អានតួអត្ថបទ

អាមេរិកផ្អាក​ផ្គត់ផ្គង់យន្តហោះចម្បាំងF-35 ទៅតួកគី

ជាថ្មី​ម្តង​ទៀត​ សហរដ្ឋអាមេរិក​ បាន​ដាក់​សម្ពាធ​ ទៅលើ​តួ​កគី​ ឲ្យ​ជ្រើសរើស​ រវាង​យន្តហោះ​ចម្បាំង​F-35​ របស់​អាមេរិក​ និង​ប្រព័ន្ធ​ខែល​មី​ស៊ី​ល S-400​របស់​រុស្ស៊ី​។ កាលពី​ថ្ងៃ​ចន្ទ​ ក្រសួងការពារជាតិ​អាមេរិក​ បាន​ប្រកាស​ថា​ អាមេរិក​ បានសម្រេច​ផ្អាក​ការ​ផ្គត់ផ្គង់​យន្តហោះ​F-35​ ព្រមទាំង​សម្ភារៈ​បរិ​ក្ខា​ទាក់ទង​នឹង​យន្តហោះ​នេះ​ ទៅ​ឲ្យ​តួ​កគី​សិន​។ ការសម្រេច​បែបនេះ​ គឺ​ដោយសារ​អាមេរិក​ ព្រួយបារម្ភ​ ពី​ការ​បែកធ្លាយ​ នៃ​បច្ចេកវិទ្យា​សម្ងាត់​ របស់​យន្តហោះ​ចម្បាំង​អាមេរិក​ បើសិនជា​តួ​កគី​ យក​វា​ទៅ​ប្រើ​ ជាមួយនឹង​ប្រព័ន្ធ​ខែល​មី​ស៊ី​ល S-400​ របស់​រុស្ស៊ី​។

យន្តហោះចម្បាំង F-35 របស់អាមេរិក​
យន្តហោះចម្បាំង F-35 របស់អាមេរិក​ U.S. Air Force
ផ្សាយពាណិជ្ជកម្ម

រវាង​យន្តហោះ​ចម្បាំង​អាមេរិក​ F-35​ និង​ប្រព័ន្ធ​ខែល​មី​ស៊ី​ល S-400​របស់​រុស្ស៊ី​ មាន​មួយ​ត្រូវ​អត់​មួយ​! សហរដ្ឋអាមេរិក​ បន្ត​ដាក់​សម្ពាធ​ ទៅលើ​តួ​កគី​ ដែល​ជា​ប្រទេស​សម្ព័ន្ធ​មិត្ត​ខ្លួន​ ឲ្យ​បោះបង់ចោល​ ការទិញ​ប្រព័ន្ធ​ខែល​មី​ស៊ី​ល របស់​រុស្ស៊ី​ បើសិនជា​តួ​កគី​ ចង់បាន​យន្តហោះ​ចម្បាំង​F-35​ របស់​អាមេរិក​។

នៅ​ថ្ងៃ​ចន្ទ​ ទី១មេសា​ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​អាមេរិក​ បាន​បញ្ជាក់​ថា​ ដរាបណា​ មិនទាន់​មានការ​សម្រេចចិត្ត​ច្បាស់លាស់​ពី​តួ​កគី​ ក្នុង​ការបោះបង់​ចោល​ ការទិញ​ប្រព័ន្ធ​ខែល​មី​ស៊ី​លS-400​ របស់​រុស្ស៊ី​ទេ​នោះ​ នោះ​សហរដ្ឋអាមេរិក​ សូម​ផ្អាក​ រាល់​ការ​ផ្គត់​ផ្អង់​យន្តហោះ​ F-35​ និង​បរិ​ក្ខា​ទាំងអស់​ទាក់ទិន​នឹង​យន្តហោះ​នេះ​ ទៅ​ឲ្យ​តួ​កគី​។

គួរ​រំលឹក​ថា​ តួ​កគី​គឺជា​សមាជិក​នៃ​សម្ព័ន្ធ​មិត្ត​អូតង់​។ ប៉ុន្តែ​ជា​លើកទីមួយ​ហើយ​ ដែល​តួ​កគី​ បាន​បែកគំនិត​ ទិញ​ប្រព័ន្ធ​ខែល​មី​ស៊ី​លរបស់​រុស្ស៊ី​។ បើ​តាម​ការ​គ្រោងទុក​ ប្រព័ន្ធ​ខែល​មី​ស៊ី​ល S-400​ របស់​រុស្ស៊ី​ និង​ត្រូវ​ប្រគល់ឲ្យ​តួ​កគី​ នៅ​រវាង​ ចុង​ត្រីមាស​ទី៣នៃ​ឆ្នាំ២០១៩នេះ​។ តែ​ទន្ទឹម​នឹង​នេះ​ តួ​កគី​ បាន​ចុះ​កិច្ចសន្យា​ក្នុង​តម្លៃ១ពាន់​លាន​ដុល្លារ​ ដើម្បី​ទិញ​យន្តហោះ​ចម្បាំង​F-35​ របស់​អាមេរិក​ ចំនួន១០០គ្រឿង​។

បើ​តាម​ការ​ពន្យល់​ របស់​មន្ត្រី​ក្រសួងការពារជាតិ​អាមេរិក​ គឺ​ប្រព័ន្ធ​ខែល​មី​ស៊ី​លរុស្ស៊ី​ មិន​អាចយ​កម​កប្រើជា​មួយ​យន្តហោះ​ចម្បាំង​F-35​ របស់​អាមេរិក​បានទេ​។ ភាគី​អាមេរិក​ បារម្ភ​ថា​បច្ចេកវិទ្យា​សម្ងាត់​ នៃ​យន្តហោះ​​ចម្បាំង​អាមេរិក​ អាច​នឹង​បែកធ្លាយ​ ធ្លាក់ទៅក្នុង​ដៃ​របស់​រុស្ស៊ី​។

គួរ​បញ្ជាក់​ដែរ​ថា​ ទាហាន​អាកាស​របស់​តួ​កគី​ បាន​ចាប់ផ្តើម​ធ្វើការ​ហ្វឹកហាត់​ ជាមួយនឹង​ទាហាន​ជំនាញ​អាមេរិក​រួចហើយ​ ក្នុង​ការ​បញ្ជា​ និង​ថែទាំ​យន្តហោះ​F-35​។ លោក​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​តួ​កគី​ បាន​លើកឡើង​ថា​ បើសិនជា​ជា​អាមេរិក​ ផ្អាក​ឈប់​ផ្គត់ផ្គង់​យន្តហោះ​ F-35​ មក​ឲ្យ​ខ្លួន​ នោះ​មានន័យថា​ អាមេរិក​មិន​គោរព​កាតព្វកិច្ច​ ដែល​មាន​ចែង​ក្នុង​កិច្ចសន្យា​។ រដ្ឋមន្ត្រី​តួ​កគី​ដដែល​ ក៏បាន​អះអាង​ថា​ ការដែល​អាមេរិក​ដាក់​សំពាធ​មក​លើ​ខ្លួន​បែបនេះ​ វា​គឺជា​រឿង​មួយ​មិន​ស្រប​នឹង​ច្បាប់អន្តរជាតិ​ទេ​។

គួរ​កត់សម្គាល់​ថា​ បញ្ហា​ការពារ​បច្ចេកវិទ្យា​សម្ងាត់​យោធា​អាមេរិក​នេះ​ គឺជា​រឿង​មួយ​រសើប​បំផុត​។ ភាគី​អាមេរិក​ ហាក់​មិន​ញញើត​ក្នុង​ការ​ខាតបង់​​ប្រាក់​ទេ​ ដើម្បី​ការពារ​បច្ចេកវិទ្យា​ខ្លួន​។ យ៉ាងណាមិញ​ កាលពី​ថ្ងៃទី​ ២៨មីនា​ ព្រឹទ្ធសភា​អាមេរិក​ទាំង២គណបក្ស​ បាន​ដាក់ស្នើ​គម្រោងច្បាប់​មួយ​ ហាមឃាត់​ការ​លក់​យន្តហោះ​F-35​ ទៅ​ឲ្យ​តួ​កគី​ បើសិន​ប្រទេស​នេះ​ នៅតែ​ចចេស​ចង់​ទិញ​ប្រព័ន្ធ​ខែល​មី​ស៊ី​ល S-400​របស់​រុស្ស៊ី​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ