធានាធិបតី​ថ្មី​សហរដ្ឋ​អាមេរិក ​គឺ​កាត់​បន្ថយ ​រឺ​ក៏​អាច​លប់ចោល​ទាំង​ស្រុង​ នូវ​ប្រាក់​វិភាគទាន​ ដែល​សហរដ្ឋ​អាមេរិក ​ផ្តល់​ទៅ​ឲ្យ​អង្គការ​សហប្រជាជាតិ ​ ក៏​ដូច​ជា​អង្គការ​មនុស្សធម៌​អន្តរជាតិ​នានា។ រដ្ឋាភិបាល​លោក​ដូណាល់ ត្រាំ ​កំពុង​រៀបចំ​ក្រិត្យច្បាប់​ថ្មី​ពីរ ​ ដើម្បី​ចាត់ចែង​កិច្ចការ​នេះ។ យោង​តាម​ការ​ផ្សាយ​របស់​កាសែត ​New York Times ​លោក​ត្រាំ ​បាន​កំណត់​នូវ​លក្ខខណ្ឌ​មួយ​ចំនួន​ ដើម្បី​លប់​ចោល​ លែង​ផ្តល់​ប្រាក់​វិភាគ​ទាន​ តួយ៉ាង​ដូចជា​អង្គការ​ណា ​ដែល​ធ្វើការ​ដោយ​មិន​គោរព​ផលប្រយោជន៍​របស់​សហរដ្ឋ​អាមេរិក។

លោក ដូណាល់ ត្រាំ ប្រធានាធិបតី​សហរដ្ឋអាមេរិក
លោក ដូណាល់ ត្រាំ ប្រធានាធិបតី​សហរដ្ឋអាមេរិក REUTERS/Kevin Lamarque
ផ្សាយពាណិជ្ជកម្ម

កាសែតNew York Times ​ចុះផ្សាយ​ថា​ គម្រោង​ក្រិត្យ​ច្បាប់​ទី​មួយ ​នឹង​តម្រូវ​ឲ្យ​បង្កើត​ក្រុម​ការងារ​ពិសេស​មួយ ​ ដើម្បី​ធ្វើការ​វិភាគ​ វាយ​តំលៃ ​ថា​តើ​អង្គការ ​រឺ​ភ្នាក់ងារ​ចំណុះ​ឲ្យ​អង្គការ​សហប្រជាជាតិ ​ណាខ្លះ ​ដែល​នឹង​ត្រូវ​កាត់​បន្ថយ​​ជំនួយ​ថវិកា​ រឺក៏​ផ្តាច់​លែង​ផ្តល់​ឲ្យ​ទាំងស្រុង។ យោង​តាម​ឯកសារ​ផ្លូវការ ​ រដ្ឋាភិបាល​លោកត្រាំ ​បាន​ជំរុញ​ឲ្យ​អនាគត​ក្រុម​ការងារ​វាយ​តំលៃ​នេះ ​ ពិនិត្យ​ឲ្យ​មែនទែន ​ជា​ពិសេស ​ដូចជា ​អង្គការ​ដែល​ធ្វើ​សកម្មភាព​ការងារ​រក្សា​សន្តិភាព​នៅ​ទូទាំង​ពិភពលោក ​រឺក៏​អង្គការ​ណា​ដែល​កំពុង​ជួយ​ប្រទេស​នានា ​តែ​ប្រទេស​នោះ​តែងតែ​ប្រឆាំង​នឹង​ផល​ប្រយោជន៍​របស់​សហរដ្ឋ​អាមេរិក។

 
លោកត្រាំ​ ក៏​បញ្ជារ​ឲ្យ​ពិនិត្យ​លើ​ជំនួយ​ថវិកា​របស់​អាមេរិក​ ​ទៅ​ឲ្យ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ​ ដែរ។ តែតាម​ការពិត ​ លោក​ដូណាល់ ត្រាំ ​ប្រហែល​ជា​មិន​បាន​ដឹង​ទេ​ថា ​សហរដ្ឋ​អាមេរិក ​មិន​បាន​ផ្តល់​ថវិកា​វិភាគ​ទាន ​ឲ្យទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ទេ។

សូម​បញ្ជាក់​ថា ​ក្នុង​ប្រតិបត្តិការ​រក្សា​សន្តិភាព​ទូទាំង​ពិភពលោក ​នៃ​អង្គការ​សហ​ប្រជាជាតិ ​ សហរដ្ឋ​អាមេរិក ​បាន​ចូលរួម​ថវិកា ​ប្រមាណ​ជា​២៨% ​ដែល​ស្មើ​នឹង​៧៨០០​លាន​ដុល្លារ។ បើ​និយាយ​សរុប​ ​នៃ​វិភាគ​ទាន​ទៅ​ឲ្យ​អង្គការ​សហប្រជាជាតិ​​ គឺ​សហរដ្ឋ​អាមេរិក ​ចូលរួម​ប្រមាណ​ជា​២២%។ បន្ថែម​ពី​នេះ ​នៅ​ឆ្នាំ​២០១៦​ ​កន្លង​ទៅ ​សហរដ្ឋ​អាមេរិក ​បាន​ផ្តល់​កញ្ចប់​ប្រាក់ ​ដាច់​ដោយ​ឡែក ​ប្រមាណ​ជា​៥៤០០​លាន​ដុល្លារ ​ផ្សេង​ទៀត។

ប្រភព​ពី​កាសែត ​ដដែល ​បាន​ឲ្យ​ដឹង​ថា ​លោក​ដូណាល់ ត្រាំ ​បាន​កំណត់​លក្ខខណ្ឌ​ជាច្រើន ​ដើម្បី​ឲ្យ​ក្រុម​ការងារ​ពិសេស​នោះ ​ពិនិត្យ​ និង​គោរព​តាម។ ឧទាហរណ៍ ​អង្គការ​ណា ​ដែល​ទទួល​ស្គាល់ ​ដែន​ដី​ប៉ាឡេស្ទីន​ ជា​ប្រទេស​សមាជិក​ពេញសិទ្ធិ ​អង្គការ​ណា​ដែល​ធ្វើ​សកម្មភាព​ជួយ​ទ្រទ្រង់​ស្រ្តី ​ដែល​ចង់​រំលូតកូន ​ រឺ​អង្គការ​ណា ​ដែល​ធ្វើ​សកម្មភាព​លើក​កំពស់​ការ​បញ្ឈប់​ទណ្ឌកម្ម​ ទៅ​លើ​អ៊ីរ៉ង់ ​និង​កូរ៉េ​ខាងជើង…​អង្គការ​ទាំងនោះ ​នឹង​ត្រូវ​អាមេរិក​ផ្តាច់​ជំនួយ​ទាំងស្រុង។ ចំពោះ​អង្គការ​ចំណុះ​ផ្សេងទៀត​ទាំង​អស់ ​នៃ​អង្គការ​សហប្រជាជាតិ ​ ទោះ​មិន​ជាប់​លក្ខខណ្ឌ​ខាង​លើ​ក៏​ដោយ ​ ក៏​ជារួម​ នឹង​ត្រូវ​កាត់​បន្ថយ​ជំនួយ​ថវិកា ​៤០%​ដែរ។

ដោយឡែក​ ក្រិត្យច្បាប់​ទី​ពីរ ​ គឺ​ទាក់ទង​ទៅ​នឹង​ការ​សើររើ ​សន្ធិសញ្ញា​អន្តរជាតិ​ធំៗ ​ដែល​ធ្វើឡើង ​ក្នុង​ក្របខណ្ឌ​អង្គការ​សហប្រជាជាតិ ​ហើយ​ដែល​មិន​ជាប់​ទាក់ទង​នឹង​សន្តិសុខ​ជាតិ​អាមេរិក​ ការ​ធ្វើ​បត្យាប័ន​ រឺ​ពណិជ្ជកម្ម​អន្តរជាតិ។ កាសែត​​New York Times ​បាន​សន្និដ្ឋាន​ថា​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ​ស្តីពី​អាកាសធាតុ​ ប្រហែល​ជា​មិន​ជាប់​នៅ​ក្នុង​ចំណោម​នេះ​ទេ​មើល​ទៅ​ ព្រោះ​ក្នុង​ឯកសារ​យោង​របស់​លោក​ត្រាំ ​គេ​បាន​លើកឡើង​តែ​កិច្ច​ព្រមព្រៀង​ពីរ​ប៉ុណ្ណោះ ​គឺ​សន្ធិសញ្ញា ​លប់​បំបាត់​ការ​រើសអើង​គ្រប់​ទំរង់​ទៅលើ​ស្ត្រី ​និង​សន្ធិសញ្ញា​ស្តីពី​សិទ្ធិកុមារ។ រឿង​ដែល​គួរឲ្យ​អស់​សំណើច​នោះ​ គឺ​លោក​ដូណាល់ ត្រាំ ​មាន​បំណង​សើររើ​សន្ធិសញ្ញា​ទាំងពីរ​នេះ ​ ​តែ​តាមពិត​ គាត់​ប្រហែល​ជា​មិន​ដឹង​ទេ​ ថា​ សហរដ្ឋ​អាមេរិក​ មិន​ដែល​បាន​ផ្តល់​សច្ចាប័ន​ ទៅលើ​សន្ធិសញ្ញា​ទាំងពីរ​នេះ​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ