អានតួអត្ថបទ
សហរដ្ឋអាមេរិក

សហរដ្ឋ​អាមេរិក បារម្ភ​ពី​ភេរវកម្ម​ក្រោយ​ករណី​ផ្ទុះ​គ្រាប់បែក​ផ្ទួនៗ និង​ករណី​យក​កាំបិត​ចាក់​មនុស្ស

នៅ​រដ្ឋ​មីណេសូតា ​កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍​ ទី​១៧​កញ្ញា ​មាន​ហេតុការណ៍​គួរឲ្យ​រន្ធត់​មួយ​បាន​កើតឡើង​ ដោយ​មាន​បុរស​ម្នាក់ ​បាន​ដើរ​យក​កាំបិត​ចាក់​មនុស្ស​ជា​ច្រើន​នាក់ ​នៅក្នុង​ផ្សារ​ទំនើប​មួយ​កន្លែង។ តាម​ការ​ឲ្យដឹង​ពី​សាក្សី​នៅ​កន្លែង​កើតហេតុ ​ជន​នេះ​បាន​ស្រែក​ឧទ្ទិស​ដល់​ព្រះ​អាឡា ​ក្នុង​ពេល​កំពុង​ធ្វើ​សកម្មភាព។ ហេតុការណ៍​នេះ ​បាន​កើតឡើង​ផ្ទួនៗ​គ្នា​ ជាមួយ​នឹង​ហេតុការណ៍​ផ្ទុះ​គ្រាប់បែក​ផ្សេង​ទៀត​ នៅ​សហរដ្ឋ​អាមេរិក។ យ៉ាងណា​ក៏​ដោយ ​អាជ្ញាធរ ​នៅ​មិន​ទាន់​មាន​ភស្តុតាង​គ្រប់គ្រាន់ ​អាច​ចាត់ទុក​ថា​អំពើ​ទាំងនេះ​ជា​អំពើ​ភេរវកម្ម​ទេ។

កន្លែងកើត​ហេតុ​ផ្ទុះ​គ្រាប់​បែក​នៅក្រុង​ញូយ៉ក យប់​ថ្ងៃ​សៅរ៍​ ទី​១៧ ​កញ្ញា
កន្លែងកើត​ហេតុ​ផ្ទុះ​គ្រាប់​បែក​នៅក្រុង​ញូយ៉ក យប់​ថ្ងៃ​សៅរ៍​ ទី​១៧ ​កញ្ញា REUTERS/Rashid Umar Abbasi
ផ្សាយពាណិជ្ជកម្ម

តាម​ការ​ឲ្យដឹង​ពី​នគរបាល​រដ្ឋ​មីណេសូតា ​ភាគ​ខាងជើង​សហរដ្ឋ​អាមេរិក ​ បុរស​ម្នាក់ ​ក្នុង​សំលៀកបំពាក់​ជា​សន្តិសុខ​ឯកជន ​បាន​ចូល​ទៅ​ក្នុង​ផ្សារ​ទំនើប​មួយ​កន្លែង ​ហើយ​បាន​ដក​កាំបិត​ចាក់​មនុស្ស​ជា​ច្រើន​នាក់​ នៅ​វេលា​ម៉ោង​៨យប់។

 
សាក្សី​ជាច្រើន​នាក់ ​បាន​អះអាង​ថា ​ជននេះ ​បាន​ស្រែក​សួរ​ជន​រងគ្រោះ ​ថា​តើ​គេ​ជា​អ្នក​កាន់​អ៊ីស្លាម​រឺ​ទេ ​មុន​នឹង​យក​កាំបិត​ចាក់។ មិនត្រឹម​តែ​ប៉ុណ្ណោះ ​តាម​សាក្សី​ដដែល ​ជននេះ​បាន​ស្រែក​ឧទ្ទិស​ជា​ភាសា​អារ៉ាប់​ ដល់​ព្រះ​អាឡា ​ក្នុង​ពេល​ធ្វើ​សកម្មភាព​ទៀត​ផង។

យ៉ាង​ហោចណាស់ ​មាន​មនុស្ស​៨នាក់ ​ដែល​បាន​រង​របួស​ក្នុង​ហេតុការណ៍​នេះ ​ ហើយ​ក្នុង​ចំណោម​នេះ ​មាន​២​នាក់ ​កំពុង​ស្ថិត​ក្នុង​ការ​សង្រ្គោះ​បន្ទាន់​ក្នុង​មន្ទីរពេទ្យ ​នៅឡើយ។ ចំណែក​ជន​ដៃដល់ ​ត្រូវ​បាន​នគរបាល​ម្នាក់ ​បាញ់​សម្លាប់​នៅ​នឹង​កន្លែង ​ តែ​នគរបាល​នោះ ​ស្ថិត​ក្នុង​សម្លៀក​បំពាក់​ស៊ីវីល ​ហើយ​មិន​ស្ថិត​នៅ​ក្នុង​ម៉ោង​ធ្វើការ​ទេ។

តាម​ការឲ្យ​ដឹង​ពី​អធិការ​នគរបាល ​រដ្ឋ​មីណេសូតា ​ ជន​ដៃដល់ ​ត្រូវ​បាន​គេ​ដឹង​អត្តសញ្ញាណ​ហើយ ​ ហើយ​ជននេះ​មិន​មាន​ប្រវត្តិ​ទាក់ទង​នឹង​បទ​ឧក្រិដ្ឋ ​រឺ​បណ្តាញ​ភេរវកម្ម​ណា​មួយ​ទេ។ គិត​មក​ត្រឹម​ពេល​នេះ ​ នគរបាល​ នៅ​មិនទាន់​អាច​សន្និដ្ឋាន​ថា ​សកម្មភាព​នេះ​ជា​​អំពើ​ភេរវកម្ម​នៅ​ឡើយ​ទេ ​ហើយ​ក៏​មិន​ទាន់​អាច​សន្មត់​ថា​សកម្មភាព​យក​កាំបិត​ដើរ​ចាក់​នេះ ​ត្រូវ​បាន​បញ្ជា​ដោយ​បណ្តាញ​ជីហាដ​ណាមួយ ​ ​រឺ​មួយ​ក៏​ជា​ចេតនា​ឯកឯង​របស់​ជនដៃ​ដល់​នោះ​ឡើយ។

គួរ​កត់សំគាល់​ដែរ​ថា ​ករណី​នេះ ​បាន​កើត​ឡើង ​ស្រប​ពេល​គ្នា ​ជាមួយ​នឹង​ករណី​ផ្ទុះ​២​កន្លែង​ផ្សេង​ទៀត ក្នុង​ថ្ងៃតែមួយ។ ទីមួយ​គឺ​ករណី​ផ្ទុះ​នៅ​ក្នុង​សង្កាត់​ Chelsea ទីក្រុង​ញូយ៉ក ​វេលា​ម៉ោង​ប្រហែល​៨ និង​៣០​នាទី​យប់ ​ ដែល​បាន​បង្ក​ឲ្យ​របួស​មនុស្ស​២៩​នាក់។ ករណី​ផ្ទុះ​មួយ​ទៀត ​បាន​កើត​ឡើង​នៅ​រដ្ឋ​New Jersey ​កាល​ពី​ថ្ងៃ​សោរ៍​​ដែរ ​ ដោយ​គ្រាប់បែក​មួយ​ត្រូវ​បាន​គេ​ដាក់​បង្កៃ​ក្នុង​ធុង​សំរាម ​ តាម​ផ្លូវ​ដែល​ជា​ផ្លូវ​រត់​ប្រណាំង​របស់​ទាហាន​ជើងទឹក​អាមេរិក។ ជា​សំណាង​ល្អ ​ការ​ចេញ​ដំណើរ​រត់​ប្រណាំង ​បាន​មាន​ការ​យឺតយ៉ាវ ​ហើយ​គ្រាប់​បែក​បាន​ផ្ទុះ​មុន​ពេល​ដែល​ក្រុម​អ្នក​រត់​ប្រណាំង​មក​ដល់ ​ ហើយ​មិន​បាន​បង្ក​ឲ្យ​មាន​នរណា​រង​របួស​ទេ។

អាជ្ញាធរ​កំពុង​តែ​ស៊ើប​អង្កេត ​ស្វែងរក​ភស្តុតាង​បន្ថែម ​ ដោយ​ក្នុង​ពេល​នេះ ​គេ​មិន​ទាន់​អាច​សន្និដ្ឋាន​ថា​គ្រាប់​បែក​ផ្ទុះ​ទាំង​នេះ ​ជា​អំពើ​ភេរវកម្ម​ទេ។ យ៉ាងណា​ក៏ដោយ​ ព្រឹត្តិការណ៍​ផ្ទួនៗ​គ្នា​បែប​នេះ ​ បាន​បង្ក​ជា​អារម្មណ៍​ភ័យខ្លាច​សម្រាប់​ប្រជាជន​អាមេរិក​ ជា​ពិសេស​ អ្នក​ទីក្រុង​ញូយ៉ក ​ ដែល​ទើបតែ​បាន​ប្រារព្ធ​ខួប​គំរប់​១៥​ឆ្នាំ ​នៃ​អំពើ​ភេរវកម្ម​ថ្ងៃ​ទី ​១១​កញ្ញា ​២០០១៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ